កូន និងប្តីស្លាប់ដោយសាររបបខ្មែរក្រហម
(ស្វាយរៀង) ៖ ជេត សារ៉េត អាយុ៧២ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
សារ៉េត ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គាត់បានឆ្លងកាត់ទុក្ខលំបាក និងរឿងរ៉ាវឈឺចាប់ជាច្រើនតាំងពីរបបលន់ នល់ រហូតដល់របបខ្មែរក្រហម។ ប្តីរបស់សារ៉េត ត្រូវបានខ្មែរក្រហមសម្លាប់ដោយចោទប្រកាន់ថា បានចូលដៃជាមួយវៀតណាម។ ចំណែកកូនបានស្លាប់ដោយសារជំងឺកញ្ជ្រឹលគ្មានអ្នកមើលថែ និងគ្មានថ្នាំព្យាបាលត្រឹមត្រូវ។
សារ៉េត បានរៀបរាប់ថា បន្ទាប់ពីរបប លន់ នល់ ដួលរលំ ខ្មែរក្រហមបានឡើងកាន់អំណាចប្រជាជនទទួលរងទុក្ខលំបាកទ្វេដង។ គាត់ថ្លែងថា ប្រទេសកម្ពុជាបានប្រែក្លាយជាប្រទេសដែលទីផ្សារលែងដំណើរការ។ ប្រជាជនរស់នៅគ្មានសិទ្ធិសេរីភាព និងត្រូវរស់នៅរួមជាក្រុម ជាកងតាមការរៀបចំចាត់ចែងរបស់អង្គការ។ ប្រជាជនមិនអាចរស់នៅផ្ទះដែលខ្លួនមានបន្តទៀតទេ គឺត្រូវរស់នៅរួមគ្នាតាមសហករណ៍ក្នុងកងកុមារ កងយុវជន និងកងចាស់តាមប្រភេទអាយុ។ ទ្រព្យសម្បត្តិឯកជនត្រូវបានខ្មែរក្រហមប្រមូលទុកក្នុងសហករណ៍សម្រាប់ប្រើប្រាស់រួម ប្រជាជនគ្មានសិទ្ធិលើកម្មសិទ្ធិផ្ទាល់ខ្លួន សូម្បីតែដំណាំហូបផ្លែដែលខ្លួនបានដាំក៏គ្មានសិទ្ធិបេះហូបដែរ។ កម្មសិទ្ធិមានតែចាន និងស្លាបព្រាមួយដែលជារបបសម្រាប់ហូបអាហារពីរពេលតែប៉ុណ្ណោះ។ ម្យ៉ាងទៀតអ្នកចេះដឹងពីរបប លន់ នល់ ទំាងប្រជាជនមូលដ្ឋាន និងប្រជាជនថ្មីត្រូវបាននាំយកទៅសម្លាប់ដោយកុហុកថាទៅរៀនសូត្រ។ របបខ្មែរក្រហមចាត់ទុកអ្នកចេះដឹងគឺជាជនអាចងើបបះបោរ ឬលំបាកក្នុងការគ្រប់គ្រង។ ប្រជាជនមួយចំនួនបានស្លាប់ដោយសាររបបអាហារមិនគ្រប់គ្រាន់ និងត្រូវធ្វើការងារធ្ងន់ៗ។ ជាក់ស្តែងបងប្អូនចំនួនបីនាក់របស់ សារ៉េត បានស្លាប់ដោយសារធ្វើការងារធ្ងន់ និងហូបអាហារមិនគ្រប់គ្រាន់។
សារ៉ត ក៏បានរៀបរាប់ថា ប្រជាជនគ្មានសិទ្ធិរើសគូស្រករទេ។ ប្តីប្រពន្ធ ត្រូវបានអង្គការរៀបចំឲ្យ ដូចជានៅសហករណ៍ដែលគាត់រស់នៅមានការរៀបការដោយបង្ខំដែលធ្វើឡើងដោយប្រធានសហករណ៍។ កម្មវិធីរៀបការ មានចំនួនចាប់ពី២០គូ ទៅ៣០គូ ដែលជាយុវជន-យុវនារី រស់នៅជិតៗសហករណ៍ មួយចំនួនមិនពេញចិត្តប៉ុន្តែមិនហ៊ានប្រកែកចំពោះការរៀបចំ។ ក្រោយពីរៀបការបានបី ទៅប្រាំពីរថ្ងៃ ប្តីប្រពន្ធត្រូវបានអង្គការបញ្ជាឲ្យទៅរស់នៅ និងធ្វើការកន្លែងផ្សេងៗគ្នាទៅតាមការចាត់តាំង។
ក្រោយមក សារ៉េត ត្រូវបានខ្មែរក្រហមបម្រុងជម្លៀសទៅខេត្តបាត់ដំបង ដោយសារគាត់ជាប់សង្ស័យថា ជាជនក្បត់ ព្រោះប្តីត្រូវបានសម្លាប់ដោយសារអង្គការចោទថាចូលដៃជាមួយវៀតណាម។ ប៉ុន្តែពេលធ្វើដំណើរដល់អ្នកលឿងគាត់ត្រូវបានឲ្យស្នាក់នៅមួយរយៈដោយសារតែគាត់សសៃខ្ចី។ នៅទីនេះទាហានខ្មែរក្រហមនប្រើឲ្យ សារ៉េត ឲទូលស្រូវពីព្រឹករហូតដល់យប់ និង បន្តទូលដល់យប់អាធ្រាតុ ប្រសិនបើមិនគ្រប់តាមផែនការ។ ធ្វើការនៅតំបន់អ្នកលឿងបានមួយរយៈ សំណាងល្អរបបខ្មែរក្រហមបានដួលរលំទើប សារ៉េត មានឱកាសត្រឡប់មករស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ។
សម្ភាសន៍ដោយ ព្រាប ច័ន្ទពិសី នៅថ្ងៃទី៣ មីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង