ប្អូនប្រុសទាំងពីរបានស្លាប់ដោយសារការអត់ឃា្លន

ឈើង អឿយ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  ឈើង អឿយ មានអាយុ ៦០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

អឿយ មានបងប្អូនប្រុសស្រីចំនួនបីនាក់។  គាត់គឺជាកូនបង និងជាកូនស្រីតែម្នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាអកុសល ឪពុកម្តាយ និងប្អូនៗប្រុសរបស់ អឿយ បានបាត់បង់ជីវិតនៅសម័យខ្មែរក្រហម និងដោយសារការអត់ឃ្លាន។

ឈើង អឿយ និងប្រជាជនខ្មែរទាំងចាស់ទាំងក្មេងត្រូវរស់នៅដោយការលំបាកវេទនា និងត្រូវធ្វើការទាំងយប់ទាំងថ្ងៃដោយគ្មានពេលសម្រាក។ គាត់ត្រូវបានព្រាត់ប្រាស​ពីក្រុមគ្រួសារ ដោយសារការរស់នៅទៅតាមក្រុមដែលកំណត់ដោយអាយុ និងភេទ។

អឿយ ត្រូវបានបញ្ជូនឲ្យទៅលើកទំនប់នៅភូមិកោះពាក្យ តាំងពីខែប្រាំងរហូតដល់ខែវស្សា។ នៅអំឡុងពេលនោះឪពុកម្តាយរបស់គាត់បានសម្លាប់ខ្លួន ដោយសារខ្មែរក្រហមបានបំបែកបំបាក់អ្នកទាំងពីរមិនឲ្យរស់នៅជាមួយគ្នា។

បន្ទាប់ពីធ្វើការលើកទំនប់នៅភូមិកោះពាក្យ គាត់​ត្រូវ​ធ្វើការងារនៅផ្ទះបាយ ដោយដាំបបរ ដាំបាយ និងចិញ្ច្រាំបន្លែសម្រាប់ធ្វើសម្លចែកជូនប្រជាជនក្នុងសហករណ៍ដែលត្រឡប់មកពីធ្វើការនៅតាមស្រែចម្ការ។

បន្ទាប់ពីប្រជាជនហូបអាហាររួច គាត់ត្រូវប្រមូលចានឆ្នាំងនៅរោងបាយទៅលាងសម្អាត ទើបគាត់បានសម្រាកហូបបាយ។ ជារៀងរាល់ថ្ងៃ គាត់ត្រូវរៀបចំបាយសម្រាប់ប្រជាជនហូបចំនួនពីរពេល គឺនៅម៉ោង ១០ព្រឹកសម្រាប់អាហារនៅពេលថ្ងៃត្រង់ និងម៉ោង ៦ ល្ងាចសម្រាប់អាហារនៅពេលល្ងាច។

នៅសម័យនោះ ខ្មែរក្រហមបានចែករបបអាហារទៅតាមវ័យ និងតាមកម្លាំង ចំពោះក្មេងៗខ្មែរក្រហមផ្តល់ឲ្យតែបបរមួយវែកប៉ុណ្ណោះ ចំណែកមនុស្សពេញវ័យទទួលបានបបរពីរវែក ដោយសារអ្នកទាំងនោះត្រូវធ្វើការងារធ្ងន់។

នៅពេលរបបខ្មែរក្រហមដួលរលំ អឿយ និង ប្អូនប្រុស​​ទាំងពីរនាក់ទៀត បាននាំគ្នារត់ទៅរស់នៅក្នុងព្រៃតាមការឃោសនារបស់កងទ័ពខ្មែរក្រហម នៅពេលកងទ័ពរំដោះ និងកងទ័ពវៀតណាមចូលមកដល់ភូមិដែលគាត់​កំពុងរស់នៅ។

ខ្មែរក្រហមបានកុហកថា កងទ័ពវៀតណាមនឹងដេញ​​សម្លាប់ប្រជាជនទាំងអស់ គាត់និងប្អូនៗត្រូវធ្វើដំណើរទាំងយប់ទាំងថ្ងៃ ដោយគ្មានអាហារសម្រាប់បរិភោគនៅពេលធ្វើដំណើរនៅក្នុងព្រៃ ទើបបណ្តាលឲ្យប្អូនរបស់ ឈើង អឿយ ទាំងពីរនាក់បានបាត់បង់ជីវិតតាមផ្លូវដោយសារការអត់ឃ្លាន៕

សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin