គ្រូបង្រៀនក្នុងរបបខ្មែរក្រហម

ឈឹម ឈិន[1] អាយុ៧៨ឆ្នាំ រស់នៅភូមិឬស្សីស្រុក ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ឈិន រៀបការប្រពន្ធឈ្មោះជា វណ្ណា និងមានកូនចំនួន៤នាក់ និងចៅចំនួន៥នាក់។ ឈិន មានឪពុកខ្ញុំឈ្មោះ ឈឹម ម៉ន និងម្ដាយឈ្មោះ ស៊ី យីវ។ ឈិន គឺជាកូនទី៥ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៥នាក់។ នៅពីក្មេង ឈិន ទៅរៀននៅសាលាបឋមសិក្សាឬស្សីស្រុក និងវិទ្យាល័យនៅព្រែកពោធិ៍។ បន្ទាប់មក ឈិន បានផ្លាស់ការសិក្សាពីស្រុកស្រីសន្ធរទៅរៀននៅ សាលាឯកជនមួយ ដែលមានឈ្មោះថា «តារាសាស្ត្រ»នៅទីក្រុងភ្នំពេញ និងស្នាក់នៅផ្ទះបងប្អូននៅម្ដុំគីឡូលេខ៤។ ឈិន ចូលរៀននៅថ្នាក់ទី២ និងក្រោយមកប្រលងបាក់បញ្ចប់វិទ្យាល័យនៅឆ្នាំ១៩៦៩។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារទម្លាក់សម្ដេច សីហនុ បានកើតឡើង។ ដោយសារតែដឹងជាមុនអំពីស្ថានភាពមិនស្រួល ឈិន ជិះកង់ពីភ្នំពេញទៅផ្ទះនៅភូមិកំណើតវិញ។ បន្ទាប់ពីបានមកដល់ភូមិវិញ ខ្ញុំត្រូវបានមេភូមិឃាត់មិនឲ្យវិលត្រឡប់ទៅភ្នំពេញវិញទេ។ នៅពេលដែលកងទ័ពរំដោះខ្មែរក្រហមចូលមកដល់ ការវាយប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម បានចាប់ផ្ដើម។ ក្រោយមក ឈិន ដាក់ពាក្យទៅធ្វើជាកងទ័ពរំដោះខ្មែរក្រហម ប៉ុន្តែមិនត្រូវបានអនុញ្ញាតចូលប្រើកងទ័ពនោះឡើយ។ មេភូមិបានឲ្យខ្ញុំបង្រៀនសិស្ស នៅសាលាបឋមសិក្សា នៅភូមិឬស្សីស្រុកក្រៅ។ នៅឆ្នាំ១៩៧១ មានគ្រូបង្រៀនតែ៣នាក់តែប៉ុណ្ណោះ រួមមាន ឈិន លោកគ្រូ ពេន និងអ្នកគ្រូ នៅ។ នៅឆ្នាំ១៩៧២ ឈិន រៀបការដោយមានចាស់ទុំរៀបចំទុកដាក់។ នៅពេលដែលទាហានម៉ារីន លន់ នល់ បើកការវាយប្រហារ ឈិន នាំសិស្សរត់ចូលរណ្ដៅត្រង់សេ។ ឈិន បង្រៀនសិស្សថ្នាក់ទី៥ រហូតដល់ឆ្នាំ១៩៧៥។ ការចូលបង្រៀនគឺចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១១ព្រឹក។ ឈិន ដឹងពីការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅម្ដុំឬស្សីស្រុកក្រៅ។១ បន្ទាប់ពីឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ខ្មែរក្រហមដាក់ចេញនូវគោលនយោបាយលប់បំបាត់ការអប់រំផ្លូវការដោយបានបិទទ្វារសាលារៀន និងគ្រឹះស្ថានអប់រំ និងបានបង្កើតការអប់រំមិនផ្លូវការនៅតាមសហករណ៍។[2] នៅឆ្នាំ១៩៧៦ ឈិន ត្រូវបានផ្លាស់ទៅ
បង្រៀនសិស្សនៅខាងវាលស្បូវ។ នៅពេលនោះ ឈិន បង្រៀនសិស្ស ទៅតាមសៀវភៅដែលសេសសល់ពីសង្គមចាស់ មានដូចជា រៀនលេខ និងអក្សរ។ ជារៀងរាល់២ទៅ៣ខែ គ្រូបង្រៀនត្រូវឡើងទៅរៀនរំលឹកពីគរុកោសល្យនៅភូមិស្វាយក្រោម។ ការបង្រៀនសិស្ស ធ្វើឡើងនៅតាមក្រោមផ្ទះរបស់អ្នកភូមិ និងសៀវភៅសិក្សាដែលនៅសល់ពីសម័យមុន ត្រូវបានចែកឲ្យបង្រៀន។ នៅម៉ោង៤ទៀបភ្លឺ គ្រូត្រូវដឹកនាំសិស្សជាក្រុមដើរលើកអាចម៌គោនៅតាមផ្ទះអ្នកភូមិ។ នៅពេលព្រឹក ឈិន បង្រៀនលេខ និងអក្សរ ហើយនៅពេលរសៀល ត្រូវដឹកនាំសិស្សទៅធ្វើការងារទៅតាមការស្នើសុំរបស់រោងបាយរួម និងឃ្វាលគោនៅខ្ចា។ គ្រូបង្រៀនទាំងអស់រួមមាន ឈិន, លោកគ្រូ សេង, លោកគ្រូ គីម និងអ្នកគ្រូ នៅ។ ខ្ញុំគឺជាប្រធានគ្រប់គ្រងគ្រូទាំងអស់។ ពេលវេលា និងម៉ោងពេលបង្រៀន ត្រូវបានរៀបចំដោយ កម្មាភិបាលថ្នាក់លើ ដោយបានបែងចែកពេលវេលា ដូចជាចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១១ព្រឹក ទៅតាមកម្រិតថ្នាក់ ពីថ្នាក់ទី១ដល់ថ្នាក់ទី៥ ដែលមានសិស្សចំនួនប្រហែល៣០នាក់ក្នុងមួយថ្នាក់។ ការបង្រៀន គឺចាប់ពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ (រៀនកន្លះថ្ងៃ អនុវត្តការងារកន្លះថ្ងៃ) ចំណែកឯថ្ងៃអាទិត្យ គឺជាថ្ងៃ ចំណែកថ្ងៃអាទិត្យវិញ ឈិន ដឹកនាំសិស្សធ្វើការងារពេញមួយថ្ងៃ។ ឈិន បង្រៀនសិស្សចាប់ពីអាយុ១២ឆ្នាំទៅ១៣ឆ្នាំ។ សិស្សទាំងអស់ទៅស្នាក់នៅតាមផ្ទះរៀងៗខ្លួន។ ការចូលរៀនមិនកំណត់អាយុនោះទេទេ គឺឲ្យតែជាកុមារ អាចចូលរៀនបាន។ នៅរដូវវស្សា នៅពេលដែលមានភ្លៀងធ្លាក់ឈិន និងសិស្ស នាំគ្នាចាប់កង្កែបយកមកឲ្យរោងបាយរួមស្ងោរជ្រក់មួយខ្ទះត្នោត។ វគ្គគរុកោសល្យក្នុងរបបខ្មែរក្រហម ដែលឈិន ចងចាំនោះ គឺវិធីសាស្រ្តបង្រៀនសិស្សឲ្យរកឧទាហរណ៍ទាញរករូបមន្ដ ដូចរក ផ្ទៃចតុកោណកែងជាដើម។ ឈិន ក៏ធ្លាប់បង្រៀនគណិតវិទ្យានៅថ្នាក់ទី២ ក្នុងកម្រិតទាប។ សម្ភារសិស្សមានដូចជា សៀវភៅ ខ្មៅដៃ និងសម្ភារសិក្សាខ្លះទៀត។ នៅឆ្នាំ១៩៧៧ កម្មាភិបាលខ្មែរក្រហមកពីភូមិភាគនិរតី ចូលមកដល់ភូមិ និងចាប់ផ្ដើមចាប់ប្រជាជនយកទៅសម្លាប់ចោល។ ទីតាំងសម្លាប់រួមមានវត្តព្រែកជ្រឹង និងវត្តព្រែកដំបូក។ ចាប់ពីពេលនោះមក របបហូបចុកតាមរោងបាយ មានការថយចុះ និងទទួលបានតែបបររាវមួយចាន ចំណែកឯកសារការចាប់ប្រជាជនយកទៅសម្លាប់កាន់តែច្រើនឡើង។ ឈិន អាចរួចផុតពីសេចក្ដីស្លាប់ នៅពេលដែលកងទ័ពរណសិរ្សចូលមករំដោះប្រជាជននៅចុងឆ្នាំ១៩៧៨។ កម្មាភិបាល និងកងទ័ពខ្មែរក្រហមមកពីភូមិភាគនិរតីបានដកថយ និងរត់ភៀសខ្លួនទៅបាត់អស់។ ឈិន នៅចងចាំពេលវេលាបង្រៀនសិស្សក្នុងរបបខ្មែរក្រហម និងបានគូសបញ្ជាក់ថា បើទោះបីជាខ្លួនចេះអាននិងសរសេរភាសាបារាំង ការបង្រៀនអក្សរ និងលេខ គឺជាភាសាខ្មែរ និងមិនអាចប្រើប្រាស់ពាក្យពេចន៍ជាភាសាបរទេសនោះទេ។[3]
អត្ថបទដោយ ស៊ាង ចិន្តា
[1] ឈឹម ឈិន, «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម», សម្ភាសន៍ដោយ ស៊ាង ចិន្ដា នៅ ឆ្នាំ២០២៤, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] Cambodia Tribunal Monitor. (n.d.). The Khmer Rouge History. https://cambodiatribunal.org/history/cambodian-history/khmer-rouge-history/
[3] ឈឹម ឈិន, «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម», សម្ភាសន៍ដោយ ស៊ាង ចិន្ដា នៅ ឆ្នាំ២០២៤, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា