ឈឹម ហ៊ីន អំឡុងពេលខ្មែរក្រហមជម្លៀសទៅកាន់ខេត្តពោធិ៍សាត់
បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រងអំណាច ខ្មែរក្រហមបានជម្លៀសប្រជាជននៅទូទាំងប្រទេសចេញពីផ្ទះសម្បែងឱ្យទៅកាន់ទីជនបទដាច់ស្រយាល និងតំបន់ផ្សេងក្នុងប្រទេសកម្ពុជាដើម្បីធ្វើការងារពលកម្មធ្ងន់ធ្ងរ ក្នុងនោះក៏មានក្រុមគ្រួសារ ឈឹម ហ៊ីន[1] ដែរ។ ឈឹម ហ៊ីន បានរៀបរាប់អំពីប្រវត្តិ និងរឿងរ៉ាវដែលបានកើតឡើងនៅក្នុងភូមិកំណើត រហូតដល់ខ្មែរក្រហមជម្លៀសគាត់ទៅរស់នៅក្នុងខេត្តពោធិ៍ បណ្តាលឱ្យសមាជិកគ្រួសាររបស់គាត់ស្លាប់ដូចខាងក្រោម៖
ខ្ញុំឈ្មោះ ឈឹម ហ៊ីន អាយុ៦៧ឆ្នាំ កើតនៅភូមិដូង (បច្ចុប្បន្ន ភូមិបាវិតលើ) សង្កាត់បាវិត ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ខ្ញុំមានឪពុកឈ្មោះ ឈឹម ថើង និងម្តាយឈ្មោះ យឹម ទើង។ ឪពុកម្តាយខ្ញុំស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់ គឺស្រី៥នាក់ និងប្រុស៤នាក់ ហើយសព្វថ្ងៃនៅរស់តែ២នាក់ប៉ុណ្ណោះ។ ខ្ញុំមានប្តីឈ្មោះ បូស សាវិន អាយុ៦០ឆ្នាំ និងមិនមានកូនទេ។
នៅពេល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ឆ្នាំ១៩៧០ នៅក្នុងភូមិរបស់ខ្ញុំមានការប្រែប្រួលដោយសារមានកងកម្លាំងបដិវត្តន៍ខ្មែរក្រហម (ខ្លះរស់នៅក្នុងស្រុកចន្ទ្រា និងខ្លះទៀតមកពីខេត្តព្រៃវែង) លួចចូលមកឃោសនានៅក្នុងភូមិនៅពេលយប់ ព្រោះទាហាន នល់ នល់ ដើរល្បាតនៅក្នុងភូមិតែពេលថ្ងៃប៉ុណ្ណោះ ហើយពេលយប់ក៏ដកត្រឡប់ទៅប្រចាំការនៅប៉ុស្តិ៍ជាប់ព្រំដែនវៀតណាមវិញ។ ដូច្នេះនៅពេលយប់ប្រជាជនក្នុងភូមិមិនហ៊ានជជែកគ្នាទេ ព្រោះខ្លាចខ្មែរក្រហមលបស្តាប់ឮ។ ប្រជាជននៅក្នុងភូមិនាំគ្នាសម្ងំដេកនៅផ្ទះរៀងៗខ្លួន។ ទន្ទឹមនោះកងទ័ព លន់ នល់ ក៏ធ្វើការទម្លាក់គ្រាប់បែកនៅតាមព្រៃឆ្ងាយៗពីភូមិដែលខ្ញុំរស់នៅព្រោះគិតថា កងកម្លាំងបដិវត្តន៍ខ្មែរក្រហមបានសម្ងំលាក់ខ្លួននៅទីនោះ។ ថ្ងៃខ្លះកងទ័ព លន់ នល់ បានវាយប្រយុទ្ធតទល់ជាមួយកងកម្លាំងរំដោះខ្មែរក្រហមក្នុងមួយថ្ងៃពីរទៅបង នៅពេលដើរល្បាតនៅតាមថ្នល់ហើយជួបគ្នា ហើយពេលខ្លះទៀតក៏មានគ្រាប់ផ្លោងធ្លាក់មកក្បែរៗភូមិដែរ។ ជារឿយៗឧទ្ធម្ភាគចក្ររបស់ លន់ នល់ បានហោះឆ្វែលពិនិត្យមើលសកម្មភាពរបស់កងកម្លាំងបដិវត្តន៍ខ្មែរក្រហមនៅតាមភូមិ។ នៅអំឡុងពេលនោះ កងទ័ព លន់ នល់ ក៏បានបញ្ជូនជនអន្តោប្រវេសន៍វៀតណាមដែលមករស់នៅបាវិត ខេត្តស្វាយរៀងឱ្យត្រឡប់ទៅរស់នៅប្រទេសវៀតណាមវិញដែរ។
បន្ទាប់ពី លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ បានមួយរយៈ បងប្រុសរបស់ខ្ញុំឈ្មោះ ឈឹម ឆន បានឈប់រៀន ដើម្បីទៅបម្រើកងទ័ពបដិវត្តន៍ខ្មែរក្រហមតាមការឃោសនា។ ពេលនោះបងប្រុសរបស់ខ្ញុំរៀននៅសាលាកាឡេះ (អនុវិទ្យាល័យ) សង្កាត់បាវិត។ មុននឹងបងខ្ញុំចាកចេញពីផ្ទះ គាត់បានមកសុំឪពុករបស់ខ្ញុំថា «សុំទៅចូលបម្រើបដិវត្តន៍ខ្មែរក្រហម»។ ពេលនោះឪពុករបស់ខ្ញុំបានហាមឃាត់បង ឆន មិនឱ្យទៅទេ ព្រោះគាត់មានកូនប្រុសតែម្នាក់។ ប៉ុន្តែឪពុករបស់ខ្ញុំឃាត់យ៉ាងណា ក៏បងប្រុសរបស់ខ្ញុំមិនស្តាប់ដែរ។ បងប្រុសរបស់ខ្ញុំបានចាកចេញទៅជាមួយឈ្មោះ តាន រស់នៅក្នុងភូមិតាពៅ ឃុំបាវិត រួមជាមួយយុវជនជាច្រើននាក់ទៀត ប៉ុន្តែខ្ញុំមិនចាំឈ្មោះ។ បន្ទាប់ពីបង ឆន ចេញទៅបានមួយរយៈ គាត់បានសរសេរសំបុត្រផ្ញើមកឪពុកម្តាយរបស់ខ្ញុំ។ បងប្រុសខ្ញុំបានផ្តល់ដំណឹងមកថា គាត់នៅផ្នែកកាំភ្លើងធំ ប្រចាំនៅទន្លេបិត ក្នុងខេត្តកំពង់ចាម ប៉ុន្តែខ្ញុំមិនដឹងថាគាត់នៅកង ឬអង្គភាពលេខប៉ុន្មានទេ ព្រោះខ្ញុំនៅក្មេង និងមិនសូវយល់ដឹងច្រើន។ បង ឆន បានផ្ញើសំបុត្រមកឱ្យឪពុកម្តាយខ្ញុំ៣ដង អំឡុងពេលគាត់ចេញទៅតស៊ូជាមួយខ្មែរក្រហម។
នៅពេលកងទ័ពខ្មែរក្រហមឡើងគ្រប់គ្រងប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រុមគ្រួសាររបស់ខ្ញុំប្រកបរបរធ្វើស្រែ និងរស់នៅក្នុងភូមិដូងដដែល។ នៅពេលនោះ បង ឆន បានមកលេងឪពុកម្តាយរបស់ខ្ញុំនៅផ្ទះ។ បង ឆន មិនទាន់មានប្រពន្ធទេ។ ខ្ញុំឃើញបង ឆន មានកាំភ្លើងខ្លីសៀតនៅចង្កេះខោរបស់គាត់។ ឪពុកម្តាយរបស់ខ្ញុំ និងបងប្អូនរបស់ខ្ញុំសប្បាយរីករាយខ្លាំងណាស់ពេលបានជួបបង ឆន។ យើងបានក្រាលទន្ទេលហូបបាយជុំគ្នាជាមួយបងប្អូននិងមីងមា។ មុនពេលបង ឆន មកលេងផ្ទះឪពុកម្តាយរបស់ខ្ញុំចិញ្ចឹមជ្រូកបានទម្ងន់១០០គីឡូ ហើយត្រូវទាហានបាញ់ងាប់ ទើបឪពុកម្តាយខ្ញុំយកសាច់ជ្រូកនោះមកប្រឡាក់និងធ្វើផ្អកទុក។ ឪពុកម្តាយរបស់ខ្ញុំបានយកសាច់ជ្រូកនោះ មកធ្វើម្ហូបដើម្បីទទួលបង ឆន តែម្តង។ ខ្ញុំនិងបងប្អូនខ្ញុំក៏បាននាំបង ឆន ដើរលេងនៅក្នុងភូមិ។ បងឆន ស្នាក់នៅផ្ទះបានរយៈពេល១០ថ្ងៃ ក៏ត្រឡប់ទៅធ្វើការអង្គភាពទ័ពរបស់គាត់វិញ ហើយបាត់ដំណឹងរហូត។ មុនពេលត្រឡប់ទៅវិញ បង ឆន បានឱ្យរូបថតរបស់គាត់ ដែលបានថតជុំគ្នាជាមួយឈ្មោះ តាន់ ពេលចេញទៅតស៊ូនៅក្នុងព្រៃ មកឱ្យឪពុកម្តាយរបស់ខ្ញុំមើល និងរក្សាទុក។ ក្រោយមក រូបថតនោះក៏បាត់។
នៅពេលបង ឆន ចាកចេញបានមួយរយៈ ខ្មែរក្រហមបានប្រមូលប្រជាជនឱ្យធ្វើស្រែតាមក្រុមប្រវាស់ដៃ និងបង្កើតជាសហករណ៍។ ចំណែកខ្ញុំ ខ្មែរក្រហមប្រើឱ្យកិនអង្ករ រែកដី ស្ទូង ដក នៅក្នុងភូមិដូង។ ពេលនោះ ប្រធានសង្កាត់បាវិតឈ្មោះ ឌុត គឺជាអ្នកស្រុកនេះតែម្តង។ មួយរយៈក្រោយមក ខ្មែរក្រហមក៏ជម្លៀសប្រជាជនមកពី ស្រុកមានជ័យថ្មី[2] (បច្ចុប្បន្នស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង) ឱ្យមកនៅស្នាក់នៅផ្ទះរបស់ខ្ញុំ។ ចំណែកប្រជាជនថ្មីដែលជម្លៀសមកភ្នំពេញ និងតំបន់ផ្សេងៗទៀត ខ្មែរក្រហមយកទៅដាក់នៅវត្តពោធិ៍ថ្មី ស្ថិតនៅក្នុងសង្កាត់បាវិត។ ប្រជាជនជម្លៀសមកថ្មីទាំងនោះភាគច្រើន ជាប់សែស្រឡាយចិន និងវៀតណាម។ រយៈពេល២-៣ថ្ងៃក្រោយ ប្រជាជនថ្មីដែលជាប់សែស្រឡាយចិន និងវៀតណាមទាំងនោះ ក៏បាត់ខ្លួនពីវត្តពោធិ៍ថ្មីទាំងអស់ មិនដឹងខ្មែរក្រហមបញ្ជូនទៅណាទៀតទេ។ នៅសម័យនោះ សូម្បីតែជនជាតិខ្មែរដែលយកប្រពន្ធឬប្តីជនជាតិវៀតណាម ក៏ខ្មែរក្រហមឱ្យបំបែកគ្នាដែរ ហើយប្តីឬប្រពន្ធជនជាតិវៀតណាមទាំងនោះភាគច្រើន បាត់ខ្លួនមិនដឹងទៅណាឡើយ។ ជាក់ស្តែងពូរបស់ខ្ញុំឈ្មោះ យ៉ាត់ ជនជាតិខ្មែរ យកប្រពន្ធជនជាតិវៀតណាម ត្រូវខ្មែរក្រហមយកទៅបាត់ទាំងគ្រួសារតែម្តង។ បន្ទាប់ពីប្រជាជនដែលជាប់សែស្រឡាយចិន និងវៀតណាមចេញអស់ ខ្មែរក្រហមយកព្រះវិហារវត្តពោធិ៍ថ្មី ធ្វើជាកន្លែងផលិតជី ដោយយកដើមទន្រ្ទានខែត្រមកកាត់ចិញ្ច្រាំលាយច្របល់ជាមួយលាមកមនុស្ស, សត្វ និងដីដំបូក។
នៅឆ្នាំ១៩៧៦ ខ្មែរក្រហមប្រមូលក្រុមធ្វើស្រែប្រវាស់ដៃ និងសហករណ៍បញ្ចូល។ បន្ទាប់មក ទើបខ្មែរក្រហមប្រមូលប្រជាជនមកហូបបាយរួម ដោយមានចុងភៅចែករបបអាហារឱ្យម្នាក់មួយចាន រួចហើយចេញទៅធ្វើការរៀងៗខ្លួន។ អំឡុងពេលនោះ ខ្មែរក្រហមក៏ចាប់ខ្លួនប្រជាជនដែលប្រព្រឹត្តខុស និងអ្នកដែលត្រូវបានចោទប្រកាន់យកទៅដាក់នៅមន្ទីរសន្តិសុខទប់ខ្សាច់ (ស្ថិតនៅជិតសាលាស្រុកចន្រ្ទាសព្វថ្ងៃ)។ ពេលយប់ខ្មែរក្រហមឃុំឃាំងអ្នកទោសទាំងនោះ ហើយពេលថ្ងៃឆ្មាំគុកបណ្តើរអ្នកទោសទាំងនោះទៅធ្វើការនៅខាងជើងចុងសំរឹទ្ធ។ ក្នុងចំណោមអ្នកទោសទាំងនោះក៏មានបងថ្លៃរបស់ខ្ញុំឈ្មោះ ម៉ី ផន ដែលត្រូវជាប្តីរបស់បងស្រីខ្ញុំឈ្មោះ ឈឹម សឿន ដែរ។ មូលហេតុដែលចាប់បងថ្លៃរបស់ខ្ញុំទៅដាក់មន្ទីរសន្តិសុខ គឺមុនពេលខ្មែរក្រហមឡើងគ្រង់គ្រងប្រទេស បងថ្លៃរបស់ខ្ញុំបានយកក្របីឡើងមួយនឹមទៅដូរជាមួយប្រជាជនរស់នៅខាងលិចភូមិដូង បានម៉ូតូវេស្បាមួយគ្រឿងពណ៌ស។ បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រងអំណាច ប្រធានសង្កាត់បាវិតឈ្មោះ តាឌុត បានស្នើខ្ចីម៉ូតូពីបងថ្លៃរបស់ខ្ញុំថាយកទៅជិះធ្វើការតាមភូមិ ប៉ុន្តែបងថ្លៃរបស់ខ្ញុំមិនឱ្យខ្ចី ទើប តាឌុត ខឹង និងគុំបងថ្លៃរបស់ខ្ញុំ។ ក្រោយមក តាឌុត បានចោទបងថ្លៃរបស់ខ្ញុំ ហើយចាប់បងថ្លៃរបស់ខ្ញុំយកទៅដាក់នៅមន្ទីរសន្តិសុខទប់ខ្សាច់។ រយៈពេល៣ខែក្រោយមក ប្រធានសន្តិសុខទប់ខ្សាច់បានដោះលែងបងថ្លៃរបស់ខ្ញុំ និងប្រជាជនផ្សេងទៀតឱ្យត្រឡប់មកផ្ទះវិញ លើកលែងតែអតីតទាហាន(ពីសង្គមចាស់) ដែលខ្មែរក្រហមមិនដោះលែង ហើយក្រោយមកយកទៅសម្លាប់ចោលទាំអស់។
នៅឆ្នាំ១៩៧៦ ដដែល ខ្មែរក្រហមបានជម្លៀសខ្ញុំចេញពីភូមិដូង ឃុំបាវិត ទៅនៅឃុំព្រៃគគីរ ក្នុងស្រុកចន្រ្ទា ដដែល។ មុននឹងជម្លៀសគ្រួសារខ្ញុំ ខ្មែរក្រហមបានជម្លៀសប្រជាជនថ្មី (ប្រជាជន ១៧ មេសា) ដែលមកស្នាក់នៅផ្ទះខ្ញុំចេញទៅអស់ហើយ។ ដូច្នេះ នៅក្នុងភូមិកំណើតរបស់ខ្ញុំលែងមានប្រជាជនរស់នៅទៀតហើយ ហើយផ្លូវក៏គ្មានមនុស្សដើរដែរ។ ខ្ញុំរស់នៅឃុំព្រៃគគីរបានរយៈពេលមួយខែ ទើបខ្មែរក្រហមជម្លៀស ខ្ញុំនិងគ្រួសារបន្តទៅនៅភូមិធំ និងអំពិលព្រៃ ស្ថិតនៅខាងជើងទីរួមខេត្តស្វាយរៀង។ ខ្មែរក្រហមមិនបានប្រកាសប្រាប់អំពីមូលហេតុច្បាស់លាស់នៃការជម្លៀសនោះទេ គឺគ្រាន់តែប្រាប់ឱ្យយើងចាកចេញ ហើយក្រុមគ្រួសាររបស់ខ្ញុំ និងប្រជាជននៅឃុំបាវិតបានចេញទៅតាមគ្នាជាបន្តបន្ទាប់។ ពេលធ្វើដំណើរ ឪពុកម្តាយរបស់ខ្ញុំមានកូនរទេះមួយសម្រាប់ដឹករបស់របរ និងអង្ករ ហើយខ្ញុំដើរតាមពីក្រោយ។ ខ្ញុំទៅនៅភូមិធំ និងភូមិអំពិលព្រៃ បានរយៈពេលមួយខែ ឪពុករបស់ខ្ញុំក៏ធ្លាក់ខ្លួនឈឺធ្ងន់ ហើយស្លាប់នៅទីនោះ។ អំឡុងពេលជម្លៀសឆ្នាំ១៩៧៦ ក៏មានប្រជាជនខ្មែរមួយចំនួនបានភៀសខ្លួនទៅប្រទេសវៀតណាមដែរ។ ដំបូងឪពុកម្តាយរបស់ខ្ញុំក៏ចង់ភៀសខ្លួនទៅប្រទេសវៀតណាមដែរ ប៉ុន្តែមិនដាច់ចិត្តពីកូនៗដែលរស់នៅប្រទេសកម្ពុជា។ ម្យ៉ាងទៀត ឪពុកម្តាយខ្ញុំបារម្ភខ្លាច ពេលគាត់រត់ទៅប្រទេសវៀតណាម ខ្មែរក្រហមសម្លាប់កូនៗរបស់គាត់។ ទោះបីយ៉ាង ប្រជាជនខ្មែរដែលរត់ភៀសខ្លួនទៅប្រទេសវៀតណាមទាំងនោះ ក៏ប្រឈមនឹងគ្រោះថ្នាក់ដែរ ព្រោះប្រសិនបើខ្មែរក្រហមចាប់ខ្លួនបាន គឺខ្មែរក្រហមយកជនភៀសខ្លួនទាំងនោះទៅឃុំឃាំង និងសម្លាប់ចោលតែម្តង។ ជាក់ស្តែង អំឡុងពេលខ្ញុំរស់នៅក្នុងភូមិដូង ខ្មែរក្រហមបានយកក្របីទៅដូរយកប្រជាជនខ្មែរដែលរត់ភៀសខ្លួនទៅនៅវៀតណាមពីអាជ្ញាធរវៀតណាម មកសម្លាប់ចោល។ មួយថ្ងៃខ្មែរក្រហមបញ្ជូនជនភៀសខ្មែរទៅសម្លាប់ពីរដង។ ខ្មែរក្រហមបានវាយសម្លាប់ជនភៀសខ្លួនខ្មែរទាំងនោះទម្លាក់ចូលទៅក្នុងអន្លង់ ត្រពាំង និងរណ្តៅនៅតាមវាលស្រែ ស្ថិតក្នុងសង្កាត់បាវិត ដោយក្នុងមួយអន្លង់ ឬមួយរណ្តៅមានមនុស្ស៣នាក់។ សាកសពណាដែលកប់មិនជិត ត្រូវបានឆ្កែកាយ និងខាំពាំមកខាងក្រៅរណ្តៅ។ ខ្មែរក្រហមសម្លាប់ជនភៀសខ្លួនខ្មែរទាំងនោះមិនឱ្យប្រជាជនក្នុងភូមិដឹងឡើយ គឺភាគច្រើនហៅជនភៀសខ្លួនខ្មែរដែលដូរពីអាជ្ញាធរវៀតណាមថា ទៅធ្វើការនេះឬធ្វើការនោះ តាមពិតគឺយកទៅសម្លាប់ចោល។ ខ្មែរក្រហមបានកៀងក្របីទាំងហ្វូងៗទៅដូរយកជនភៀសខ្លួនខ្មែរត្រឡប់មកវិញ ដោយក្របីមួយក្បាលដូរយកជនភៀសខ្លួនខ្មែរម្នាក់។ ខ្មែរក្រហមបានដឹងថា សមាជិកគ្រួសារណាខ្លះរត់ភៀសខ្លួនទៅប្រទេសវៀតណាម ហើយពេលនាំយកពីប្រទេសវៀតណាមត្រឡប់មកវិញ ក៏មិនឱ្យអ្នកទាំងនោះមកជួបជុំជាមួយគ្រួសារដែរ គឺទុកនៅកន្លែងផ្សេង។ នៅថ្ងៃបន្ទាប់គឺបញ្ជូនអ្នកទាំងនោះទៅបាត់តែម្តង។ ក្រោយមក ទើបជនភៀសខ្លួនខ្មែរដែលរស់នៅប្រទេសវៀតណាមស៊ើបដឹងថា ខ្មែរក្រហមបានយកសាច់ញាតិរបស់ខ្លួនដែលត្រូវអាជ្ញាធរវៀតណាមបញ្ជូនមកប្រទេសកម្ពុជាវិញទៅសម្លាប់ចោល ទើបស្នើទៅអាជ្ញាធរវៀតណាមកុំឱ្យបញ្ជូនជនភៀសខ្លួនខ្មែរមកដូរយកក្របីជាមួយខ្មែរក្រហមទៀត។ ជនភៀសខ្លួនខ្មែរមួយចំនួនដែលមានប្រពន្ធជនជាតិវៀតណាម ត្រូវបានប្រពន្ធធានាជាមួយអាជ្ញាធរវៀតណាម ស្នើសុំឱ្យប្តីបន្តស្នាក់នៅវៀតណាមដោយមូលហេតុឱ្យប្តីនៅថែទាំព្រោះខ្លួនមានផ្ទៃពោះ។ ជាក់ស្តែង បងប្រុសរបស់ខ្ញុំដែលរត់ភៀសខ្លួនទៅប្រទេសវៀតណាម និងមានប្រពន្ធនៅកាយ៉ូវ ខេត្តតៃនិញ ប្រទេសវៀតណាម ត្រូវបានខ្មែរក្រហមយកក្របីទៅជាមួយអាជ្ញាធរវៀតណាមយកបងប្រុសរបស់ខ្ញុំមកកម្ពុជាវិញ ប៉ុន្តែអាជ្ញាធរវៀតណាមមិនបានបញ្ជូនបងប្រុសរបស់ខ្ញុំត្រឡប់មកវិញទេ។ បន្ទាប់ពីវៀតណាមឈប់បញ្ជូនជនភៀសខ្លួនខ្មែរជាថ្នូរនឹងក្របីជាមួយខ្មែរក្រហម វៀតណាមបានប្រមូលជនភៀសខ្លួនខ្មែរទៅដាក់នៅជំរំបេនសាំង ដោយមានការជួយឧបត្ថម្ភក្នុងការរស់នៅ។
នៅឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសក្រុមគ្រួសារខ្ញុំពីភូមិអំពៅព្រៃ ខេត្តស្វាយរៀង ទៅនៅព្រៃពោធិ៍ ស្ថិតនៅខាងត្បូងផ្សារកអណ្តើក ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ខ្ញុំធ្វើការរងារដាំដំឡូងនៅព្រៃពោធិ៍បានរយៈពេលមួយខែ។ មុនពេលខ្ញុំមកនៅព្រៃពោធិ៍ ខ្មែរក្រហមជ្រើសរើសប្រជាជនថ្មី (ប្រជាជន ១៧ មេសា) ដែលជម្លៀសមកដល់មុនគ្រួសារខ្ញុំ ទៅខេត្តពោធិ៍សាត់ហើយ។ បន្ទាប់ពីខ្មែរក្រហមបញ្ជូនប្រជាជនថ្មីចេញទៅអស់ ខ្មែរក្រហមក៏ចាប់ផ្តើមជ្រើសរើសគ្រួសាររបស់ខ្ញុំដោយប្រាប់ថា នៅខេត្តពោធិ៍សាត់មានអាហារហូបឆ្អែត។ ខ្ញុំនិងគ្រួសារបានដើរពីព្រៃពោធិ៍ ស្រុកកំពង់ត្របែក ទៅដេកនៅអ្នកលឿងរយៈពេល៣យប់ ដើម្បីរង់ចាំជិះកប៉ាល់បន្តទៅក្រុងភ្នំពេញ។ នៅអ្នកលឿង ខ្មែរក្រហមបានប្រកាសជ្រើសអ្នកស្ម័គ្រចិត្តទៅរស់នៅខេត្តពោធិ៍សាត់ម្តងទៀត ប៉ុន្តែដោយសារខ្លាចខ្មែរក្រហមទើបគ្រួសារខ្ញុំនិងប្រជាជនផ្សេងទៀតឆ្លើយថាស្ម័គ្រចិត្តទាំងអស់គ្នា។ ពេលទីដល់ក្រុងភ្នំពេញខ្មែរក្រហម បានចែកបាយឱក្រុមគ្រួសារខ្ញុំហូប រួចហើយយកឡានមកដឹកក្រុមគ្រួសារខ្ញុំទៅដាក់នៅស្ថានីយ៍រថភ្លើងក្រុងភ្នំពេញ។ ខ្ញុំដេកនៅចំណតរថភ្លើងនៅក្នុងក្រុងភ្នំពេញមួយរយៈ ដើម្បីជិះរថភ្លើងបន្តទៅកាន់ខេត្តពោធិសាត់។
ពេលទៅដល់ខេត្តពោធិ៍សាត់ ខ្មែរក្រហមបានបញ្ជូនគ្រួសារខ្ញុំឱ្យទៅនៅតាលោ ក្នុងស្រុកបាកាន ។ ខ្មែរក្រហមចាត់តាំងបងថ្លៃខ្ញុំទៅនៅកងកិនអង្ករ ចំណែកបងស្រីខ្ញុំឈ្មោះ ឈឹម សឿន ទូលស្រូវពីសហករណ៍ស្តុកខ្លា ទៅតាលោ។ ខ្មែរក្រហមបានបំបែកសមាជិកគ្រួសារអ្នកជម្លៀសមិនឱ្យនៅជុំគ្នាឡើយ គឺបែងចែកទៅតាមកងផ្សេងៗ ដូចជា កងកុមារ, កងវ័យកណ្តាល, កងនារី, កងយុវជន, កងមនុស្សចាស់ កងតាៗ និងកងយាយៗ ហើយឱ្យទៅរស់នៅដាច់ដោយឡែកពីគ្នា និងមានប្រធានកងដឹកនាំរៀងៗខ្លួន។ នៅទីនោះការហូបចុកគឺលំបាកខ្លាំងណាស់។ ខ្មែរក្រហមចែកបាយអេកឱ្យខ្ញុំម្នាក់មួយចាន ប៉ុន្តែខ្ញុំហូបមិនដែលគ្រប់គ្រាន់ទេ។ ពេលនោះ ខ្មែរក្រហមចាត់តាំងខ្ញុំឱ្យធ្វើងារលើកភ្លឺស្រែ។
នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានមកហៅបងថ្លៃរបស់ខ្ញុំឈ្មោះ ម៉ី ផន ថាទៅកាប់ដងកណ្តប ហើយបាត់ខ្លួនរហូត។ បន្ទាប់មកប្រធានកងនារីឈ្មោះម៉ែ ហួយ មកពីខេត្តតាកែវ បានមកសួរប្រពន្ធបង ម៉ី ផន (ឈ្មោះ ឈឹម សឿន ត្រូវជាបងស្រីខ្ញុំ) ថា អ៊ំមានកូនទេ? ពេលនោះប្រពន្ធបង ម៉ី ផន ប្រាប់ថា កូនខ្ញុំនៅតូចណាស់។ ដូច្នេះ ប្រធានកងឈ្មោះ ហួយ នោះទៅហៅប្អូនស្រីខ្ញុំឈ្មោះ ឈឹម ហឿន ឱ្យទៅជំនួស។ ប្អូនស្រីខ្ញុំរួមទាំងប្តី ត្រូវបានខ្មែរក្រហមយកទៅសម្លាប់បន្តទៀត ចំណែកកូនម្នាក់បានស្លាប់មុនដោយសារជំងឺកញ្ជ្រិល។ ខ្ញុំចាំថា ខ្មែរក្រហមបានមកហៅប្អូន ស្រី ឈឹម ហឿន ដែលនៅមិនឆ្ងាយប៉ុន្មានពីរោងកិនអង្កររបស់សហករណ៍ថា ទៅកាប់ដងកណ្តបនៅដំណាក់រុន។ ខ្ញុំបានឮខ្មែរក្រហមមកហៅប្អូនស្រីដែរ ប៉ុន្តែខ្ញុំមិនហ៊ានចេញមកមើលព្រោះខ្លាចខ្មែរក្រហមហៅខ្ញុំទៅដែរ ហើយចាប់តាំងពីពេលនោះប្អូនស្រីខ្ញុំក៏បាត់ខ្លួនដែរ។ ក្រោយមកប្អូនថ្លៃខ្ញុំ (ត្រូវជាប្តីរបស់ប្អូនស្រី ឈឹម ហឿន) បានឈឺគ្រុនចាញ់ ឃើញដូច្នេះបងស្រីខ្ញុំឈ្មោះ ឈឹម សឿង បានជួយរែកទឹកយកទៅឱ្យប្អូនថ្លៃទុកប្រើប្រាស់។ ប្អូនថ្លៃខ្ញុំនៅធ្វើការងារឱ្យខ្មែរក្រហមបានមួយព្រឹក នៅពេលល្ងាចប្អូនថ្លៃខ្ញុំធ្វើការមិនកើត ក៏ខ្មែរក្រហមយកទៅសម្លាប់ចោលតែម្តង។
នៅពេលកងទ័ពវៀតណាមវាយចូលមក នៅឆ្នាំ១៩៧៩ ទើបខ្ញុំធ្វើដំណើរត្រឡប់មកស្រុកកំណើត។ ខ្ញុំដើររយៈពេលជិត៣ខែពីខេត្តពោធិ៍សាត់មកដល់ក្រុងភ្នំពេញ បន្ទាប់មកទើបខ្ញុំធ្វើបន្តមករស់នៅស្រុកកំណើតនៅខេត្តស្វាយរៀងវិញ៕
សោម ប៊ុនថន ៖ អ្នកសរសេរទស្សនាវដ្តីស្វែងរកការពិត
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងជំរុញឱ្យមានការទទួលខុសត្រូវ (PA), ឯកសារ SVI0016_35p-Chhim Chhan [K00396]
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, ឯកសារ D41703, ទំព័រ៣២ ហៃ ជុត ហៅ វុទ្ធី ប្រធានឃោសនាការតំបន់២៣