នារីសិល្បៈស្ពាយកាំភ្លើងច្រៀងរាំ

(រតនគិរី)៖ ឈីម សារ៉េត មានអាយុ ៦៨ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅអំឡុងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ សារ៉េត ត្រូវបានខ្មែរក្រហមជ្រើសរើសតាមភូមិឲ្យចូលបម្រើនិងហាត់រៀនក្នុងកងសិល្បៈ។
ក្នុងមួយភូមិខ្មែរក្រហមបានជ្រើសរើសមនុស្សមួយនាក់ទៅពីរនាក់។ ជារៀងរាល់ថ្ងៃ គាត់ត្រូវហាត់សំដែងដោយការច្រៀងនិងរាំ តាមក្បាច់និងភ្លេងដែលមានគ្រូមកពីតំបន់ផ្សេងជាអ្នកបង្ហាត់បង្រៀន។ គាត់ត្រូវហាត់សំដែងរបាំជាច្រើនក្បាច់ទាំងយប់ទាំងថ្ងៃនៅភូមិស្រែអង្គ្រង ដោយមានកាយវិការជាមួយការស្ពាយកាំភ្លើង និងកាន់កាំបិតនៅពេលសំដែង។
ក្រោយពីរៀនចេះ ខ្មែរក្រហមបានបញ្ជូនគាត់ទៅសមរភូមិដើម្បីសំដែងឲ្យយោធាខ្មែរក្រហម។ គាត់ទទួលបានរបបអាហារបាយ និងសម្លលាយផ្កាចាហួយ និងសាច់ដំរី។ ពេលដែលគាត់សម្តែងនៅភូមិលំផាត់ កាលនោះ មានយន្តហោះជិតកាត់ ធ្វើឲ្យគាត់មានការភ័យខ្លាចនិងនឹកម្តាយដែលនៅក្នុងភូមិ។
នៅពេលខ្មែរក្រហមឡើងកាន់អំណាច កាលនោះគាត់មានអាយុប្រហែល១៥ទៅ១៦ឆ្នាំ។ គាត់ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើការនៅកងចល័តស្រុក ដែលមានការងារដូចជា លើកទំនប់ ជីកប្រឡាយ ស្ទូងស្រូវ ដកសំណាបពីកន្លែងមួយទៅកន្លែងមួយ មានដូចជានៅ អូរកន្តិល ស្រែពក កំពង់សង្គម ត្រពាំងចេក និងត្រពាំងច្រេះដោយធ្វើការរួម ហូបរួម និងរស់នៅរួម។
ចំណែកម្តាយរបស់គាត់រស់នៅក្នុងភូមិ បន្ទាប់មកត្រូវបានជម្លៀសទៅសហករណ៍ត្រពាំងក្រហម។ ម្តាយរបស់គាត់ត្រូវបុកស្រូវ ជួនកាលលួចអង្ករទុកឲ្យកូន។ ប្អូនរបស់គាត់ត្រូវជញ្ជូនកណ្តាប់ស្រូវ ទើបទទួលបានបាយ។ អ្នកមិនធ្វើការនឹងគ្មានអ្វីសម្រាប់ហូបនោះទេ។ ឪពុកវិញត្រូវទៅធ្វើការនៅឯកន្លែងផ្សេង ដូច្នេះក្រុមគ្រួសាររបស់គាត់បានព្រាត់ប្រាសរហូតដល់របបខ្មែរក្រហមដួលរលំ។
ស្រូវដែលប្រមូលផលបានត្រូវបានខ្មែរក្រហមប្រមូលយកទៅដាក់ឃ្លាំងដោយមិនឲ្យប្រជាជនហូបចុកបានគ្រប់គ្រាន់នោះទេ។ នៅពេលឃ្លាន គាត់និងសមាជិកក្រុមបានលួចដំឡូងយកមកដុតហូប។ នៅពេលម្ចាស់ដែលជាជនជាតិភាគតិចទៅទាន់ ម្ចាស់នោះបានយកកាំបិតដេញកាប់ក្រុមរបស់គាត់។ កងចល័តបានត្រឹមតែបាយមួយចានចង្កឹះ ហូបតែបីម៉ាត់ប៉ុណ្ណោះ។
មិត្តរបស់គាត់ម្នាក់បានរៀបការនៅសម័យខ្មែរក្រហម។ គាត់បានឃើញខ្មែរក្រហមប្រជុំអប់រំ បន្ទាប់មកទះដៃអបអរសម្រាប់ប្តីប្រពន្ធថ្មី។ ចំណែកគាត់ត្រូវបានកងទ័ពម្នាក់ដែលពិការស្នើអង្គការយកជាប្រពន្ធ។ គាត់ភ័យនិងបន់ស្រន់ឲ្យគេចផុតពីការរៀបការដោយបង្ខំ។ គាត់បានរត់ចេញពីកងចល័តទៅពូននៅអូរគគីររហូតដល់ឆ្នាំរំដោះ ដោយហូបអត់ហូបឃ្លាន ជួនកាលហូបស្លឹកឈើព្រៃ។
នៅចុងឆ្នាំ១៩៧៨ របបខ្មែរក្រហមបានដួលរលំ គាត់ក៏បានរួចផុតពីការរៀបការដោយបង្ខំ។ ប្រជាជនដែលសរសេរសំបុត្រស្នេហា ឬរស់នៅមិនចុះសម្រុងត្រូវអង្គការកោះហៅទៅប្រជុំនិងឡើងប្រកាសថា «មិត្តទាំងអស់គ្នាកុំធ្វើដូចខ្ញុំ នូវអំពើសង្គមពុករលួយ»។ អ្នកដែលមិនធ្វើឡើងប្រកាសត្រូវវាយដំនិងយកទៅកសាង(សម្លាប់)។
សារ៉េត បាននិយាយបន្តថា សម័យខ្មែរក្រហម គឺសង្គមឥតសាសនា វត្តអារាមត្រូវបានបំផ្លាញ ព្រះសង្ឃត្រូវឲ្យស្លៀកពាក់ខោអាវខ្មៅ ចំណែកស្បង់ចីពរត្រូវយកទៅដុតចោល។ ជាចុងក្រោយគាត់សង្ឃឹមថា អ្នកជំនាន់ក្រោយនឹងបានសិក្សារៀនសូត្រនិងឈ្វេងយល់ពីរបបខ្មែរក្រហមដែលគាត់ចាំមិនភ្លេចនូវទុក្ខវេទនាអស់ជាច្រើនឆ្នាំ៕
សម្ភាសន៍ដោយ ឡាយ កូរ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤