ចង្អុលថ្មបែក

ឈឹម សុឃឹម រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី

(រតនគិរី)៖ ឈឹម សុឃឹម មានអាយុ ៧២ឆ្នាំ ជាកសិករ បច្ចុប្បន្នរស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅមុនឆ្នាំ១៩៧០ ឈឹម សុឃឹម ជាព្រះសង្ឃ។ នៅពេលខ្មែរក្រហមបានគ្រប់គ្រងក្នុងភូមិ ដែលគាត់រស់នៅ គាត់បានសឹកនិងលាក់​ប្រវត្តិរូប ដោយសារខ្មែរក្រហមបានចោទព្រះសង្ឃថា ជាអ្នកជញ្ជក់ឈាមប្រជាពលរដ្ឋ ឬវណ្ណៈនាយទុនជាដើម។ វត្តអារាមត្រូវបានក្លាយជាក្រោលគោ ព្រះវិហារធ្វើជាឃ្លាំងសម្រាប់ដាក់ជី។ ព្រះសង្ឃទាំងអស់ក្នុងវត្តត្រូវបានចាប់ផ្សឹកនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។

ប្រជាជនទាំងអស់ត្រូវបង្ខំឲ្យធ្វើពលកម្មហួសកម្លាំងដើម្បីគោលបំណងពីរយ៉ាងគឺធ្វើប្រព័ន្ធភ្លឺស្រែ និងធ្វើស្រែប្រាំង​ ដែលហៅថា ធ្វើការសង្គមនិយម។ គាត់ត្រូវធ្វើតាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ និង ពីម៉ោង២រសៀលដល់ម៉ោង៥ល្ងាច។ ក្រោយហូបបាយល្ងាចរួច គាត់ត្រូវបានគាបង្កត់ឲ្យធ្វើពលកម្មបន្តរហូតដល់ម៉ោង១០ យប់​ទើបបានសម្រាន្ត។ ប្រជាជានត្រូវបានព្រាត់ប្រាសដោយការចាត់តាំងរបស់ខ្មែរក្រហមទៅតាមកងយុវជន កងយុវនារី កងចល័ត និងកងកុមារជាដើម ដោយហូបរួម រស់នៅរួម និងធ្វើការរួម។ យុវជនកងចល័ត ធ្វើការនៅអូរកាទឹង ចំណែកកងកុមារធ្វើការនៅសហករណ៍ត្រពាំងក្រហម។

កុមារត្រូវកាប់ទន្ទ្រានខេត្ត និងប្រមូលលាមកគោសម្រាប់ធ្វើជី ដោយក្នុងមួយនាក់ត្រូវកាប់ឲ្យបានដបទៅដបប្រាំបាច់ក្នុងមួយថ្ងៃ។ កូនរបស់គាត់ត្រូវបានបង្អត់អាហារ ដោយសារកាប់ទន្ទ្រានខេត្តមិនគ្រប់តាមចំនួនកំណត់។ ដូច្នេះគាត់បានលួចទុកបាយឲ្យកូនហូបបានត្រឹម​តែមួយទៅពីរស្លាបព្រាប៉ុណ្ណោះ។ ចំណែកម្តាយហូបតែទឹកសម្លដើម្បីទុកបាយឲ្យកូន។ ក្រៅពីធ្វើការ ខ្មែរក្រហមបានបង្រៀនកុមារនៅតាមម្លប់ដើមឈើ ឬសាលាធ្វើពីឫស្សីប្រក់ស្បូវ។

ប្រជាជនប្រុសមានវ័យចំណាស់ត្រូវត្បាញបង្គី ពុះឫស្សី ធ្វើហ្វ្រង់កា និងចម្រូងសម្រាប់ដាក់ការពារតាមព្រំដែន។ ចំណែកមនុស្សស្រី ត្រូវមើលក្មេងតូចៗ។ អ្នកដែលពេញកម្លាំងត្រូវទៅដកស្ទូង លើកភ្លឺស្រែ ជីកប្រឡាយ ដើ​ម្បី​​ធ្វើស្រែឲ្យបានបីតោនក្នុងមួយហិចតា។ គាត់បានបញ្ជាក់​​ថា ស្រូវដែលមាននៅតាមសហករណ៍កម្រិតទាប និងកម្រិតខ្ពស់ ត្រូវដឹកយកចេញដោយមិនដឹងយកទៅណានោះទេ។ ចំណែកគោក្របីត្រូវបានខ្មែរក្រហមប្រមូលទុកមួយកន្លែង ដោយរើសយកតែក្របី និងគោដែលអាចប្រើការបានតែប៉ុណ្ណោះ។ ក្រៅពីនោះបាញ់សម្លាប់និងដឹកតាមរទេះយកទៅហូបតាមសហករណ៍។

ឈឹម សុឃឹម ត្រូវបានចាត់តាំងឲ្យធ្វើយុវជនកង​​​​​ចល័ត ដោយរស់នៅរួម ធ្វើការរួម ដូចជាលើកទំនប់ជាដើម។ គាត់មិនបានទទួលការហូបចុកគ្រប់គ្រាន់នោះទេ ដែលមានរបបអាហារដូចជា គល់ប្រង់ គល់ចេក គល់ល្ហុង មើមដំឡូងមី ត្រួយដំឡូងមី អំបិល និងប្រហុក។ គាត់បានបន្តថា «ធ្វើការច្រើន ហូបតិច»។

សុឃឹម បានធ្វើកងចល័តនៅទំនប់អូរកាទឹង ដែលសព្វថ្ងៃសិ្ថតនៅភូមិកាទឹង ឃុំល្បាំងមួយ ស្រុកលំផាត់ ខេត្តរតនគិរី ជាទីកន្លែងសម្លាប់មនុស្សនៅសម័យខ្មែរក្រហម។  នៅទីនោះ យុវជនកងចល័តខ្មែរក្រហមបានធ្វើអង្គមិទិ្ទញនិងបេ្តជ្ញាសម្លាប់សត្រូវ ដែលខ្មែរក្រហមចោទថា ជាខ្មែរស ខ្មែរខៀវ ភ្នាក់ងារសេអ៊ីអា និងកាហ្សេបេជាដើម។ បើនរ​ណា​ម្នាក់និយាយថា ហូបមិនឆ្អែត ឬមានមតិតវ៉ាជាដើមត្រូវ​​បានចោទថាជាសត្រូវរបស់អង្គការ ដោយយកទៅរៀនសូត្រឬសម្លាប់។  សុឃឹម បាននិយាយថា មានតែកាកបាយ​ចំនួនបីស្លាបព្រាតែប៉ុណ្ណោះសម្រាប់ហូប។ ក្រោយមកគាត់ធ្វើការនិងរស់នៅមន្ទីរស-៣១ និងស-៣២ នៃភូមិភាគឦសាន នៅជិតបឹងកន្សែង ដោយជីកក្តួច និងធ្វើស្រែនៅតាមជើងភ្នំ។

នៅខែមេសា ឆ្នាំ១៩៧៨ សុឃឹម បានរៀបការនៅសហករណ៍ត្រពាំងក្រហម ដោយមានការចូលរួមពីសាច់ញាតិ ប្រធានសហករណ៍ ប្រធានក្រុម និងតំណាងអង្គការម្នាក់។ នៅពេលនោះមានការរៀបការជាច្រើនគូ ដោយស្លៀកពាក់ខោអាវខ្មៅ ក្រមាក្រហម។ គាត់បានស្ម័គ្រចិត្តនិងស្នើសុំរៀបការ ដោយអង្គុយទល់មុខនិងឈរជាជួរ ធ្វើការប្តេជា្ញចិត្តចំពោះអង្គការ ដោយនិយាយថា កសាងគ្រួសារ កសាងប្រទេសជាតិ បម្រើបក្ស និងការពារមាតុភូមិជាដើម។

សុឃឹម បាននិយាយថា ខ្មែរក្រហមបាន «ធ្វើទារុណ​កម្ម​យង់ឃ្នងព្រៃផ្សៃណាស់» ចំពោះប្រជាជនខ្មែរ។ គាត់បន្ត​ថា ធាតុពិត ប្រជាជនជាអ្នកសម្លាប់គ្នា​ឯងតាមបញ្ជារបស់ថ្នាក់លើ ឬមជ្ឈិមបក្ស។ ប្រជាជនដែលត្រូវ​បាន​ចោទថា ប្រើល្បិចចារកម្ម ត្រូវបង្អត់បាយបីថ្ងៃ។ ប្រជាជនហូបមិនឆ្អែត គេងមិនគ្រប់គ្រាន់ គ្មានថ្នាំសម្រាប់ព្យាបាលក្រៅពីថ្នាក់អាចម៍ទន្សាយ។

នៅសម័យនោះ សុឃឹម ក៏ជាអ្នកធ្វើថ្នាំអាចម៍ទន្សាយម្នាក់ ដោយមានតាប៊ុនជាប្រធាន។ គាត់បានប្រាប់ថា គេយកវល្លិពេជ្រ សំបកស្ដៅ យកបានបុក និង រែងឲ្យហ្មត់ក្លាយជាម្សៅ។ បន្ទាប់មកដាក់ចូលយកបំពង់ឫស្សី និងយក​ឈើចុច។ រីឯវល្លិស្លឹកជុយ ប្រើប្រាស់សម្រាប់ធ្វើថ្នាំជក់នៅសម័យនោះ។ ខ្មែរក្រហមបានបិទបាំងសភាពការណ៍ពីស្ថានភាពក្រៅ​​​ប្រទេស និងកុហកប្រជាជន ដោយនិយាយថា «ខ្លាចអី​​អា​យួនស៊ីកន្ទក់» ឬ «វះពោះដាក់ស្មៅ» ជាដើម។

នៅពេលគាត់បានរំដោះធ្វើដំណើរទៅអូរយ៉ាដាវ ប្រជាជនមានសភាពស្គមកំព្រឹង ដែលជាកត្តាមួយធ្វើឲ្យប៉ះពាល់ដល់សុខភាពនៅពេលបច្ចុប្បន្ន។ គាត់តែងតែរន្ធត់នៅពេលសុបិនឃើញព្រឹត្តិការណ៍ដែលគាត់បានឆ្លងកាត់នៅសម័យនោះ ដូចជាចាប់មនុស្សចងស្លាបសេកយកទៅសម្លាប់។ ឈឹម សុឃឹម សព្វថ្ងៃមានជំងឺប្រចាំកាយដូចជាឡើងជាតិអាស៊ីត លើសឈាម និងខ្វះជាតិស្ករ។

គាត់សង្ឃឹមថាការអប់រំអ្នកជំនាន់ឲ្យចងចាំពីរបបខ្មែរក្រហមនៅតាមសាលារៀន នឹងការពារកុំឲ្យរបបនេះកើតឡើងសារជាថ្មី។ ជាក់ស្តែង កូនរបស់គាត់ម្នាក់ដែលកើតនៅឆ្នាំ១៩៨០ មិនជឿពីរបបខ្មែរក្រហម ឬគាត់ហៅថា «គុកឥតជញ្ជាំង» នោះទេ។

ឈឹម សុឃឹម បានលើកឡើងថា នៅសម័យខ្មែរក្រហមអង្គការ «ចង្អុលថ្មបែក» មានន័យថា ដើម្បីរស់ប្រជា​ជនត្រូវតែស្ដាប់​តាមបញ្ជារបស់អង្គការ ដោយមិនហ៊ានបដិសេធឡើយ។ ប្រជាជនបានយកឧសមកដុត និងចាក់ទឹកដើម្បីបំបែកថ្ម ដូច្នេះគាត់ថា ចង្អុលថ្មបែក ជាពាក្យសំដៅទៅលើជំនាន់ដែលផ្ដាច់ការខ្លាំងបំផុត៕

សម្ភាសដោយ ឡាយ កូរ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin