ជឹម ចាន់ធឿន៖ រៀបរ៉ាប់ពីជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពនៅពេលបច្ចុប្បន្ន

ជឹម ចាន់ធឿន៖ អាយុ៥៤ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត

ខ្ញុំឈ្មោះ ជឹម ចាន់ធឿន អាយុ ៥៤ ឆ្នាំ ភេទស្រី មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៥ នាក់។ កាលពីកុមារភាព ខ្ញុំត្រូវឈប់រៀនត្រឹមថ្នាក់ទី ៣ ដោយសារតែជីវភាពគ្រួសារខ្វះខាត។ ក្រោយពីឈប់រៀន ខ្ញុំ នៅផ្ទះជួយធ្វើការងារផ្ទះ និងមើលថែទាំប្អូនៗ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានកាន់អំណាចគ្រប់គ្រងប្រទេស នៅពេលនោះ ខ្ញុំមានអាយុប្រហែល ៥ ទៅ ៦ ឆ្នាំ។ ខ្ញុំឃើញ ខ្មែរក្រហមបានចូលមកក្នុងភូមិដែលខ្ញុំរស់នៅ និងបានជម្លៀសប្រជាជនចេញទៅរស់នៅតាមតំបន់ជិតស្រែចម្ការ ដើម្បីឲ្យធ្វើការងារដូចជា ជីកទំនប់, ប្រឡាយ និងធ្វើការងារកសិកម្ម។ ខ្ញុំត្រូវបានខ្មែរក្រហមបញ្ជូនឲ្យទៅនៅក្នុងកងកុមារ ដែលជាកន្លែងឲ្យកុមារធ្វើការដូចជា រើសអាចម៍គោ, កាប់ស្លឹកទន្ទ្រាងខែត្រ យកទៅធ្វើជីដាក់ស្រែ។ ការងារទាំងនេះត្រូវធ្វើរៀងរាល់ថ្ងៃ ដោយគ្មានពេលសម្រាក ហើយមិនមានសិទ្ធិនិយាយប្រឆាំង ឬសុំសម្រាកនោះឡើយ។ ស្ថានភាពសុខភាពរបស់កុមារ និងប្រជាជនជាទូទៅនៅក្នុងរបបខ្មែរក្រហមគឺលំបាកណាស់។ កាលណាឈឺ គ្មានគ្រូពេទ្យ ឬថ្នាំព្យាបាលត្រឹមត្រូវឡើយ។ អ្នកជំងឺខ្លះត្រូវទុកឲ្យស្លាប់ដោយគ្មានការថែទាំ អាហារដែលខ្ញុំហូបមានតែបបរលាយជាមួយអំបិល មិនគ្រប់គ្រាន់។ ជាពិសេស មានពេលខ្លះ ខ្មែរក្រហមស្លសម្លរត្រកួនឲ្យហូប ប៉ុន្តែគ្មានរស់ជាតិ។

ខ្ញុំក៏បានឮពាក្យថា “យកទៅរៀនសូត្រ” ដែលខ្មែរក្រហមប្រើជាលេស ដើម្បីបញ្ជូនប្រជាជនទៅសម្លាប់។ អ្នកដែលត្រូវ “យកទៅរៀនសូត្រ” មិនដែលបានត្រឡប់មកវិញឡើយ។ ការរៀបការនៅសម័យនោះមានភាពខុសគ្នាឆ្ងាយពីពេលបច្ចុប្បន្ន។ ខ្មែរក្រហមបាន​បង្ខំប្រជាជនជាច្រើនឲ្យឡើងប្តេជ្ញាចិត្តជាក្រុមៗ​ហើយគ្មាននរណាអាចបដិសេធបាននោះទេ។

នៅដើមឆ្នាំ ១៩៧៩ ខ្ញុំ និងឪពុកម្ដាយបានរត់ចូលព្រៃ ដើម្បីជម្លៀសចេញពីសង្គ្រាម។ ការរស់នៅក្នុងព្រៃពោរពេញដោយភាពអត់ឃ្លាន ស្លាប់និងរបួស។ បន្ទាប់មកខ្ញុំបានធ្វើដំណើរវិលត្រឡប់មកស្រុកកំណើតវិញដោយសង្ឃឹមថាជីវិតនឹងប្រសើរឡើងវិញ​។ ឆ្នាំ ១៩៨០ ខ្ញុំមានឱកាសឲ្យចូលរៀនវិញថ្នាក់បឋមសិក្សាម្តងទៀត។ ប៉ុន្តែដោយសារជីវភាពក្រីក្រ នៅឆ្នាំ ១៩៨៥ ខ្ញុំបានឈប់រៀន ហើយឪពុកម្ដាយបានរៀបការឲ្យខ្ញុំមានប្តី។ បន្ទាប់មកខ្ញុំបានប្រកបរបរជាកសិករដល់ពេលបច្ចុប្បន្ន។

បច្ចុប្បន្ន ខ្ញុំមានជំងឺសន្លាក់ដៃសន្លាក់ជើង និងជំងឺលើសឈាម។ ខ្ញុំជឿជាក់ថា ជំងឺទាំងនេះបណ្តាលមកពីហូបអាហារមិនគ្រប់គ្រាន់កាលពីខ្ញុំនៅវ័យកុមារភាព ក៏ដូចជាការធ្វើការងារខ្លាំងពេកនៅក្នុងរបបខ្មែរក្រហម។ ក្នុងឆ្នាំ ២០២៣ ខ្ញុំបានពិនិត្យសុខភាពជាមួយគ្រូពេទ្យ និងក្រុមការងារពីមជ្ឈមណ្ឌលឯកសារកម្ពុជា ហើយបានពិនិត្យជំងឺរបស់ខ្ញុំយ៉ាងលម្អិត ហើយបានផ្តល់សៀវភៅព័ត៌មានសុខភាពមួយក្បាលឲ្យខ្ញុំផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំចុះមកជួយពិនិត្យ និងផ្តល់ការណែនាំថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដូចខ្ញុំ។ ជីវិតរបស់ខ្ញុំជាការពិតមួយនៃប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់ប្រជាជនកម្ពុជា។[1]


[1] ជឹម ចាន់ធឿន, សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin