ជិន ថុល៖ ជាអនុយោធាវរសេនាតូចលេខ២៣៤ កងពល ២៩០

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២0ទំព័រ​ ជារបស់ឈ្មោះ ជិន ថុល។ ​ មុនពេលអង្គការចាប់ខ្លួន ​គាត់មានតួនាទីជា អនុយោធាវរសេនាតូចលេខ២៣៤, វរសេនាធំលេខ២៣, កងពល២៩០។ អំឡុងពេល ចូលធ្វើបដិវត្តន៍ ជិន ថុល បាន​ជាប់ពាក់ព័ន្ធ​ជាមួយក្រុមមនុស្សចំនួន២៧នាក់ក្នុងការ បំផុសដល់ប្រជាជន ឱ្យប្រព្រឹត្តិអំពើខុសសីលធម៌ និងប្រឆាំងនឹងជំនឿរបស់អង្គការ ហើយត្រឡប់មកជឿជាក់លើបក្សកុម្មុយនីស្ដវិញ។  រហូតមកដល់ថ្ងៃទី៩ ខែ​មករា ឆ្នាំ១៩៧៧ ​ថុល ត្រូវបានអង្គការចាប់ខ្លួន។

ខាងក្រោមនេះ ជាចម្លើយសារភាពរបស់ ​ជិន ថុល៖

ជិន ថុល[1] ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃស្លា ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ ថុល មានឪពុកឈ្មោះ ជិន លឹម អាយុ៥០ឆ្នាំ និងម្ដាយឈ្មោះ យ៉ែម ម៉ុន អាយុ៤២ឆ្នាំ។ ឪពុកម្ដាយរបស់ ថុល ប្រកបមុខរបរធ្វើស្រែ។ ថុល មានបងប្អូនបង្កើតចំនួន៨នាក់ (ស្រី៥នាក់)។

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៧០ ថុល បានចូលធ្វើបដិវត្តន៍ នៅភូមិព្រៃស្លា។ រយៈពេលមួយឆ្នាំក្រោយមក ថុល បានផ្លាស់មកនៅជាមួយ កងទ័ព តំបន់២០[2] និងបានជួបជាមួយ ញែម សំងាត់ មានតួនាទីជាប្រធានយោធា វរសេនាតូចលេខ១០២។

នៅឆ្នាំ១៩៧១ ​ ញែម សំងាត់ តែងតែមកលេង ថុល ជាញឹកញាប់ និង បានអប់រំ ថុល ឱ្យចូលបក្សកុម្មុយនីស្ត។ ដំបូងឡើយ ញែម សំងាត់ ចាប់ផ្ដើមនិយាយ និងលើកសរសើរពីសមត្ថភាពរបស់ ថុល ​សាកសមក្នុងការបំពេញភារកិច្ចមួយនេះឱ្យបានជោគជ័យ ព្រមទាំងអាចទទួលបាននូវបុណ្យសក្ដិខ្ពង់ខ្ពស់ទៅថ្ងៃអនាគត។

នៅ​ថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ១៩៧២ ថុល ត្រូវ ញែម សំងាត់ ចាត់តាំងឱ្យដើរបំផុសដល់ប្រជាជន ឱ្យប្រព្រឹត្តិអំពើខុសសីលធម៍ ដើម្បីមួលបង្កាច់បដិវត្តន៍ ព្រមទាំងធ្វើឱ្យប្រជាជនមានគំនិតប្រឆាំងនឹងជំនឿរបស់អង្គការ ហើយត្រឡប់មកជឿជាក់លើបក្សកុម្មុយនីស្ដវិញ។

នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៥ ថុល បានអូសទាញឈ្មោះ វល្លិ៍ មានតួនាទី ជាប្រធាន យុវជនកងតូច ឱ្យចូលមកក្នុងបក្សកុម្មុយនីស្ត ដោយបង្វក់ស្មារតី ឱ្យ វល្លិ៍ ស្គាល់ពីទិដ្ឋភាពនៅផ្សារអ្នកលឿង តាមរូបភាពអំពើអបាយមុខគ្រប់ប្រភេទនៅទីនោះ​។

នៅឆ្នាំ១៩៧៥ ញែម សំងាត់​ បានបញ្ជូនឈ្មោះ ឡាយ ម៉ុន ឱ្យមករស់នៅជាមួយ ថុល នៅអនុនគរបាលកងអនុសេនាធំលេខ៣៤០ និងបង្កើតការប្រជុំមួយ ជាមួយមនុស្សចំនួន​៨នាក់រួមទាំង ថុល ដែរ។ ថុល និងសមាជិកទាំង៨នាក់ ត្រូវបានកងពលរៀបចំបំពាក់អាវុធ បេ៦៩, រ៉េប៉េដេ, អាកា, និង អ៊ឹម៧៩  រួចបញ្ជូនទៅតាមអង្គភាពនីមួយៗ ដើម្បីត្រៀមវាយយកអ្នកលឿងឱ្យបាន។

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៧៥ ថុល និងសមាជិក បានទទួលផែនការពី ញែម សំងាត់ បាញ់កាំភ្លើងចំនួនពីរបង់ឡើង ដើម្បីបង្ហាញជាសញ្ញា​ និងត្រៀមខ្លួនចាំទទួលបទបញ្ជា​ ព្រមទាំងរៀបចំកម្លាំងដាក់តាមមុខសញ្ញានីមួយៗ។

នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៦ ​ចំនួនអ្នកចូលធ្វើបដិវត្តន៍ កាន់តែមានសន្ទុះកើនឡើង ប៉ុន្តែស្របពេលជាមួយគ្នា ក៏មានកម្លាំងមួយចំនួនបានចុះខ្សោយដែរ​។ ក្រោយមក អង្គការបានចាប់ខ្លួន ញែម សំងាត់ និងបក្ខពួកជាច្រើននាក់ទៀត។ ទោះបីជាយ៉ាងនេះក្តី ថុល និងសមាជិកចំនួន២នាក់ នៅតែបន្តសកម្មភាពប្រមូលកម្លាំងដើម្បីប្រឆាំងនឹងបដិវត្តន៍ ឱ្យបានច្រើនថែមទៀត។ រហូតដល់ថ្ងៃទី៩ ខែមករា ឆ្នាំ១៩៧៧ ថុល ត្រូវបានអង្គការចាប់ខ្លួន និង ត្រូវបានសួរចម្លើយនៅថ្ងៃទី១៩ មករា ឆ្នាំ១៩៧៧។

អត្ថបទដោយ ថុន ស្រីពេជ្រ


[1] ឯកសារ J00450 តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សេចក្តីកំណត់ហេតុ សួរចម្លើយ ជិន ថុល៖ ជាអនុយោធាវរសេនាតូចលេខ២៣៤ កងពល ២៩០»។

[2] ផេង ពង្សរ៉ាស៊ី និងអ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ២០២០),ទំព័រទី៣៣។ តំបន់២០​ ស្ថិតនៅក្នុងតំបន់ភូមិភាគបូព៌ា (ភូមិភាគ២០៣) ដឹកនាំដោយ សោ ភឹម។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin