ខ្ញុំមានជីវិតរស់ដោយសារបានលាក់ប្រវត្តិរូបធ្លាប់ធ្វើជាទាហានក្នុងបប លន់ នល់

(ព្រៃវែង)៖ របបខ្មែរក្រហមបានសម្លាប់ប្រជាជនដោយ​គ្មានការជំនុំជម្រះ។ “ប្រជាជនគ្រាន់តែលួចចំណីអាហារសមូហភាពហូប ក៏ត្រូវខ្មែរក្រហមសម្លាប់ចោលដែរ ចុះទម្រាំខ្ញុំជាអតីតទាហានទៀត ខ្មែរក្រហមពិតជាដាក់គោលដៅលើ។ ឃើញដូចនេះ ខ្ញុំបានរស់នៅដោយលាក់ប្រវត្តិរូបពេញមួយរបបខ្មែរក្រហម​។” នេះជាការលើកឡើងរបស់អតីតទាហាន លន់ នល់ ម្នាក់ ។

ឈិត ផាត ភេទប្រុស អាយុ៧៤ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ ក្នុងរបប លន់ នល់ ផាត ឃើញថាក្នុងភូមិកើតមានភាពអសន្តិសុខ បង្កឡើងដោយសង្គ្រាមរវាង​កងកម្លាំងខ្មែរក្រហម និងទាហាន លន់ នល់។ ផាត និយាយ​ថាការរស់នៅរបស់ប្រជាជនចាប់ផ្តើម​លំបាកជាបណ្តើរៗ ព្រោះមិនអាចប្រកបរបបរកស៊ីបានពេញលេញ ណាមួយខ្លាចការទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះសហរដ្ឋអាមេរិកដែលគាំទ្ររបប លន់​ នល់ ប្រឆាំងនឹងយោធាខ្មែរក្រហម។ នៅឆ្នាំ១៩៧២ ផាត បានបែកចេញពីប្រពន្ធនិងគ្រួសារ មករស់នៅ ប្រកបរបររត់ម៉ូតូឌុបនៅស្រុកពាមរក៍​។ នៅចុងឆ្នាំ១៩៧២ ផាត បានចូលធ្វើជាទាហាន នល់ នល់ នៅភ្នំពេញ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាច អង្គការបានជម្លៀស ផាត ពីក្រុងភ្នំពេញឲ្យទៅកាន់ខេត្តកំពង់ស្ពឺ។ ផាត បានឃើញទុក្ខលំបាករបស់ប្រជាជន និងសាក​សពជាច្រើនទុកចោលគ្មានសាច់ញាតិនៅក្បែរដងផ្លូវ នៅបណ្តោយ​ផ្លូវជាតិលេខ៤ តាមផ្លូវចេញពីភ្នំពេញ។ នៅកំពង់ស្ពីផាត បានឃើញឈ្លបខ្មែរក្រហមសម្លាប់ប្រជាជនដែលឃ្លានអាហារខ្លាំងនិងបានទៅលួចចំណីអាហារសមូហភាពបន្តិចបន្តួចហូប។ ឃើញទង្វើសម្លាប់មនុស្សស្តែងៗបែបនេះទើបគាត់ត្រូវរស់នៅដោយលាក់ប្រវត្តិរូប ដែលធ្លាប់ធ្វើជាទាហានក្នុងរបប លន់ នល់​។ នៅកំពង់ស្ពឺ ផាត ត្រូវជីក និងរែកដីធ្វើប្រឡាយ ព្រមទាំងកាប់ឆ្ការព្រៃយកដីឲ្យប្រជាជនធ្វើស្រែចម្ការ ទាំងថ្ងៃទាំងយប់ ​មិនហ៊ានតវ៉ាជាមួយឈ្លបខ្មែរក្រហមនោះទេ ពីព្រោះខ្លាចមានកំហុសត្រូវអង្គការសួរនាំពីប្រវត្តិកាលពីរបបមុន។

រឿងរ៉ាវដែល ផាត ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការដែលឈ្លបខ្មែរក្រហមប្រើគាត់ឲ្យធ្វើការធ្ងន់គ្មានពេលសម្រាក និងអំពើដែលខ្មែរក្រហមប្រព្រឹត្តិមកលើប្រជាជនស្លូតត្រង់ ដែលជាខ្មែរ គ្នាឯងរហូតដល់ស្លាប់ ហើយកំហុសតិចតួចបែរជាត្រូវ​ចោទថាជាខ្មាំងក្បត់នឹងរបបខ្មែរក្រហម។ ផាត បន្តទៀតថាប្រជាជនត្រូវរស់នៅដោយគ្មានសិទ្ធិសេរីភាព ទទួលរងទារុណកម្ម និងទទួលបានរបបអាហារមិនគ្រប់គ្រាន់ បើទោះបីជាប្រជាជនបង្កបង្កើនផលស្រូវបានច្រើនយ៉ាងណាក្តី ផលស្រូវទាំងនោះត្រូវបានខ្មែរក្រហមដឹកចេញអស់​ៗពីឃ្លាំងស្តុកស្រូវ។

ផាត មានសេចក្តីសប្បាយរីករាយណាស់ដែលតុលាការខ្មែរក្រហមបានសម្រេចផ្តន្ទាទោស ឲ្យអតីតមេដឹកនាំខ្មែរក្រហម ជាប់គុកអស់មួយជីវិត ។ គាត់យល់ថាការសម្រេចសេចក្តីនេះ អាចចូលរួមទប់ស្កាត់អំពើប្រល័យពូជសាសន៍ដូចរបបខ្មែរក្រហម ពីការកើតមានឡើងម្តងទៀតក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ន ផាត មានជំងឺលើសសំពាធឈាម ជំងឺសន្លាក់ដៃ សន្លាក់ជើង ឈឺចង្កេះ និងជំងឺស្រវឹងភ្នែកមើលមិនច្បាស់។

សម្ភាសន៍ដោយ ថន ធារ៉ា ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin