ជុំ ទី ៖ យោធាខ្មែរក្រហមត្រូវបានចោទប្រកាន់ជាភ្នាក់ងារ សេ.អ៊ី.អា របស់អាមេរិកាំង

ជុំ ទី បច្ចុប្បន្នរស់នៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

មុនរំដោះបានទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៧៥ ទី ជាយោធាខ្មែរក្រហមនៅក្នុងកងពល១៦៤ ដែលដឹកនាំដោយ មាស មុត។ ​ក្រោយរំដោះបានទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងពល១៦៤ ត្រូវបាន មាស មុត បញ្ជូនឲ្យទៅការពារនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅពេលចូលទៅដល់ក្រុងព្រះសីហនុ កងពល១៦៤​ ត្រូវបានបំបែកទៅជា២កងវរសេនាធំ មានកងវរសេនាធំលេខ១៦ និងកងវរសេនាធំលេខ៦៣ ហើយ ទី ត្រូវបានបំបែកឲ្យចូលរួមជាមួយកងវរសេនាធំលេខ៦៣ ដោយមានតួនាទីមើលថែទាំចម្ការទុរេននៅតំបន់ទឹកសាប។

ជុំ ទី [1]ភេទប្រុស អាយុ៦៨ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើចម្ការ។ ទី មានស្រុកកំណើតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកកំពត ខេត្តកំពត។ បច្ចុប្បន្នរស់នៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទី មានប្រពន្ធឈ្មោះ ជន ម៉ៃ អាយុ៥៧ឆ្នាំ ស​ព្វថ្ងៃប្រកបរបរធ្វើចម្ការ។ ទី មានឪពុកឈ្មោះ ជុំ ម៉ាក (ស្លាប់ដោយសារជំងឺចាស់ជរា) និងម្ដាយឈ្មោះ លុយ ណន (ស្លាប់ដោយសារជំងឺចាស់ជរា)។ ទី មានបងប្អូនចំនួន៤នាក់(ប្រុស) ។ ទី ជាកូនទី៣ នៅក្នុងគ្រួសារ។ ទី មានកូនចំនួន២នាក់ (ស្រី) ហើយកូនៗរបស់ ទី សព្វថ្ងៃមានគ្រួសារអស់ហើយ។

កាលពីក្មេង ទី មិនបានចូលរៀនទេ ព្រោះនៅភូមិកូនសត្វ មិនមានសាលារៀនសម្រាប់ឲ្យកុមាររៀនសូត្រនោះទេ។ ទោះបីជាមិនបានរៀនសូត្រ ទី បានជួយការងាររបស់ឪពុកម្ដាយដូចជា ឃ្វាលគោក្របី ធ្វើការងារនៅក្នុងផ្ទះ និងជួយឪពុកម្ដាយធ្វើស្រែចម្ការ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកឧត្ដមសេនីយ៍លន់ នល់បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ។ នៅអំឡុងពេលជាមួយគ្នា នៅក្នុងភូមិកូនសត្វ មិនទាន់មានហេតុការណ៍អ្វីកើតឡើងទេ ប្រជាជនអាចប្រកបរបរធ្វើស្រែចម្ការបានធម្មតា។

នៅឆ្នាំ១៩៧២ មេឃុំ និង មេភូមិកូនសត្វ បានដើរប្រមូលកុមារនៅក្នុងភូមិឲ្យចូលធ្វើកងកុមារខ្មែរក្រហម។ ចំណែក ទី និងកុមារផ្សេងទៀតមានទាំងប្រុស ទាំងស្រីប្រហែល៣០-៤០ ត្រូវបានមេឃុំជ្រើសរើសឲ្យចូលក្នុងក្រុមកុមារសិល្ប។ នៅពេលទំនេរពីការហាត់សិល្ប ទី និងក្រុមកុមារសិល្បត្រូវបានខ្មែរក្រហមប្រើឲ្យដាំដំឡូង ហើយនៅពេលយប់ ទី និងក្រុមកុមារសិល្ប នាំគ្នាច្រៀងលេង ហើយរាំលេងទុកជាការកំសាន្ត។

នៅឆ្នាំ១៩៧៣ ទី ត្រូវបានបំបែកចេញពីក្រុមកុមារសិល្បឲ្យចូលធ្វើជាកងទ័ពខ្មែរក្រហមដែលមានទីតាំងនៅមន្ទីរក្បាលរមាស។ បន្ទាប់មក ទី បានហ្វឹកហាត់នៅមន្ទីរក្បាលរមាសបានមួយរយៈពេល២ខែ ទើបបញ្ជូនឲ្យទៅចូលរួមជាមួយកងពល១៦៤ ដែលគ្រប់គ្រងដោយ មាស មុត។ បន្ទាប់ពីចូលរួមក្នុងកងពល១៦៤បានរយៈពេល១ខែ មាស មុត បានបញ្ជាឲ្យកងទ័ពទាំងអស់រៀបចំកម្លាំង ដើម្បីទៅវាយជាមួយកងទ័ពរបស់ឧត្ដមសេនីយ លន់ នល់ ដែលកំពុងឈរជើងនៅខេត្តកំពត ហើយបានបន្តវាយចេញពីខេត្តកំពត ឆ្ពោះទៅក្រុងព្រះសីហនុ។ បន្ទាប់មកទៀត ទី និងកងទ័ពក្នុងកងពល១៦៤ បានវាយចេញពីក្រុងព្រះសីហនុទៅតាមផ្លូវជាតិ៤ រហូតវាយរំដោះបានខេត្តកំពង់ស្ពឺ រួចវាយបន្តពីខេត្តកំពង់ស្ពឺ រហូតចូលទៅដល់ទីក្រុងភ្នំពេញ ហើយរំដោះបានទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ បន្ទាប់ពីទទួលបានជ័យជម្នះនៅទីក្រុងភ្នំ​ពេញ កងពល១៦៤ ទាំងអស់ត្រូវបាន មាស មុត បញ្ជាឲ្យទៅឈរជើងនៅភូមិរូងដំរី ដែលមានទីតាំងនៅជិតភ្នំថ្មាតពង ដែលស្ថិតនៅស្រុកកំពត ខេត្តកំពត។ បន្ទាប់ពីឈរជើងនៅភូមិរូងដំរី បានរយៈពេលកន្លះខែ កងពល១៦៤ ទាំងអស់ត្រូវបានមាស មុត បញ្ជូនបន្តឲ្យទៅការពារនៅក្រុងព្រះសីហនុ។ នៅពេលធ្វើដំណើរទៅដល់ក្រុងព្រះសីហនុ កងពល១៦៤ ត្រូវបានបំបែកជាពីរកងវរសេនាធំបន្តទៀត មានកងវរសេនាធំលេខ១៦ និងកងវរសេនាធំលេខ៦៣។ កងវរសេនាធំលេខ៦៣ មានតួនាទីការពារនៅព្រលានយន្តហោះកងកេង។ ចំណែកកងវរសេនាធំលេខ១៦ មានតួនាទីការពារនៅកំពុងផែរាម ក្រុងព្រះសីហនុ។ នៅពេលធ្វើដំណើរចូលទៅដល់ក្រុងព្រះសីហនុ ទី ត្រូវបានបំបែកចេញពីកងពល១៦៤ ឲ្យចូលរួមជាមួយកងវរសេនាធំលេខ១៦ ដើម្បីការពារនៅកំពុងផែរាម។ លុះយាមបានកន្លះខែ  ទី ត្រូវផ្លាស់ឲ្យទៅចូលរួមជាមួយកងកងវរសេនាធំលេខ៦៣ ដើម្បីការពារនៅព្រលានយន្តហោះកងកេងវិញ ដែលគ្រប់គ្រងដោយតា ញ៉ាន។ នៅពេលចូលរួមជាមួយកងវរសេនាធំលេខ៦៣ ទី មានតួនាទីមើលថែទាំចម្ការទុរេននៅតំបន់ទឹកសាប។ ទី បាននិយាយបន្តថា អំឡុងពេលកំពុងបូមទឹកស្រោចដើមទុរេនធុរ៉េន ម៉ាស៊ីនបូមទឹកបានខូច ហើយរលត់បាត់ ខណៈពេលនោះ ទី ភ័យខ្លាំងណាស់ ព្រោះមិនចេះជួសជុលម៉ាស៊ីនបូមទឹកនោះទេ។ បន្ទាប់មក កងទ័ពដែលគ្រប់គ្រងខាងម៉ាស៊ីនបូមទឹកបានមកសួរ ទី ថា «មូលហេតុអ្វីបានជាម៉ាស៊ីនខូច» ទី បានឆ្លើយប្រាប់ថា «ម៉ាស៊ីនបូមសុខៗវារលត់លែងដំណើរការ»។ បន្ទាប់មកទៀត កងទ័ពមិនបាននិយាយស្ដីបន្តនោះទេ រួចដើរទៅយកម៉ាស៊ីនបូមទឹកមួយគ្រឿងទៀតឲ្យ ទី បូមទឹកស្រោចដើមធុរ៉េនបន្តទៀត។ បន្ទាប់ពីបូមទឹកស្រោចដើមទុរេនបានប្រហែល១ម៉ោង ម៉ាស៊ីនបូមទឹកដែលយកមកថ្មីបានខូចម្ដងទៀត។ មិនយូរប៉ុន្មាន ទី ត្រូវបានខ្មែរក្រហមចោទប្រកាន់ថាជាភ្នាក់ងារ CIA របស់អាមេរិកកាំង ហើយបម្រុងចាប់យកទៅសម្លាប់ចោល ប៉ុន្តែត្រូវបានតា ញ៉ាន ប្រធានវរសេនាធំហាមឃាត់ និងយកត្រឡប់មកវិញ។

នៅឆ្នាំ១៩៧៧ កងវរសេនាធំលេខ៦៣ ត្រូវបានដឹកបញ្ជូនឲ្យទៅចូលរួមជាមួយកងពលលេខ១៥០ ដែលគ្រប់គ្រងដោយ អន ឈុំ ដើម្បីរួមកម្លាំងវាយជាមួយកងទ័ពវៀតណាមនៅខេត្តស្វាយរៀង។ លុះធ្វើដំណើរទៅដល់ព្រំប្រទល់ខេត្តស្វាយរៀងមិនទាន់នឹងបានវាយផង កងទ័ពវៀតណាមបានវាយរំដោះបានទីរួមខេត្តស្វាយរៀង។ បន្ទាប់មក កងវរសេនាធំលេខ៦៣ ដែលធ្វើដំណើរទៅដល់ស្វាយរៀង បានរត់ចេញពីព្រំដែនស្វាយរៀង ដោយធ្វើដំណើរតាមទូកឆ្លងទន្លេមេគង្គទៅតាមព្រែកប្រសព្វ ហើយបានបន្តដំណើររហូតទៅដល់ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីទៅដល់ខេត្តទីរួមខេត្តកំពង់ឆ្នាំង កងវរសេនាធំលេខ៦៣ បានប្ដូរទៅកងពលមួយទៀត គឺកងពល១៦៤ដដែល ប៉ុន្តែគ្រប់គ្រងដោយ រស់ ឡន។ បន្ទាប់ពីបង្កើតកងពលថ្មីបានប្រហែល១ឆ្នាំកន្លះ កងទ័ពវៀតណាមបានធ្វើដំណើរចូលមកវាយដល់ទីរួមខេត្តកំពង់ឆ្នាំង។ ខណៈពេលនោះ រស់ ឡន ប្រធានកងពលថ្មីបានបញ្ជាឲ្យកងទ័ពទាំងអស់ប្រមូលកម្លាំង ដើម្បីវាយតតាំងជាមួយកងទ័ពវៀតណាម។ ដោយកងទ័ពវៀតណាមមានកម្លាំងច្រើនមិនអាចទប់ទល់បាន រស់ ឡន បានបញ្ជាឲ្យកងទ័ពទាំងអស់ដកថយទៅតាមអន្លង់ជ្រៃ ហើយបានបន្តដំណើរដោយឆ្លងកាត់តាមស្រុកអមលាំង  ខេត្តកំពង់ស្ពឺ ចេញពីអមលាំងបានបន្តទៅរស់នៅភ្នំអាំគ្រីបានរយៈពេល១ឆ្នាំ ទើបបន្តដំណើរទៅរស់នៅក្នុងខេត្តកោះកុងវិញ។ នៅពេលទៅដល់ខេត្តកោះកុង រស់ ឡន បានបញ្ជាឲ្យកងទ័ពទាំងអស់ចូលរួមជាមួយកងវរសេនាធំលេខ៣៦ ដែលគ្រប់គ្រងដោយ អ៊ួន យ៉ង់។ បន្ទាប់ពីចូលរួមជាមួយកងវរសេនាធំលេខ៣៦ បានប្រហែលកន្លះខែ ទី និងកងទ័ពផ្សេងទៀត ត្រូវបាន អ៊ួន យ៉ង់ បញ្ជូនឲ្យទៅការពារនៅព្រំដែនថ្មដាវិញ។ នៅពេលធ្វើដំណើរទៅព្រំដែនថ្មដា អង្គភាពរបស់ ទី បានវង្វេងផ្លូវ ហើយបានធ្វើដំណើរធ្លាក់ដល់ឃ្លងយ៉ៃ ប្រទេសថៃ។ បន្ទាប់មកអង្គភាពរបស់ ទី បានស្នាក់នៅឃ្លងយ៉ៃចំនួនមួយថ្ងៃ ទើបរកផ្លូវត្រឡប់មកខៅឡានវិញ ហើយបានស្នាក់នៅខៅឡានចំនួន៣យប់បន្ថែមទៀត ទើបបន្តដំណើរមកម៉ៃរូត ហើយបានស្នាក់នៅម៉ៃរូត១អាទិត្យ ទើបធ្វើដំណើរបន្តទៅជំរុំព្រះពុទ្ធ ដែលមានទីតាំងនៅឡែម ដែលស្ថិតក្នុងខេត្តបាត់ដំបង ហើយបានស្នាក់នៅជំរុំព្រះពុទ្ធបានរយៈពេល១ខែ ទើបកម្លាំងរបស់ អ៊ួន យ៉ង់ ចុះទៅយក ហើយបញ្ជូនឡើងទៅចរ១ ព្រំដែនថ្មដាវិញ។

នៅឆ្នាំ១៩៨៤ រស់ ឡន បានប្រមូលកងកម្លាំងប្រហែល៩០នាក់ ដើម្បីទៅជួយកងពលលេខ១៥០ ដែលកំពុងវាយតតាំងជាមួយកងទ័ពវៀតណាមនៅក្នុងខេត្តកំពង់ស្ពឺ។ បន្ទាប់ពីវាយ និងទប់ទល់ជាមួយកងទ័ពវៀតណាមមិនឈ្នះ រស់ ឡន បានបញ្ជាឲ្យ ទី និងកងទ័ពទាំងអស់ដកថយចេញពីខេត្តកំពង់ស្ពឺទៅកាន់ខេត្តកំពត ហើយបានចូលរួមជាមួយគណសមរភូមិ៤០៥ ដែលគ្រប់គ្រងដោយ តា សំ បិត។ បន្ទាប់ពីស្នាក់នៅខេត្តកំពត បានរយៈពេល១ឆ្នាំ ទី ត្រូវបាន រស់ ឡន រៀបចំឲ្យរៀបការជាមួយនារីដឹកជញ្ជូនដែលជាកូនចៅរបស់ អន ឈុំ។

នៅឆ្នាំ១៩៨៨ កងទ័ពខ្មែរក្រហមនៅក្នុងគណសមរភូមិ៤០៥ ភាគច្រើនបានចុះទៅសារភាព និងសុំចុះចូលជាមួយរដ្ឋាភិបាល។ ចំណែក ទី និងប្រពន្ធបានរត់ឆ្លងផ្លូវសំដៅមកខេត្តកំពង់ស្ពឺ ដើម្បីមកចូលរួមជាកងពលលេខ១៨ ដែលគ្រប់គ្រងដោយ កែវ សាន។ នៅឆ្នាំ១៩៩៥ កងពលលេខ១៨ បានផ្លាស់ពីកំពង់ស្ពឺ ដើម្បីឲ្យទៅឈរជើងនៅតាមផ្លូវលេខ៥៦ ជាមួយកងវរសេនាធំលេខ៣៦ របស់អ៊ួន យ៉ង់។ លុះដល់ឆ្នាំ១៩៩៦ កងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាលកម្ពុជាបានសមាហរណកម្មស្រុះស្រួលគ្នា។ បន្ទាប់ពីចូលរួមជាមួយរដ្ឋាភិបាល ទើបមានការរៀបចំបង្កើតភូមិស្រុកថ្មី ហើយ ទី និងកងទ័ពខ្មែរក្រហមត្រូវបានរំលាយបញ្ចូលជាមួយកងទ័ពរដ្ឋាភិបាល។ បន្ទាប់ពីរៀបភូមិស្រុករួច ទី ត្រូវបាន កែវ សាន្ត បំបែកឲ្យមករស់នៅភូមិផ្ចឹកជ្រុំ ហើយបានចែកដីសម្រាប់សាងសង់ផ្ទះរស់នៅ និងធ្វើចម្ការសម្រាប់ផ្គត់ផ្គងជីវភាពនៅក្នុងគ្រួសារ និងមាន​ប្រាក់បៀវត្សប្រចាំខែ៕

អត្ថបទដោយ ចាន់ ណារិទ្ធ


[1] មជ្ឈមណ្ឌលផ្សះផ្សាវាលវែង នៃមជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយ ​ឈ្មោះ ជុំ ទី  នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin