ឆោម សាវ៉ាត ៖ លេខាស្រុកឆ្លូង តំបន់២១ ភូមិភាគបូព៌ា (២០៣)
ឈ្មោះដើម ប៉ែន ឆែ និង មានឈ្មោះ បដិវត្តន៍ ឆោម សាវ៉ាត[1] ជនជាតិខ្មែរ មានអាយុ៥២ឆ្នាំក្នុងឆ្នាំ១៩៧៧។ ខ្ញុំមានប្រពន្ធឈ្មោះ យិន ស្រ៊ី និងមានកូនចំនួន៩នាក់ក្នុងនោះប្រុស៨នាក់និងស្រី១នាក់។ ខ្ញុំមានស្រុកកំណើតនៅភូមិបារាយ ឃុំក្របីក្រៀក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ខ្ញុំអាចសរសេរនិងអានអក្សរបានបន្តិចបន្តួច។ ឪពុកខ្ញុំឈ្មោះ ហ៊ីង ប៉ែន និងម្ដាយឈ្មោះ កុល ហេ ហើយខ្ញុំរស់នៅជាមួយឪពុកម្តាយរហូតដល់ខ្ញុំអាយុ១៤ឆ្នាំ។ ខ្ញុំបានទៅនៅវត្តបារាយ ដើម្បីរៀនអក្សររយៈពេល១ឆ្នាំក៏បួសជានេន ដែលមានព្រះចៅអធិការវត្តឈ្មោះ លាស់។ រយៈពេល២ឆ្នាំក្រោយខ្ញុំត្រឡប់មកផ្ទះជួយធ្វើស្រែឪពុកម្ដាយ និងរកស៊ីឈ្នួលធ្វើឈើឱ្យគេសម្រាប់ចិញ្ចឹមគ្រួសារ។
នៅខែមេសា ឆ្នាំ១៩៤៨ ខ្ញុំចូលបដិវត្តន៍មាន តាសាយ ហៅ សេរីវុទ្ធី គឺជាអ្ននាំចូល។ ខ្ញុំចូលដំបូងក្នុងសមាគមខ្មែរឥស្សរៈ[2] ឃុំក្របីក្រៀក។ កាលនោះមាន តាសាយ ហៅ សេរីវុទ្ធី គឺជាអនុប្រធានសមាគម ខេត្តកំពង់ចាម, តាចាន់សាម៉ន គឺជាប្រធានសមាគម ខេត្តកំពង់ចាម និង ពាំង សេនា គឺជានាយកគណៈជាតិ។
ឆ្នាំ១៩៤៩ ខ្ញុំមានភារកិច្ច គឺជាអនុប្រធាន សមាគមខ្មែរឥស្សរៈ ស្រុកក្រូចឆ្មារ។ កាលនោះមាន តាសេរីវុទ្ធី គឺជាប្រធាននិង តាម៉ាន គឺជាសមាជិក។ ចាប់តាំងពីពេលនោះមកខ្ញុំបានធ្វើសកម្មភាពរហូតដល់ផ្អាកសង្គ្រាមនៅឆ្នាំ១៩៥៤។ ខែកុម្ភៈ ឆ្នាំ១៩៥៤ តាសេរីវុទ្ធី បានរៀបចំឱ្យខ្ញុំមានគ្រួសារ។ ក្រោយពីផ្អាកសង្រ្គាមអង្គការចាត់តាំងខ្ញុំជាចំហឲ្យលក់កាសែតបដិវត្តន៍ ឈ្មោះកាសែតប្រជាជន ដែលមានសមមិត្ត ឌីម គឺជាអ្នកទទួលខុសត្រូវ។ ដល់ឆ្នាំ១៩៥៨ ខ្ញុំដាច់ខ្សែទាក់ទងបដិវត្តន៍ដោយបែកការណ៍ សមមិត្ត កែវ សំណាង[3] ភៀសខ្លួនបាត់មិនដឹងទៅណា ហើយតាសុផានូ ភៀសខ្លួនទៅស្ទឹងត្រែង។ ដើមឆ្នាំ១៩៥៩ សមមិត្តឌីម ត្រូវស្លាប់ដោយជំងឺរបេង ខ្ញុំដាច់ខ្សែរយៈ។ ខ្ញុំបានរស់នៅរកស៊ីធម្មតារហូតដល់ឆ្នាំ១៩៦២ ទើបមានខ្សែរយៈឡើងវិញដោយភ្ជាប់ជាមួយតាសេរីវុទ្ធី។ ឆ្នាំ១៩៦៣ ខ្ញុំបានធ្វើពាក្យលាចេញពីបក្សកុម្មុយនីស្តឥណ្ឌូចិន[4] ដែលបង្កើតដោយ ហូ ជីមិញ មុនដំបូងឈ្មោះបក្សកុម្មុយនីស្ដវៀតណាម ហើយបន្តមកទៀតខ្ញុំបានសូមចូលក្នុងបក្សកុម្មុយនីស្តកម្ពុជាវិញមាន សមមិត្ត ម៉ៃ ផូរ និងសមមិត្ត ផាត គឺជាអ្នកទទួលស្គាល់។ ចាប់តាំងពីចូលជាសមាជិកបក្សកុម្មុយនីស្តកម្ពុជាខ្ញុំបានទាក់ទងជាមួយសមមិត្ត ម៉ៃ ផូរ និង តាទឹកមាត់។
ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ភារកិច្ចបដិវត្តន៍ គឺនៅក្នុងឆ្នាំ១៩៧១ ខ្ញុំទទួលខាងវប្បធម៌។ ឆ្នាំ១៩៧២ ខ្ញុំទទួលលេខាស្រុកឆ្លូង តំបន់២១ និង ឆ្នាំ១៩៧៣ ខ្ញុំគឺជាសមាជិកអចិន្រ្តៃយ៍តំបន់២១ និងជាលេខាស្រុកឆ្លូង។ នៅខែមិថុនា ខ្ញុំបានរួមប្រជុំលើកផែនការក្បត់ មានឈ្មោះ ស្រេង អនុលេខា ភូមិភាគឧត្ដរ គឺជាអធិបតី។ ចំណែកទីតាំងប្រជុំនៅផ្ទះរបស់ឈ្មោះ យូរ នៅភូមិដើមជ្រៃ ឃុំក្រូចឆ្មារ។ អ្នកចូលរួមប្រជុំមាន៖ ខ្ញុំ, ផា អតីតលេខាស្រុកក្រូចឆ្មារ, ស្រ៊ិន ហៅ សៃ គណៈស្រុកពាមជីលាំង, ហឹង ហៅ ហង់ ថាមពលរបស់អង្គការ, គ្រូស៊ាង ពីដើមធ្វើគ្រូបង្រៀនវត្តនៅភូមិទី៤ រកាខ្នុរ។ ផែនការលើកឡើងគឺ ត្រូវរៀបចំកម្លាំងក្បត់ជាបណ្ដើរៗ,ធ្វើការប្រឆាំងបដិវត្តន៍, បំផុសរបបកម្មសិទ្ធិឯកជន,បំផុសសីលធម៌ទី៦[5], បំផុសទំនាស់គ្រប់ទីកន្លែង, ត្រៀមកម្លាំងឱ្យបានសម្រាប់បម្រើសេចក្ដីត្រូវការ។ ក្រោយមកនៅខែមិថុនា ឆ្នាំ១៩៧៧ ខ្ញុំត្រូវចាប់មកសួរចម្លើយនៅក្រសួងសន្តិសុខតំបន់២១។
ការចាត់តាំងគណៈភូមិភាគបូព៌ាក្បត់ទាក់ទង
បូ លេខាស្រុកពាមជីលាំង។ បូ ទទួលការអប់រំបំពាក់បំប៉នខាងនយោបាយពីខ្ញុំផ្ទាល់ តែការចាត់តាំងឈ្មោះ បូ បញ្ចូលជាសមាជិកភូមិភាគបូព៌ាក្បត់គឺ ស្រេង អ្នកប្រកាសចាត់តាំង។ កន្លងមកការទាក់ទងផ្លូវការក្បត់រវាងខ្ញុំនិងបូ គឺមានជាបន្តបន្ទាប់។ បូ ឧស្សាហ៍មករាយការណ៍ឱ្យខ្ញុំពីសកម្មភាពការងារក្បត់ជាបន្តបន្ទាប់។ ឯការប្រគល់ភារកិច្ចសំខាន់គឺធ្វើសកម្មភាពរាំងស្ទះចលនាបដិវត្តន៍គ្រប់ផ្នែកពិសេស ចលនាបដិវត្តន៍សង្គមនិយម របស់បក្ស និង ការប្រមូលកម្លាំងឱ្យបានច្រើន។ បូ ឧស្សាហ៍ទៅក្រចេះ តាមខ្ញុំក្ដាប់បានគឺ បូ ទៅទាក់ទងដូរដំរី។ រឿងនេះខ្ញុំមិនចាត់តាំងទេ គ្រាប់តែឭថា បូ ទៅទាក់ទងជាផ្លូវការបដិវត្តន៍ដូរដំរីមកប្រើប៉ុណ្ណោះ។
បូរ ខាងសន្តិសុខ៥០៥ ភូមិភាគឦសានមាន៦តំបន់គឺ១០១,១០២,១០៤,១០៥,១០៧ និង តំបន់៥០៥[6]។ កន្លងមកខ្ញុំមិនបានទាក់ទងស៊ីជម្រៅទេ ដល់ការប្រគល់ភារកិច្ចគោលជំហរឬប្រគល់ភារកិច្ចក្បត់អ្វីទេ។ ខ្ញុំទាក់ទង បូរ ដើម្បីឱ្យស្គាល់គ្នាពេលមានសភាពការណ៍យ៉ាងម៉េចៗគឺផ្ដល់ដំណឹងឱ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ។ កន្លងមកខ្ញុំបានជួប បូរ ម្ដងនៅផ្ទះខ្ញុំនៅស្រុកឆ្លូងក្នុងខែមីនា ឆ្នាំ១៩៧៧ កាលនោះ បូរ មកទាក់ទងតាមផ្លូវការបក្សជាមួយខ្ញុំទាក់ទងចាប់មនុស្សដែលរត់ពីសាលាទូន្មាន៥០៥ភូមិភាគឦសាន មកពួននៅក្នុងស្រុកឆ្លូង។ ពេលជួបគ្នានោះ បូរ បានរាយការណ៍ឱ្យខ្ញុំពីសភាពការណ៍តាមព្រំដែនហើយខ្ញុំរាយការណ៍អំពីសភាពការណ៍បង្កបង្កើនផលឱ្យឈ្មោះ បូរ វិញដែរ។
កែវ មាស ខ្ញុំបានជួបគាត់ម្ដងក្រោយពេលដែលសន្លឹកឆ្នោតរូបនង្គ័លរបស់យើង ចាញ់សន្លឹកឆ្នោត សង្គមរាស្រ្តនិយមក្នុងឆ្នាំ១៩៥៥ គឺជួបនៅក្នុងព្រៃបារាយ ស្រុកក្រូចឆ្មារ។ ពេលជួបគ្នា កែវ មាស បំផុសសរសើរពីបដិវត្តន៍សូវៀតល្អ កសាងប្រទេសឧស្សាហកម្មជឿនលឿន អារ្យធម៌បរទេសគេស៊ីវិល័យប្រទេសគេក្លាហានទៅជាប្រទេសសម្បូររុងរឿង។ អនាគតទៅប្រទេសយើងឈ្នះ យើងត្រូវបានសហភាពសូវៀតគេមកជួយកសាងប្រទេសយើង ឱ្យជឿនលឿនដូចប្រទេសគេ។ កែវ មាស គូរប្លង់ប្រទេសសូវៀតកសាងសង្គមនិយមជឿនលឿនពន្យល់ប្រាប់ខ្ញុំ។ កែវ មាស បន្តពន្យល់ទៀតថាកម្លាំងយុវជនយុវនារីមិនមែនជាកម្លាំងសម្រាប់ច្បាំងធ្វើសង្គ្រាមទេវ័យនេះគឺសម្រាប់សប្បាយ។
នៃ សារ៉ាន់ ហៅ យ៉ា ខ្ញុំជួបបានម្ដងកាលសម័យតស៊ូ៩ឆ្នាំ កាលនោះអនុគណៈជាតិមុត្ជគាហា ភូមិភាគបូព៌ា។ ខ្ញុំបានជួប យ៉ា នៅត្នោត-ក្រដាស ស្រុកពញាក្រែក តំបន់២០ ភូមិភាគបូព៌ា។ ពេលជួបខ្ញុំទទួលបានការអប់រំពី យ៉ា ឱ្យស្អិតរមួតជាមួយវៀតណាម ព្រោះវៀតណាមជាបង្អែករបស់យើងទៅអនាគត, អប់រំឱ្យមានទស្សនៈកុម្មុយនីស្តឥណ្ឌូចិនដូច្នេះ ត្រូវឯកភាពជាមួយឥណ្ឌូចិនដល់ពេលឈ្នះហូជីមិញនឹងប្រគល់ដីប៉ុន្មានខេត្តដែលបារាំង ឱ្យយួនគឺគេប្រគល់ឱ្យយើងវិញ។ ឆ្នាំ១៩៥៤ ក្រោយពីផ្អាកសង្គ្រាមមុនពេល យ៉ា ទៅភ្នំពេញ បានផ្ញើសំបុត្រឱ្យខ្ញុំទាក់ទងជាមួយគាត់នៅភ្នំពេញ។ នៅឆ្នាំ១៩៧៣ ខ្ញុំទទួលសំបុត្រពី យ៉ា មួយច្បាប់តាមរយៈឈ្មោះ រុន គឺជានីរសាររបស់ យ៉ា។ កាលនោះ យ៉ា ទទួលលេខាភូមិភាគឦសាននិងទទួលខាងគមនាគមន៍ ដឹកជញ្ជូនរបស់អង្គការ៨៧០។ សំបុត្រដែល យ៉ា ផ្ញើមកខ្ញុំគឺសូមទូកកាណូត២ និងម៉ូតូ១គ្រឿងខ្ញុំបានរៀបចំតាមការស្នើ។ ក្រោយមកក្នុងខែសីហា ឆ្នាំ១៩៧៣ ខ្ញុំទទួលបានសំបុត្រពី យ៉ា មួយច្បាប់ទៀតតាមរយៈឈ្មោះ រុន ដែលឱ្យខ្ញុំរកជាងធ្វើទូកចំណុះ១០តោនឱ្យបាន៤នាក់។ ចាប់តាំងពីពេលនោះមកខ្ញុំមិនដែលបានជួប យ៉ា ទេហើយជាងធ្វើទូកខ្ញុំបានត្រៀមរួចហើយមិនឃើញ យ៉ា ទាក់ទងមករហូតដល់សព្វថ្ងៃនេះ(ឆ្នាំ១៩៧៨)។
កុយ ធួន ក្នុងឆ្នាំ១៩៧០ ខ្ញុំបានជួបគាត់នៅរកាខ្នុរទី៧ ស្រុកក្រូចឆ្មារ។ នៅឆ្នាំ១៩៧២ ពេលរៀននៅសាលា៨៧០ នៅក្នុងព្រៃក្បែរស្ទឹងសែន ភូមិភាគឧត្ដរ ខ្ញុំបានជួបជាមួយ កុយ ធួន បានលើកអំពីផែនការក្បត់ឱ្យខ្ញុំអនុវត្ត។
ស្រេង នៅឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧១ ខ្ញុំទទួលការចាត់តាំងពី ស្រេង ធ្វើជាប្រធានភូមិភាគ និងចាត់តាំងខ្ញុំភ្ជាប់ខ្សែជំនួស កុយ ធួន។ រហូត កុយ ធួន និង ស្រេង ចាត់តាំងឈ្មោះ សៃ គណៈស្រុកពាមជីលាំង និងឱ្យនីរសាភ្ជាប់ការទាក់ទងជាមួយខ្ញុំ។
ឈូក[7] បានទាក់ទងជាច្រើនដងជាពិសេសពេលប្រជុំនៅភូមិភាគ។ ពេលជួបគ្នា ឈូក តែងលើកអំពីផែនការឱ្យខ្ញុំអនុវត្ត។ ខ្ញុំបានរាយការណ៍ឱ្យ ឈូក ពីការលំបាកនិងងាយស្រួលនៃការកសាងកម្លាំង ក្បត់។ ការទាក់ទងជាមួយ ឈូក នេះពេលជួបគ្នាពេលឡើងប្រជុំការងារអង្គការភូមិភាគប៉ុណ្ណោះ មិនបានចាត់តាំងនីរសាអ្វីសម្រាប់ទាក់ទងទេ។
សរសេរដោយ ដារ៉ារដ្ឋ មេត្តា
ឯកសារយោង
[1] ឯកសារលេខ L០១៨៨០ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«សេចក្ដីកត់ហេតុសួរចម្លើយទីI» សរសេរជាអង្គលីលេខចំនួន២៧ទំព័រ។
[2] រណសិរ្សឯកភាពឥស្សរៈ ដែលដឹកនាំដោយក្រុមកុម្មុយនីស្ត។
[3] ឯកសារលេខ D១៥១៩៥ តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«កែវ សំណាង ហៅ ម៉ុន»។ ឯកសារនេះសរសេរដោយដៃ មានចំនួន៣ទំព័រ។
[4] ផេង ពង្សរ៉ាស៊ី និងផ្សេងទៀត,ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥–១៩៧៩)៖ ឯកសារយោង «សន្ទានុក្រម»,បោះពុម្ពលើកទី២,(ភ្នំពេញ៖មជ្ឈមណ្ឌលឯសារកម្ពុជា,២០២០),១០៧។
[5] ឯកសារ D២១៤០៨ «យកចិត្តទុកដាក់ បំពាក់បំប៉នបន្ថែមអំពីសីលធម៌១២ប្រការរបស់ជនបដិវត្ត» យុវជន និង យុវនារីបដិវត្ត លេខ១០,ខែតុលា ឆ្នាំ១៩៧៨.ទំព័រ៣៦-៣៧។
[6] ផេង ពង្សរ៉ាស៊ី និងផ្សេងទៀត,ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥–១៩៧៩)៖ ជំពូកទី៦«ភូមិសាស្រ្តរដ្ឋបាលកម្ពុជាប្រជាធិបតេយ្យ» បោះពុម្ពលើកទី២,(ភ្នំពេញ៖មជ្ឈមណ្ឌលឯសារកម្ពុជា,២០២០),៣៥។
[7] ឯកសារលេខ D១៦៦៤៤ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«សួស នៅ ហៅ ឈូក ហៅ ម៉ែន៖ លេខា តំបន់២៤»។ ឯកសារនេះមានចំនួន៥៧១ទំព័រ សរសេរដោយដៃលើកទី ៣០។