ឈឺ ហូយ ហៅ ខៃ ប្រធានបច្ចេកទេសពេទ្យតំបន់៥ ភូមិភាគពាយ័ព្យ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ឈឺ ហូយ ហៅ ខៃ[1] កើតនៅភូមិព្រះវិហា ឃុំធ្លក ស្រុកមានជ័យថ្មី (បច្ចុប្បន្នស្រុកស្វាយជ្រំ) ខេត្តស្វាយរៀង។ នៅក្នុងកំណត់ហេតុចម្លើយសារភាពរបស់ ខៃ ឯកសារលេខJ០០៦១៥ មិនបានបង្ហាញពីប្រវត្តិរូបផ្ទាល់ខ្លួន ឪពុកម្តាយ និងក្រុមគ្រួសារច្បាស់លាស់ឡើយ។ ក្នុងឆ្នាំ១៩៦២ ខៃ បានចូលរៀននៅសាលាបឋមសិក្សាកំពង់រាប ខេត្តស្វាយរៀង។ ប៉ុន្ដែក្នុងឆ្នាំ១៩៦៤ ឪពុក បានមកយក ខៃ ឱ្យទៅរស់នៅភូមិប៉ាហ៊ីថ្មី ខេត្តប៉ៃលិន។ បន្ទាប់ពីបានទៅរស់នៅភូមិប៉ាហ៊ីថ្មី ខៃ ក៏បានចូលរៀននៅសាលាចិនឈ្មោះ អ៊ីហួ។ ខៃ រៀនសូត្រនៅសាលាចិន បានមួយរយៈ ក៏បានស្គាល់នឹងទទួលការអប់រំមនោសញ្ចេតនាបែបរាប់ អាន ដូចជាផ្ដល់ជាសម្ភារប្រើប្រាស់ពីឈ្មោះ ម៉ាស់ អតីតទាហានស័ក្តិ១ និងឈ្មោះ លីម ឃីមហួ អតីតទាហានស័ក្ដិ៥។ នៅពាក់កណ្ដាលឆ្នាំ១៩៦៤ ខៃ រួមទាំងឈ្មោះ បាប់ សេង, ឡាក់ ហួ និង ប៉ាង់ សង បានចូលជាគោរពទង់ សេ-អ៊ី-អា តាមរយៈឈ្មោះ ម៉ាប់ ជាអ្នកឧទ្ទេសនាម និង ឈ្មោះ លីម ឃីមហួ ជាអ្នកទទួលស្គាល់។ ក្រោយពីពិធីបញ្ចូលជា សេ-អ៊ី-អា ខៃ បានឡើងប្ដេជ្ញាចិត្ត ខិតខំបម្រើក្រុម សេ-អ៊ី-អា នេះជារៀងរហូត ព្រមទាំងការទទួលភារកិច្ច ដើរតាមដានអ្នកធ្វើការឱ្យកម្លាំងខ្មែរក្រហមនៅតំបន់ប៉ៃលិន ដោយចូលបង្កប់ខ្លួនក្នុងជួរបដិវត្តន៍។ បើសិនជាមានព័ត៌មានអ្វីមួយ គឺត្រូវយកមករាយការណ៍ជូនឈ្មោះ ម៉ាប់ និង    លីម ឃឹមហួ។

នៅខែមេសា ឆ្នាំ១៩៧០ ម៉ាប់ និង លីម ឃីមហួ បានឧទ្ទេសនាម ខៃ ឱ្យទាក់ទងជាមួយឈ្មោះ សាន រស់នៅក្នុងតំបន់ព្រៃខៀវ ដើម្បីបង្កប់ខ្លួនតាមដានស្វែងរកកម្លាំងខ្មែរក្រហម។ បន្ទាប់មក ខៃ បានមករស់នៅជាមួយ សាន។ ខៃ រស់នៅជាមួយ សាន បានមួយរយៈ។ នៅខែសីហា ឆ្នាំ១៩៧០ សាន បានចាត់តាំង ខៃ ឱ្យទៅរស់នៅជាឈ្មោះ ហម បន្ត។ ហម បាននាំ ខៃ ដើរធ្វើសកម្មភាពទាក់ទងតាមផ្ទះប្រជាជនក្នុងភូមិ កុំឱ្យជឿលើអង្គការ។ ខែតុលា ឆ្នាំ១៩៧០ ហម ក៏ផ្លាស់ទៅរៀនពេទ្យនៅភូមិឆាំងមាន់ ខេត្តបាត់ដំបង។ ដល់ខែវិច្ឆិកា ឆ្នាំ១៩៧០ អង្គការក៏ផ្លាស់ ខៃ ឱ្យមកនៅអង្គភាព១០៨ ជាមួយឈ្មោះ ធន ជាស្នងការវរសេនាតូច។ ខៃ រស់នៅជាមួយ ធន ក៏បានធ្វើសកម្មភាពទាក់ទងជាមួយឈ្មោះ គង់ ជាប្រធានកងតូច, ឈ្មោះ ខន ប្រធានក្រុម, ឈ្មោះ តិម ប្រធានកងតូច, ឈ្មោះ ឈាន បច្ចេកទេសយោធា១០៨ និង ឈ្មោះ

សយ មានតួនាទីជានីរសារ។ ក្នុងទំនាក់ទំនងជាមួយអ្នកទាំងអស់នេះគឺ ខៃ បានលើកផែនការឱ្យធ្វើការទាក់ទងទៅទាហាននៅបន្ទាយត្រែង(ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង)។ ឈ្មោះ សយ ត្រូវទៅទាក់ទងឈ្មោះ ម៉ៃ នៅភូមិស្វាយសរ ដើម្បីឱ្យទាហាន លន់ នល់ វាយបុកទៅខាងអូរតាគី ដែលជាកន្លែងយុវជនរបស់អង្គការសម្រាក។ ខណៈពេលនោះធ្វើឱ្យស្លាប់ឈ្មោះ កុយ ក្នុងខែឧសភា ឆ្នាំ១៩៧១។

ខែមិថុនា ឆ្នាំ១៩៧១ ខៃ បានទៅសម្រាកនៅទីតាំងព្រៃធំ ដើម្បីត្រៀមខ្លួនចូលមកវាយនៅបន្ទាយឃ្លាំង។ នៅពេលនោះ ខៃ បានទាក់ទងជាមួយឈ្មោះ ឃន មានតួនាទីជាប្រធានកងតូច និង ជីន ជាយុវជន ក្នុងការលើកផែនការឱ្យទៅទាក់ទងទាហាននៅបន្ទាយឃ្លាំងឈ្មោះ ចយ ឱ្យត្រៀមកម្លាំង ព្រោះកងទ័ពខ្មែរក្រហមជិតវាយចូលទៅហើយ។ នៅពេលនោះ កងទ័ពខ្មែរក្រហមបានវាយបំបែកបន្ទាយឃ្លាំងមិនបានសម្រេច និងធ្វើឱ្យមានកម្លាំងជាច្រើនរងរបួស និងស្លាប់ចំនួន៧នាក់។  ក្រោយមកទៀត ខៃ បានកសាងកម្លាំងបន្ថែមម្នាក់ឈ្មោះ កង មានតួនាទីជាប្រធានកងតូច១០៨។ ខែតុលា ឆ្នាំ១៩៧១ អង្គការក៏ដក ខៃ ឱ្យមកនៅជាមួយ ហម វិញ ហើយ ហម ក៏ត្រូវមករស់នៅខាងខេត្តសៀមរាប។ បន្តមក ខៃ និងហម រួមកម្លាំងជាមួយឈ្មោះ រុន បានកសាងកម្លាំងបានចំនួនបីនាក់ទៀតដូចជា៖ វឿន យុទ្ធនារីពេទ្យតំបន់៥, ណាង យុទ្ធនារីពេទ្យតំបន់៥ និង និត យុទ្ធនារីពេទ្យតំបន់៥ ស្ថិតក្នុងភូមិភាគពាយ័ព្យ។

នៅឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហមបានមកសម្រាកនៅស្រុកស្រីស្នំ ខេត្តសៀមរាប។ នៅពេលនោះ ខៃ​ បានកសាងកម្លាំងម្នាក់ឈ្មោះ ហាន ជាយុវជនពេទ្យតំបន់៥ បច្ចុប្បន្នធ្វើពេទ្យនៅសហករណ៍ឃុំគយម៉ែង ស្រុកមង្គលបុរី និងបំផុសប្រជាជនក្នុងភូមិបត់ ឱ្យរត់ទៅរស់នៅតំបន់៥ ដោយឃោសនាថា រស់នៅជាមួយអង្គការគឺមិនមានអង្ករឱ្យហូបទៀតទេ។

នៅខែមិថុនា ឆ្នាំ១៩៧៣ ហម បានចាត់តាំងកម្លាំងដែលបានកសាងកន្លងមក ឱ្យចុះមកនៅខាងបឹងកំព្រីង និង​នៅមន្ទីរពេទ្យកងចល័តតំបន់៥។ នៅទីតាំងនោះ ខៃ បានទាក់ទងជាមួយឈ្មោះ ណៃ ជាលេខាតំបន់៥ ,ឈ្មោះថង ឃឿន ជាគណៈស្រុកព្រះនេត្រព្រះ ដើម្បីពិភាក្សាពីបញ្ហាទាក់ទងទាហាន លន់ នល់ ​ឱ្យចូលមកវាយនៅកំពង់ក្រសាំង (ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ)។ ខែសីហា ឆ្នាំ១៩៧៣ ណៃ និង ថង ឃឿន បានទៅទាក់ទងអាចារ្យម៉ៃ នៅភូមិគោកទ្រាស ដើម្បីឱ្យយកអាវុធពីឈ្មោះ នៅ ជាដើម្បីឱ្យយកអាវុធពីឈ្មោះ នៅ មានតួនាទីជាអ្នកយកអង្ករ អំបិល ពីតំបន់ខ្មាំងផ្គត់ផ្គង់ឱ្យមកកងទ័ពខ្មែររំដោះ។ ជាកិច្ចការសម្ងាត់ឈ្មោះ នៅ តែងតែយកអាវុធពីទាហាន លន់ នល់ ខាងខេត្តបាត់ដំបង ចូលមកតំបន់រំដោះ។

នៅខែឧសភា ឆ្នាំ១៩៧៤ ខៃ ឡើងតួនាទីជាប្រធានកងចល័តតំបន់៥។ ចំណែក នៃ ត្រូវទៅរៀននៅសាលាបក្សខាងភូមិភាគបូព៌ា និងបានធ្វើសកម្មភាពទាក់ទងអ្នកនៅបូព៌ា តាមរយៈឈ្មោះ ធួង មានតួនាទីជានីរសារ។ ខែសីហា ឆ្នាំ១៩៧៤ ណៃ បានត្រឡប់មកពាយ័ព្យវិញក៏ទទួលតួនាទីជាលេខាតំបន់៥។ ក្រោយពីទទួលបានមុខងារជាលេខាតំបន់៥ ណៃ បានលួចរៀបចំកងទ័ពសម្ងាត់មួយនៅគោកខ្ពស់ ដោយដាក់ឈ្មោះថា ទ័ពពិសេស។ ទ័ពពិសេសមានសមាជិកចំនួន១០០នាក់ បំពាក់អាវុធគ្រប់ដៃ និងបង្កប់នៅក្នុងព្រៃគោកខ្ពស់។ ខែវិច្ឆិកា ឆ្នាំ១៩៧៤ ណៃ បាននាំទ័ពទៅវាយនៅទីតាំងស្វាយត្រាណ ក្រោមស្ពាន      កាប៉ុន នៅភូមិសំរោង។ នៅពេលនោះ ណៃ បាននាំកងទ័ពលេខ១៥០ និង ១០៩ ចូលទៅវាយមុន បន្ទាប់មកបានឱ្យកងទ័ពសម្ងាត់មកវាយពីក្រោយខ្នង បង្កឱ្យមានរបួសចំនួន១០នាក់ និង ស្លាប់ចំនួន៨នាក់។ បន្តមកទៀត ណៃ បានចាត់តាំងនីរសារឈ្មោះ គឺ ឱ្យទៅទាក់ទងកងទ័ពនៅសៀមរាប ប៉ុន្ដែអង្គការបានចាប់ខ្លួន គឺ។ ហេតុនេះផែនការទាំងប៉ុន្មានក៏ត្រូវបែកការណ៍។ ដល់ខែធ្នូ ឆ្នាំ១៩៧៤ អង្គការក៏ចាប់ខ្លួនឈ្មោះ ណៃ, ឃឿន, នៅ, ដុស, ទឺ, ពិច(នារី) និង បក្សពួកមួយចំនួនទៀត។ ឈ្មោះ ហ៊ីង ត្រូវឡើងតួនាទីលេខាតំបន់៥ ជំនួស ណៃ។ ចំណែកឈ្មោះ ធន ទទួលខុសត្រូវយោធាតំបន់ និង យោធាភូមិភាគលេខ៤១៥ រីឯ ហម ទទួលតួនាទីវរសេនា៤២៥។

នៅខែកុម្ភៈ ឆ្នាំ១៩៧៥ ខៃ ចូលរួមវាយនៅសមរភូមិថ្មពួក ខេត្តបាត់ដំបង នៅពេលនោះក៏បែកការ ធ្វើឱ្យទាហានលន់ នល់ បាញ់កងទ័ពខ្មែរក្រហមស្លាប់ និងរបួសប្រហែលជា៣០នាក់។ ក្នុងពេលមានកងទ័ពរបួស ខៃ មិនបានយកចិត្តទុកដាក់ទេ ថែមទាំងដើរធ្វើសកម្មភាពបំផុសយុវជនឱ្យរត់ទៅផ្ទះវិញ ព្រោះខ្មាំងមានកម្លាំងខ្លាំងជាងកងទ័ពបដិវត្តន៍។ ខែមីនា ឆ្នាំ១៩៧៥ ខៃ បានចេញទៅទាក់ទងឈ្មោះ ដំ, សែន, វេ និងទំ ជាខ្សែចាស់ដើម្បីកសាងកម្លាំងឱ្យបានច្រើនជាងមុន។ បន្ទាប់ពីនោះ ធន បានណែនាំ ហ៊ីង ឱ្យលើកកងទ័ពទៅវាយសមរភូមិស្វាយចេក។ នៅសមរភូមិស្វាយចេក ខៃ បានធ្វើសកម្មភាពមិនយកចិត្តទុកដាក់មើលអ្នករបួស ព្រោះគោលបំណងចង់ឱ្យយុវជនអស់ជំនឿលើការដឹកនាំរបស់អង្គការខ្មែរក្រហម។ បន្តមកទៀត ពេលចូលដឹកជញ្ជូនអាវុធនៅបន្ទាយថ្មពួក ធ្វើសកម្មភាពខ្ជាស់ខ្ជាយ យកអាវុធ និង គ្រាប់ ចោលនៅតាមព្រៃ។

ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហ៊ីង បានចាត់តាំង ភឿន ឱ្យធ្វើជាជំនួយការតំបន់៥ ឱ្យដើរប្រមូលក្រុមនិសិ្សត សាស្រ្តាចារ្យចំនួន៣០០នាក់ យកទៅទុកនៅផ្សារស្វាយ ស្រុកសេរីសោភ័ណ ខេត្តបាត់ដំបង។  គោលបំណងប្រមូលក្រុមនិសិ្សត សាស្រ្តាចារ្យ គឺដើម្បីទុកបញ្ចូលឱ្យធ្វើជាអ្នកដឹកនាំ និងកាន់បញ្ជីកងទ័ព។ បន្ទាប់ពីនោះ ហ៊ីង បានយកនិស្សិត និងសាស្រ្តាចារ្យទាំងនោះ ឱ្យទៅដឹកនាំតាមមូលដ្ឋាន និងក្រសួងផ្សេងៗ ប៉ុន្ដែនិស្សិត និងសាស្រ្តាចារ្យទាំងនោះត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ ភឿន។ ពាក់ កណ្ដាលឆ្នាំ១៩៧៥ ហ៊ីង បានរៀបចំផែនការស្ទាក់វាយប្រហារឡាននៅតាមផ្លូវជាតិលេខ៦។ សកម្មភាពនៅពេលនោះគឺបាញ់ឡានដឹកជញ្ជូនរបស់អង្គការខូចអស់២គ្រឿង ហើយថែមទាំងចាត់តាំងខ្សែបក្ខពួកមួយចំនួនឱ្យទៅរៀននៅពេទ្យ១៧មេសា នាទីក្រុងភ្នំពេញ។ ខែវិច្ឆិកា ឆ្នាំ១៩៧៥ ខៃ ត្រូវត្រឡប់មកនៅមន្ទីរពេទ្យស្វាយវិញ។ បន្ទាប់មក អង្គការចាត់តាំងឱ្យ ខៃ មកនៅជាមួយ ហ៊ីង និងទទួលតួនាទីជាអនុប្រធានបច្ចេកទេសពេទ្យតំបន់៥ ភូមិភាគពាយ័ព្យ។

នៅខែមិថុនា ឆ្នាំ១៩៧៦ ហ៊ីង បានរៀបចំកម្លាំងវាយបក្សបដិវត្តន៍ ដោយមានកងទ័ព អ៊ិន តាំ មកចូលរួមជួយ។ ប៉ុន្ដែផែនការនេះមិនបានសម្រេចទេ។ ហេតុនេះ ហ៊ីង បានចាត់តាំងកម្លាំងកងទ័ពវរលេខ៤២៥ ឱ្យត្រៀមឃ្លាំងអាវុធ ឃ្លាំងអង្ករ នៅថ្មពួកជាប់ព្រំដែនថៃ។ ខែកក្កដា ឆ្នាំ១៩៧៦ ហ៊ីង បានចាត់តាំងឈ្មោះ ម៉ន,ម៉េត និងយុវជនមួយទៀត ឱ្យយកអាវុធទៅឱ្យ អ៊ិន តាំ នៅភ្នំម៉ាឡៃ ដោយមាននីរសារឈ្មោះ អែម ជាអ្នកនាំផ្លូវ។ ក្រៅពីនោះ ហ៊ីង បានចាត់តាំងឈ្មោះ ង៉ាល ជាជំនួយការផ្នែកពាណិជ្ជកម្មតំបន់៥ ឱ្យទៅទាក់ទងជនជាតិថៃនៅខាងអូរជ្រៅ ដើម្បីឱ្យទាហាន អ៊ិន តាំ មកកៀរប្រជាជននៅភូមិកូនត្រី និង ភូមិអូរជ្រៅយកទៅទឹកដីថៃ។ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ហ៊ីង បានប្រមូលបក្ខពួកមកប្រជុំនៅភូមិស្វាយ ដើម្បីរៀបចំផែនការដូចជា៖ ១) កម្ទេចអង្គការពេលកំពុងធ្វើដំណើរទៅតាមតំបន់។ ២) ដើរប្រមូលស្រូវនៅតាមភូមិ និង ៣) ជំរុញប្រជាជនឱ្យធ្វើការទាំងថ្ងៃ ទាំងយប់ និងទាំងឈឺ។ ខែធ្នូ ឆ្នាំ១៩៧៦ ហ៊ីង បានចាត់តាំងឈ្មោះ ភឿន ឱ្យសរសេរសំបុត្រហៅបក្ខពួកមកប្រជុំនៅមន្ទីរតំបន់៥ គោលបំណងដើម្បីរៀបចំផែនការប្រចាំឆ្នាំ១៩៧៧ គឺត្រូវកសាងកម្លាំងបន្ថែម និង ផែនការវាយបក្សនៅខែមករា ឆ្នាំ១៩៧៧។

នៅខែមីនា ឆ្នាំ១៩៧៧ ហ៊ីង បានឡើងទៅទាក់ទងប៉ូលីសថៃឈ្មោះ ឆៃ យ៉ាវវ៉ ពាក់ស័ក្តិ១ និងឈ្មោះ ប៉ិន យ៉ារ៉ា ពាក់ស័ក្ដិ៥  ដើម្បីឱ្យយកទ័ពថៃមកវាយបក្សខ្មែរក្រហមនៅខែកក្កដា ឆ្នាំ១៩៧៧។ គោលដៅក្នុងការចូលមកវាយ គឺត្រូវយកស្រុកថ្មពួក ស្រុកស្វាយស៊ីសុផុន ព្រោះជាកន្លែងសេដ្ឋកិច្ច រួចបន្តវាយយកតំបន់៥ទាំងមូលធ្វើជាទីតាំង​ និងចុងបញ្ចប់គឺវាយបក្សទូទាំងប្រទេស៕

អត្ថបទដោយ មីន សាណាស់


[1] ដកស្រង់ចេញពីឯកសារលេខ J00615 តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា (មាន១៥ទំព័រ)៕

 

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin