សម្លាប់សូម្បីតែក្មេង

(រតនគិរី) ៖ ឆឿង ពេស ភេទស្រី មានអាយុ៦៩ឆ្នាំ ជនជាតិភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

ពេស បានឆ្លងកាត់របបខ្មែរក្រហមយ៉ាងលំបាកវេទនា ដោយសារតែពេលនោះអង្គការបានប្រើប្រជាជនធ្វើការហួសកម្លាំង មិនថាចាស់ឬក្មេងទេ។ សម្រាប់មនុស្សចាស់ និងមនុស្សពេញវ័យ អង្គការបានឲ្យលើកភ្លឺស្រែ ភ្ជួរស្រែ លើកប្រឡាយ ធ្វើការជាសមូហភាព ចំពោះកងកុមារវិញអង្គការបានឲ្យជីកស្មៅ កាប់ទន្រ្ទានខែត្រ រើសអាចម៍គោដើម្បីយកទៅធ្វើជាជីទុកដាក់ក្នុងស្រែ។ នៅក្នុងរបបខ្មែរក្រហម ពេស នៅក្នុងកងកុមារ ខ្មែរក្រហមបានប្រើគាត់ឲ្យរើសអាចម៍គោ កាប់ទន្ទ្រានខែត្រទុកធ្វើជី។

ពេស ក្រោកធ្វើការពីម៉ោង៥ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ បន្ទាប់មកសម្រាកហូបអាហារបានបន្តិច ត្រូវទៅធ្វើការបន្តទៀតរហូតដល់ពេលព្រលប់ទើបបានសម្រាក។ ចំពោះរបបអាហារនៅពេលនោះមានត្រឹមតែបបររាវលាយជាមួយបន្លែបន្តិចបន្តួចប៉ុណ្ណោះ ថ្ងៃខ្លះបានហូបបីពេល ថ្ងៃខ្លះបានត្រឹមតែពីរពេល។ បន្ទាប់ពីចេញពីកងកុមារ អង្គការបានបញ្ជូន ពេស ឲ្យទៅរៀនពេទ្យនៅខេត្តស្វាយរៀងរយៈពេលមួយឆ្នាំ នៅទីនោះគេឲ្យគាត់ចម្អិនម្ហូបអាហារ ហើយនិងយកថ្នាំឲ្យអ្នកជំងឺដែលឈឺស្កាត់ ព្រមទាំងដើររកថ្នាំបុរាណនៅក្នុងព្រៃជ្រៅ។

គាត់បានរៀបរាប់បន្ថែមទៀតថា នៅក្នុងរបបខ្មែរក្រហម អ្នកដែលមានចំណេះដឹង និងអ្នកដែលមានតួនាទីជាមន្ត្រីរាជការនៅក្នុងរបប លន់ នល់ ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលទាំងអស់ មិនលើកលែងសូម្បីតែគ្រួសារ ប្រពន្ធ និងកូនតូចៗ។ ជាក់ស្ដែងបងថ្លៃរបស់ ពេស ត្រូវបានទាហានខ្មែរក្រហមយកទៅសម្លាប់ចោលដោយសារតែជាប់ខ្សែរស្រឡាយជាមួយអ្នកធ្វើការ ក្នុងរបប លន់ នល់ អង្គការបានចោទថាជាពួកក្បត់ ពួកក្បាលយួនខ្លួនខ្មែរ។ មិនតែប៉ុណ្ណោះបងស្រីរបស់ ពេស ក៏គេយកទៅសម្លាប់ចោលដែរដោយសាតែគាត់មានការស្ដាយស្រណោះចំពោះប្ដីរបស់គាត់ ហើយបានរត់ទៅតាមគ្រួសាររបស់គាត់។ នៅក្នុងរបបនោះប្រជាជនទាំងអស់បានរស់នៅបែកបាក់ ព្រាតប្រាស់គ្រួសារ រស់នៅតាមក្រុមដោយមានការបែងចែកទៅតាមវ័យ អាយុ និងភេទ។

ចំណែកការធ្វើការងារវិញគឺធ្វើការរួមជាសហករណ៍ ការងារដែលធ្វើនៅពេលនោះគឺធ្វើស្រែ ចំពោះផលស្រូវដែលទទួលបានត្រូវប្រមូលឲ្យអង្គការជាអ្នកចាត់ចែងទាំងអស់ ប្រជាជនគ្មានសិទ្ធិយកធ្វើជាទ្រព្យឯកជនឡើយ សូម្បីតែទ្រព្យសម្បត្តិរបស់ប្រជាជនក៏ត្រូវប្រមូលធ្វើជារបស់រួម ប្រាក់កាក់ក៏បិទចរាចរណ៍មិនឲ្យប្រើប្រាស់។ បើនិយាយពីដំណាំ បន្លែបង្ការដែលប្រជាជនដាំក៏ត្រូវបានក្លាយជារបស់អង្គការ ប្រសិនជាមានអ្នកណាលួចនោះនឹងត្រូវអង្គការយកទៅដាក់ទោស ធ្វើទារុណកម្ម ឬយកទៅសម្លាប់ តាមប្រភេទម្ងន់ទោសដែលបានប្រព្រឹត្តខុស។

បើនិយាយអំពីប្រពៃណី ទំនៀមទម្លាប់វិញ ខ្មែរក្រហមបានលុបបំបាត់ចោលទាំងអស់ ដូចជាពិធីសែនព្រេន ការប្រារព្ធពិធីបុណ្យសព សូម្បីតែនៅពេលដែលមានមនុស្សស្លាប់ក៏ត្រូវហាមឃាត់មិនឲ្យយំដែរ។ នៅពេលដែលរបបខ្មែរក្រហមត្រូវបានដួលរលំ គាត់បានវិលត្រឡប់មករស់នៅស្រុកកំណើតវិញជុំគ្រួសារវិញ៕

សម្ភាសន៍ដោយ បេង ហង្ស នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ  

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin