ឆន ឈុន រៀបរាប់ពីការចងចាំទាក់ទងនឹងឪពុក

ឆន ឈុន[1] ភេទស្រី អាយុ ៣៤ឆ្នាំ(គិតត្រឹមឆ្នាំ២០០២) មានស្រុកកំណើត និងអាស័យដ្ឋានរស់នៅ នៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឈុន មានឪពុកឈ្មោះ នូ ឆន និងមានម្តាយឈ្មោះ បៀន យែម។ ក្រោយពីមានការធ្វើរដ្ឋប្រហារទម្លាប់សម្តេចព្រះនរោត្តម សីហនុនៅក្នុងខែមីនា ឆ្នាំ១៩៧០មក ប្រជាជននៅក្នុងភូមិបានចាប់ផ្តើមនាំគ្នាដង្ហែជាក្បួនបាតុកម្មទៅកាន់ទីរួមខេត្តកំពង់ចាម ដែលប្រជាជនជនទាំងអស់នាំគ្នាជួបជុំ នៅខាងមុខទីតាំងសាលាខេត្តកំពង់ចាម ដើម្បីធ្វើការប្រឆាំងនឹងការធ្វើរដ្ឋប្រហារមួយនេះ និងធ្វើការទាមទារឲ្យសាធារណរដ្ឋខ្មែរ ប្រគល់អំណាចថ្វាយសម្តេចព្រះ នរោត្តម សីហនុវិញ។ នៅអំឡុងពេលដែលមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា រវាងឆ្នាំ១៩៧២-១៩៧៣ កងទ័ពរដោះខ្មែរក្រហមបានចូលកាន់កាប់តំបន់មួយនៅតាមទីជនបទប្រទេសកម្ពុជា នៅក្នុងពេលដែលទម្លាក់គ្រាប់បែកនោះផ្ទះសម្បែងរបស់ប្រជាជននៅក្នុងភូមិត្រូវបានឆេះជាច្រើនខ្នង និងប្រជាជនមួយចំនួនក៏ត្រូវបានស្លាប់ផងដែរ។ នៅក្នុងអំឡុង សង្គ្រោមស៊ីវិល ឈុន និងក្រុមគ្រួសារ ត្រូវរស់នៅក្នុងសភាពភ័យខ្លាចពីការទម្លាក់គ្រាប់បែក និងការបាញ់គ្រាប់ផ្លោងរវាងកងទ័ពខ្មែរក្រហម និងកងទ័ពសាធារណរដ្ឋខែ្មររបស់លន់ នល់។ ឈុន និងគ្រួសារបានរស់នៅបុសខ្នុរស្រុកចំការលើ ដើម្បីគេចចេញពីការទម្លាក់គ្រាប់បែក និងការបាញ់គ្រាប់ផ្លោង ។
ក្រោយពីបានទៅស្រុកចំការលើអស់មួយរយៈ ម្តាយរបស់ឈុន ក៏បានបង្កើតកូនស្រីម្នាក់ទៀតឈ្មោះ ឆន ណារុំ នៅអំឡុងឆ្នាំ ១៩៧៥។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមក៏បានចូលកាន់កាប់ទីក្រុងភ្នំពេញ និងបានទទួលជ័យជម្នះលើរបបសាធារណខ្មែរ ដោយជោគជ័យ។ ក្រោយពីបានចូលកាន់កាប់ទីក្រុងភ្នំពេញ និងទីរួមខេត្តនានានៅ ទូទាំងប្រទេសខ្មែរក្រហមបានចាប់ផ្តើមបង្ខំជម្លៀសប្រជាជនទាំងអស់ចេញពីទីក្រុងភ្នំពេញ តាមទីរួមខេត្ត និងតាមទីប្រជុំជនស្រុកនានាចេញ ទៅកាន់តំបន់ជនបទ។
នៅអំឡុងឆ្នាំ១៩៧៥ ឈុន បានបែកពីឪពុក រហូតដល់សព្វថ្ងៃ។ ដំណឹងដែល ឈុន ម្តាយ និងក្រុមគ្រួសារទទួលបានពីឪពុកឈ្មោះនូ ឆន គឺឈ្មោះនូ ឆនទៅប្រជុំនៅខេត្តសៀមរាប រួចក៏បានឡើងយន្តហោះចេញទៅបាត់ដំណឹង ដោយឈុនបានឮម្តាយថា “តាម្នាក់ឈ្មោះសេង ប្រាប់ថាឪពុករបស់ខ្ញុំត្រូវបានជម្លៀសទៅកំំពង់ចាមវិញ” តែព័ត៌មាននេះឈុន និងក្រុមគ្រួសារមិនដឹងថាជារឿងពិត ឬមិនពិតនោះទេ ដោយសារមកដល់ពេលនេះមិនទាន់ទទួលបានដំណឹងពីឪពុក។
រឿងរ៉ាវនៅនៅក្នុងសម័យខ្មែរក្រហម ឈុនត្រូវបានដាក់ឲ្យធ្វើការងារនៅកងកុមារ។ ដែលពេលព្រឹកត្រូវងើបហូបបបរ និងចូលរៀនជាមួយគ្រូម្នាក់នៅក្នុងភូមិ។ ការរៀនសូត្រនៅក្នុងសម័យនោះមិនមានមេរៀន អ្វីត្រឹមត្រូវ ដូចសព្វថ្ងៃនេះទេ បានត្រឹមរៀនស្គាល់លេខ និងអក្សរមួយចំនួន។ ក្រោយ ចេញពីរៀនឈុន និងក្មេងៗ ផ្សេងទៀតត្រូវចេញទៅធ្វើការម៉ោងសង្គមកិច្ចដូចជា កាប់ដី ដើរប្រមូលលាមកមនុស្ស លាមកសត្វដើម្បីទុកធ្វើជាជីដាក់តាមស្រែ និងចម្ការ ។ ការងារ និងការហូបចុក គឺកាន់តែលំបាកទៅ នៅពេលដែលកម្មាភិបាលខ្មែរក្រហមកមកពីភូមិភាគនិរតីចូលមកគ្រប់គ្រងនៅឆ្នាំ១៩៧៧។
អត្ថបទដោយ លី ដេវីត
[1]ឯកសារ KCI0015 បទសម្ភាសន៍ ឆន ឈុន សម្ភាសន៍ដោយ ជួន សុភារិទ្ធ ថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០០២,
បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា