ឪពុកស្លាប់ដោយការចោទថាក្បត់នឹងអង្គការ
(ព្រៃវែង) ៖ ជួន ប៉យ មានអាយុ៦៤ឆ្នាំ រស់នៅភូមិព្រៃសង្គម ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ ឪពុករបស់គាត់ត្រូវបានខ្មែរក្រហមសម្លាប់នៅភូមិស្វាយទទ្ទឹម ស្រុករមាសហែក ដោយចោទថា ជាជនក្បត់បានចូលដៃជាមួយវៀតណាម។ កាលនៅក្មេង ប៉យ រៀនសូត្របានតិចតួចដោយសារតែប្រទេសមានសង្រ្គាម និងការទម្លាក់គ្រាប់បែក។
ក្នុងរបបខ្មែរក្រហម អង្គការបានឲ្យ ប៉យ រស់នៅឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាស្រុកកំណើត។ គាត់មានអាយុប្រមាណ២០ឆ្នាំ ជាវ័យពេញកម្លាំងធ្វើការងារ។ គាត់ត្រូវបានអង្គការប្រើឲ្យធ្វើការក្នុងកងចល័តត្រូវជីកព្រែក ជីកប្រឡាយ និងជីកអាងស្តុកទឹកទុកធ្វើស្រែ។ ប៉យ បានបន្តថា ការងារនៅពេលនោះមិននៅមួយកន្លែងទេ គឺស្រេចតែអង្គការចាត់តាំង ដោយប្រជាជនគ្មានសិទ្ធិប្រកែកតវ៉ានោះទេ។ គាត់ក៏ធ្លាប់ធ្វើជាប្រធានសិស្សគ្រប់គ្រងកងកុមារ តូចៗដែលរៀនសូត្រ មើលគោ ក្របី ដើររើសគួរស្រូវ និងរើសអាចម៍គោផងដែរ។
របបអាហារនៅសហករណ៍ត្រពាំងស្តៅ ប៉យ ទទួលបានបបរពីរចានសម្រាប់មួយថ្ងៃ។ ចំណែកទឹកបរិភោគ និងប្រើប្រាស់វិញមានតែទឹកបឹង និងទឹកប្រឡាយប៉ុណ្ណោះ។
ក្រោយមកអង្គការបានផ្លាស់ប្តូរ ប៉យ និងយុវជន១១នាក់ឲ្យទៅភ្ជួរស្រែ នៅសហករណ៍ផ្សេង។ គាត់ត្រូវងើបពីព្រឹកម៉ោងប្រាំមួយ និងសម្រាកនៅពេលយប់ ដើម្បីភ្ជួរឲ្យរួចតាមផែនការដែលបានកំណត់។
នៅក្នុងរបបខ្មែរក្រហម អង្គការក៏បានប្រើ ប៉យ ឲ្យជីក រណ្តៅទំហំ៤០ម៉ែត្របួនជ្រុង ជម្រៅបីម៉ែត្រ នៅតំបន់ទួលសាលាដ ស្ថិតនៅក្នុងស្រុករមាសហែក ដើម្បីទុកសម្លាប់មនុស្ស។ គាត់បន្តថា នៅទួលនោះមនុស្សជាច្រើនរយនាក់ត្រូវបានសម្លាប់ និងរុញទម្លាក់រណ្តៅ។
ប៉យ បានដឹងថា នៅមន្ទីរសន្តិសុខស្វាយទទ្ទឹមមានការសម្លាប់មនុស្សជាច្រើននាក់។ ឪពុករបស់គាត់ក៏បានស្លាប់នៅទីនេះផងដែរ។
ប៉យ និយាយថា៖ “បើនិយាយពីសម័យខ្មែរក្រហមពិបាកលែងនិយាយហើយ…ការងារធ្វើមិនឈប់…ទាំងក្មេងទាំងចាស់គ្មានអ្នកណាទំនេរទេ។ ស្រូវអង្ករនៅពេញៗជង្រុក តែអង្គការមិនឲ្យហូបឆ្អែត។ ស្រូវត្រូវបានដឹកចេញដោយមិនបានប្រាប់ប្រជាជនស្ទើរអស់ៗពីឃ្លាំង”។
នៅចុងឆ្នាំ១៩៧៨ ប៉យ ត្រូវបានអង្គការបង្ខំឲ្យធ្វើជាទាហាន ធ្វើសង្រ្គាមជាមួយវៀតណាមនៅតំបន់ព្រំដែន។ ក្រោយប្រយុទ្ធគ្នាជាមួយកងទ័ពវៀតណាមបានប្រហែលបីខែគាត់ស្ទើរបាត់បង់ជីវិត។ នៅពេលធ្វើសង្គ្រាមគាត់បានឃើញទាហានស្លាប់គរលើគ្នា និងរងរបួសជាច្រើននាក់។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប៉យ បានមករស់នៅ និងប្រកបរបបធ្វើស្រែ នៅស្រុកមេសាង ខេត្តព្រៃវែង ដែលជាស្រុកកំណើតរបស់ប្រពន្ធរហូតដល់សព្វថ្ងៃ។
សម្ភាសន៍ដោយ ធឿន ស្រីនីត ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤