ប្រជាជន១៧ មេសា
(ព្រៃវែង)៖ ឈួន សាវ៉ាន មានអាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្នរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។
សាវ៉ាន បានចូលរៀនតាំងពីរបបសង្គមរាស្រ្តនិយម។ ឆ្នាំ១៩៦០ គាត់បានឈប់រៀន និងបានរៀបការមករស់នៅទីក្រុងភ្នំពេញ។ ប្តីរបស់ សាវ៉ាន ជាមន្រ្តីរាជការរបស់របប លន់ នល់។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សាវ៉ាន ប្តី កូន និង ប្អូន ប្អូនថ្លៃ ត្រូវបានខ្មែរក្រហមបង្ខំឲ្យចេញពីទីក្រុង។ អង្គការបានប្រាប់គាត់ និងគ្រួសារថា ចាកចេញតែពីរ-បីថ្ងៃប៉ុណ្ណោះ ព្រោះអាមេរិកមានគម្រោងទម្លាក់គ្រប់បែក។ គាត់បានធ្វើដំណើរជាមួយគ្រួសារចេញពីផ្ទះតាមផ្លូវជាតិលេខមួយក្នុងគោលបំណងឆ្ពោះមកស្រុកកំណើត។ នៅតាមផ្លូវធ្វើដំណើរ សាវ៉ាន បានឃើញអ្នកជំងឺ ប្រជាជនចាស់ជរា និងសាកសពជាច្រើន ត្រូវបានទុកចោលដោយគ្មានសាច់ញាតិនៅក្បែរ។ គាត់និយាយថា ស្ថានភាពធ្វើដំណើរចេញពីទីក្រុងមានការលំបាកជាខ្លាំងព្រោះមានមនុស្សច្រើនត្រូវចាកចេញពីផ្ទះក្នុងពេលតែមួយ។ គាត់ និងប្រជាជនមិនត្រូវបានអនុញ្ញាតឲ្យយកសំភារៈ និងស្បៀងអាហារច្រើនតាមខ្លួនទេ។ ប្រជាជនដែលតវ៉ាមិនព្រមធ្វើតាមបញ្ជា នោះទាហានខ្មែរក្រហមនឹងបាញ់សម្លាប់។
ពេលមកដល់ខេត្តព្រៃវែង គ្រួសារគាត់ និងប្រជាជន១៧មេសា ផ្សេងទៀត ត្រូវបានអង្គការធ្វើប្រវត្តិរូប។ ក្រោយមក ប្តី ប្អូន និងប្អូនថ្លៃបួននាក់របស់ សាវ៉ាន ត្រូវបានអង្គការនាំយកទៅរៀនសូត្រ និងបានបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ គាត់ និងកូនបីនាក់ត្រូវបានខ្មែរក្រហមឲ្យរស់នៅក្នុងខ្នមជាមួយគ្រួសារប្រជាជនដែលជម្លៀសមកពីភ្នំពេញ។
ក្នុងនាមជាប្រជាជនថ្មីគាត់រស់នៅគ្មានសិទ្ធិសេរីភាព និងទទួលរងទុក្ខលំបាកខ្លាំងជាងប្រជាជនមូលដ្ឋាន។ គាត់ត្រូវអង្គការកំណត់ឲ្យធ្វើការងារច្រើនម៉ោង និងទទួលបានរបបអាហារតិចជាងប្រជាជនចាស។
ជារឿយៗ សាវ៉ាន តែងឃើញប្រជាជនជម្លៀសមកជាមួយគាត់ត្រូវបានអង្គការនាំយកទៅសម្លាប់ ដោយសារតែអង្គការចោទប្រកាន់ប្រជាជនទាំងនោះថា ជាពួកសក្តិភូមិធ្លាប់រស់នៅទីក្រុង និងធ្លាប់ជិះជាន់គេ។
សាវ៉ាន ត្រូវធ្វើស្រែ ដក ស្ទូង ស្រូវ ព្រមទាំងការងារផ្សេងៗទៀតតាមតែអង្គការបញ្ជា។ គាត់ធ្វើការតាំងពីម៉ោងប្រាំព្រឹក រហូតដល់ម៉ោងប្រាំមួយល្ងាច និងថ្ងៃខ្លះត្រូវបន្ថែមម៉ោងនៅពេលយប់។
កូនៗបីនាក់របស់ សាវ៉ាន ត្រូវរស់នៅក្នុងកងកុមារ និងត្រូវធ្វើការងាររើសអាចម៍គោ និងគួរស្រូវ ជាមួយកុមារដទៃទៀត។ សាវ៉ាន មិនសូវបានជួបមុខកូនៗទេ ដោយយូរៗម្តងទើបអង្គការអនុញ្ញាតឲ្យគាត់អាចទៅមើលថែកូនៗបាន។
សាវ៉ាន ស្ទើរតែបាត់បង់ជីវិតព្រោះគាត់មានឈ្មោះត្រូវយកទៅរៀនសូត្រ។ ថ្ងៃមួយអង្គការបានហៅគាត់ទៅរៀនសូត្រប៉ុន្តែដោយសារតែឡានដែលត្រូវដឹកគាត់នោះចង្អៀតពេញទើបទាហានខ្មែរក្រហមប្រាប់ថា ចាំទៅថ្ងៃក្រោយវិញ។
ក្រោយមករបបខ្មែរក្រហមបានដួលរលំ។ សាវ៉ាន បានត្រឡប់ពីសហករណ៍មករស់នៅផ្ទះកំណើតវិញ។ គាត់ត្រូវចិញ្ចឹមកូនបីនាក់តែម្នាក់ឯងហើយជាអកុសលកូនម្នាក់បានស្លាប់ដោយសារតែជំងឺ។
បច្ចុប្បន្ន សាវ៉ាន មានជំងឺក្រពះ ជំងឺលើសសម្ពាធឈាម និងធ្លាប់មានជំងឺគ្រុនចាញ់។
សម្ភាសន៍ដោយ ដារ៉ារដ្ឋ ថាន់ណា ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤