រ៉េម រស់នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

នៅក្នុងឆ្នាំ១៩៧៩ ឈូក រ៉េម[1] និងប្រជាជនជាច្រើន បាននាំគ្នារត់គេចពីកងទ័ពវៀតណាមទៅរស់នៅលើភ្នំកំចាយ ក្នុងខេត្តកំពត ដោយសារបានឮតៗគ្នាថាកងទ័ពវៀតណាមចូលមកនឹងកាត់ក្បាលប្រជាជនយកទៅដាំតែអ៊ុងសម្រាប់ផឹក។ ដូច្នេះ ប្រជាជនក៏ធ្វើការរត់បះបោរទៅពួននៅលើភ្នំកំចាយ។ រស់នៅបានប៉ុន្មានខែអស់ស្បៀងអាហារហូបចុក ប្រជាជនបានសាមគ្គីគ្នាបាញ់ឡានដឹកទំនិញរបស់វៀតណាមដើម្បីយកអង្ករហូបបានសម្រេច។
ឈូក រ៉េម ភេទស្រី អាយុ៦៤ឆ្នាំ ប្រកបរបរធ្វើចម្ការ ដាំពោត សណ្ដែក មានស្រុកកំណើតនៅភូមិខ្ពស់ ឃុំរោងវែង ស្រុកកំពង់ត្រឡាច ខេត្តកំពត។ បច្ចុប្បន្ន រ៉េម រស់នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រ៉េម មានឪពុកឈ្មោះ ឈួន ឈូក(ស្លាប់) និងម្ដាយឈ្មោះ រាប(ស្លាប់)។ រ៉េម មានប្ដីឈ្មោះ អ៊ឺម លាប(ស្លាប់)ដោយសារជំងឺក្រពះពោះវៀន។ រ៉េម មានកូនចំនួន២នាក់ គឺ កូនស្រីម្នាក់និងកូនប្រុសម្នាក់។
នៅវ័យកុមារ រ៉េម បានរៀនសូត្រត្រឹមថ្នាក់ទី១១ប៉ុណ្ណោះ ពីសង្គមចាស់ ដែលស្មើនឹងថ្នាក់ទី២នាពេលបច្ចុប្បន្ន។ រ៉េម រស់នៅជាមួយឪពុកម្ដាយ ដែលប្រកបរបរធ្វើស្រែ។ នៅចន្លោះឆ្នាំ១៩៧០និងឆ្នាំ១៩៧៥ លោកឧត្ដមសេនីយ៍ លន់ នល់ ដែលទទួលបានការឧបត្ថម្ភពីសហរដ្ឋអាមេរិក បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ចេញពីតណែង បានដោយជោគជ័យ។ ប្រជាជនខ្មែរជាច្រើននាក់មិនពេញចិត្តនឹងរបបសាធារណរដ្ឋខ្មែរនោះទេ ហើយប្រជាជនមួយចំនួនបាននាំគ្នាចូលជាមួយក្រុម ខ្មែរក្រហម ដើម្បីទាមទារឲ្យសម្ដេច នរោត្ដម សីហនុ ឡើងគ្រប់គ្រងវិញ ដោយមានការជ្រោមជ្រែងពីប្រទេសចិននិងវៀតណាមខាងជើង។ សម្ដេចបានអំពាវនាវដល់ប្រជាជនទាំងអស់ដែលនៅជឿជាក់លើព្រះអង្គ ចូលក្នុងព្រៃម៉ាគីដើម្បីបង្កើនចំនួនកងទ័ព ផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរ។ ក្រោយមកមានការទម្លាក់គ្រាប់បែក បេ៥២ នៅក្បែរៗផ្ទះរបស់ រ៉េម ជាប់ខ្នងភ្នំវល្លិ៍។ ប្រជាជនរស់នៅទីនេះ បានជួបការលំបាកយ៉ាងខ្លាំងនិងរងនូវភាពភ័យខ្លាច។ នៅក្នុងឆ្នាំ១៩៧៣ ឪពុកម្ដាយរបស់ រ៉េម ត្រូវបានខ្មែរក្រហមសម្លាប់ដោយសារតែលួចទៅជួញដូរខោអាវ, ដូង និងស្វាយនៅប្រទេសវៀតណាម ហើយពេលខ្លះយកទំនិញពីវៀតណាមចូលមកលក់នៅខ្មែរវិញ។ ក្រោយពេលម្ដាយឪពុកត្រូវបានខ្មែរក្រហមសម្លាប់ រ៉េម ត្រូវរស់នៅជាមួយជីដូនចាស់មានជីវភាពខ្វះខាតយ៉ាងខ្លាំង ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ខ្មែរក្រហមបានវាយរំដោះទីក្រុងភ្នំពេញបានដោយជោគេជ័យ ប្រជាជនកម្ពុជាទាំងអស់ចាប់ផ្ដើមរស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ ផែនការដំបូងរបស់ខ្មែរក្រហមគឺជម្លៀសប្រជាជនដែលរស់នៅទីក្រុងភ្នំពេញទៅធ្វើស្រែចម្ការនៅតាមទីជនបទទាំងអស់។ បន្ទាប់មកចាប់ផ្ដើមមានការសម្លាប់ មន្ត្រីរាជការ និងទាហាន លន់ នល់ ចោលទាំងអស់ និងបែងចែកការងារដល់ប្រជាជនទាំងអស់នៅតាមបណ្ដាខេត្ត ឲ្យធ្វើការងាររួមគ្នាដោយបែងចែកទៅតាមវ័យរបស់ប្រជាជន។ អំឡុងពេលនោះ រ៉េម នៅក្មេងនៅឡើយ។ ខ្មែរក្រហមបានចាត់ឲ្យ រ៉េម ចូលធ្វើការងារនៅក្នុងកងកុមារ។ នៅក្នុងមួយកងកុមារមានសមាជិកចំនួន៥០នាក់។ ការងារដែល រ៉េម ត្រូវធ្វើមានដូចជា កាប់ទន្ទ្រានខែត្រ និងរើសអាចម៍គោ ដើម្បីយកធ្វើជាជីដាក់នៅតាមស្រែ។ សម្រាប់អាហារហូបចុក គ្មានអ្វីហូបគ្រប់គ្រាន់នោះទេ ដោយមានតែបបររ៉ាវៗតែប៉ុណ្ណោះ។ ពេលខ្លះក្នុង១ថ្ងៃទទួលបានតែដំឡូង១ដុំប៉ុណ្ណោះហូបជំនួសបាយ។ លុះឈានចូលក្នុងឆ្នាំ១៩៧៧ ទើបខ្មែរក្រហមចាត់ឲ្យ រ៉េម ចូលធ្វើការនៅក្នុងកងចល័តស្រុក ដោយសារ រ៉េម មានអាយុច្រើនជាងមុននិងអាចធ្វើការងារបាន។ នៅក្នុងមួយកងចល័តស្រុក មានសមាជិកប្រហែលចំនួន៣០០ ទៅ៤០០នាក់ជាស្រីទាំងអស់។ ក្រុមកងចល័តស្រុកទាំងអស់ធ្វើការងារនៅក្រោមការគ្រប់គ្រងរបស់ ជីព និង ថន។ នៅក្នុងកងចល័តស្រុក នារីៗ មានតួនាទីធ្វើស្រែ។ រាល់ពេលរដូវវស្សាឈានមកដល់ ក្រុមកងចល័តស្រុកទាំងអស់នាំគ្នាដើរដកសំណាប ស្ទូងស្រូវ ចប់ពីភូមិមួយទៅធ្វើនៅភូមិមួយផ្សេងទៀត។ ខ្មែរក្រហមបានកំណត់ឲ្យក្រុមកងចល័តស្រុកទាំងអស់ ចុះធ្វើការងារចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១១ថ្ងៃទើបបានឈប់សម្រាក។ ចំណែកក្រុមកងនារីចល័តដែលមានងារជាប្រជាជន១៧ មេសា ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលទាំងអស់ ដោយយកទៅម្ដង ២០នាក់ ទៅ៣០នាក់ ទៅសម្លាប់ចោលក្នុងព្រៃនៅជិតភ្នំវល្លិ៍។ អ្នក១៧ មេសា ត្រូវវាយសម្លាប់ចោលជាបន្តបន្ទាប់រហូតនៅសល់តែសមាជិកចំនួន២៥០នាក់ប៉ុណ្ណោះ។ សម្រាប់អាហារហូបចុកវិញ កាន់តែខ្សត់ខ្សោយទៅៗ គ្មានអ្វីហូបគ្រប់គ្រាន់នោះទេគឺត្រូវហូបពោតស្ងោរជំនួសបាយ។ ក្នុងមួយថ្ងៃ រ៉េត ទទួលបានពោតចំនួនពីផ្លែ មានទំហំប៉ិននឹងកដៃ។ មុនដំបូងខ្មែរក្រហមចែកពោតសឲ្យប្រជាជនហូប យូរៗទៅហូបពោតក្រហមវិញម្ដង។ នៅក្នុងឆ្នាំ១៩៧៨ រ៉េម ត្រូវបានខ្មែរក្រហមចល័តឲ្យទៅធ្វើការងារនៅ កំពង់ត្រឡាច ជាប់ទល់ដែនវៀតណាម ដោយមានគណៈតំបន់ឈ្មោះ តា សួស។ តាសួស ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោល ដោយសារតែខ្មែរក្រហមបានចោទប្រកាន់ថា ទៅដល់ទីណាកងទ័ពរបស់វៀតណាមតាមដល់ទីនោះ។ ដូច្នេះ ខ្មែរក្រហមក៏ធ្វើការសម្រេចចិត្តសម្លាប់គាត់ចោលទៅ។ រ៉េម ធ្លាប់ឃើញខ្មែរក្រហមបណ្ដើរប្រជាជនយកទៅសម្លាប់ចោលដែរ។ ប្រជាជនទាំងនោះជាប្រជាជន១៧ មេសា ដែលបានជម្លៀសចូលក្នុងភូមិខ្ពស់ ខ្មែរក្រហមយកទៅសម្លាប់ម្ដងៗប្រហែលចំនួន១០០នាក់ ដោយវាយទម្លាក់ចូលក្នុងរណ្ដៅនៅក្នុងព្រៃ។
នៅក្នុងឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកដល់ រ៉េម បានរត់ចេញពីក្រុមកងចល័តស្រុក ទៅជាមួយ សុខ ជាប្រធានអនុសេនាធំប្រចាំនៅខ្នងភ្នំវល្លិ៍ និងរត់មករស់នៅភ្នំកំចាយ ពីព្រោះតែខ្លាចជនជាតិវៀតណាមចាប់បានកាត់ក្បាលយកទៅដាំតែអុង។ រ៉េត រស់នៅលើភ្នំកំចាយ ខេត្តកំពត ប្រហែល៨ខែ។ ដោយសារតែគ្មានស្បៀងអាហារហូបចុក ប្រជាជននាំសម្រេចចិត្តគ្នាបាញ់ឡានដឹកទំនិញរបស់កងទ័ពវៀតណាមឲ្យក្រឡាប់ ដើម្បីយកអង្ករហូប។ ពេលនោះ ឡានកំពុងបរលើផ្លូវជាតិលេខ៤ ត្រង់ចំណុចវាលរេញ តាមបណ្ដោយផ្លូវទៅកំពង់សោម។ ក្រោយពេលឡានក្រឡាប់ ក្រុមរបស់ រ៉េម បានធ្វើការប្រមូលយកអង្ករនិងសម្ភារប្រើប្រាស់ផ្សេងៗជញ្ជូនឡើងភ្នំកំចាយវិញ។ នៅក្នុងឆ្នាំ១៩៨០ រ៉េម រត់ទៅខេត្តកោះកុង មានមនុស្សច្រើនណាស់ដែលរត់ទៅជាមួយគ្នា។ អ្នកខ្លះត្រូវស្លាប់តាមផ្លូវក៏មាន ពីព្រោះតែធ្វើដំណើរផ្លូវឆ្ងាយហើយមានជំងឺ។ ក្រោយមកទៀត រ៉េម បានចូលធ្វើការក្នុងកងដឹកជញ្ជូននៅថ្មដា ទទួលខុសត្រូវដឹកជញ្ជូន អង្ករ, ខោអាវ, កាំភ្លើង និងគ្រាប់បេ យកទៅឲ្យក្រុមយុវជនរបស់ខ្មែរក្រហមដែលចាំការពារនៅព្រំដែន ដែលមានតា បូរ៉ាន ជាប្រធានកងពល និង បងសឿង ជាអនុប្រធានកងពល។ តាបូរ៉ាន ជាកូនប្រសាររបស់ តាម៉ុក ប្រពន្ធរបស់គាត់ឈ្មោះ ហ៊ាញ ជាកូនរបស់តាម៉ុកបង្កើត។ រាល់ពេលជញ្ជូនគ្រាប់ម្ដងៗ រ៉េម ធ្វើដំណើរប្រើរយៈពេលអស់២៥ថ្ងៃទៅ១ខែទើបទៅដល់ទីតាំងយុវជន។ ធ្វើដំណើរម្ដងៗមានសមាជិកចំនួន១០០នាក់ដោយថ្មើរជើងឆ្លងកាត់តាមព្រៃពីមួយកន្លែងទៅមួយកន្លែង។ ឈានដល់ពេលយប់ត្រង់កន្លែងណា ក្រុមគាត់ចងអង្រឹងសម្រាកនៅកន្លែងនោះ។ ក្រុមគាត់ ដាក់វេនគ្នាដាំបាយនឹងធ្វើម្ហូប ហូបតាមក្រុមរាងៗខ្លួន។ អ្នកខ្លះជាន់មីនមានរបួស ត្រូវសែងយកទៅព្យាបាលនៅកន្លែងវិញ។ សម្រាប់សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត គឺទទួលបានមកពីប្រទេសចិន។ ក្រោយមកទៀត កងទ័ពរបស់ រ៉េម ត្រូវបានកងទ័ពរបស់វៀតណាមកៀរទៅដល់ស្រុកសំឡូត។ នៅក្នុងឆ្នាំ១៩៩៣ រ៉េម បានរៀបការ។ក្នុងសម័យនោះ គ្មានសម្ភារអ្វីដើម្បីរៀបចំពិធីរៀបការឲ្យបានសមស្របនោះទេ ពីព្រោះស្រុកទេសទើបតែធ្វើសមាហរណកម្មរួច។ ពេលនោះ មានតែវិទ្យុសម្រាប់ចាក់ភ្លេងការតែប៉ុណ្ណោះ។ នៅក្នុងឆ្នាំ២០០០ រ៉េម និងប្ដីបានរើមករស់នៅក្នុងភូមិប្រម៉ោយវិញ និងប្រកបរបរធ្វើចម្ការ។
រឿងរ៉ាវដែល រ៉េម ចាំមិនភ្លេច គឺខ្មែរក្រហមប្រើឲ្យធ្វើការងារលើសដែនកំណត់ និងគ្មានអាហារហូបចុកគ្រប់គ្រាន់ ហើយត្រូវហូបពោតស្ងោរជំនួសបាយពេញមួយឆ្នាំនៅក្នុងឆ្នាំ១៩៧៧។
អត្ថបទដោយ ឡាំ ស្រីនីត
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយ ឈូក រ៉េម ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១១ (PTI0066)