ឈូក សុផាត៖ ជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពនៅពេលបច្ចុប្បន្ន

ខ្ញុំឈ្មោះ ឈូក សុផាត ភេទស្រី អាយុ៦០ឆ្នាំ។ ខ្ញុំបច្ចុប្បន្ន រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥ នាក់។ ខ្ញុំមានឪពុកឈ្មោះ ប៉ក់ ឈីន និងម្តាយឈ្មោះ សែន យុត។ នៅក្នុងឆ្នាំ១៩៧៥ ពេលខ្មែរក្រហមឡើងគ្រប់គ្រងប្រទេស ខ្ញុំមានអាយុប្រហែល១០ឆ្នាំ។ នៅពេលនោះ ខ្ញុំនិងគ្រួសារ ត្រូវបានខ្មែរក្រហមបញ្ជូនចេញពីស្រុកកំណើត ឲ្យទៅរស់នៅតាមជនបទស្រែចម្ការ។ ខ្ញុំ និងគ្រួសារត្រូវបានបំបែកចេញពីគ្នា។ ខ្ញុំត្រូវបានក្រុមខ្មែរក្រហមចាត់ឲ្យចូលក្នុងកងកុមារ បម្រុងចូលកងចល័ត ដោយខ្ញុំត្រូវធ្វើការងារការដាំដុះពោត ស្រូវ នៅក្នុងស្រែធំៗ ជាបន្តបន្ទាប់ ដោយគ្មានពេលសម្រាក។ រហូតដល់រដូវប្រាំង ខ្មែរក្រហមបានបញ្ជូនខ្ញុំឲ្យទៅជីកទំនប់។
ខ្ញុំបានបាត់បង់ទាំងឪពុកនិងម្តាយ ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម បណ្តាលមកពីការបង្អត់អាហារ, ការហូបចុកមិនគ្រប់គ្រាន់, ការធ្វើការលើសកម្លាំងធ្ងន់ធ្ងរ និងការរើសអើងដោយមិនមានមូលហេតុ។ ខ្ញុំមានការសោកស្តាយ ដែលមិនអាចជួយនរណាម្នាក់បាននោះទេ នៅក្នុងស្ថានភាពពេលនោះសូម្បីតែខ្ញុំខ្លួនឯងក៏មិនដឹងថាត្រូវស្លាប់ឬរស់ដែរ។ ក្នុងរបបខ្មែរក្រហម យើងត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដែលសូម្បីតែការនិយាយស្តីក៏អាចបណ្តាលឲ្យជាប់គុក ឬស្លាប់ភ្លាមៗដែរ។ បើនិយាយពីការហូបចុកក្នុងរបបខ្មែរក្រហម ខ្ញុំបានហូបត្រឹមអាហារ២ពេលក្នុងមួយថ្ងៃ។ ជួនកាល ខ្ញុំហូបបាយមិនមានម្ហូបក៏មាន។ ខ្ញុំត្រូវដេកលើដីហាលភ្លៀងខ្យល់ ដោយគ្មានសម្លៀកបំពាក់គ្រប់គ្រាន់។ អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំរស់នៅក្នុងស្ថានភាពនេះ ដោយសេចក្ដីសង្ឃឹមតែមួយគត់គឺ កុំឲ្យតែស្លាប់។ រហូតដល់ឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ខ្ញុំបានរួចផុតជីវិត។ ខ្ញុំបានត្រលប់ទៅស្រុកកំណើតវិញ ទាំងក្រលំបាកដៃទទេ ដោយមិនមានទ្រព្យសម្បត្តិ ឬដីធ្លីនោះឡើយ។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំក្នុងឆ្នាំ១៩៧៩ ខ្ញុំបានធ្វើដំណើរប្រកបដោយការធ្លាក់ទឹកចិត្ត និងការសោកស្តាយ ត្រលប់ទៅភូមិដើមវិញ។ ពេលខ្ញុំទៅដល់ភូមិកំណើតវិញ ទើបដឹងថាសមាជិកគ្រួសារខ្ញុំជាច្រើននាក់បានបាត់បង់ជីវិត និងក្លាយជាសពក្រោមដី ដោយសារអំពើកាប់សម្លាប់ក្នុងរបបខ្មែរក្រហម។ ខ្ញុំក៏ចាប់ផ្ដើមជីវិតសាថ្មីជាមួយប្តីរបស់ខ្ញុំ ដែលបានចូលធ្វើជាទាហាន និងបានទៅរៀនបន្តនៅស្រុកឈូក។ នៅសម័យក្រោយសង្គ្រាម ក្នុងនាមជាស្ត្រីម្នាក់ ខ្ញុំបន្តប្រកបមុខរបរជាកសិករ កសាងជីវភាពចាប់ពីចំនុចសូន្យក្នុងស្ថានភាពដ៏លំបាក។ ជីវិតដ៏សាមញ្ញក្នុងទីជនបទ បានបន្តឲ្យខ្ញុំរស់ដោយការខិតខំប្រឹងប្រែង ទោះបីជាអតីតកាលបានឆក់យកអ្វីៗអស់ជាច្រើនក៏ដោយ។ ខ្ញុំបានប្រកបមុខរបរកសិកម្ម ដាំដុះស្រូវ បន្លែ និងថែទាំកូនៗ ដោយកម្លាំងស្នេហា និងភាពរឹងមាំផ្ទាល់ខ្លួន។ រហូតដល់ឆ្នាំ ១៩៩៨ ខ្ញុំ និងគ្រួសារបានផ្លាស់ប្តូរទីលំនៅមករស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ នៅទីនោះ ខ្ញុំបន្តជីវភាពសាមញ្ញ និងបន្តប្រកបមុខរបរកសិកម្មដូចមុន។ ជីវិតនៅភូមិនេះ ទោះបីស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយការចងចាំពីបទពិសោធន៍ជីវិតដ៏លំបាក។
ចំពោះសុខភាពនាពេលបច្ចុប្បន្ន ខ្ញុំកំពុងប្រឈមមុខនឹងជំងឺជាច្រើន រួមមាន ជំងឺលើសសម្ពាធឈាម, ខ្វះជាតិស្ករ និង ជំងឺសន្លាក់។ ខ្ញុំជឿជាក់ថា ជំងឺទាំងនេះកើតចេញពីការធ្វើការខ្លាំងនៅវ័យកុមារ, កង្វះអាហារហូបចុក និងភាពតានតឹងនាពេលនោះ។ បន្ថែមពីនេះ វ័យចាស់ជរាព្រមទាំងជីវិតដែលពោរពេញដោយការភាពលំបាក ក៏ជាឧបសគ្គដែលបណ្តាលឲ្យខ្ញុំជួបប្រទះជំងឺទាំងនេះក្នុងវ័យចំណាស់ដែរ។ ការព្យាបាលជំងឺរបស់ខ្ញុំ គឺខ្ញុំទៅពិនិត្យនៅមន្ទីរពេទ្យជិតផ្ទះ។ គ្រូពេទ្យបានពិនិត្យនិងពន្យល់ខ្ញុំឲ្យយល់ពីស្ថានភាពជំងឺ និងផ្ដល់ថ្នាំមកឲ្យខ្ញុំលេបជាប្រចាំថ្ងៃ។ នៅឆ្នាំ២០២៣ ខ្ញុំបានទទួលការអញ្ជើញពី ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីចូលរួមពិនិត្យសុខភាព។ តាមរយៈការពិនិត្យនេះ ខ្ញុំបានដឹងថាខ្ញុំមានជំងឺលើសសម្ពាធឈាម ហើយក៏ទទួលបានកូនសៀវភៅព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែរ។ ខ្ញុំបានអានកូនសៀវភៅនេះជាប្រចាំ ហើយបានទទួលអត្ថប្រយោជន៍ច្រើន ដើម្បីជាការប្រុងប្រយ័ត្ន និងថែទាំខ្លួនឯង។ ជាចុងក្រោយនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានមកសួរសុខទុក្ខខ្ញុំ។ ខ្ញុំនឹងបន្តរស់នៅ ដើម្បីចែករំលែករឿងរ៉ាវអតីតកាល ប្រាប់ដល់យុវជនជំនាន់ក្រោយឲ្យបានដឹងថា សន្តិភាពគឺមានតម្លៃខ្ពស់ជាងអ្វីៗទាំងអស់។[1]
អត្ថបទដោយ ផាត ពន្លក
[1] ,ឈូក សុផាត សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក ឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយបាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត