ជំនួយការពេទ្យឃើញគេដឹកមនុស្សជាច្រើនយកទៅសម្លាប់

(កំពង់ឆ្នាំង) ៖ ជុំ គីម អាយុ ៥៨ ឆ្នាំ មានទីកន្លែងកំណើតនៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន គីម កំពុងរស់នៅភូមិឃុំដដែល​។

គីម បានររៀបរាប់ប្រាប់អំពីរឿងរ៉ាវដែលគាត់បានឆ្លងកាត់កាលពីរបបខ្មែរក្រហម។ នៅរបបខ្មែក្រហម គីម មានអាយុប្រហែលជាង១២ឆ្នាំ។ គ្រួសារ​របស់ គីម ជាប្រជាជនមូលដ្ឋានដែលរស់នៅភូមិឃុំខាងលើ។ ពេលដែល​របបខ្មែរក្រហមចូលមកដំបូងឡើយ គីម បានរស់នៅជុំគ្រួសារ តែក្រោយមកត្រូវបែកពីឪពុកម្ដាយទៅរស់នៅជាមួយយាយ។ រស់នៅជាមួយយាយបានមួយរយៈ ទើបអង្គការជម្លៀសគាត់ឲ្យទៅភូមិតានៃ។ នៅទីនោះ ខ្មែរក្រហមបានប្រើឲ្យគាត់មើលថែក្មេងតូចៗ ដែលឪពុកម្ដាយទៅធ្វើការងារ។  ក្រោយមកទៀត គីម ត្រូវបានអង្គការបញ្ជូនឱ្យទៅធ្វើការនៅមន្ទីរពេទ្យ។ ដោយសារតែគាត់មានវ័យនៅក្មេង ទើបពេលនោះតួនាទីរបស់គាត់ មានតែដាំនិងយកទឹកក្ដៅ ទឹកត្រជាក់ ទៅឱ្យអ្នកជំងឺ។ អ្នកជំងឺទាំងនោះគឺជាប្រជាជនដែលធ្វើការងារ ស្រែចំការ កាប់ គាស់ដីជាដើម។ ធ្វើការជាជំនួយការពេទ្យនៅទីនោះបានមួយរយៈ ក្រោយមក គីម ត្រូវបានគេជម្លៀស ចេញពីទីនោះ។ បន្ទាប់​មក ឪពុកគាត់ បានទៅយកគាត់មកវិញ ដោយទុកគាត់ឲ្យស្នាក់នៅអូរអន្លុងជ្រូក ទើបឪពុកគាត់រត់ភៀសខ្លួនតទៀត។

នៅក្នុង​របបខ្មែរក្រហមប្រជាជន​បានទទួល​ទាន​បបរដោយវាល់នឹងវែក ក្នុងមួយថ្ងៃ២ពេល។ ចំពោះសម្លវិញ មានដូចជា សម្លត្រកួន សម្លស្ពៃ ដែលពុំសូវមានរសជាតិអ្វីទេ។

គីម បានប្រាប់ទៀតថា កាលពីរបបខ្មែរក្រហម គាត់ធ្លាប់បានឃើញទាហានដឹកមនុស្សយកទៅសម្លាប់ផ្ទាល់នឹងភ្នែក នៅពេលដែលគាត់ធ្វើជាជំនួយការពេទ្យនៅតាំងព្រិច។ ដំបូងគាត់ឃើញគេដឹកមនុស្សយ៉ាងច្រើនមកទាំងឡានៗ។​ ហើយគេបានចងនិងឃុំអ្នកទាំងនោះ។ កន្លែងដែលឃុំមនុស្សនោះត្រូវបានបាំងដោយជញ្ជាំងក្ដារ។ គាត់បានប្រាប់ថា ដំបូងគេសម្លាប់មនុស្សដោយវាយនឹងដំបងគល់ឫស្សី។ នៅពេលដែលអ្នកជាប់ឃុំឃើញបែបនេះ នាំគ្នាធាក់ជញ្ជាំងហើយរត់ចេញ។ ពេលនោះខ្មែរក្រហមបានដេញបាញ់សម្លាប់អ្នកទាំងនោះ។ តែដោយសារតែមនុស្សច្រើនពេក ទើបអ្នកខ្លះត្រូវបានស្លាប់ តែអ្នកខ្លះត្រូវបានរួចខ្លួន។

ក្រោយមកទៀត​ នៅពេលដែលរបបខ្មែរក្រហមដួលរលំ គីម និងគ្រួសារ បានទៅរស់នៅឯព្រៃមូលមួយរយៈ។ ដើម្បីគេចខ្លួនពីខ្មែរក្រហមដែលនៅសេសសល់។ ក្រោយមកទើបគាត់និងគ្រួសារត្រឡប់មកទីលំនៅដើមវិញ។

សម្ភាសន៍ និងអត្ថបទដោយ ណុល ភក្ដី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin