ជុំ ដួង ហៅ សី ៖ អតីតកងការពារ ម៉ៃ ផូ

ខ្ញុំមានឈ្មោះដើម ពេជ្រ យឿន និងឈ្មោះបដិវត្តន៍ ជុំ ដួង ហៅ សី[1]។ ខ្ញុំមានអាយុ៣០ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ ហើយមានស្រុកកំណើតនៅភូមិខ្ពប ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ឪពុកខ្ញុំឈ្មោះ ពេជ្រ ជុំ អាយុ៥០ឆ្នាំ(ក្នុងឆ្នាំ១៩៧៧) និងម្ដាយឈ្មោះ ខៀវ យីន ពួកគាត់ទាំងពីរនាក់មានអាយុស្របាលគ្នា។ ខ្ញុំមានប្អូនស្រីម្នាក់ឈ្មោះ គង់ ជា អាយុ១៨ឆ្នាំ(ក្នុងឆ្នាំ១៩៧៧) ធ្វើការនៅកងចល័តឃុំរំចេក ស្រុកមេមត់ (បច្ចុប្បន្ន ខេត្តត្បូងឃ្មុំ)។
ខ្ញុំរស់នៅជាមួយឪពុកម្ដាយនៅភូមិខ្ពប ក្រោយមកដោយបារាំង បានកៀរអ្នកភូមិមិនឱ្យរស់នៅភូមិខ្ពបទៀត។ ឪពុកម្ដាយខ្ញុំបានប្តូរទៅរស់នៅភូមិកំពង់ស្រែ ឃុំឆ្លូង ស្រុកឆ្លូង តំបន់២១ ភូមិភាគបូព៌ា ដោយប្រកបមុខរបរកាប់ព្រៃដាំស្រូវ។ រស់នៅភូមិកំពង់ស្រែបានរយៈពេល៣ឆ្នាំ រហូតដល់ឆ្នាំ១៩៥៤ ខណៈពេលសន្និស័ទហ្សឺណែវ មានការផ្អាកសង្គ្រាមឪពុកម្ដាយខ្ញុំត្រឡប់មករស់នៅភូមិកំណើតនៅឯភូមិខ្ពបវិញ។
នៅឆ្នាំ១៩៥៦ ខ្ញុំចូលរៀនសាលាវត្តខ្ពប ហើយខ្ញុំរៀនបានរយៈពេល៤ឆ្នាំគឺក្នុងឆ្នាំ១៩៦០ ខ្ញុំឈប់រៀនដោយអស់ថ្នាក់រៀន ម្យ៉ាងទៀតបើសិនរៀនបន្តត្រូវធ្វើដំណើរឆ្ងាយខ្ញុំក៏សម្រេចចិត្តមកនៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ ក្នុងឆ្នាំ១៩៦៤ ខ្ញុំបានបួសជានេន នៅវត្តខ្ពប ក្នុងឃុំរំចេក ស្រុកមេមត់។ ក្រោយមកបួសបានរយៈពេល៣ឆ្នាំខ្ញុំបានសឹកមកជួយធ្វើការឪពុកម្ដាយ។ នៅចុងឆ្នាំ១៩៦៦ ខ្ញុំទទួលបានការអប់រំខាងគោលជំហរ បដិវត្តន៍ពីឈ្មោះ សុង ,រី និង ស៊ីប។ រយៈពេលមួយឆ្នាំក្រោយមកខ្ញុំចូលបដិវត្តន៍បន្ទាប់ពីបានយល់អំពីជំហរបដិវត្តន៍ មានបងទាំង៣នាក់ខាងលើគឺជាអ្នកទទួលស្គាល់ជាផ្លូវការ។ តួនាទីខ្ញុំចូលបដិវត្តន៍ដំបូង មានភារកិច្ចគឺជាអ្នកនាំព័ត៌មានពីភូមខ្ពប ទៅឱ្យអ្នកតស៊ូក្នុងព្រៃ។ មកដល់ឆ្នាំ១៩៦៨ ដោយមានសកម្មភាពខ្មាំងខ្លាំង និងមានការអំពាវនាវពីបក្សខ្ញុំចេញពីភូមិចូលតស៊ូនៅក្នុងព្រៃដែរ។ ពេលខ្ញុំរស់នៅតស៊ូនៅក្នុងព្រៃខ្ញុំមានភារកិច្ចគឺជាកងការពារប្រចាំមូលដ្ឋានខ្ពប។ ថ្ងៃមួយខ្មាំងមានសកម្មភាពខ្លាំងបានកម្ទេចមូលដ្ឋានខ្ពបបដិវត្តន៍របស់ខ្ញុំអស់។ ចំណែកបងៗមួយចំនួនត្រូវខ្មាំងសម្លាប់ ហើយមួយចំនួនទៀតខ្មាំងចាប់បានក៏ឆ្លើយសារភាពខ្មាំង។ មូលដ្ឋានខ្ញុំនៅសល់គ្នាពីរនាក់ដែលត្រូវរបួស គឺសមមិត្ត ឈឿន ខាងសេដ្ឋកិច្ចស្រុកមេមត់ និងខ្ញុំ។ យើងទាំងពីរនាក់បានរត់មកទាក់ទងភ្ជាប់ខ្សែជាមួយមូលដ្ឋាន ភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ ដោយមានឈ្មោះ ចាន់ និង ម៉ៃ ផូ គឺជាអ្នកទទួលស្គាល់។ ខ្ញុំរស់នៅតស៊ូបដិវត្តន៍ក្នុងព្រៃនៅមូលដ្ឋានភូមិព្នៅនេះរហូតដល់ថ្ងៃរដ្ឋប្រហារឆ្នាំ១៩៧០។ ក្រោយរដ្ឋប្រហារ ខ្ញុំគឺជាកងការពាររបស់អង្គការស្រុកមេមត់(ម៉ៃ ផូ) និងឆ្នាំ១៩៧១ ខ្ញុំមាននាទីជាអនុប្រធានមន្ទីរស្រុកមេមត់ និងទទួលខាងរោងពុម្ព។ ឆ្នាំ១៩៧២ ខ្ញុំមាននាទីជាប្រធាននយោបាយគ យោធា ស្រុកមេមត់។ ឆ្នាំ១៩៧៣ ខ្ញុំមាននាទីជាបញ្ជាការរួមឃ ៣១ ក្រោយមកប្រែជាឃ ៣២ ក្រោយមកទៀតឃ ៥៥។ ឆ្នាំ១៩៧៤ ខ្ញុំមាននាទីគឺជា គណៈបញ្ជាការឃ ៥៩។ ក្រោយមកទៀតឆ្នាំ១៩៧៦ អនុនយោបាយង យោធាតំបន់២១ មកដល់សព្វថ្ងៃ(១៩៧៧)។
មូលហេតុដែលអង្គការចាប់ខ្ញុំមកក្រសួងសន្តិសុខ តំបន់២១ ព្រោះខ្ញុំទទួលការអប់រំ និងចាត់តាំងក្បត់ពី ម៉ៃ ផូ ក្រោយមកនៅចម្ការកៅស៊ូជប់ ភូមិភាគបូព៌ា(២០២៣)។ ម៉ៃ ផូ អប់រំខ្ញុំចាប់តាំងពីឆ្នាំ១៩៧០ មកឱ្យចេះការពារគាត់ឱ្យបានល្អ គោរព និងមានជំនឿលើការដឹកនាំរបស់គាត់។ កាលនោះ ម៉ៃ ផូ គឺជាលេខាស្រុកតំបន់២១[2] រួមមាន ស្រុកឆ្លូង ស្រុកកំចាយមារ[3] ស្រុកមេមត់[4] ស្រុកក្រូចឆ្មារ[5] ស្រុកត្បូងឃ្មុំ[6] ស្រុកពាមជីលាំង[7] ស្រុកតំបែរ[8] ស្រុកទឹកជ្រៅ[9] និង ស្រុកទ្រមូង[10] ហើយខ្ញុំគឺជាកងការពាររបស់ ម៉ៃ ផូ។ ចំណែកភារកិច្ចប្រគល់ឱ្យខ្ញុំគឺ ១) បំផុសការភ្លើតភ្លើនក្នុងការហូបស្នាក់អាស្រ័យ និងប្រើប្រាស់សម្ភារ, ២) ឱ្យបំផុសការខ្ជះខ្ជាយមិនសន្សំសំចៃ, ៣)ឱ្យធ្វើការដណ្ដើមទឹកចិត្តពីមហាជន ហើយប្រមូលកម្លាំងឱ្យមានជំនឿលើ ម៉ៃ ផូ, ៤) ឱ្យអូសទាញ និងកសាងកម្លាំងក្បត់, ៥) ក្ដាប់ និងគ្រប់គ្រងអង្គភាពឱ្យណែន។ ក្រោយមក ម៉ៃ ផូ បានប្រព្រឹត្តសីលធម៌ទី៦[11] អង្គការដក ម៉ៃ ផូ ពីតំបន់២១។ ម៉ៃ ផូ បានទៅនៅចំការកៅស៊ូភូមិភាគបូព៌ា នៅខាងរោងចក្រកៅស៊ូ ជប់។ បន្ទាប់ពី ម៉ៃ ផូ បានផ្លាស់ទៅជប់ខ្ញុំបានរាយការណ៍ឱ្យ ម៉ៃ ផូ បានចំនួន២លើកក្នុងឆ្នាំ១៩៧៧ គឺ)អំពីសភាពការណ៍ស្រួល និងលំបាកនៅក្នុងអង្គភាព, សភាពការណ៍នៅព្រំដែនវៀតណាមបាញ់បោះរាល់ថ្ងៃ និងវៀតណាមបញ្ជូនគិញឱ្យមកធ្វើសកម្មភាពក្នុងទឹកដីខ្មែរ, សកម្មភាពប្រជាជននៅតាមព្រំដែន រត់ទៅដីវៀតណាមមួយចំនួន, សភាពតាមព្រំដែនមានចោរកម្មលួចគោក្របីរបស់ប្រជាជន, បញ្ហាផ្ទៃក្នុងអង្គភាព និងមានកម្មសិទ្ធិខាងអំណាចអាជ្ញាមួយចំនួនមានសកម្មភាពបង្ករទំនាស់ជាមួយប្រជាជន។ ក្រៅពីនេះខ្ញុំមិនបានរាយការណ៍ជាសំបុត្រអ្វីទេព្រោះខ្លាចបែកការណ៍។ តមកទៀតខ្ញុំមិនបានទាក់ទងការងារក្បត់ជាមួយម៉ៃ ផូ ទៀតទេហើយខ្ញុំបានទាក់ទងភ្ជាប់ខ្សែជាមួយ បូ ម្ដង។ ឈ្មោះ ប៊ុន បាន ហៅ បូ[12]គឺជាលេខាស្រុកពាមជីលាំង ដោយខ្ញុំបានទទួលឥទ្ធិពល និងការអប់រំពី បូ ចាប់ខែកុម្ភៈ ឆ្នាំ១៩៧៧មក។ ខ្ញុំទទួលបានការអប់រំពី បូ បំផុសពីការបញ្ជាឱ្យជីកអាងក្រចាប់ ស្រុកពាមជីលាំង ប្រសិនបើលើកបានសម្រេចនោះមានគុណសម្បត្តិរបស់យើងជាយុទ្ធសាស្រ្ត ប្រសិនបើទប់មិនជាប់ត្រូវអន្តរាយ មានគុណវិបត្តិ។ បំផុសថា អង្គការលើកផែនការធ្វើអាងទឹក បឹងក្រចាប់នេះជួយស្រាយជីវភាពដល់ស្រុកពាមជីលាំង តែទស្សនៈមិនឯកភាពជាមួយផែនការរបស់បក្សព្រោះការលើកអាងនេះធ្វើឱ្យលិចទឹក ខ្វះខាតដំណាំពោត របស់ស្រុកពាមជីលាំង។ បូ បានលើកឡើងមានមោទនភាពខ្លួនឯងថា ស្រុកពាមជីលាំង គឺជាស្រុកនៅជួរមាត់ទន្លេ ស្រុកនេះទើបតែបង្កើតថ្មី តាំងតែពី បូ មកកាន់ជីវភាពប្រជាជនអាចដោះស្រាយបានឥតមានបញ្ហាអ្វីស្មុគស្មាញ មិនដូចស្រុកក្រូចឆ្មារ សព្វថ្ងៃច្របូកច្របល់ដោះស្រាយជីវភាពប្រជាជនមិនបាន។
ចំណែកសកម្មភាពខ្ញុំទាក់ទងវៀតណាមវិញ កន្លងមកខ្ញុំបានចូលទៅទាក់ទងវៀតណាមចំនួន៣ដងគឺ៖ លើក ទី១ នៅខែមីនា ឬ មេសា ឆ្នាំ១៩៧៦ ខ្ញុំបានចូលដីវៀតណាមតាមច្រកចាន់មូល។ ពេលចូលមានគ្នា៤នាក់ក្នុងគោលបំណងទាក់ទងឱ្យមានខ្សែបង្អែក, ការផ្លាស់ប្ដូរអាវុធ, ដូរគោក្របី,ទាក់ទងបញ្ហាព្រំដែនឱ្យទទួលស្គាល់គ្នាទៅវិញទៅមក និងប្រសិនជាកម្លាំងក្បត់ក្នុងប្រទេសកម្ពុជាបែកមុខរត់ចូលវៀតណាមគឺឱ្យចូលផង។ លើកទី២ រំលងកន្លះខែលើកទី១ ខ្ញុំចូលដីវៀណាមម្ដងទៀតតាមច្រកបឹងច្រូង មានគ្នា៣នាក់។ ប៉ុន្តែខ្ញុំចូលជួបវៀតណាមឈ្មោះ អាថរ តែម្នាក់ឯងទេ។ ខ្លឹមសារខ្ញុំបានប្រាប់ថា នៅកម្ពុជាអង្គការឱ្យដាក់គ្រាប់បែកតាមខ្សែព្រំដែន ចេញចូលត្រូវប្រយ័ត្ន និងបន្តទាក់ទងគ្នារហូត។ លើកទី៣ នៅខែវិច្ឆិកា ឆ្នាំ១៩៧៦ ចូលដីវៀតណាមតាមច្រកភូមិច្រកក្រាញ់។ ខ្ញុំមានគ្នា៣នាក់ចំណែកវៀតណាម មានគ្នា៣នាក់ឈ្មោះ វៀង , ហាយ និង ឌឹក គឺជាកងការពារព្រំដែនវៀតណាម។ ខ្ញុំប្រាប់ថាមុនចេញចូលទឹកដីកម្ពុជាឆ្លងព្រំដែនឬប្រតិបត្តិការ កុំដើរកៀកក្បែរទង់ពេក ប្រយ័ត្នជាន់មីន ចម្រូង ឬ ខ្នារ ដាក់ដោយកម្ពុជា។ ចំណែកបញ្ហាគោក្របី របស់ប្រជាជនដែលចូលស៊ីហួសចូលទៅដីវៀតណាមឱ្យចាប់ទុកទៅ និងមួយទៀត បើឃើញប្រជាជនកម្ពុជាចូលដីវៀតណាមឱ្យទទួលគ្រប់គ្រង និងជួយលាក់បំពួនផង។ ក្រោយមកខ្ញុំត្រូវអង្គការចាប់យកមកឃុំ និងបញ្ចប់ការសួរចម្លើយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៧៧៕
អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា
[1]ឯកសារ J០០៣១៨តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,« សេចក្ដីកត់ហេតុសួរចម្លើយ» សរសេរដោយដៃចំនួន១៨ទំព័រ។ កំណត់សម្គាល់ៈ ចម្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់ ជុំ ដួង ហៅ សី ពិតឬយ៉ាងណានោះទេ?
[2] ឯកសារ J០0៨៩២ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«ចម្លើយ ពេជ ផន ហៅ ម៉ៃ ផូ ប្រធានគមនាគមចំការកៅស៊ូ ២០៣»សរសេរដោយដៃ និងវាយអង្គលីលេខចំនួន១០៦ទំព័រ។ ទំព័រ៧។
[3] ឯកសារ D១០៤៨២ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«សិប្បកម្មស្រុកកំចាយមារ តំបន់២១»សរសេរដោយ វាយអង្គលីលេខចំនួន១ទំព័រ។
[4] ឯកសារ D១០៤៩៩ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«មន្ទីរស្រុកមេមត់ តំបន់២១»សរសេរដោយ វាយអង្គលីលេខចំនួន១ទំព័រ។
[5] ឯកសារ D១០៥០៥ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«គណៈស្រុកក្រូចឆ្មារ តំបន់២១»សរសេរដោយ វាយអង្គលីលេខចំនួន១ទំព័រ។
[6] ឯកសារ D១០៥៣៣ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«គណៈស្រុកត្បូងឃ្មុំតំបន់២១»សរសេរដោយ វាយអង្គលីលេខចំនួន១ទំព័រ។
[7] ឯកសារ D១០៥៤៥ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«សង្កាត់ពាមជីលាំង ស្រុកពាមជីលាំង តំបន់២១»សរសេរដោយ វាយអង្គលីលេខចំនួន១ទំព័រ។
[8] ឯកសារ D១០៥៥៣ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«សង្កាត់តំបែរ ស្រុកតំបែរ តំបន់២១»សរសេរដោយ វាយអង្គលីលេខចំនួន១ទំព័រ។
[9] ឯកសារ D១០៥៥៤ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«គណៈស្រុកទឹកជ្រៅ តំបន់២១»សរសេរដោយ វាយអង្គលីលេខចំនួន១ទំព័រ។
[10] ឯកសារ D១១៧៥៨ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«មន្ទីរសន្តិសុខ ស្រុកទ្រមូង តំបន់២១»សរសេរដោយ វាយអង្គលីលេខចំនួន១ទំព័រ។
[11] ឯកសារ D២១៤០៨ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«យកចិត្តទុកដាក់ បំពាក់បំប៉នបន្ថែមអំពីសីលធម៌១២ប្រការរបស់ជនបដិវត្តន៍» យុវជន និង យុវនារីបដិវត្តន៍ លេខ១០,ខែតុលា ឆ្នាំ១៩៧៨.ទំព័រ៣៦-៣៧។ ឯកសារវាយជាអង្គីលេខមានចំនួន៣៦ទំព័រ។
[12] ឯកសារ D១0៥៤៣ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«យោធាស្រុកពាមជីលាំង តំបន់២១ »សរសេរវាយអង្គលីលេខចំនួន១ទំព័រ។