ប្រធានក្រុមផលិតជីសហករណ៍អង្គរទ្រេត
(ខេត្តព្រៃវែង)ឈុន យឿន មានអាយុ៧៥ឆ្នាំ(២០២៤) រស់នៅក្នុងភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ យឿន មានបងប្អូន៣នាក់ ស្រី២នាក់ និងប្រុសម្នាក់។ នៅឆ្នាំ១៩៧០ យឿន រៀបការពេលគាត់មានអាយុ២២ឆ្នាំ។ ក្រោយមកគាត់សម្រាលបានកូនម្នាក់ នៅពេលនោះមានគ្រាប់បែកដែលទម្លាក់ពីយន្តហោះអាមេរិកាំង បានធ្លាក់ចំផ្ទះរបស់គាត់បណ្តាលឲ្យសមាជិកក្នុងគ្រួសាររបស់គាត់មួយចំនួនទទួលរងរបួស ប៉ុន្តែគ្មានអ្នកស្លាប់ទេ។
នៅឆ្នាំ១៩៧២ គាត់បានចូលរួមជាមួយចលនាបដិវត្តន៍ខ្មែរក្រហម។ ពេលនោះគាត់ចូលព្រៃភ្នំគង់ (បច្ចុប្បន្នព្រៃកា្លយជាវត្តភ្នំគង់) ដើម្បីចូលរួមហាត់យុទ្ធសាស្រ្តកងទ័ពដូចជា៖ លូន, ក្រាប, វាយ និង បាញ់កាំភ្លើងជាដើម។ នៅព្រៃភ្នំគង់ យឿន និងអ្នកបដិវត្តន៍ដទៃទៀតបានជីករណ្តៅត្រង់សេជាច្រើនកន្លែង ដើម្បីគេចខ្លួនពេលមានការទម្លាក់គ្រាប់បែក។ ពេលចម្អិនម្ហូបអាហារ មនុស្សម្នាក៏ត្រូវប្រុងប្រយ័ត្នដែរ ជៀសវាងមានផ្សែងខ្លាំងនាំឲ្យសត្រូវដឹងពីទីតាំងរបស់គាត់។ នៅពេលនោះ យឿន ជួបប្រទះការលំបាកច្រើនទាំងការហាត់យុទ្ធសាស្រ្តទ័ព និងការហូបចុក។
នៅឆ្នាំ១៩៧៥ ពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច យឿន បានត្រលប់មករស់នៅជាមួយគ្រួសារវិញ។ គាត់និយាយថានៅពេលនោះមិនមានការរឹតត្បិតក្នុងការលាឈប់ពីបដិវត្តន៍ទេ។ ក្រោយពីឈប់ពីបដិវត្តន៍ យឿន ត្រូវបានកងឈ្លបឃុំមេបុណ្យឲ្យទៅរស់នៅភូមិអង្គរទ្រេត ទទួលបន្ទុកផ្នែកប្រធានក្រុមផលិតជី ដែលផ្សំពីទឹកនោមមនុស្ស និងលាមកមនុស្ស។ ជីនេះហៅថាជីលេខ១ ក្នុងរបបខ្មែរក្រហម ដែលប្រើសម្រាប់យកទៅដាក់ស្រែ និងដំណាំហូបផ្លែ។ ក្រៅពីធ្វើជី យឿន ត្រូវដក ស្ទូង។ នៅរដូវច្រូតកាត់គាត់ត្រូវច្រូតស្រូវ បោកបែន និងទូលទុកដាក់ស្រូវក្នុងឃ្លាំងរបស់សហករណ៍អង្គរទ្រេត។ ប្តីរបស់ យឿន ឈ្មោះ ឌឹម ត្រូវបានខ្មែរក្រហមចាត់ឲ្យធ្វើជាឈ្លបភូមិ។ ឌឹម ត្រូវធ្វើការតាមដានការរស់នៅរបស់ប្រជាជន ពិសេសនៅពេលយប់។ ឌឹម ជាមនុស្សស្លូតបូតមិនធ្លាប់រាយការណ៍ពីការប្រព្រឹត្តិកំហុសឆ្គងរបស់ប្រជាជនប្រាប់ដល់អង្គការឡើយ។
ក្នុងរបបខ្មែរក្រហម យឿន ធ្លាប់ឃើញប្រធានសហករណ៍រៀបការយុវជន-យុវនារីនៅក្នុងភូមិ។ ពិធីរៀបការធ្វើឡើងមានចំនួនច្រើនៗគូ ចាប់ពី៤គូ រហូតដល់៥០គូ។ ប្តីប្រពន្ធដែលចូលរួមពិធីរៀបការស្លៀកពាក់អាវ និងខោពណ៌ខ្មៅ។ ពិធីធ្វើឡើងរយៈពេលខ្លី ភាគច្រើនធ្វើឡើងនៅពេលល្ងាចដោយគ្មានសាច់ញាតិទាំងសងខាងចូលរួមឡើយ។ យឿន ក៏ធ្លាប់ឃើញកងឈ្លបខ្មែរក្រហមប្រើប្រជាជនឲ្យវាយបំផ្លាញវត្តអារាម និង វាយរូបព្រះពុទ្ធបដិមាទម្លាក់ចូលក្នុងស្រះទឹក។ វត្តអារាមត្រូវបានប្រែក្លាយទៅជាកន្លែងឃុំឃាំង និងសម្លាប់អ្នកទោស។
នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ យឿន និងអ្នកភូមិមួយចំនួនឲ្យទៅរស់នៅ និងធ្វើការនៅតំបន់ភ្នំឈើកាច់។ នៅទីនោះ គាត់ឃើញមានការប្រយុទ្ធគ្នារវាងយោធាខ្មែរក្រហម និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយយោធាខ្មែរក្រហមបានចុះចាញ់ និងរត់គេចខ្លួនអស់ពីតំបន់ភ្នំឈើកាច់។ គ្រួសាររបស់ យឿន និងប្រជាជនជម្លៀសពីខេត្តព្រៃវែងបានត្រលប់ទៅរស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ៕
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
សម្ភាសន៍ដោយ វៃ សូរិយ៉ា ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤