ជួន ចាន់ថន៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសុខភាពនៅពេលបច្ចុប្បន្ន

ខ្ញុំឈ្មោះ ជួន ចាន់ថន ភេទស្រី អាយុ៥៤ ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិបានៀវ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រពេញលេញប៉ុន្មាននោះទេ ព្រោះសង្គ្រាមបានធ្វើឱ្យប្រជាជនភ័យខ្លាច ខ្ញុំបានចូលរៀននៅសាលាឈូកបានប្រហែល ៦ឆ្នាំ ក្រោយពេលសង្គ្រាមបានបញ្ចប់។ ខ្ញុំរៀនបានតិចតួចបំផុតរួចក៏ឈប់រៀនព្រោះកាលនោះគ្រួសារខ្ញុំមានជីវភាពក្រីក្រទើបខ្ញុំត្រូវឈប់រៀនដើម្បីមកជួយការងារគ្រួសារ។
ស្ថិតក្នុងឆ្នាំ ១៩៧៥ ក៏កើតមានរបបមួយដែលដឹកនាំដោយលោក ប៉ុល ពត ដោយនៅក្នុងរបបនោះខ្ញុំវ័យក្មេងពេកខ្ញុំមិនសូវចងចាំរឿងរ៉ាវដែលកើតឡើងច្រើននោះទេ។ នៅឆ្នាំ ១៩៧៦ ខ្ញុំ ចាំត្រឹមថាខ្មែរក្រហមចូលមកដល់ភូមិស្រុកដែលខ្ញុំរស់នៅ និងបានជម្លៀសប្រជាជនចេញពីភូមិស្រុកអ្នកខ្លះត្រូវបានខ្មែរក្រហមយកចូលជាកងចល័ត ខ្ញុំត្រូវបានខ្មែរក្រហមយកចូលជាកងកុមារពេលថ្ងៃត្រូវនៅជាមួយចាស់ៗដែលខ្មែរក្រហមចាប់តាំងឱ្យមើលក្មេងៗ។ នៅចន្លោះឆ្នាំ ១៩៧៦ ខ្ញុំបានធ្វើការងារស្រែចម្ការនៅក្នុងភូមិបានៀវ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ជាប្រជាជនមូលដ្ឋាន ។ បើនិយាយពីការហូបចុកក្នុងរបបខ្មែរក្រហមវិញខ្ញុំពុំសូវទទួលបានគ្រប់គ្រាន់នោះទេគឺខ្មែរក្រហមបានឱ្យប្រជាជនហូបពីរពេលក្នុងមួយថ្ងៃ ពេលខ្លះខ្មែរក្រហម ឱ្យហូបបបរ ជួនកាលឱ្យហូបដំឡូងមី។ និយាយពីការព្យាបាលក្នុងរបបខ្មែរក្រហមខ្ញុំបានជួបផ្ទាល់ព្រោះកាលនោះខ្ញុំឈឺខ្មែរក្រហមបានឱ្យខ្ញុំទៅព្យាបាលនៅមន្ទីពេទ្យមូលដ្ឋាន តែគ្រូពេទ្យនៅទីនោះមិនយកចិត្តទុកដាក់ប្រជាជនទេ។ ខ្ញុំក៏បានឃើញ ខ្មែរក្រហមធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាជនដោយយកក្រម៉ាចងមុខរួចយកគល់ឫស្សីវៃ រួចយកទម្លាក់ចូលក្នុងរណ្ដៅ។ មូលហេតុនេះហើយដែលបានធ្វើឱ្យអ៊ុំស្រីខ្ញុំពិតជាភ័យខ្លាចនិងរបបនេះណាស់ ព្រោះកាល់នោះអ៊ុំស្រីបានឃើញគេសម្លាប់មនុស្សរួចទម្លាក់ចូលក្នុងរណ្ដៅ។ ខ្ញុំបានប្រើជីវិតបែបនេះរហូតដល់ឆ្នាំ ១៩៧៩ ពេលនោះសង្គ្រាមបានកើតឡើង ខ្ញុំភ័យខ្លាច និងសង្គ្រាមក៏បានភៀសខ្លួនចេញទៅ ក្រោយពីសង្គ្រាមបានបញ្ចប់ខ្ញុំបានត្រឡប់មកស្រុកកំណើតវិញ ឪពុកម្ដាយខ្ញុំបានប្រកបរបរជាកសិកររហូតដល់សព្វថ្ងៃ។ នៅឆ្នាំ ១៩៩០ ខ្ញុំបានរៀបការជាមួយស្វាមីខ្ញុំឈ្មោះ ព្រាប សុខ បន្ទាប់ពីខ្ញុំបានរៀបការហើយនោះប្ដីរបស់ខ្ញុំបានធ្វើជាទាហាន ហើយខ្ញុំបានប្រកបរបជាកសិកររហូតដល់បច្ចុប្បន្ន។
សព្វថ្ងៃខ្ញុំមានជំងឺ លើសឈាម និងជំងឺសន្លាក់ដៃ ជំងឺសន្លាក់ជើង។ មូលហេតុដែលបណ្តាលឱ្យខ្ញុំកើតមានជំងឺនេះ គឺមកពីក្មេងខ្ញុំធ្វើការងារធ្ងន់លើសកម្លាំង កង្វះអាហារហូបចុក។ មួយវិញទៀត បច្ចុប្បន្ន ខ្ញុំមានអាយុកាន់តែច្រើន។ ការព្យាបាលជំងឺរបស់ខ្ញុំគឺបានទៅមន្ទីពេទ្យដែលនៅជិតផ្ទះ ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានពិនិត្យជំងឺ និងបានឱ្យថ្នាំខ្ញុំមកលេបនៅផ្ទះជាប្រចាំថ្ងៃ។ នៅក្នុងឆ្នាំ ២០២៣ ខ្ញុំត្រូវបានក្រុមការងាររបស់មជ្ឈមណ្ឌឯកសារកម្ពុជា អញ្ជើញខ្ញុំចូលរួមពិនិត្យសុខភាពទើបខ្ញុំបានដឹងថាខ្ញុំលើសឈាម។ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានចែក «កូនសៀវភៅព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ហើយខ្ញុំបានអានកូនសៀវភៅនេះជាប្រចាំ និងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកូនសៀវភៅនេះផងដែរ។ ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងាររបស់មជ្ឈមណ្ឌឯកសារកម្ពុជាដែលបានចុះមកសួរសុខទុក្ខដល់រូបខ្ញុំ និងសូមជូនពរឱ្យក្រុមការងារទាំងអស់ជួបប្រទះតែពុទ្ធពរទាំងឡាយបួនប្រការគឺ៖អាយុ វណ្ណះ សុខះ និងពលះ កុំបីឃ្លៀងឃ្លាតឡើយ។[1]
អត្ថបទដោយ ផាត ពន្លក
[1]ជួន ចាន់ថន , សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក ឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយបាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត