ឈុន ញាណ រំឭកពីការចងចាំដែលបានឆ្លងកាត់សម័យខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ ឈុន ញាណ[1] កើតនៅឆ្នាំ១៩៤៩ ក្នុងភូមិ/ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម​។ ខ្ញុំមានប្តីឈ្មោះ ជឹម ជឿន និងមានកូនចំនួន៧នាក់ (ស្រី៤នាក់ ប្រុស៣នាក់)។ សព្វថ្ងៃនេះ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ ខ្ញុំមានឪពុកឈ្មោះ ឈុន ជា និងម្ដាយឈ្មោះ សៀង ផាប។ ខ្ញុំមានបងប្អូនប្រុសស្រីសរុបចំនួន៥នាក់។ នៅវ័យកុមារ ខ្ញុំបានទៅរៀននៅសាលាបឋមសិក្សាមហាលាភ រហូតដល់ថ្នាក់ទី៧ (សង្គមចាស់) ហើយដោយសារតែស្ថានភាពគ្រួសារលំបាកពេក ខ្ញុំសុំឪពុកម្ដាយឈប់រៀនដើម្បីមកជួយការងារស្រែចម្ការ។ នៅឆ្នាំ១៩៦៨ ខ្ញុំរៀបការប្ដី និងផ្លាស់ទៅរស់នៅជាមួយឪពុកម្ដាយក្មេក។ ខ្ញុំ និងប្ដី នៅតែបន្តធ្វើស្រែចម្ការ រហូតដល់ដើមឆ្នាំ១៩៧០ គឺនៅពេលដែលបាតុកម្មបានផ្ទុះឡើង បន្ទាប់ពីមានរដ្ឋប្រហារ លន់ នល់។

នៅពេលដែលមានរដ្ឋប្រហារនោះ ប្ដីរបស់ខ្ញុំបានចូលរួមបាតុកម្មជាមួយអ្នកភូមិផ្សេងទៀត និងបានដង្ហែរក្បួនដល់ទីរួមខេត្តកំពង់ចាម។ នៅពេលល្ងាច ប្ដីរបស់ខ្ញុំបានវិលត្រឡប់មកផ្ទះវិញ។ នៅពេលមកដល់ផ្ទះវិញ ប្ដីខ្ញុំបានប្រាប់ខ្ញុំថា ទាហាន លន់ នល់ បានបាញ់កាំភ្លើងដើម្បីបង្រ្កាបបាតុករ និងប្អូនប្រុសរបស់ លន់ នល់ គឺឈ្មោះ លន់ និល និងប្រពន្ធ ដែលធ្វើការនៅចម្ការកៅស៊ូខាងជប់ ត្រូវបានបាតុករសម្លាប់ដោយអារក និងវះពោះ នៅម្ដុំថ្នល់ទទឹង។

នៅឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហម បានចូលមកដល់ក្នុងភូមិ និងស្នាក់នៅក្រោមផ្ទះប្រជាជន។ កងទ័ពរំដោះខ្មែរក្រហម ស្លៀកខោខ្មៅ អាវខ្មៅ និងចេញចូលភូមិជាប្រចាំ។ ខ្ញុំដឹងថា កងទ័ពរំដោះខ្មែរក្រហម ត្រូវបានបញ្ជូនទៅត្រៀមឈរជើងនៅកំពង់រាប ដើម្បីធ្វើការបាញ់ស្ទាក់នាវាម៉ារីនទាហាន លន់ នល់ ដែលដឹកស្បៀង និងយុទ្ធភ័ណ្ឌពីទីក្រុងភ្នំពេញ មកកាន់ទីរួមខេត្តកំពង់ចាម។

ចន្លោះពីឆ្នាំ១៩៧២ និងឆ្នាំ១៩៧៣ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហម ផ្ទុះកាន់តែខ្លាំងឡើង ហើយមានការទម្លាក់គ្រាប់បែកជាច្រើននៅឃុំមហាលាភ។ ខ្ញុំនៅចាំបានថា រាល់មុនពេលទម្លាក់គ្រាប់បែក មានយន្តហោះអាចានស្រាក់ ហោះឆ្វែរចុះ ឆ្វែរឡើង ដើម្បីស៊ើបការណ៍អំពីទីតាំងទម្លាក់គ្រាប់បែក។ បន្តិចក្រោយមក យន្តហោះបានទម្លាក់​គ្រាប់បែក ដែលបណ្ដាលឲ្យមានអ្នកភូមិស្លាប់ និងរងរបួស ចំណែកឯផ្ទះត្រូវឆេះខ្ទេច។

ក្នុងចន្លោះឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥ ខ្ញុំសម្រាលកូនប្រុសម្នាក់។ នៅពេលនោះ ខ្ញុំស្នាក់នៅផ្ទះជាធម្មតា។ នៅពាក់កណ្ដាលឆ្នាំ១៩៧៥ ខ្ញុំត្រូវបានចាត់តាំងឲ្យទៅរែកដីនៅការដ្ឋានជុំវិញភូមិ ខណៈពេលដែលអ្នកមិនទាន់មានកូនឬគ្រួសារ ត្រូវដាក់ឲ្យនៅធ្វើការនៅកងចល័តឆ្ងាយពីភូមិ។ អ្នកភូមិខ្លះដកស្ទូង អ្នកខ្លះរែកដី ខ្លះទៀតជីកប្រឡាយ។ នៅឆ្នាំចុង១៩៧៦ និងឆ្នាំ១៩៧៧ ខ្ញុំឃើញមានអ្នកភូមិជាច្រើនគ្រួសារបានចល័តឲ្យធ្វើការនៅការរដ្ឋានខាងខេត្តកំពង់ធំ។ ចាប់ពីឆ្នាំ១៩៧៧ និងឆ្នាំ១៩៧៨ មានវត្តមានកម្មាភិបាលខ្មែរក្រហមមកពីភូមិភាគនិរតីចូលមកដល់ក្នុងភូមិ។ នៅពេលនោះ គ្រួសារអ្នកភូមិជាច្រើន រួមទាំងគ្រួសារខ្ញុំត្រូវបានជម្លៀសទៅខេត្តកំពង់ធំ។ គ្រួសារខ្ញុំ និងអ្នកភូមិផ្សេងទៀត បានដើរចេញពីភូមិមហាលាភ រហូតមកដល់ទន្លេបិទ សម្រាកមួយយប់ នៅពេលព្រឹក គ្រួសារខ្ញុំត្រូវឆ្លងសាឡាងទៅជ្រោយថ្មី និងបន្តជិះគោយន្តទៅដល់វត្តតាំងក្រសាំងរហូតទៅដល់ខេត្តកំពង់ធំ។ នៅថ្ងៃបន្ទាប់ ខ្ញុំនិងគ្រួសារបានបន្តដំណើរដោយថ្មើរជើងទៅភូមិសំបូរ ស្រុកសណ្ដាន់ និងបានធ្វើការនៅការដ្ឋាននៅទីនោះបានរយៈពេល២៧ថ្ងៃ។ នៅដើមឆ្នាំ១៩៧៩ កម្មាភិបាលខ្មែរក្រហម ដកកម្លាំងចេញ។

នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះប្រទេស និងប្រជាជនពីរបបខ្មែរក្រហម[2] ខ្ញុំ និងគ្រួសារ មិនរត់ទៅជាមួយខ្មែរក្រហម និងសម្រេចចិត្តវិលត្រឡប់មកភូមិវិញ។ ខ្ញុំ និងគ្រួសារបានរួចផុតពីសេចក្ដីស្លាប់ ស្របពេលដែលគ្រួសារជាច្រើនទៀតនៅក្នុងភូមិបានបាត់ដំណឹងរហូតមកដល់សព្វថ្ងៃនេះ។

អត្ថបទដោយ សាំង ចាន់ធូ


[1] បទសម្ភាសន៍ «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ជាមួយ ឈុន ញណ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ខែមករា ឆ្នាំ២០២១, សម្ភាសដោយ ទូច វណ្ណេត,​ មជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin