ចៀម អុង៖ រែកដីរហូតដល់រលូតកូន

ចៀម អុង រស់នៅក្នុងភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (២០២១)

(កំពង់ស្ពឺ)៖ ចៀម អុង កើតក្នុងឆ្នាំ១៩៤២ ភេទស្រី មានអាយុ ៧៩ឆ្នាំ មានទីកន្លែងកំណើតនិងរស់នៅក្នុងភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ អុង មានឪពុកឈ្មោះ ចៀម មឿង, ម្ដាយឈ្មោះ សោម អ៊ុក និងមានបងប្អូនស្រីបីនាក់។

នៅវ័យកុមារភាព អុង ដែលមានអាយុ១៣ឆ្នាំ បានឈប់រៀននៅសាលាវត្តស្តុក ដោយសារម្ដាយរបស់អុងឲ្យគាត់ជួយធ្វើស្រែចម្ការ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ អុង ដែលមានអាយុ១៥ឆ្នាំ បានរៀបការជាមួយប្តីឈ្មោះ ចិន សឿ នៅភូមិប៉ាង្កសី និងក្រោយមកមានកូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីពីរនាក់។

នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ នៅភូមិកំណើតរបស់អុង គឺមានយន្តហោះមក​ទម្លាក់គ្រាប់បែកនៅខាងលិចវត្តថ្មី។ នៅពេលនោះ គ្រួសារអុង បានកាប់ដើមត្នោតសម្រាប់ធ្វើលេណដ្ឋាន។

នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមបានឡើងកាន់អំណាច ដីធ្លីស្រែចម្ការ, គោក្របីជាច្រើនក្បាល និងស្រូវជាងប្រាំពីររយថាំងរបស់ម្តាយអុង ត្រូវប្រជាជនក្នុងភូមិ និងខ្មែរក្រហមប្រមូលយកទៅទាំងអស់។ អុង និយាយថាគ្រួសារគាត់មានការពិបាកចិត្តជាខ្លាំង។ អុង រំឭកថា ម្ដាយរបស់គាត់តែងតែចែកបបរស្ករដល់អ្នករងរបួស និងប្រជាជនដទៃទៀតកន្លងមក មិនគួរខ្មែរក្រហមធ្វើដាក់គ្រួសារគាត់យ៉ាងដូច្នេះទេ។

នៅរបបនោះ អុង ត្រូវចាត់ទុកជាប្រជាជនចាស់ និងត្រូវទៅរែកដីដំបូក រហូតដល់រលូតកូននៅភូមិអង្គក្តី។ បន្ទាប់មក អុង ដែលឈឺ និងហើមមុខ ត្រូវបានប្រជាជននៅត្រពាំងអូរម៉ាល់ទិតៀនថាគាត់បានជិះជាន់ប្រជាជន និងមិនទៅធ្វើការ។ អុង ចងចាំថា មានពេទ្យម្នាក់យករទេះគោមកដឹកគាត់ទៅព្យាបាលនៅវត្តអង្គ និងជួយដាំទឹកក្តៅឧណ្ហៗឲ្យគាត់ងូត ទើបគាត់បានជាសះស្បើយ និងរស់រានមានជីវិត។

ក្រោយមក អុង ត្រូវខ្មែរក្រហមបញ្ជូនឲ្យទៅបុកអង្ករ។ នៅពេលនោះ អុង បានបដិសេធខ្មែរក្រហម ដែលព្យាយាមចង់យកកូនប្រុសរបស់គាត់ដែលមានជំងឺប្រចាំកាយទៅធ្វើការនៅកងពិសេស ដោយគាត់លើកហេតុផលដែលម្ដាយរបស់គាត់ធ្លាប់ជួយអង្គការពីមុនមក ទើបកូនប្រុសរបស់គាត់នៅរស់រានមានជីវិត។ នៅរបបខ្មែរក្រហម អុង ថាអង្ករបីកំប៉ុងដាំបបរមួយខ្ទះធំសម្រាប់ចែកឲ្យប្រជាជនហូបក្នុងមួយពេល។ ចំណែក ប្រជាជនថ្មី ត្រូវខ្មែរក្រហមនាំខ្លួនយកទៅពីម្នាក់ទៅពីរនាក់ក្នុងមួយយប់ ដោយបាត់ខ្លួន និងមិនឃើញត្រលប់មកវិញនោះទេ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ អុង ប្រកបរបរជាអ្នកលក់អំបោស។ សព្វថ្ងៃ អុង មានជំងឺប្រចាំកាយដូចជាជំងឺលើសឈាម ជំងឺសន្លាក់ដៃជើង និងមានបញ្ហាចុកដើមទ្រូង៕

សម្ភាសដោយ កេង ភត្ត្រា ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin