ជិម រ៉េត៖ តៃកុងឡានដឹកដី

ឯកសារ KDI0456 , តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា,បទសម្ភាសន៍ ជិម រ៉េត, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣។

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៧៥ រ៉េត ចូលបម្រើបដិវត្តន៍នៅមន្ទីរ២១ តំបន់២៥ តាមរយៈសមមិត្ត ហ៊ត សេ ជាគណៈមន្ទីរ២១[1]។ អង្គការបានបញ្ជូនរ៉េតឲ្យចូលនៅមន្ទីរបើកបរ នៅក្រសួងកសិកម្ម។ ខាងក្រោម នេះជាសាច់រឿងរបស់រ៉េត ៖

ឈ្មោះ ជិម រ៉េត[2] ហៅ មួន ភេទស្រី ៤៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ បច្ចុប្បន្ន រ៉េត រស់នៅក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ រ៉េត បានរៀបរាប់ថា៖ “ខ្ញុំមានបងប្អូនចំនួន៨នាក់ ដែលក្នុង​នោះស្លាប់អស់២នាក់។ ឪពុកខ្ញុំឈ្មោះ ជិម មួង(ស្លាប់) និងម្ដាយខ្ញុំ​ឈ្មោះ ផន ផុន(ស្លាប់ឆ្នាំ១៩៨៣)។ ខ្ញុំជាកូនទី៦ នៅក្នុងគ្រួសារ។ ប្ដីខ្ញុំឈ្មោះ វណ្ណាមានមុខរបរជាពេទ្យ។ ខ្ញុំមានកូន ៤នាក់ ក្នុងនោះមានស្រី២នាក់។ កាលពីកុមារភាពខ្ញុំបានរៀនត្រឹមថ្នាក់ទី១១។ នៅពេលប្រទេសមានសង្រ្គាម អំឡុងឆ្នាំ១៩៧០ ខ្ញុំបាន ឈប់រៀន និងជួយធ្វើស្រែចំការឪពុកម្ដាយនៅក្បែរៗផ្ទះ។

នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមវាយចូលទីក្រុងភ្នំពេញ នៅក្នុងភូមិព្រែកតាប្រាក់ ចាប់ផ្ដើមមានការរៀបចំ ប្រមូលទ្រព្យសម្បត្តិដាក់ជារបស់សហករណ៍។ អង្គការចាត់តាំងឲ្យប្រជាជន ធ្វើរោងបាយរួម និងជង្រុកស្រូវរួម។ ប្រជាជនទាំងអស់សុទ្ធតែមានការងារធ្វើរៀងៗខ្លួន។

អង្គការជម្លៀសខ្ញុំទៅនៅសង្កាត់អង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។ ខ្ញុំត្រូវអង្គការចាត់តាំង ឲ្យដើររុះ រើផ្ទះប្រជាជនណាធំៗ ជាមួយក្រុមមិត្តនារី។ ខ្ញុំអាចហូបចុកបានគ្រប់គ្រាន់ មិនសូវលំបាកទេ។ នៅពេលរុះរើបានឈើគ្រប់គ្រាន់ អង្គការបញ្ជាឲ្យយើងសាងសង់រោងសម្រាប់ស្នាក់នៅ។ ខ្ញុំបានស្នាក់នៅរោងនោះរយៈពេល១ខែ។ អំឡុងពេលនោះ អង្គការឲ្យខ្ញុំលើកភ្លឺស្រែ ស្ថិតក្រោមការទទួលបន្ទុកពីប្រធាននៅស្រុកអង្គរជ័យឈ្មោះ ហ៊ត សេ។

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៧៥ ខ្ញុំចូលបដិវត្តន៍នៅមន្ទីរ២១ តំបន់២៥ តាមរយៈសមមិត្ត ហ៊ត សេ ជាគណៈមន្ទីរ២១។ អំឡុងពេលនោះ ខ្ញុំមានអាយុ២១ឆ្នាំ។ អង្គការបានជម្លៀសខ្ញុំពីភូមិព្រែកតាប្រាក់ សង្កាត់ តាលុន ស្រុកស្អាង ខេត្តកណ្ដាល តំបន់២៥ ភូមិភាគនីរតី មកទីក្រុងភ្នំពេញ។ នៅក្នុងទីក្រុងភ្នំពេញ ខ្ញុំឃើញសុទ្ធតែសំរាម និងផ្ទះធំៗ ប៉ុន្តែផ្ទះនីមួយៗគ្មានមនុស្សរស់នៅទេ។ ទីក្រុងស្ងាត់ឈឹង ប្រៀបបានដូចជាពេលយប់។

ខ្ញុំត្រូវអង្គការចាត់តាំងឲ្យចូលក្នុងអង្គភាពក្រសួងកសិកម្ម។ ពេលខ្ញុំនៅក្នុងអង្គភាពក្រសួងកសិកម្ម អង្គការចាប់ផ្ដើមជ្រើសរើសមិត្តនារីចំនួន១០នាក់ យកទៅបង្រៀនបើកឡាន ដើម្បីដឹកគ្រឿងសាងសង់រោងចក្រមានដូចជា ដឹកដី, ដឹកខ្សាច់, ដឹកឥដ្ឋ និង គ្រឿងដែកផ្សេងៗ។

ពេលជ្រើសរើសបានមនុស្សគ្រប់ចំនួន អង្គការបានឲ្យយើងទាំងអស់ទៅរៀនបើកឡាន ដោយមានគ្រូបង្ហាត់ត្រឹមត្រូវ។ ខ្ញុំទៅរៀនបើកឡានជារៀងរាល់ព្រឹក។ ខ្ញុំរៀនបើកឡានដំបូង ពិតជាពិបាកណាស់។ ខ្ញុំរៀនបានរយៈពេល១ខែ ទើបចេះបើកឡាន។ ពេលខ្ញុំរៀនចេះបើកឡាន អង្គការបានចាត់តាំងឲ្យខ្ញុំបើកឡានដឹកដី។ ចំណែកមិត្តនារីផ្សេងទៀត ត្រូវបើកឡានដឹកគ្រឿងដែក និងខ្សាច់។

ខ្ញុំបើកឡានដឹកដីពីភ្នំ​ឧត្តុង្គ​ មកចាក់នៅសង្កាត់បឹងសំយ៉ាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទីនេះ គឺជាកន្លែង ដែលត្រូវសាងសង់រោងចក្រ។ អង្គការមានគម្រោងកសាងរោងចក្រក្រឡឹងដែក។ ក្រោយពេលរោងចក្រសាងសង់រួច ខ្ញុំមិនឃើញអង្គការសម្ភោធទេ។ អង្គការចាប់ផ្ដើមជ្រើសរើសកម្មករ។ ខ្ញុំបានឃើញរោងចក្រដំណើរការបានល្អណាស់។

ប្រធានមន្ទីរកសិកម្មឈ្មោះ លី(មិត្តនារី) មកពី​ខេត្តកំពង់ឆ្នាំង។ ប្រធានក្រសួងកសិកម្ម ឈ្មោះសាវ៉េត (មិត្តបុរស)។ នៅក្នុងទីក្រុងភ្នំពេញ គ្មានប្រជាជនរស់នៅទេ មានតែកម្មកររោងចក្រទាំងអស់។ អង្គការហៅកម្មករ ជាអង្គភាព។ ជំនាន់នោះ ខ្ញុំមិនដែលឃើញមានការសម្តែងសិល្បៈទេ។

ទោះបីជារោងចក្រសាងសង់រួចក៏ដោយ ខ្ញុំនៅតែបើកឡានដដែរ។ រៀងរាល់ថ្ងៃសម្រាកពីការបើកឡាន គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខ្ញុំត្រូវប្រមូលគ្នាទៅស្ទូងស្រូវ។ នៅក្នុងមួយថ្ងៃ ខ្ញុំអាចហូបបាយបានពីរពេល។ បើសិនជាថ្ងៃទៅផ្ដល់ឈាម អង្គការអនុញ្ញាតឲ្យហូបអាហារក្នុងមួយថ្ងៃបីពេល។

នៅឆ្នាំ១៩៧៩ ខ្ញុំនាំមិត្តនារីនៅក្នុងអង្គភាពបើកឡានតាមខេត្តបាត់ដំបង ឆ្ពោះទៅជំរំសាយអេច។ ខ្ញុំបានស្គាល់គ្នាជាមួយប្តីរបស់ខ្ញុំឈ្មោះ វណ្ណា និងបានរៀបការជាមួយគ្នានៅឆ្នាំ១៩៨៣។ វណ្ណា មានទីកន្លែងកំណើតនៅក្នុងខេត្តកំពត។ នៅក្នុងជំរំខ្ញុំឈឺស្ទើរស្លាប់ ដោយសារតែជំងឺគ្រុនចាញ់និងគ្មានអាហារ។ ខ្ញុំឃើញមានមនុស្សស្លាប់ច្រើនណាស់។ នៅឆ្នាំ១៩៩២ ខ្ញុំនិងវណ្ណា បានត្រលប់មករស់នៅស្រុកកំណើតវិញ។

អត្ថបទដោយ វី ស៊ីថា


[1] លេខឯកសារ I01811, តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា ។

[2] លេខឯកសារ KDI0456 , តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា,បទសម្ភាសន៍ ជិម រ៉េត, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៣។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin