សង្រ្គាមបានធ្វើឲ្យប្រទេសជាតិគ្មានការអភិវឌ្ឍ និងប្រជាជនរងទុក្ខ

នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ១៩៥៣[1] ប្រទេសជាតិ បានរួចផុតពីអាណាព្យាបាលបារាំង ប្រទេសជាតិ ចាប់ផ្តើមមានសុខសន្តិភាព មានការអភិឌ្ឍន៍ស្ទើរគ្រប់វិស័យទាំងអស់។ ជាការពិតណាស់ របបរាជានិយម ដែលបានដឹកនាំប្រទេស ដោយសម្តេច ព្រះនរោត្តមសីហនុ ប្រជាជនស្ទើរទូទាំងប្រទេសគោរពស្រលាញ់ព្រះអង្គ ក្នុងការដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ តែការដឹកនាំប្រទេសជាតិ មិនបានយូរប៉ុន្មានផង ក៏កើតមានរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តមសីហនុ ដោយឧត្តមសេនីយ៍លន់ នល់ ។ នៅពេលនោះប្រជាជនទូទាំងប្រទេស ជួបទុក្ខលំបាកគ្រប់បែបយ៉ាង ដូចជាប្រជាជនម្នាក់រស់នៅតាមស្រុកស្រែចម្ការតាមជនបទ ដែលមានឈ្មោះ ជិន រឿន ជាក្មេងស្រីម្នាក់ ដែលកំពង់តែស្រលាញ់ការសិក្សារៀនសូត្រ ត្រូវបានបោះបង់ចោលសាលាដោយសារសង្រ្គាម។

រឿន [2]កើតនៅឆ្នាំ១៩៤៩ ជនជាតិខ្មែរ មានឪពុកឈ្មោះ ចៀម ម្តាយឈ្មោះ ស៊ឹម (ស្លាប់ជំនាន់ខ្មែរក្រហម)។ រឿន មានបងប្អូនបង្កើតចំនួន៦នាក់ នៅក្នុងនោះមានស្រី៤ ប្រុស២ រស់នៅភូមិឫស្សីកែវ ឃុំឫស្សីកែវ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ នៅមុខឆ្នាំ១៩៧០ រឿន បានចូលសិក្សារៀនសូត្រនៅសាលាបឋមសិក្សាឫស្សីកែវ បានត្រឹមថ្នាក់ទី៩ចាស់ ឈប់រៀនដោយសារតែប្រទេសជាតិ កើតមានសង្រ្គាម។

នៅឆ្នាំ១៩៧១ រឿន បានស្ម័គ្រចិត្តចូលបម្រើចលនាខ្មែរក្រហម តាមការឃោសនារបស់ប្រធានភូមិឈ្មោះ ឈឹម និងឈ្មោះ ថេរ។ ដំបូងឡើយ ចូលធ្វើជាសមាគមនារី ឃុំឫស្សីកែវ និងបន្តចូលជានារីសិល្បៈ រាំច្រៀងតាមបែបបទបដិវត្តន៍ ដើម្បីឃោសនាឲ្យកម្លាំងយុវជន យុវនារី ដែលមានការឈឺចាប់ និងរបបជិះជាន់ របបមូលធន ដែលតែងតែគាបសង្កត់មកលើប្រជាជនក្រីក្រ នៅពេលនោះ មានកម្លាំងចលនាទាំងប្រុសស្រី បានប្រមូលគ្នាស្ម័គ្រចិត្តចូលជាមួយក្រុមចលនាខ្មែរក្រហមនៅក្នុងព្រៃ ដើម្បីធ្វើការវាយប្រឆាំង ជាមួយរបប លន់ នល់។

នៅឆ្នាំ១៩៧២ រឿន ត្រូវបានអង្គការ ចាត់តាំងឲ្យចូលបម្រើជា នារីពេទ្យយោធាប្រចាំភូមិភាគ(៣០ ៤)។ កាលនោះ រឿន ចូលធ្វើជានារីពេទ្យដំបូង អង្គការចាត់តាំងឲ្យទៅសិក្សារៀនសូត្រ អំពីរុក្ខជាតិឫសឈើ សម្បកឈើ និងស្លឹកឈើ ដែលអាចយកមកផ្សំស្លជាថ្នាំបាន ក្រុមនារីពេទ្យ មានគ្នាទាំងអស់១៩នាក់ ដែលមានប្រធានឈ្មោះ បងស៊ូ បងគា និងបងសៀន។ នៅឆ្នាំ១៩៧៣ រឿន បានចូលធ្វើជាពេទ្យយោធាខ្មែរក្រហម ដើរតាមសមរភូមិ រួចបានឡើងវាយប្រយុទ្ធ ជាមួយទាហានឧត្តមសេនីយ៍លន់ នល់ ស្ទើរគ្រប់ទីកន្លែងទាំងអស់ ចាប់ពីខេត្តក្រចេះ ឆ្លូង កំពង់ចាម កំពង់ធំ តាមផ្លូវលេខ៦អា រួចបន្តវាយចូលទីក្រុងភ្នំពេញ។

នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ រឿន ក្លាយជានីរសាដើរតាមឈ្មោះ តាសៀក នៅពេលវាយចូលទីក្រុងភ្នំពេញ។  រឿន បានសង្កេតឃើញថា ប្រជាជនត្រូវខ្មែរក្រហម ជម្លៀសចេញពីទីក្រុងទាំងអស់ ក្នុងរយៈពេលបីទៅបួនថ្ងៃប៉ុណ្ណោះ។ រឿន មិនបានឈរជើងនៅក្នុងទីក្រុងភ្នំពេញទេ អង្គការចាត់តាំងឲ្យទៅប្រចាំការនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅអំឡុងឆ្នាំ១៩៧៥ ដដែល អង្គការបានបញ្ជូន រឿន និងយោធាខ្មែរក្រហម រាប់ពាន់នាក់ ភាគច្រើនសុទ្ធជានារី តាមរថយន្តធំៗ សំដៅទៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។ នៅពេលនោះខ្មែរក្រហម បានបង្កើតចេញជាកងពល៩២០ ប្រធានឈ្មោះ​ តាឈិន និងតាសយ។ រឿន បានមកដល់ខេត្តមណ្ឌលគិរី មានតួនាទី ជាអ្នកស្លថ្នាំដដែល ពីព្រោះ មានជំនាញ តាំងពីចូលធ្វើការងារដំបូង កាលនៅខេត្តក្រចេះ។ វិធីយករុក្ខជាតិចំរាញ់ចេញជាថ្នាំពេទ្យបាន យើងត្រូវចេះរកមើលដើមឈើមួយណាឬ ឫសឈើមួយណា​ ដែលអាចផលិតចេញជាថ្នាំពេទ្យសម្រាប់ព្យាបាលបាន នៅជំនាន់ខ្មែរក្រហម ថ្វីត្បិតតែបុគ្គលិកពេទ្យ នៅក្នុងរបបខ្មែរក្រហម មិនបានសិក្សារៀនសូត្រខ្ពង់ខ្ពស់ តែយើងអាចរៀនយកបទពិសោធន៍ផ្ទាល់ យើងអាចផលិតជាប្រភេទថ្នាំទឹកសម្រាប់ចាក់ឲ្យអ្នកជំងឺផង និងថ្នាំគ្រាប់សម្រាប់លេបផង យើងនៅមានមន្ទីរពិសោធន៍ និងមានថ្នាំពេទ្យមួយចំនួនផ្សេងទៀត ដែលជាជំនួយរបស់ប្រទេសប្រជាមានិតចិន រួមទាំងបុគ្គលិកពេទ្យជនជាតិចិនក៏មកដែរ។ ថ្នាំទាំងនោះផលិតសម្រាប់ព្យាបាលយោធាខ្មែរក្រហម ដែលមានតួនាទីការពារព្រំដែន។ នៅជំនាន់ខ្មែរក្រហម បុរស និងស្រ្តី មិនអាចឈរនិយាយគ្នាតែពីរនាក់បានទេ អង្គការដឹង ច្បាស់ជាចោទថា ខុសសីលធម៌ រឿងខុសសីលធម៌ ជារឿងស្លាប់ មិនអាចធ្វើខុសបានទេ សូម្បីតែរបបអាហារខ្វះខាតក៏មិនហ៊ានរអ៊ូដែរ។

នៅឆ្នាំ១៩៧៧ នៅក្នុងជួរយោធាខ្មែរក្រហម មានការសង្ស័យទៅលើគ្នាថា ភូមិភាគនេះក្បត់ ភូមិភាគនោះក្បត់ ទើបឈានដល់ការចាប់ខ្លួនកម្មាភិបាលយោធាមួយចំនួនយកទៅបាត់ មិនដែលឃើញត្រលប់មកវិញទេ បន្ទាប់មកទៀត ប្រធានកងពល ដូចជា តាឈិន តាសយ ព្រមទាំងនីរសា និងប្រពន្ធកូន អង្គការហៅទៅរៀនសូត្រ បាត់ខ្លួនរហូតនេះ។ នៅអំឡុងឆ្នាំ១៩៧៧ មានប្រធានកងពលថ្មី ឈ្មោះ កែវ សារឿន ប្រពន្ធឈ្មោះ យាយវិន បានមកគ្រប់គ្រងកងពល៩២០ វិញ។ នៅពេលនោះ សភាពការណ៍ក្នុងជួរយោធាខ្មែរក្រហម កាន់តែអាក្រក់ឡើងៗ ចេះតែបន្តចាប់ជាបន្តបន្ទាប់រហូតដល់ពាក់កណ្តាលឆ្នាំ១៩៧៨ បានធូរស្រាលបន្តិច។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្រោះជាតិកម្ពុជា និងកងស្ម័គ្រចិត្តវៀតណាម បានមកដល់ប្រទេសកម្ពុជា និងបានកាន់កាប់ទីក្រុងភ្នំពេញ ជាសញ្ញាប្រាប់ថា របបខ្មែរក្រហមត្រូវបានស្គាល់ថា ជារបបកម្ពុជាប្រជាធិបតេយ្យត្រូវបានបញ្ចប់ទាំងស្រុង[3]។ រឿន និងយោធាខ្មែរក្រហម ជាច្រើននាក់ទៀត ខ្លាចវត្តមានកងទ័ពវៀតណាម និងប្រជាជន បាននាំគ្នារត់ចូលព្រៃជ្រៅ ទាំងលំបាក វេទនាណាស់ រត់យូរៗទៅវង្វេងគ្នាអស់ គ្មានអាហារហូបចុក សូម្បីតែទឹកហូប ក៏គ្មានផង ដល់ថ្នាក់ផឹកទឹកនោមខ្លួនឯង។ នៅពេលរត់ចូលព្រៃ ឃើញមានមនុស្សស្លាប់ផ្ទាល់ភ្នែក ដោយសារគ្មានអាហារ គ្មានទឹក និងកើតមានជំងឺគ្រុនចាញ់ថែមទៀត។

នៅក្រោយឆ្នាំ១៩៧៩ ថ្វីត្បិត ប្រជាជនភាគច្រើនបានដឹងថា របបខ្មែរក្រហម ឃោរឃៅ ព្រៃផ្សៃ សម្លាប់ប្រជាជនខ្លួនឯងនៅទូទាំងប្រទេសកម្ពុជា ចន្លោះមួយលានប្រាំពីរសែននាក់ ទៅពីរលានពីរសែននាក់[4] ទោះបី ខ្មែរក្រហម ធ្វើបាបប្រជាជនយ៉ាងណា? និងយោធា កម្មករ រងគ្រោះយ៉ាងណា? បាត់បង់ឪពុកម្តាយ សាច់ញាតិបងប្អូនយ៉ាងណា? តែយុទ្ធសាស្រ្តឃោសនារបស់មេដឹកនាំខ្មែរក្រហម ស្របពេលដែលមានវត្តកងទ័ពវៀតណាម មកលើទឹកដីខ្មែរ ធ្វើឲ្យកម្លាំងចលនាខ្មែរក្រហម កើតមានសារជាថ្មី នៅតាមព្រំដែនខ្មែរ-ថៃ ប្រមូលកម្លាំងឡើងវិញ បានយ៉ាងឆាប់រហ័ស និងបានជាច្រើនកងពល បន្តវាយប្រយុទ្ធជាមួយកងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលនៅតាមព្រំដែន អស់រយៈពេលជាច្រើនឆ្នាំ ធ្វើឲ្យប្រជាជនស៊ីវិល និងកងទ័ពខ្មែរ ស្លាប់ជាបន្តបន្ទាប់ទៀត។ រឿន ក៏ជាយោធាខ្មែរក្រហម មួយរូបដែលបានស្ម័គ្រចិត្តចូលតស៊ូនៅតាមព្រំដែន-ថៃ ដើម្បីប្រឆាំងវត្តមានកងទ័ពវៀតណាម។

នៅឆ្នាំ១៩៩១ រឿន បានមករស់នៅស្រុកអន្លង់វែង លើភ្នំដងរែក ជាមួយក្រុមចលនាខ្មែរក្រហម ដឹកនាំដោយតាម៉ុក ផ្ទាល់ កាលនោះ រឿន មានប្តី មានកូនលែងទៅសមរភូមិមុខ គឺនៅសមរភូមិក្រោយ ជួយបិតចំរូង សម្រាប់ការពារ កុំឲ្យកងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលចូលមកបាន។ ចាប់ពីឆ្នាំ១៩៩៧ រហូតដល់៩៨ កម្លាំងខ្មែរក្រហម នៅតំបន់អន្លង់វែង កើតមានទំនាស់ផ្ទៃក្នុងបានធ្វើការចោទប្រកាន់គ្នាថា អ្នកនេះក្បត់ អ្នកនោះក្បត់ ចេះតែមានការសង្ស័យគ្នា ដូចនៅជំនាន់ខ្មែរក្រហមដែរ។ រឿន ជាស្រ្តី មិនសូវបានដឹងរឿងនយោបាយផ្ទៃក្នុងរបស់មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទេ គ្រាន់តែបានដឹងតាមការខ្សឹបខ្សេវគ្នា ពីមាត់មួយ ទៅមាត់មួយថា ខ្សែខ្មែរក្រហម នៅតំបន់អន្លង់វែង មានពីរ ទី១) ខ្មែរក្រហម និយមប៉ុល ពត ដូចជា ប្រធានកងពលឈ្មោះ តាសារឿន(០៥) និងតាសាន(០៦) ដែលពីមុន ជាខ្សែរបស់តាម៉ុក និងខែ្សទី២) និយមតាម៉ុក មានប្រធានកងពលមួយចំនួនទៀត នៅខាងតាម៉ុក ចំពោះមេដឹកនាំជាន់ខ្ពស់ពីររូប ដូចជាតា នួន ជា តាខៀវ សំផន អ្នកទាំងពីរនាក់នេះ នៅកណ្តាល សម្ងំសុខ មិននិយមខាងណាទេ។ ទើបក្រុមនិយមប៉ុល ពត បានបញ្ជាប្រធានកងពលឈ្មោះ តាសារឿន, តាសាន និងក្រុមបក្ខពួក ចុះមកបាញ់ប្រហារក្រុមគ្រួសារសុន សេន ទាំងពូជ នៅឆ្នាំ១៩៩៧។

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ រឿន និងប្រជាជនរស់នៅតំបន់អន្លង់វែង ជាតំបន់ខ្មែរក្រហម ចុងក្រោយ ដែលបានធ្វើសមាហរណកម្ម ជាមួយរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ[5] ធ្វើឲ្យប្រជាជន រស់នៅបានសុខសប្បាយ កូនចៅ មានឱកាសបានសិក្សារៀនសូត្រ ខ្ពង់ខ្ពស់ គ្រួសារខ្លះ មានលទ្ធភាព បានសិក្សារៀនសូត្រដល់ទីក្រុង​ភ្នំពេញ។ សព្វថ្ងៃនេះ រឿន រស់នៅភូមិពពែល ឃុំប្រទាលជ្រុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នៅពេលប្រទេសជាតិមានសុខសន្តិភាពលែងមានសង្រ្គាម។ រឿន បានសប្បាយចិត្ត ពីព្រោះលែងភ័យខ្លាចរឿងសង្រ្គាម ដេកក្នុងព្រៃ ឥឡូវយើងមានផ្ទះសម្បែង រកស៊ីប្រកបមុខរបរធ្វើស្រែចម្ការរៀងខ្លួន មានសាលារៀន មានមន្ទីរពេទ្យ មានផ្សាររកស៊ីសេរី មានផ្លូវថ្នល់ល្អ សម្រាប់ធ្វើដំណើរ ទៅលេងស្រុកកំណើត។ រឿន បានរៀបរាប់បន្តថា សព្វថ្ងៃ មានវ័យចំណាស់ទៅហើយ គ្មានកម្លាំងគ្រប់គ្រាន់សម្រាប់ប្រកបមុខរបរស្រែចម្ការទេ នៅពេលនេះក៏បោះចោលមុខវិជ្ជាពេទ្យដែរ ចាប់យកមុខរបរជាគ្រូទាយម្តង ពីព្រោះខ្លួនកាន់តែចាស់ ជំងឺចេះតែកើតមានប្រចាំកាយ លំបាកខ្លាំងណាស់៕

មជ្ឈមណ្ឌលឯកសារកម្ពុជា

អត្ថបទដោយ សុខ វណ្ណៈ


[1] ធឿន បញ្ញាឬទ្ធិ. ថ្មីៗ. (នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤). តំណរភ្ជាប់៖ https://thmeythmey.com/?page=detail&id=141798 ថ្ងៃចូលអាន៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។

[2] ឯកសារលេខ OMI0001 (2006) សម្ភាសន៍ ជាមួយឈ្មោះ ជិន រឿន ហៅ សាម៉ិ ដោយលោកឡុង ដានី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៦

[3] ផេង ពង្សរ៉ាស៊ី ដកស្រង់ចេញពីសៀវភៅ ប្រត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០២០ នៅជំពូកទី១៣ នៅក្នុងទំព័រ ៧៥។

[4] មួយលានប្រាំពីសែននាក់ តាមការស្រាវជ្រាវ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា

ពីរលានពីរសែននាក់ តាមការស្រាវជ្រាវ ជាការរកឃើញថ្មី របស់តុលាការកូនកាត់ សម្រាប់កាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម

[5] ដកស្រង់ចេញពីគោលនយោបាយឈ្នះឈ្នះ របស់រដ្ឋាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin