ជិន អ៊ា ហៅ ស៊ូ ៖ ប្អូនប្រុសរបស់ កុយ ធួន និង ជាប្រធានពាណិជ្ជកម្មតំបន់ ២២ ភូមិភាគបូព៌ា(២០៣)

ខ្ញុំឈ្មោះ ជិន អ៊ា ហៅ ស៊ូ[1] អាយុ៣៥ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ មានគ្រួសារហើយ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ តំបន់២២ ភូមិភាគបូព៌ា។ តាំងពីខ្ញុំធំដឹងក្ដីមករស់នៅជាមួយឪពុកម្ដាយរហូតដល់ឆ្នាំ១៩៤៨ ឪពុកម្ដាយបាននាំទៅនៅវត្តអំពិល ក្នុងភូមិកំណើត។ នៅឆ្នាំ១៩៥០ បងប្រុសខ្ញុំឈ្មោះ កុយ ធួន[2] បានយកខ្ញុំមករៀននៅភ្នំពេញ។ ចាប់ពីឆ្នាំ១៩៥៥ បងប្រុសប្រឡងជាប់គ្រូគាត់ទៅបង្រៀននៅស្រុកសំបូរ ខេត្តក្រចេះ ខ្ញុំត្រឡប់មករៀននៅសាលាព្រែកដំបូកនៅភូមិកំណើត វិញ។ អំឡុងឆ្នាំ១៩៥៦ បងប្រុស បាននាំខ្ញុំមករៀននៅសាលាបឋមសិក្សាស្រុកសំបូរជាមួយគាត់។ នៅឆ្នាំ១៩៥៧ ខ្ញុំមករៀននៅសាលាបឋមសិក្សាក្រចេះ ព្រោះបងប្រុសគាត់ផ្លាស់ពីស្រុកសំបូរមក ទីរួមខេត្តក្រចេះ។ ឆ្នាំ១៩៥៩ ខ្ញុំមករៀននៅអនុវិទ្យាល័យជីហែ ស្រុកកោះសូទិន បានរយៈពេល១ឆ្នាំបងប្រុសខ្ញុំ បានយកខ្ញុំមករៀននៅវិទ្យាល័យយុគន្ធរក្រុងភ្នំពេញវិញ។ ឆ្នាំ១៩៦២ ខ្ញុំមករៀននៅវិទ្យាល័យសីហនុ ក្រុងកំពង់ចាម។ ពេលនោះបងប្រុសបានឱ្យខ្ញុំនៅជាមួយ ទិន គឹមហុង និង តឹក គឹមអុន។ ខ្ញុំនៅជាមួយ ទិន គឹមហុង និង តឹក គឹមអុន អប់រំខ្ញុំឱ្យស្គាល់របបកុម្មុយនីស្ត និងលោកសេរី។ ក្រោយមកក្នុងឆ្នាំ១៩៦៣ ទិន គឹមហុង និង តឹក គឹមអុន បញ្ជូលខ្ញុំជាសមាជិក សេ-អ៊ី-អា ដែលកាលចូលដំណាលខ្ញុំមានឈ្មោះ លាង គឹមហួត, ឡាវ ណាំ និង ឈន ប៊ុនងួន គឺជាសិស្សវិទ្យាល័យ សីហនុ ក្រុងកំពង់ចាម។
ក្រោយមកនៅចុងឆ្នាំ១៩៦៤ ខ្ញុំចូលបង្រៀននៅវិទ្យាល័យចំរើនវិជ្ជា ក្រុងភ្នំពេញ។ ក្នុងពេលនោះឈ្មោះ តឹក គឹមអុន បានឧទ្ទេសនាមខ្ញុំឱ្យទាក់ទងជាមួយឈ្មោះ សូ សាផន លេខាស្រុកកំពង់រោទិ៍ តំបន់២៣[3] និងឈ្មោះ តាំង ខែត្រ។ ក្រោយមកនៅឆ្នាំ១៩៦៨ ខ្ញុំបង្រៀននៅវិទ្យាល័យកម្ពុជបុត្រ។
នៅឆ្នាំ១៩៦៩ ខ្ញុំជាប់គុកនៅព្រៃសបានរយៈពេល១ឆ្នាំទើបខ្ញុំចេញវិញ។ ពេលខ្ញុំចេញពីគុក សូ សាផន អប់រំខ្ញុំឱ្យខិតខំធ្វើយ៉ាងណាបន្តបង្កប់ខ្លួនឱ្យជ្រៅក្នុងមូលដ្ឋានរបស់ខ្មែរក្រហម ហើយឱ្យខ្ញុំទាក់ទងជាមួយឈ្មោះ ស៊ាត ឆែ ដែលនៅខាងភូមិភាគបូព៌ា។ សូ សាផន បានឱ្យលិខិតខ្ញុំមួយទុកឱ្យ ស៊ាត ឆែ ដើម្បីបន្តខ្សែរយៈឡើងវិញ។ បន្ទាប់ពីខ្ញុំចេញពីគុកខ្ញុំមិនបានធ្វើសកម្មភាពអ្វីទេមកនៅផ្ទះនៅស្រុកកំណើតរហូតដល់ខែកក្កដា ឆ្នាំ១៩៧១ ខ្ញុំបានជួបឈ្មោះ ហេង គឺជាប្រធានសេដ្ឋកិច្ចតំបន់២២ និងធ្លាប់ស្គាល់គ្នាកាលរៀននៅសាលាព្រែកដំបូក។ ខ្ញុំបានសួររក ស៊ាត ឆែ តាមរយៈឈ្មោះ ហេង។ ហេង ប្រាប់ខ្ញុំអំពី ស៊ាត ឆែ កាលចេញពីក្រុងមកធ្វើការតស៊ូបដិវត្តន៍នៅជនបទ ហើយបានប្រែឈ្មោះ ពីស៊ាត ឆែត មកឈ្មោះ ខឹម គឺជាប្រធានតំបន់២២ មន្ទីររបស់គាត់នៅមហាលាភ ស្រុកកោះសូទិន តំបន់២២ ភូមិភាគបូព៌ា។ ហេង បាននាំខ្ញុំទៅ បានជួប ស៊ាត ឆែ ហើយខ្ញុំបានប្រគល់លិខិតដែលឈ្មោះ សូ សាផន ឱ្យយកជូនគាត់។ បង ខឹង បានរៀបរាប់ខ្សែធ្លាប់នៅវិទ្យាល័យចំរើនវិជ្ជា និងកម្ពុជបុត្រមកភូមិភាគបូព៌ាមាន៖ ឈ្មោះ ធុច ពីមុនសាស្រ្តាចារ្យ នៅកម្ពុជបុត្រ បច្ចុប្បន្ន(ឆ្នាំ១៩៧៧) គឺជាអនុលេខាតំបន់២៣ ភូមិភាគបូព៌ា, ឈ្មោះ ព្រំ សាមិត្រ ពីមុនជាប្រធានសិស្សនៅវិទ្យាល័យកម្ពុជបុត្រ បច្ចុប្បន្ន(ឆ្នាំ១៩៧៧) គឺជាលេខាស្រុកមានជ័យថ្មីតំបន់២៣ ភូមិភាគបូព៌ា, ឈ្មោះ កិម ហៅ ធាន ពីមុនជាសិស្សវិទ្យាល័យចម្រើនវិជ្ជា បច្ចុប្បន្ន(ឆ្នាំ១៩៧៧) គឺជាប្រធានយុវជនភូមិភាគបូព៌ា, ឈ្មោះ វណ្ណៈ ភាព ហៅ មាឃ ពីមុនសិស្សវិទ្យាល័យចំរើនវិជ្ជា បច្ចុប្បន្ន(ឆ្នាំ១៩៧៧)គឺជាលេខា ស្រុកក្រូចឆ្មារ តំបន់២០ភូមិភាគបូព៌ា, ឈ្មោះ ឈន់ ពីមុនជាសិស្សនៅវិទ្យាល័យចំរើនវិជ្ជា បច្ចុប្បន្ន(ឆ្នាំ១៩៧៧) គឺជាសមាជិកស្រុកកោះសូទិន តំបន់២២ ភូមិភាគបូព៌ា,មៀច សយ ពីមុនជាសិស្សវិទ្យាល័យកម្ពុជបុត្របច្ចុប្បន្ន(ឆ្នាំ១៩៧៧) គឺជាសមាជិកស្រុកល្វាឯម តំបន់២២,ឈ្មោះ ជុំ វិរៈ ពីមុនគឺជាសិស្សវិទ្យាល័យកម្ពុជបុត្របច្ចុប្បន្ន(ឆ្នាំ១៩៧៧) នៅយោធាតំបន់២២។ ក្រោយពីបង ខឹម រៀបរាប់ចប់ខ្ញុំបានលាគាត់ត្រឡប់មកវិញប៉ុន្តែបង ខឹម បានឱ្យលិខិតខ្ញុំមួយព្រមទាំងឱ្យខ្ញុំយកទៅជូនមិត្ត ងឹន គឺជាប្រធានស្រុកស្រីសន្ធរ ដើម្បីធ្វើការងារបដិវត្តន៍។ កន្លះខែក្រោយខ្ញុំបានយកលិខិតនោះទៅឱ្យបង ងឹន។ ក្រោយពី ងឹន អានហើយឱ្យខ្ញុំនៅជាមួយធ្វើជាលេខារបស់គាត់។ មួយរយៈក្រោយមកបង ងឹន ប្រាប់ខ្ញុំថា បងខឹម លេខាតំបន់២២ គាត់ដូរពីឈ្មោះ ខឹម មកឈ្មោះ ទុំ[4] វិញ។ បន្ទាប់មក បងងឹន បានចាត់តាំងខ្ញុំមកធ្វើជាប្រធានមន្ទីរស្រុកស្រីសន្ធរ។ លុះដល់ចុងខែវិច្ឆិកា ឆ្នាំ១៩៧១ បងងឹន បានឱ្យខ្ញុំមកចូលរួមសន្និបាតភូមិភាគចាប់ផ្ដើមនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៧១ ដែលមានអ្នកចូលរួមលេខាស្រុកទាំងអស់ ក្នុងតំបន់២២និងប្រធានមន្ទីរជុំវិញតំបន់ និងស្រុកទាំងអស់។ ចំណែកទីតាំងសន្និបាតនៅស្រុកក្រូចឆ្មារ តំបន់២១ ដែលមាន បងភឹម លេខាភូមិភាគបូព៌ា គឺជាអធិបតី។ រយៈពេល១សប្ដាហ៍ទើបសន្និបាតចប់ហើយ បងភឹម បានឱ្យសមាជិកសម្រាកមួយថ្ងៃទើបឱ្យត្រឡប់ទៅមូលដ្ឋានវិញ។ នៅថ្ងៃសម្រាកមុនចេញមកមូលដ្ឋានវិញខ្ញុំបាននិយាយលេងជាមួយបងៗដឹកនាំតាមមូលដ្ឋានក៏មានយុវជនម្នាក់ហៅខ្ញុំបងទុំចង់ជួប។ ខ្ញុំបានដើរតាមយុជននោះទៅដល់ឃើញ បងទុំ និងបងភឹម កំពុងនិយាយគ្នា។ បងទុំ ឃើញខ្ញុំហៅចូលនិងឧទ្ទេសនាមខ្ញុំប្រាប់ បងភឹម ហើយនិយាយប្រវត្តិខ្ញុំខ្លះប្រាប់ បងភឹម។ ក្រោយមកខ្ញុំជម្រាបលាបងភឹម និងបងទុំមកវិញហើយស្អែកមកមូលដ្ឋានវិញ។ ក្រោយមកគណៈកម្មាធិកាតំបន់២២ មានបងទុំគឺជាប្រធាន និងគណៈកម្មាធិការស្រុកស្រីសន្ធរមានបង ងឹន គឺជាប្រធាន បានចាត់តាំងខ្ញុំគឺជាសមាជិកស្រុកស្រីសន្ធរ។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧២ បងទុំ បានឱ្យនីរសាររបស់គាត់មកតាមខ្ញុំឡើងទៅធ្វើការនៅភូមិភាគជាមួយគាត់។ ពេលខ្ញុំបានជួបបងទុំ ដែលទទួលបានលិខិតពីបងភឹម ឱ្យចូលរួមប្រជុំពិសេសនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧២ កុំបីខាន។
នៅខែវិច្ឆិកា ឆ្នាំ១៩៧៣ បងទុំ បានឱ្យនីរសាររបស់គាត់មកតាមខ្ញុំពីកន្លែងធ្វើការទៅជួបគាត់ជាបន្ទាន់នៅមន្ទីរស្រុកស៊ីធរកណ្ដាល តំបន់២២។ ខ្ញុំប្រញាប់ទៅកន្លែងបងទុំ ហើយពេលទៅដល់ខ្ញុំបានជួបបងមុត, បងងឹន, បងឆន, បងផុន, បងសាម៉ន, បងឌឹម, បងសយ និង បងមុត កំពុងពិភាក្សាជាមួយតាភឹម អំពីផែនការប្រឆាំងនឹងបក្សកុម្មុយនីស្ដកម្ពុជា។ នៅពាក់កណ្ដាលឆ្នាំ១៩៧៤ គណៈកម្មាធិកាតំបន់២២ ដែលមានបងទុំគឺជាប្រធានបានដកខ្ញុំចេញពីសមាជិកស្រុកស្រីសន្ធរ ហើយបានចាត់តាំងខ្ញុំទទួលជាប្រធានពាណិជ្ជកម្មតំបន់២២វិញ។
នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៧៥ ក្រោយកិច្ចប្រជុំមួយចប់សមាជិកបានសម្រាកមួយយប់ស្អែកឡើងបានចេញដំណើរមកមូលដ្ឋានវិញ។ បងទុំ, បងងិន, បងផុន, បងឆន និងខ្ញុំកំពុងរៀបចំអីវ៉ាន់ស្រឡប់មកវិញនីរសារតាភឹម បានហៅបងទុំ ទៅជួបគាត់មួយភ្លែត។ ពួកខ្ញុំក៏នៅរង់ចាំបងទុំ មកពីជួបតាភឹម ប្រហែលរយៈពេល១ម៉ោងឃើញមកទុំដើរមកវិញយើងបានធ្វើដំណើរទៅមន្ទីររបស់បងទុំ នៅភូមិមហាលាភ សង្កាត់មហាលាភ ស្រុកកោះសូទិន តំបន់២២។ ពេលហូបបាយល្ងាចរួចមកទុំ ប្រាប់ថាគាត់នឹងត្រូវខ្មែរក្រហមដកចេញពីតំបន់២២ យកទៅឱ្យធ្វើការនៅក្រុងភ្នំពេញឆាប់ៗ។ ហេតុនេះបងភឹម ណែនាំឱ្យរៀបចំអ្នកទទួលផែនការសម្ងាត់ជំនួសគាត់នៅតំបន់២២។ ម្យ៉ាងទៀតបងភឹម បានឱ្យខ្ញុំរៀបចំប្រជុំសម្ងាត់មួយមុនបងទុំ ទៅភ្នំពេញ និង អញ្ជើញ បងភឹម ចូលរួមដែរ។ បងទុំ បានកំណត់ថ្ងៃប្រជុំនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧៥ នៅមន្ទីរតំបន់ព្រែកតាមាក់ ក្នុងស្រុកខ្សាច់កណ្ដាល។ អ្នកចូលរួមប្រជុំមាន បងមុន គឺជាអនុលេខារតំបន់២២, បងងិន គឺជាលេខាស្រុកពារាំងតំបន់២២, បងម៉ិត លេខាស្រុកខ្សាច់កណ្ដាលតំបន់២២, បងឆន គឺជាលេខាស្រុកស៊ីធរកណ្ដាល តំបន់២២, បងផុន គឺជាលេខាស្រុកមុខកំពូលតំបន់២២, បងធា គឺជាកម្មាភិបាលជំនួយរបស់តំបន់, បងវណ្ណៈភាព ហៅ មាឃ គឺជាអនុប្រធានសង្គមកិច្ចតំបន់២២, បងសាម៉ន គឺជាប្រធានសន្តិសុខតំបន់២២, បងឌឹម គឺជាគណៈយោធាតំបន់២២, បងឆាយ គឺជាកណៈយោធាតំបន់២២, បងសយ គឺជាប្រធានក្រសួងយោធាពិការ តំបន់២២, ហេង គឺជាកម្មាភិបាលជំនួយរបស់តំបន់២២, ឈន់ គឺជាសមាជិកស្រុកកោះសុទិន តំបន់២២, ជុំ វិរៈ គឺជាយោធាតំបន់២២។ ទុំបានលើកឡើងមូលហេតុនៃការប្រជុំនេះអំពីចំណុចខ្សោយរបស់ខ្មែរក្រហមក្នុងពេលឡើងកាន់អំណាចទូទាំងប្រទេស និងកំណត់យកខែឧសភា ឆ្នាំ១៩៧៦ ដណ្ដើមអំណាចពីខ្មែរក្រហមមកវិញ។ បងទុំបានលើកឡើងថាគាត់នឹងត្រូវខ្មែរក្រហមដកពីតំបន់២២ ទៅធ្វើការនៅភ្នំពេញ ក្នុងខែកក្កដា ឆ្នាំ១៩៧៥ មានមិត្តមុត គឺជាអ្នកទទួលខុសត្រូវដឹកនាំការងារសម្ងាត់នៅក្នុងតំបន់២២។
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៧៦ បងមុត បានអញ្ជើញមកកន្លែងរបស់ខ្ញុំក្នុងសភាពប្រញាប់ប្រញាល់។ បងមុត ថាគាត់បានលិខិតពីនីរសារបងទុំល្ងាចម្សិលមិញម៉ោង៥កន្លះ។ ក្នុងលិខិតបងទុំប្រាប់ថាផែនការដណ្ដើមអំណាច នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៧៦ ត្រូវបែកការណ៍ដឹងដល់ខ្មែរក្រហមអស់ហើយមកដល់ពេលនេះពួកយើងមួយចំនួនត្រូវខ្មែរក្រហមចាប់ បងទុំ បញ្ជាឱ្យផ្អាកសកម្មភាពទាំងអស់លុះត្រាមានការណែនាំជាថ្មី។ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំបានទទួលលិខិតពីបងមុត។ នៅក្នុងលិខិតនោះបញ្ជាក់ថាឱ្យខ្ញុំចូលរួមប្រជុំពិសេសនៅភូមិភាគបូព៌ានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ ពេលល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ត្រូវមកជួបជុំគ្នានៅមន្ទីរតំបន់របស់បងមុត ស្ថិតនៅភូមិរកាធ្វា សង្កាត់ព្រែកពោធិ៍ ស្រុកស្រីសន្ធរ ដើម្បីព្រឹកឡើងងាយស្រួលចេញទៅភូមិភាគតែម្ដង។ ពេលខ្ញុំទៅដល់បានជួបជាមួយបង ងិន, បងម៉ិត, បងធន, បងធុន, បងវណ្ណៈភាព និង បងធា។ បងៗទាំងអស់គ្នានិងខ្ញុំបានចេញដំណើរដោយជិះឡានរបស់មន្ទីរតំបន់។ នៅម៉ោង២រសៀលទាំងអស់បានដល់កន្លែងប្រជុំភូមិភាគស្ថិតនៅ ក្នុងស្រុកក្រូចឆ្មារ តំបន់២១។ ក្នុងពេលនោះខ្ញុំក៏បានជួបជាមួយបងៗសមាជិកនៅតំបន់ផ្សេងៗដែល តាភឹម អញ្ជើញមក។ លុះព្រឹកឡើងបន្ទាប់ពីហូបបបរហើយអង្គប្រជុំចាប់ផ្ដើម ដោយតាភឹម លើកឡើង៖១) បញ្ជាក់អំពីមូលហេតុនេះការធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីបដិវត្តន៍ដែលកន្លងមកមិនបានសម្រេច, ២)ផែនការធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីពួកខ្មែរក្រហមជាលើកទី២ ,៣) វិធានការផ្សេងៗសម្រាប់អនុវត្តន៍។ ការប្រជុំបានឯកភាពការធ្វើរដ្ឋប្រហារនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៧ ខាងមុខនេះ។ ប្រជុំចង់ទាំងអស់គ្នាត្រឡប់ទៅមូលដ្ឋានវិញ។ រហូតដល់ដើមខែមីនា ឆ្នាំ១៩៧៧ ខ្ញុំត្រូវអង្គការឃាត់ខ្លួននិងឃុំឃាំង៕
[1] ឯកសារលេខ J00927 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ជិន អ៊ា ហៅ ស៊ូ-លើកទី៣៖ ប្រធានពាណិជ្ជកម្មតំបន់២៣» សរសេរជាអង្គលីលេខចំនួន១០១ទំព័រ។ កំណត់សម្គាល់ៈ ចម្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់ ជិន អ៊ា ហៅ ស៊ូពិតឬយ៉ាងណានោះទេ?, ឈ្មោះ ស៊ូ ប្អូនប្រុស កុយ ធួន។ ឯកសារលេខ J00920 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«អំពីផែនការរៀបចំបក្សថ្មីមួយដើម្បីធ្វើជាស្នូលសំរាប់ដឹកនាំចលនា គ្រប់គ្រងកសាង ព+ព កម្លាំងរបស់យើងខ្ញុំហើយនឹងដើម្បីបំផុសចលនាប្រឆាំងនឹង ប.ក.ក បច្ចុប្បន្ន» ទំព័រ២០។
[2] បងប្រុស ស៊ូ (កុយ ធួន) សរសេរឈ្មោះ កុយ ធួន មិនមែន កុយ ធន់ ឯកសារលេខ J00918 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«សកម្មភាពក្បត់បដិវត្តន៍របស់យើងខ្ញុំការទាក់ទងជាមួយវៀតណាម១៩៧០-១៩៧៦» សរសេរដោយដៃចំនួន១៦៧ទំព័រ។ទំព័រ៧។
[3] ឯកសារលេខ D10419 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ស្រុកកំពង់រោទិ៍តំបន់២៣» សរសេរជាអង្គលីលេខចំនួន១ទំព័រ។
[4] ឈ្មោះបដិវត្តន៍ ឯកសារលេខ J00902 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ចម្លើយ ស៊ាត ហៅ ទុំ៖ អតីតលេខាតំបន់២២-បូព៌ា» សរសេរជាអង្គលីលេខចំនួន១៥៩ទំព័រ។ ទំព័រ៥។