ចិន យ៉ែន ៖ រងគ្រោះព្រោះប្ដីធ្វើបដិវត្តន៍

ខ្ញុំឈ្មោះ ចិន យ៉ែន[1] អាយុ៥៧ឆ្នាំនៅឆ្នាំ២០០៥ មានទីកន្លែងកំណើតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ ខ្ញុំមានកូនចំនួន៥នាក់ គឺប្រុសចំនួន២នាក់ និងស្រីចំនួន៣នាក់។ កូនខ្ញុំត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ បន្ទាប់ពីឪពុកវាត្រូវបានចាប់ខ្លួនមុនរួចទៅហើយ។ ចំណែកប្ដីខ្ញុំឈ្មោះ ញ៉ែម ឈឿង គឺជាអតីតយោធាខ្មែរក្រហមនៅកងពល២៩០។ បងឈឿង មានឈ្មោះបដិវត្តន៍ ញ៉ែម សម្ងាត់។ គាត់មានអាយុ៣៨ឆ្នាំនៅឆ្នាំ១៩៧៦ និងមានស្រុកកំណើតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ តំបន់២០ ភូមិភាគបូព៌ា។[2] បង ឈឿង មានបងប្អូនចំនួន២នាក់សុទ្ធតែប្រុស។ ពួកគាត់ទាំងពីរនាក់បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ ឪពុកគាត់ឈ្មោះ ញ៉ែម និង ម្ដាយឈ្មោះ អុង យីវ ស្លាប់តាំងពីប្ដីខ្ញុំនៅតូចម្ល៉េះ។ បង ឈឿង បានរៀនសូត្រត្រឹមថ្នាក់ទី១០ កាលពីសង្គមចាស់ នៅសាលាក្របៅ ក្នុងស្រុកកំចាយមារ។
នៅឆ្នាំ១៩៦០ ប្តីខ្ញុំបានប្តូរឈ្មោះទៅជា ញ៉ែម សម្ងាត់ នៅពេលគាត់ចូលព្រៃធ្វើបដិវត្តន៍លើកដំបូង។ ក្រោយមក គាត់ និងអ្នកភូមិ១០នាក់ទៀតត្រូវខាងរាជការក្នុងរបបសង្គមរាស្រ្តនិយមចាប់ខ្លួនមកដាក់ ឃុំឃាំងនៅបន្ទាយក្របៅ ដោយចោទថាជាខ្មែរក្រហម។ ក្នុងរយៈកាលក្រោយមកទៀត អ្នកភូមិ៤នាក់ក្នុងចំណោម១០នាក់ ត្រូវនាំយកទៅសម្លាប់ចោល។ ខ្ញុំក៏ត្រូវកងទ័ពនៅបន្ទាយតាមចាប់ដែរបន្ទាប់ពីទាហានទាំងនោះចាប់ប្ដីខ្ញុំរួច។ ខ្ញុំបាននាំកូនរត់គេចទៅពួនក្នុងព្រៃស្ថិតនៅទឹកដីប្រទេសវៀតណាមរហូតដល់ឆ្នាំ១៩៧០ ទើបត្រលប់មករស់នៅក្នុងភូមិធម្មតាវិញ។ ក្រោយមកប្ដីខ្ញុំត្រូវបានដោះលែង។ គាត់បានសម្រេចចិត្តចូលព្រៃតស៊ូបន្តទៀត រហូតទទួលបាននាទីជាប្រធានយោធាវរសេនាធំ កងពលទី២ ភូមិភាគបូព៌ា(២០៣)។ បងឈឿង បានមកលេងផ្ទះតែក្នុងរយៈពេល១ខែ ឬ២ខែម្ដងប៉ុណ្ណោះ ព្រោះពេលវេលាភាគច្រើនរបស់គាត់គឺប្រចាំការនៅក្នុងអង្គភាពរបស់គាត់។ បន្ទាប់ពីទីក្រុងភ្នំពេញត្រូវវាយបែកនៅឆ្នាំ១៩៧៥ រំដោះបានទូទាំងប្រទេសហើយ គាត់មាននាទីជាស្នងការវរសេនាធំ កងពល២៩០[3] ដែលមានទីតាំងនៅអ្នកលឿង។ កងពលមជ្ឈិម២៩០ ស្ថិតក្រោមបញ្ជាការរបស់ សំ ហូ ហៅ មាស តាល់ ហៅ សមមិត្ត តាល់ រហូតដល់ពេលដែល តាល់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់មន្ទីរ ស-២១ នៅខែឧសភា ឆ្នាំ១៩៧៨។ កងពល២៩០ មានកងទ័ពចំនួនប្រមាណ៥ពាន់នាក់ នៅខែមីនា ឆ្នាំ១៩៧៧។ កងពល២៩០ បានបោះទីតាំង នៅជុំវិញមាត់ទន្លេមេគង្គនៅខេត្តព្រៃវែង នៃភូមិភាគបូព៌ា។[4]
ខ្ញុំមិនចាំឆ្នាំដែលខ្ញុំរៀបការទេ ប៉ុន្តែខ្ញុំចាំថាកាលនោះខ្ញុំមានអាយុ១៤ឆ្នាំ។ ខ្ញុំរៀបការតាមប្រពៃណីនៅភូមិរបស់ខ្ញុំ។ ចាប់តាំងពីប្រទេសរំដោះហើយ ប្ដីខ្ញុំមិនដែលបានមករស់នៅស្រុកភូមិទេ ព្រោះគាត់ត្រូវនៅប្រចាំការក្នុងអង្គភាពរបស់គាត់ដែលមានទីតាំងនៅអ្នកលឿង។ បន្ទាប់ពីខ្ញុំបានចេញពី ព្រៃមកវិញអង្គការបានចាត់តាំងខ្ញុំឱ្យរស់នៅក្នុងសហករណ៍ទានភ្លើង ស្ថិតនៅឃុំស្មោងខាងត្បូង ស្រុកកំចាយមារ តំបន់២០។ នៅពេលខ្មែរក្រហមគ្រប់គ្រងភូមិដែលខ្ញុំរស់នៅ អង្គការមិនទាន់ចាត់តាំងឱ្យហូបបាយរួមភ្លាមៗទេ។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៧៦ ខ្មែរក្រហមចាប់ខ្លួនប្ដីរបស់ខ្ញុំ[5]។ ខ្ញុំបានដឹងព័ត៌មានពីការចាប់ខ្លួន បងឈឿង តាមរយៈអ្នកភូមិឈ្មោះ លី រស់នៅភូមិព្រៃត្រេស ឃុំក្របៅ ស្រុកកំចាយមារ។ ឈ្មោះ លី ប្រាប់ខ្ញុំថា «គាត់ហ្នឹង(ប្ដីខ្ញុំ) គេយកទៅហើយ តែមិនដឹងវាយចោលនៅអ្នកលឿង ឬគេយកទៅកន្លែងណាទៀតមិនដឹងទេ»។ បន្ទាប់ពីចាប់ប្ដីខ្ញុំហើយ អង្គការតាមចាប់កូនខ្ញុំ ឈ្មោះ ផល បន្តទៀត។ កូនខ្ញុំ ត្រូវអង្គការចាប់ខ្លួនបាននៅវត្តរោងដំរី ក្នុងខេត្តព្រៃវែង។ កាលនោះ កូនផល ទើបតែមានអាយុ១៣ឆ្នាំប៉ុណ្ណោះ និងកំពុងធ្វើការនៅអង្គភាពព្រៃវែង។ ចំណែកខ្ញុំក៏ត្រូវមេភូមិផ្លាស់ប្តូរឱ្យមកស្នាក់ នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ដែលជាភូមិកំណើត ព្រោះអង្គការតាមដានរកចាប់ខ្លួនខ្ញុំទៀត។ តែជាសំណាងល្អដោយប្រធានភូមិជួយលាក់បាំងអំពីយោធា និងជួយនិយាយថាខ្ញុំមិនបានតាមប្ដីឬពាក់ព័ន្ធជាមួយប្ដីទេគឺខ្ញុំរស់នៅក្នុងសហករណ៍រហូតមក។ នៅឆ្នាំ១៩៧៧ ពេលមានព្រឹត្តិការណ៍ សោ ភឹម នៅខាងស្រុកភូមិនេះពួកខ្មែរក្រហមចុះមកចាប់ទាហាន គណៈស្រុក គណៈឃុំ ប្រធានភូមិ យកទៅទាំងអស់។ ប្រពន្ធ សោ ភឹម ឈ្មោះ យាយ ការ៉ូ គាត់គឺជាអ្នកឃុំក្របៅ។ ឪពុកយាយការ៉ូ ឈ្មោះ តាប៉ាក និង ម្ដាយឈ្មោះ ទ្រុង។ ចំណែកគណៈស្រុកកំចាយមារឈ្មោះ បូ[6] ហៅ ឃាង និង ប្រធានឃុំឈ្មោះ តាម៉ៅ។ ក្រោយមកខ្មែរក្រហមបានជម្លៀសអ្នកភូមិចេញទៅតំបន់ផ្សេង។ ពេលធ្វើដំណើរដល់អូររាំងឪ កងទ័ពសាមគ្គីសង្រោះជាតិកម្ពុជានិងកងទ័ពស្ម័គ្រចិត្តវៀតណាម បានស្កាត់ផ្លូវពួកខ្ញុំ ហើយប្រាប់ឱ្យយើងត្រឡប់មកស្រុកកំណើតវិញ[7] បើមិនដូច្នេះទេខ្ញុំមិនដឹងជីវិតខ្ញុំរសាត់អណ្ដែតដល់ណាទេ។
អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា
[1] ឯកសារ PVI0028 មជ្ឈមណ្ឌលឯកសារកម្ពុជា, សម្ភាសន៍ ជាមួយ ចិន យ៉ែម រស់នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៥។
[2] ឯកសារលេខ I10474 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង»៖ សរសេរដោយដៃនិងវាយអង្គលីលេខចំនួន១ទំព័រ។
[3] ដូចខាងលើ។
[4]ឯកសារអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សំណុំរឿង002/19 ខែកញ្ញា ឆ្នាំ២០០៧ ,ទំព័រ៤៤៧-៤៤៨។
[5] ដូចខាងលើ។
[6] ឯកសារលេខ D10481 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«គណៈស្រុកកំចាយមារ តំបន់២០»៖ សរសេរ វាយអង្គលីលេខចំនួន១ទំព័រ។
[7] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១។