ចឹក អ៊ីម អតីតកងចល័ត

ចឹក អ៊ីម រស់នៅភូមិក្ដីស្កៀ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

(ខេត្តព្រៃវែង) ចឹក អ៊ីម មានអាយុ៨២ឆ្នាំ និងមានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អ៊ីម សព្វថ្ងៃបានផ្លាស់ប្តូរទីលំនៅមកភូមិក្ដីស្កៀ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ឪពុករបស់អ៊ីម ​ឈ្មោះ ចឹក និងម្ដាយឈ្មោះ អឹន។​ អ៊ីម ជាកូនទីប្រាំបីក្នុងគ្រួសារដែលមានបង-ប្អូន​ចំនួន១១នាក់។ អ៊ីម រៀបការក្នុងរបបសង្គមរាស្រ្ត​និយម និងមានកូនប្រុស-ស្រីចំនួនប្រាំបីនាក់។ កាលពីកុមារភាព អ៊ីម មិនបានទទួលការសិក្សាអប់រំច្រើនទេ ដូច្នេះហើយ តាំងពីរៀបការរួចគាត់ និងគ្រួសារប្រកបរបរចឹញ្ចឹមជីវិតដោយធ្វើស្រែចម្ការ។

អ៊ីម បាននិយាយថា នៅឆ្នាំ១៩៧០ នៅក្នុងភូមិកំណើតរបស់គាត់ កើតមានសង្គ្រាមស៊ីវិលវាយប្រយុទ្ធគ្នារវាងខ្មែរ និងខ្មែរ។ នៅពេលនោះទាហាន លន់ នល់ និងយោធាបដិវត្តន៍ខ្មែរក្រហមតែងតែប្រយុទ្ធ​គ្នា ដើម្បីដណ្តើមកាន់កាប់ទីតាំងរៀងៗខ្លួន។ ក្រៅពី​សង្គ្រាម​ក៏មានព្រឹត្តការណ៍​ទម្លាក់គ្រាប់បែកពីសំណាក់​យន្តហោះអាមេរិកាំងនៅក្នុងភូមិដែរ ប៉ុន្តែមិនបណ្តាលឲ្យខូចខាតទ្រព្យ​សម្បត្តិ ឬបង្កឲ្យមានអ្នករងគ្រោះ និងស្លាប់នោះទេ។ រៀងរាល់ពេលដែលមានការទម្លាក់គ្រាប់បែក អ៊ីម និង​គ្រួសារតែងតែរត់ទៅពួនក្នុងលេណដ្ឋាន ឬរណ្តៅត្រង់សេរដែលបានជីកនៅក្រោមផ្ទះ។

ឆ្នាំ១៩៧៥ គឺជាពេលសង្គ្រាម​​ស៊ីវិលរវាងខ្មែរ និងខ្មែរបានបញ្ចប់។ ប្រទេសកម្ពុជាបានផ្លាស់ប្តូរពីរបបសាធារណរដ្ឋខ្មែរ ទៅជារបបកម្ពុជាប្រជាធិបតេយ្យ។ នៅពេលនោះ អ៊ីម មានអាយុប្រមាណជាង៣០ឆ្នាំ។ អ៊ីម ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យនៅមើលក្មេងៗក្នុងកងកុមារ ហើយនៅរដូវវស្សា ​គាត់ត្រូវទៅធ្វើស្រែ ដោយត្រូវស្ទូង និងបោកបែនស្រូវ​ជាមួយកងនារីក្នុងភូមិ។ ការធ្វើស្រែនៅពេលនោះ ​គឺ​ត្រូវចល័តពីកន្លែងមួយទៅកន្លែងមួយក្នុងស្រុកព្រះស្តេច ទៅតាមការចាត់តាំងរបស់កងឈ្លបខ្មែរក្រហម។ អ៊ីម ទទួលបានរបបអាហារពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ចំពោះរបបអាហារ ជួនកាល អង្គការឲ្យប្រជាជនហូបបបរ ឬបាយ ប៉ុន្តែបបរភាគច្រើន។

នៅក្នុងរបបខ្មែរក្រហម អ៊ីម មានកូនប្រាំនាក់។ កូនៗរបស់គាត់បួននាក់ត្រូវរស់នៅក្នុងកងកុមារធ្វើជីនៅពេលព្រឹក និងទៅរៀនអក្សរបានតិចតួចនៅពេលរសៀល ហើយកូនច្បងដែលគ្រប់អាយុចូលកងចល័ត បានចល័តទៅជីកទំនប់នៅឆ្ងាយពីគាត់ដោយធ្វើដំណើររហូតដល់តំបន់ពោធិ៍បូរី ដែលសព្វថ្ងៃស្ថិតក្នុងស្រុកពាមជរ៍។ ចំណែក​ប្ដីរបស់អ៊ីម ត្រូវ​បានកងឈ្លបចាត់ឲ្យភ្ជួរស្រែ និងដឹកកណ្តាប់។ អ៊ីម ប្រាប់ថា​ កាលនោះប្រសិនបើមានប្រជាជនណាម្នាក់ឈឺ គ្មានពេទ្យ និងគ្មានថ្នាំត្រឹមត្រូវទេ មានតែថ្នាំដូចអាចម៍ទន្សាយសម្រាប់ព្យាបាលតែប៉ុណ្ណោះ ហើយអ្នកជំងឺធ្ងន់បានស្លាប់។

នៅពេលរបបខ្មែរក្រហមបានដួលរលំ អ៊ីម ប្តីរបស់គាត់ និងកូនៗ បានធ្វើដំណើរត្រលប់មកផ្ទះនៅភូមិក្ដីស្កៀរ​វិញ។ ដោយសារមានអាយុច្រើន បច្ចុប្បន្ន អ៊ីម ឧស្សាហ៍​មានអាការៈចុករោយ​ដៃ-ជើង និង​អស់កម្លាំងជាប្រចាំ។ អ៊ីម បានទៅពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាព ហើយគ្រូពេទ្យបានប្រាប់ថាគាត់មានជំងឺខ្វះគ្រាប់ឈាមក្រហម៕

សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin