អង្គការប្រើឲ្យធ្វើការទាំងខ្ញុំនៅសរសៃខ្ចី
(ក្រចេះ)៖ ជុំ ពៅ មានអាយុ៧៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើតនៅភូមិស្ទឹងទ្រ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ គាត់មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
ពៅ បាននិយាយថា មុននឹងឈានចូលដល់របបខ្មែរក្រហម ទ្រព្យសម្បត្តិទាំងអស់ និងដីស្រែចម្ការគឺប្រជាជនមានសិទ្ធិកាន់កាប់ដោយផ្ទាល់ជាកម្មសិទ្ធិ។ ការធ្វើស្រែគឺធ្វើទៅតាមគ្រួសារនីមួយៗ ប៉ុន្តែនៅពេលខ្មែរក្រហមចូលកាន់កាប់អំណាច ត្រូវធ្វើស្រែប្រវាស់ដៃ និងគ្រប់ទ្រព្យសម្បត្តិទាំងអស់ ត្រូវបានបញ្ចូលក្នុងសហករណ៍។ ប្រជាជនកម្ពុជាទាំងអស់ ត្រូវរស់នៅរួម ហូបរួម និងធ្វើការងារ រួម។
ពៅ ទទួលបានបបរសលាយជាមួយនឹងសម្លម្ជូរត្រកួននៅក្នុងមួយថ្ងៃបីពេល។ ជារៀងរាល់ថ្ងៃគឺអង្គការតែងតែផ្ដល់ឲ្យនូវរបបអាហារដដែលៗទៅកាន់ប្រជាជនកម្ពុជាគ្រប់រូប។ ភាពខ្វះខាតអាហារ បានធ្វើឲ្យប្រជាជនស្ទើរតែទាំងអស់បានបង្ខំចិត្តចេញទៅលួចជីកដំឡូង និងមើមក្ដួច សម្រាប់ទុកហូបបន្ថែម។
អង្គការបានប្រើឲ្យគាត់ធ្វើការពីរវេន។ វេនថ្ងៃឲ្យគាត់ រែកដី លើកទំនប់ ជីកប្រឡាយ និងច្រូតស្រូវ។ វេនយប់ ឲ្យគាត់ដកសំណាប និងស្ទូងស្រូវ។ គាត់ត្រូវធ្វើការទាំងថ្ងៃទាំងយប់មានពេលសម្រាកបានបន្តិចបន្តួច។ អង្គការបានចាត់បញ្ជូនកងឈ្លបឲ្យចាំតាមដានប្រជាជនជាប់ជានិច្ច នៅពេលដែលមាននរណាលួចបរិភោគអាហារ ឬនិយាយមិនល្អពីអង្គការ នោះនឹងត្រូវកងឈ្លបចាប់យកទៅកសាងនៅឯមន្ទីរសន្តិសុខ។
ពៅ បាននិយាយប្រាប់បន្ថែមថា នៅពេលដែលគាត់ចេញពីផ្ទះទៅកន្លែងធ្វើការ គាត់បានប្រទះឃើញរណ្ដៅសាកសពដែលអង្គការបានវាយសម្លាប់មនុស្សហើយកប់នៅទីនោះ។ នៅជិតទីនោះគាត់ក៏ឃើញមានអណ្ដូងទឹកមួយ ដែលអង្គការបានដាក់សាកសពនៅក្នុងនោះដែរ។ អង្គការបានចាប់ប្រជាជនយកទៅសម្លាប់នៅទីនោះ ដោយកុហកថា យកទៅធ្វើត្រីប្រហុក។
ពៅ បានបន្ថែមថា គាត់សម្រាលកូនមិនទាន់បានបីខែត្រឹមត្រូវនៅឡើយ តែអង្គការបានប្រើឲ្យគាត់ទៅរែងអង្ករនៅរោងកិនស្រូវ ទាំងដែលគាត់កំពុងតែសរសៃខ្ចី ដោយមិនគិតអំពីសុខភាពរបស់គាត់ឡើយ។ គាត់និយាយថា គាត់មិនដែលបំបៅកូនបានឆ្អែតត្រឹមត្រូវទេ ព្រោះគាត់ត្រូវបំបៅក្មេងៗដទៃទៀតដែលជាកូនរបស់ប្រជាជនដែលនៅសហករណ៍ជាមួយគ្នា។
នៅក្នុងរបបខ្មែរក្រហម ពៅ ត្រូវបានអង្គការជម្លៀសចេញពីភូមិស្ទឹងទ្រ ទៅកាន់ភូមិមួយទៀត ដែលស្ថិតនៅក្នុងឃុំតាម៉ៅ។ ការជម្លៀសទៅកាន់ទីនោះ គឺដើម្បីគេចពីកងទ័ពវៀតណាម ព្រោះខ្មែរក្រហមបានកុហកប្រជាជនថា កងទ័ពវៀតណាមមកដើម្បីសម្លាប់ប្រជាជន។ ដោយមានការភ័យខ្លាចកងទ័ពវៀតណាមសម្លាប់ ទើបប្រជាជននាំគ្នារត់ចេញទៅ។ ទៅដល់ភូមិនោះមិនបានប៉ុន្មានថ្ងៃផង កងទ័ពវៀតណាមបានតាមទាន់ ហើយបានឲ្យប្រជាជនទាំងអស់វិលត្រឡប់ទៅកាន់ផ្ទះវិញរៀងខ្លួន។
មកដល់ពេលបច្ចុប្បន្ននេះ ពៅ នៅតែមានភាពភ័យខ្លាចជាមួយនឹងរបបនោះកើតឡើងមកវិញម្ដងទៀត។ គាត់មិនចង់ឲ្យកូនចៅជំនាន់ក្រោយជួបប្រទះនូវរបបដ៏ឃោរឃៅដូចជារូបគាត់ឡើយ៕
សម្ភាសន៍ដោយ ដួង មុនី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ នេន ស្រីមុំ