រដ្ឋាភិបាលប្រទេសថៃមិនអាចកាត់ដីពលរដ្ឋខ្មែរទៅឲ្យពលរដ្ឋថៃដោយឯកតោភាគីបានទេ

បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងភាគីប្រទេសកម្ពុជា និងប្រទេសថៃ ក្រោមកិច្ចសម្របសម្រួលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ និងមានការយកចិត្តទុកដាក់ពី លោកនាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីអាន់វ៉ា អ៊ីប្រាហ៊ីម។
ប្រទេសថៃ ជាពិសេសទាហានថៃ មិនអាចធ្វើអ្វីៗតាមតែចិត្តនឹកឃើញទេ កុំថា ឡើយយកបន្លាលួសហ៊ុមព័ទ្ធយកដីស្រែចម្ការ និងផ្ទះរបស់ពលរដ្ឋខ្មែរ ដែលឋិតនៅក្នុងដែនអធិបតេយ្យភាពប្រទេសកម្ពុជា ដោយគិតថា ខ្លួនធ្វើបានសម្រេចបំណង ជាទឹកដីរបស់ប្រទេសថៃ (មិនអាចទៅរួចទេ)។ ប្រទេសនីមួយៗមានច្បាប់អន្តរជាតិទទួលស្គាល់ប្រទេសជាសមាជិក។
បើប្រទេសថៃ មានគោលបំណងស្តារទំនាក់ទំនងការទូតឡើងវិញជាមួយប្រទេសកម្ពុជា ពិតប្រាកដ ប្រទេសថៃត្រូវតែគោរពច្បាប់អន្តរជាតិ ជាពិសេសប្រទេសទាំងពីរត្រូវចូលរួមដោះស្រាយជម្លោះព្រំដែនតាមផែនទីបារាំង-សៀមឆ្នាំ១៩០៤ និង ឆ្នាំ១៩០៧ ដែលបានតម្កល់នៅអង្គការសហប្រជាជាតិ។ ប្រទេសកម្ពុជា រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនបានឯកភាពចំណុចណាមួយជាមួយប្រទេសថៃ ដែលនាំឲ្យបាត់បង់ផលប្រយោជន៍ជាតិ និងដែនអធិបតេយ្យភាពនោះទេ។
សព្វថ្ងៃនេះគោលនយោបាយប្រទេសថៃ និងទាហានថៃ ព្យាយាមប្រើផែនទីឯកតោភាគី ដើម្បីបន្តការឈ្លានពានក្រោយពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ រំលោភមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ដូចជាប្រើឧបករណ៍ជំពាមកៅស៊ូមកបាញ់លើវីរកងទ័ព, ប្រជាជនស្លូតត្រង់ និងព្រះសង្ឃខ្មែរ រួចយកបន្លាលួសមកហ៊ុមព័ទ្ធផ្ទះ និងដីស្រែចម្ការប្រជាជនកម្ពុជាថែមទៀត នៅភូមិព្រៃចាន់ និងភូមិជោគជ័យ។ បើយោងតាមព័ត៌មាន News today នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរប្រទេសថៃ និងមេបញ្ជាការភូមិភាគ១ថៃ បានប្រកាសផ្តល់ដីចំនួនពីរកន្លងនៅភូមិព្រៃចាន់របស់ពលរដ្ឋកម្ពុជាទៅឲ្យពលរដ្ឋថៃចំនួនពីរនាក់ បន្ទាប់ពីឈូសឆាយចាក់ដី និងដោះមីនដោយកងទ័ពភូមិភាគទី១បានរួចរាល់ រំលោភយកដីចម្ការនៅចំណុច(លេខ៥៥ និង៥៦)ដែលមានផ្ទៃដីទំហំជាង(៤៨០០០ម៉ែត្រការ៉េ(ជិតប្រាំហិកតា) ជាកម្មសិទ្ធិរបស់ពលរដ្ឋកម្ពុជា។ ការរំលោភបំពានរបស់ភាគីមិនបានជូនដំណឹងមកភាគីប្រទេសកម្ពុជាទេ ទាហានថៃ និងអាជ្ញាធរថៃ ធ្វើឡើងតាមអំពើចិត្តមិនបានគោរពរច្បាប់អន្តរជាតិ និងគោរពសិទ្ធិប្រទេសជិតខាងឡើយ។
បើតាមប្រសាសន៍ ឯកឧត្តមបណ្ឌិត ញឹក ប៊ុនឆៃ[1] រដ្ឋាភិបាលថៃ ជាពិសេសមេបញ្ជាការកងទ័ពថៃ ដែលធ្លាប់ឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ សុទ្ធបានដឹងច្បាស់ថា ត្រង់ណាជាទឹកដីរបស់ប្រទេសខ្មែរ?ត្រង់ណាជាទឹកដីរបស់ប្រទេសថៃ? ថែមទាំងទទួលស្គាល់រួមគ្នានូវបង្គោលឡាក់មួយចំនួនថែមទៀតផង។ នៅឆ្នាំ១៩៧៩ រដ្ឋាភិបាលប្រទេសថៃ បានជីកអូរតាមបន្ទាប់ព្រំដែនជាមួយប្រទេសកម្ពុជារាប់រយគីឡូម៉ែត្រ។ នៅពេលបច្ចុប្បន្ននេះ យើងឃើញថា ថៃបានរំលោភយកទាំងអូរ និងប្រាសាទស្តុកកក់ធំ ដែលមានចំងាយជាងពីរគីឡូម៉ែត្រ ចេញពីព្រំដែនប្រទេសថៃ ថែមទៀត ហើយមានកន្លែងខ្លះច្រើនជាងនេះ រាល់សកម្មភាពរបស់ប្រទេសថៃ រងចាំតែឱកាសមកដល់ឈ្លានពានប្រទេសកម្ពុជាយើង ដូចនេះត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា រួមគ្នាការពារកុំឲ្យបាត់បង់។ បើតាមប្រវត្តិសាស្រ្តរាប់រយឆ្នាំមកនេះ យើងឃើញថា ខ្មែរបាត់បង់៣៧ខេត្ត ទៅក្នុងទឹកដីថៃ។
បើយោងតាមការសម្ភាសន៍របស់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា នៅវេលាម៉ោង៥ល្ងាច ស្រ្តីម្នាក់មានឈ្មោះ ហ៊ុល ម៉ាលីស អាយុ៥៣ឆ្នាំ មានកូនចំនួន៤នាក់(ស្រី២) បានរៀបរាប់ថា ខ្ញុំរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ភូមិព្រៃចាន់ គឺជាភូមិមួយដែលទាហានសៀមចូលមកដាក់បន្លាលួស ហ៊ុមព័ទ្ធផ្ទះ និងដីស្រែចម្ការរបស់អ្នកភូមិ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៥។ ម៉ាលីស[2] បានរៀបរាប់បន្តថា ទាហានថៃបានបណ្តេញ ខ្ញុំ និងអ្នកភូមិចំនួន៥គ្រួសារទៀត នៅក្នុងភូមិព្រៃចាន់ ឲ្យចេញពីផ្ទះ និងបានយកបន្លាលួសហ៊ុមព័ទ្ធជុំវិញ មិនអាចចូលរស់នៅវិញបានទេ។ សព្វថ្ងៃ ខ្ញុំសង់ខ្ទមតូចមួយរស់នៅប្រហែលជា១០០ម៉ែត្រ ពីផ្ទះខ្ញុំ ដែលទាហានសៀមឈ្លានពានព័ទ្ធយក។ ខ្ញុំមានការឈឺចាប់ណាស់ ទាហានឈុតខ្មៅសៀម នាំយកគ្រឿងចក្រមកឈូសឆាយធ្វើផ្លូវចាក់គ្រួសខ្មៅ សាងសង់បង្គោលភ្លើង និងដាក់កាមេរ៉ាចូលមកក្នុងចម្ងាយប្រហែល៤០ម៉ែត្រ ថែមទៀតមកដល់មុខផ្ទះខ្ញុំ។ ខ្ញុំគិតថាទាហានសៀម និងរដ្ឋាភិបាលសៀម មានគំនិតតែមួយក្នុងការឈ្លានពានដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ខ្ញុំបាត់បង់ផ្ទះមួយខ្នង និងទំហំដីមានក្បាល៦០ម៉ែត្រ បណ្តោយ២៥០ ម៉ែត្រ ស្មើនឹង១៥០០០ម៉ែត្រការ៉េ ដែលទាហានថៃឈ្លានពានយក នៅក្នុងដីនោះរួមមានដើមស្វាយ, ដើមទាប, ដូង, ក្រូច និងដើមប្រេងខ្យល់ជាដើម។ ខ្ញុំមានការប្តេជ្ញាចិត្តថា រួមជាមួយអ្នកភូមិព្រៃចាន់ទាំងអស់ មិនចាកចោលផ្ទះសម្បែងដីស្រែចម្ការជាដាច់ខាត សុខចិត្តរស់នៅទ្រាំតស៊ូជាមួយទាហានចោរសៀម រហូតដល់ជីវិតចុងក្រោយ។
[1] នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥, លោកឡុង ដានី បានជួបសម្ភាសន៍ជាមួយឯកឧត្តម ញឹក ប៊ុនឆៃ នៅទីក្រុងភ្នំពេញ។ ប្រវត្តិតស៊ូរបស់ឯកឧត្តម ធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើននៅក្នុងជីវិតរបស់ឯកឧត្តម រហូតទទួលបានជានាយឧត្តមសេនីយ៍ផ្កាយមាស៤។ កាលពីអតីតកាលជាកុមារមួយរូបរស់នៅភូមិតាអុងលិច ឃុំស្វាយចេក ខេត្តបាត់ដំបង។ ឯកឧត្តម ញឹក ប៊ុនឆៃ ជាអ្នកតស៊ូនៅតាមព្រំដែនកម្ពុជា-ថៃ បានដឹងនិងស្គាល់បង្គោលឡាក់ជាច្រើននៅតាមបន្ទាប់ព្រំដែនប៉ោយប៉ែត មកដល់ភ្នំដងរែក ថ្មដូន ប្រាសាទព្រះវិហារ ប្រាសាទតាមាន់តូច តាមានធំ ប្រាសាទតាក្របី សុទ្ធបានគ្រប់គ្រងដោយកងទ័ពចលនារួបរួមជាតិ ជាពិសេស ប្រាសាទទាំងនេះជាតំបន់ឈរជើងកងទ័ពខ្មែរក្រហម កងពល៥១៩ ដឹកនាំដោយលោក ឌុល សារឿន និងលោក នាក់ វង្ស (បច្ចុប្បន្នជាឧត្តមសេនីយ៍)។ បើយោងតាមឯកឧត្តម ញឹក ប៊ុនឆៃ យើងនៅមានឯកសារជាច្រើន ដើម្បីទប់ទល់ជាមួយប្រទេសសៀម។ ឯកឧត្តម មានប្រសាសន៍ យ៉ាងច្បាស់ថា រដ្ឋាភិបាលថៃ និងមេបញ្ជាការកងទ័ពថៃ ដឹងថា ត្រង់ណាជាដីរបស់ថៃ? ត្រង់ណាជាដីរបស់ខ្មែរ? តែថៃមកឈ្លានពានតែម្តង ឲ្យតែឃើញឱកាស។
[2] នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥, លោកឡុង ដានី បានជួបសម្ភាសន៍ជាមួយឈ្មោះ ហ៊ុល ម៉ាលីស ភេទស្រី អាយុ៥៣ឆ្នាំ មានកូនចំនួន៤នាក់ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ បានរៀបរាប់ថា ក្រោយពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ទាហានឈុតខ្មៅថៃ មកបណ្តេញអ្នកភូមិរស់នៅភូមិព្រៃចាន់ ឲ្យចាកចេញពីផ្ទះសម្បែង និងដីស្រែចម្ការរបស់ពួកគាត់ ចំនួន៥ខ្នងផ្ទះ និងយកបន្លាលួសមកហ៊ុមព័ទ្ធជុំផ្ទះរបស់ពួកគាត់តែម្តង។ ដោយសារខ្លាចទាហានថៃបាញ់សម្លាប់ក៏សុខចិត្តនាំគ្នាដោយបង្ខំចិត្ត ដោយស្តាយស្រណោះទ្រព្យសម្បត្តិដែលខិតខំរកស៊ីជាយូរឆ្នាំកន្លងមកហើយ។ សព្វថ្ងៃនេះ អ្នកព្រៃចាន់ មិនទៅណាឆ្ងាយពីផ្ទះសម្បែងទេ រស់នៅប្រហែលជា១០០ម៉ែត្រពីផ្ទះ ដែលទាហានថៃព័ទ្ធយក។
អត្ថបទដោយ សុខ វណ្ណៈ

