ខ្មែរក្រហមសម្លាប់មនុស្សគ្មានត្រាប្រណី រស់មួយថ្ងៃគិតមួយថ្ងៃ

(ព្រៃវែង)៖ ចក់ ឈួន៖ «ខ្មែរក្រហមគ្មានក្តីអាណិតអាសូរចំពោះខ្មែរដូចគ្នាទេ ជីវិតមនុស្សរស់នៅឆ្លងកាត់របបនោះគឺប្រថុយប្រថាននឹងសេចក្តីស្លាប់ ម្នាក់ៗរស់មួយថ្ងៃគិតមួយថ្ងៃ គ្មាននរណាម្នាក់អាចដឹងពីជោគវាសនាខ្លួននៅថ្ងៃស្អែកនោះទេ»។

ចក់ ឈួន មានអាយុ៧០ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ គាត់បានរៀបរាប់ថា ប្រសិនបើឈ្លបខ្មែរក្រហមចោទប្រកាន់ ឬចាប់ប្រជាជនណាម្នាក់ទៅឃុំឃំាង ឈ្លបនោះមានសិទ្ធិ​សម្លាប់ប្រជាជន ហើយគ្មាននរណាហ៊ានសួរដេញដោលអំពីការសម្លាប់នោះទេ។ រីឯសាច់ញាតិ​គ្រួសារវិញ សូម្បីតែយំក៏មិនហ៊ានឲ្យឈ្លបខ្មែរក្រហមឃើញផង។ ឈ្លបតែង​លើកឡើង​ពីបទក្បត់នឹង «អង្គការ» ឬក្បត់នឹងសមូហភាព ដើម្បី​សម្លាប់ប្រជាជនណាម្នាក់ចោល​​។ ជាក់ស្តែង បងប្អូនជាច្រើននាក់របស់ ឈួន ត្រូវបានសម្លាប់​ដោយពាក្យថាក្បត់នឹង«អង្គការ»។

នៅឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ ឈួន រស់នៅស្រុកកំណើតឯភូមិព្រៃខ្លា។ គាត់បានឈប់រៀនត្រឹមថ្នាក់បឋមសិក្សាដោយសារតែសាលារៀនបានបិទទ្វារនិងគ្មានគ្រូបង្រៀន។ នៅក្នុងភូមិរបស់គាត់ កើតមានសង្គ្រាម និងការបាញ់ផ្លោងគ្រាប់បែកយ៉ាងច្រើន បង្កឲ្យមាន សភាពអសន្តិសុខ។ គាត់ និងគ្រួសារបានរត់គេចទៅរស់នៅតាមព្រៃ និងវាលស្រែនៅភូមិផ្សេង ដោយចល័តពីមួយកន្លែងទៅមួយកន្លែងទៀត​។

ឆ្នាំ១៩៧៤ ក្នុងឃុំព្រៃកណ្តៀងមានទាហាន លន់ នល់ បានប្រយុទ្ធគ្នាជាមួយចលនាកម្លាំងយោធាខ្មែរក្រហម។ ពេលនោះឪពុករបស់ ឈួន ត្រូវបានទាហាន លន់ នល់ បាញ់សម្លាប់។

ក្នុងខែមេសា ឆ្នាំ ១៩៧៥ ខ្មែរក្រហមបានទទួលជ័យជម្នះទាំងស្រុងលើរបប លន់ នល់។ ឈួន, ម្តាយ និងបងប្អូន ​បានត្រលប់មករស់នៅភូមិព្រៃខ្លាវិញ។ ក្នុងរបបខ្មែរក្រហម ឈួន មានអាយុប្រមាណ១៧ឆ្នាំ ត្រូវ​រស់នៅក្នុងកងចល័តដោយធ្វើស្រែ ជីក និងរែកដី ដើ​ម្បី​ធ្វើទំនប់ ប្រឡាយ ព្រមទាំងកាប់ឆ្ការព្រៃជាដើម​។​

នៅទួលជ្រៃ ឈួន ធ្លាប់ឃើញឈ្លបខ្មែរក្រហមធ្វើទារុណកម្ម និងសម្លាប់ប្រជាជនដោយសារតែបានលួចដំណាំសមូហភាពហូប។

ក្រោយមក ឈួន និងគ្រួសារត្រូវបានខ្មែរក្រហម ជម្លៀស​ពីស្រុកកំណើតឲ្យទៅរស់នៅឯខេត្តភាគខាងលិច​ប្រទេសគឺ ខេត្តពោធិ៍សាត់ បាត់ដំបង។ គាត់ និងគ្រួសារធ្វើដំ​ណើរ​ដល់ស្រុកបាភ្នំក៏មានកងរណសិរ្សសាមគ្គីសង្គ្រោះ​ជាតិកម្ពុជា ចូលមកប្រយុទ្ធគ្នាជាមួយ​យោធាខ្មែរក្រហម។ ក្រោយយោធាខ្មែរក្រហមដកថយ​អស់ គាត់ និងគ្រួសារក៏ធ្វើដំណើរត្រលប់មករស់នៅស្រុកកំណើតវិញរហូតដល់សព្វថ្ងៃ​។

បច្ចុប្បន្ន ឈួន មានជំងឺលើសឈាម ជំងឺឈឺសន្លាក់ដៃ សន្លាក់ជើង មិនតែប៉ុណ្ណោះគាត់ធ្លាប់មានជំងឺហឺតរ៉ាំរ៉ៃទៀតផង។ ឈួន បានតាមដានដំណើរការកាត់ក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ គាត់យល់ថាដំណើរការកាត់ក្តីនេះបានធ្វើឲ្យគាត់ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដទៃទៀតមានក្តីសប្បាយរីករាយ ព្រោះទទួលបានយុត្តិធម៌ចំពោះទុក្ខវេទនាដែលគាត់បានឆ្លងកាត់កាលពីអតីតកាល។

សម្ភាសន៍ដោយ ថន ធារ៉ា ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin