ប្រធានកងផលិតធំតំបន់៤

ជូ យ៉ន ភេទប្រុស មានអាយុ ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិអណ្ដូងប្រាំង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ យ៉ន មានប្រពន្ធឈ្មោះ ប៉ែន មិត្ត (ស្លាប់ដោយសារជំងឺ)។ យ៉ន មានកូនប្រាំមួយនាក់ ក្នុងនោះស្រីពីរនាក់។ យ៉ន មានឪពុកឈ្មោះ សួស យឺន, ម្ដាយឈ្មោះ អ៊ុក គា និងមានបងប្អូនប្រាំមួយនាក់ ក្នុងនោះស្រីបួននាក់ (ស្លាប់ស្រីម្នាក់)។ យ៉ន ជាកូនច្បងក្នុងគ្រួសារ។ បច្ចុប្បន្ន យ៉ន រស់នៅ និងប្រកបរបរធ្វើស្រែចម្ការនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
នៅឆ្នាំ១៩៦០ យ៉ន បានចូលរៀនសាលាបឋមបំពេញវិជ្ជា នៅសាលាអង្គតាភេម ភ្នំស្រង់។ នៅឆ្នាំ១៩៦៤ យ៉ន បានឈប់រៀនត្រឹមថ្នាក់ទី៧ (សង្គមរាស្ត្រនិយម) និងត្រលប់ទៅធ្វើស្រែចម្ការជាមួយម្ដាយ។ ចន្លោះឆ្នាំ១៩៦៦ និងឆ្នាំ១៩៦៨ យ៉ន បានបួសនៅវត្តអង្គតាភេម ភ្នំស្រង់ អស់រយៈពេលមួយវស្សា។ នៅឆ្នាំ១៩៦៨ យ៉ន បានសឹក និងរៀបការប្រពន្ធ ដោយប្រកបរបរជាកសិករ។
នៅឆ្នាំ១៩៧០ រដ្ឋប្រហារបានកើតមានឡើងនៅទីក្រុងភ្នំពេញ។ នៅពេលនោះ យ៉ន និងប្រពន្ធ បានស្ម័គ្រចិត្តចូលចលនាបដិវត្តន៍ ដោយ យ៉ន ធ្វើជាទាហានប៉ារ៉ា និងធ្វើការជាមួយកងទ័ពយៀកកុង។ នៅពេលនោះ យ៉ន លើកឡើងថា កងទ័ពយៀកកុង ដែលមកពីទីក្រុងហាណូយ បានចុះមករៀបចំកម្មាភិបាលខ្មែរក្រហមមួយចំនួននៅតាមភូមិ និងចាត់តាំងឲ្យ យ៉ន ធ្វើជាកងឈ្លបភូមិ ដោយត្រូវការពារភូមិ និងធ្វើចារកម្មក្នុងភូមិអណ្ដូងប្រាំង។ បន្ទាប់ពីធ្វើជាកងឈ្លបភូមិមួយរយៈ យ៉ន ត្រូវបានកងទ័ពយៀកកុង ជ្រើសរើសឲ្យធ្វើជាកងឈ្លបឃុំ ដោយដើរតាមកងទ័ពយៀកកុង និងប្រចាំការនៅប៉ុស្តិ៍មួយកន្លែង នៅមន្ទីរឃុំស្រង់ ដែលមានចម្ងាយប្រហែលប្រាំមួយគីឡូ ពីសាលាស្រុកស្រង់។ នៅពេល យ៉ន ឃើញវត្តមាននៃទាហាន លន់ នល់ យ៉ន ត្រូវរាយការណ៍ដល់កងទ័ពយៀកកុង។
នៅឆ្នាំ១៩៧៥ យ៉ន ត្រូវបានយោធាខ្មែរក្រហមបញ្ជូនទៅសមរភូមិមុខ នៅខេត្តកំពង់ស្ពឺ ដោយត្រូវព្រាត់ពីប្រពន្ធ និងកូនអស់ជាច្រើនសប្តាហ៍។ យ៉ន ត្រូវធ្វើដំណើរជាមួយយោធាខ្មែរក្រហម និងមានភារកិច្ចសែងអ្នករបួស ទៅមន្ទីរពេទ្យ ឬកន្លែងមានសុវត្ថិភាព។ ចំណែក ប្រពន្ធរបស់ យ៉ន ធ្វើការខាងបង្កបង្កើនផល។ នៅមិនយូរប៉ុន្មាន ក្រោយពីយោធាខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ឪពុករបស់ យ៉ន បានស្លាប់ដោយសារជំងឺខ្យល់គរ នៅពេលដឹកសម្ភារឲ្យយោធាខ្មែរក្រហម។
បន្ទាប់ពីទទួលជ័យជម្នះនៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្តើមហៅខ្លួនឯងថាជា «អង្គការ»។ អង្គការ បានបង្កើតកងចល័ត និងបែងចែកកងចល័តជាពីរប្រភេទ គឺកងចល័តស្រុក និងកងចល័តតំបន់។ កងចល័តតំបន់ គឺមានការបែងចែកដូចជាកងវរសេនាតូច ដែលមានមនុស្សប្រមាណ៤០០នាក់ ដោយក្នុងនោះមានកងហា និងកងរយ ប៉ុន្តែគ្មានការបែងចែករវាងប្រជាជនចាស់ ឬប្រជាជនថ្មីនោះទេ។ សមាជិកកងចល័ត គឺភាគច្រើនជាកូនរបស់ប្រជាជនចាស់ និងខ្លះទៀតជាកូនរបស់ប្រជាជនថ្មី ដែលមានប្រវត្តិរូបស្អាតស្អំ ឬមានប្រវត្តិរូបជាកូនកសិករ។ នៅក្នុងកងចល័ត គឺមានសមាជិកដែលមានអាយុ ចន្លោះពី២០ដល់៣០ឆ្នាំ។
នៅឆ្នាំដដែល យ៉ន មានវ័យ ២៦ឆ្នាំ ត្រូវអង្គការចាត់តាំងឲ្យធ្វើជាប្រធានកងចល័តស្រុកគងពិសី ម្តុំវត្តអំពែភ្នំ ក្នុងតំបន់៣២ នៃភូមិភាគនិរតី ដែលមានសមាជិក៤០នាក់ (កងហា)។ កងចល័តស្រុក គឺមានភារកិច្ចជីកប្រឡាយ លើកទំនប់ និងរែកដី ឬត្រូវទៅធ្វើការតាមកងរយ។ ក្រៅពីធ្វើជាប្រធានកងចល័ត យ៉ន ត្រូវតាមដានសកម្មភាព និងដោះស្រាយការហូបចុកដល់គ្រួសារដែលមកពីទីក្រុងភ្នំពេញ ចំនួនបីគ្រួសារ។ ជារៀងរាល់ថ្ងៃ បន្ទាប់ឮសូរជួងនៅវេលាម៉ោង ៤ទៀបភ្លឺ កងចល័ត ត្រូវក្រោក និងចាប់ផ្តើមធ្វើការពីម៉ោង ៥ព្រឹក រហូតដល់ម៉ោង ១១ព្រឹក ទើបសម្រាកហូបបាយ។ នៅម៉ោង១ រសៀល កងចល័តត្រូវធ្វើការបន្តរហូតដល់ម៉ោង ៥ល្ងាច។ ជួនកាល កងចល័តត្រូវធ្វើការសម្រុកទាំងយប់ ដោយគ្មានពេលឈប់សម្រាក និងហូបចុកគ្រប់គ្រាន់។ យ៉ន ថាការហូបចុកនៅក្នុងកងចល័ត គឺមានភាពខ្វះខាត ដោយមានតែបបរលាយជាមួយពោត និងដំឡូង និងមនុស្សម្នាក់ទទួលបានបបរមួយកា។
ក្នុងនាមជាប្រធានកងចល័តស្រុក យ៉ន ត្រូវធ្វើការជាមួយគណៈស្រុករការធំ ខេត្តកំពត ឈ្មោះ ប៉ន។ ប៉ន គឺជាអ្នកគ្រប់គ្រងឃ្លាំងស្រូវអង្ករនៅក្នុងតំបន់។ នៅដើមឆ្នាំ១៩៧៦ ទំនប់ដែលមានទីតាំងនៅជិតវត្តអំពែភ្នំ បានបាក់ និងបណ្ដាលឲ្យមានការលិចលង់ផ្លូវពីវត្តអង្គទៅកំពង់ស្ពឺ និងធ្វើឲ្យខូចខាតស្រែចម្ការជាច្រើនហិកតា។ នៅប្រហែលម៉ោង ៤រសៀល គណៈតំបន់ បានចោទ តាប៉ន ជាជនក្បត់ និងចាប់ខ្លួនយកទៅឃុំឃាំង នៅវត្តអង្គកំពង់ត្រាំ។ នៅពេលឃុំឃាំង តាប៉ន បានធ្វើអត្តឃាត ដោយចងកនឹងបង្អួច។ អង្គការបានប្រមូលកម្លាំងមកពីកំពង់ស្ពឺទាំងយប់ ដើម្បីបិទទំនប់ដែលបាក់។ ក្រោយពីការស្លាប់របស់ តាប៉ន កម្មាភិបាលខ្មែរក្រហមដទៃ បានរាយការណ៍ទៅថ្នាក់លើពីសកម្មភាពនិងភាពខ្វះខាតរបស់ យ៉ន ដោយសារ យ៉ន ធ្លាប់ទាក់ទងជាមួយ តាប៉ន ពីមុនមក។
នៅខែមិថុនា ឆ្នាំ១៩៧៧ ម៉ោង ១២ថ្ងៃត្រង់ នៅពេល យ៉ន កំពុងរែកដី និងលើកទំនប់ មានមេឃុំស្រង់ ឈ្មោះ នួន ថូ ជិះម៉ូតូមកប្រាប់ យ៉ន ថា៖ «បងឯងត្រូវផ្លាស់ទៅពាយ័ព្យ» និងឲ្យ យ៉ន រៀបចំខ្លួន ដោយត្រូវនាំសមាជិកទាំងគ្រួសារ រួមទាំងម្ដាយ និងប្អូនម្នាក់។ យ៉ន មានការសង្ស័យថា អង្គការនឹងយកគាត់ទៅសម្លាប់ទាំងគ្រួសារហើយ។ ថូ បន្តថា៖ «មិនបាច់ភ័យទេ ខ្ញុំគ្មានយកទៅវ៉ៃចោលទេ»។ យ៉ន បាននិយាយថា៖ «បើខុសប្រើថាខុស ព្រោះខ្ញុំអ្នកធ្វើ ខ្ញុំមិនចេះរត់ទៅណាទេ»។ ថូ ក៏បន្តទៀតថា៖ «មិនខុសទេ បងអើយបង គេថាអង្គការបញ្ជាឲ្យបងឯងទៅពាយ័ព្យ អត់មានកម្លាំងកម្មាភិបាល ព្រោះកម្លាំងបញ្ជូនមកយើងនេះច្រើនណាស់ ចឹងទៅខាងនោះខ្វះកម្មាភិបាល»។ អង្គការ បានបញ្ជូនស្ទើរទាំងមួយភូមិភាគនិរតីទៅធ្វើការនៅភូមិភាគពាយ័ព្យ។ ក្រោយមក យ៉ន ដឹងថា ថូ ត្រូវបានអង្គការចោទថា ក្បត់ និងសម្លាប់។
មុននឹងចាកចេញទៅភូមិភាគពាយ័ព្យ អង្គការបានបញ្ជូន យ៉ន និងប្រពន្ធ ទៅខេត្តតាកែវ និងចូលរួមបើកវគ្គ នៅវិទ្យាល័យតាកែវ ជិតផ្ទះតាម៉ុក ក្រុងដូនកែវ អស់រយៈពេលកន្លះខែ។ ការបើកវគ្គ គឺមានការចូលរួមដោយផ្ទាល់ ពីតាម៉ុក ដែលជាអ្នកក្ដាប់ទិសដៅ និងបង្រៀនកម្មាភិបាលដែលត្រូវបានជ្រើសរើសរួមទាំង យ៉ន ស្តីពីតួនាទី និងស្ថានភាពក្នុងភូមិភាគពាយ័ព្យ។ តាម៉ុក បានលើកឡើងពីភាពខ្វះខាតរបស់កម្មាភិបាលភូមិភាគពាយ័ព្យ ដូច្នេះត្រូវបញ្ជូនកម្មាភិបាលភូមិភាគនិរតីទៅធ្វើការនៅទីនោះ។ តាម៉ុក ក៏បានណែនាំឲ្យ យ៉ន និងកម្មាភិបាលឯទៀត ត្រូវចេះស្ដាប់អំពីសភាពការណ៍របស់ខ្មាំង ដែលមានសកម្មភាពជាច្រើន ក្នុងការបំផ្លិចបំផ្លាញកិច្ចការរួមរបស់អង្គការ ដូច្នេះទាមទារឲ្យមានការតាមដាន និងមើលសកម្មភាពរបស់កម្មាភិបាលភូមិភាគពាយ័ព្យ នៅពេលធ្វើការជាមួយគ្នា។ អស់រយៈពេលកន្លះខែ គឺមានការប្រជុំជារៀងរាល់ថ្ងៃ ពីរឿងសភាពការណ៍ក្នុងភូមិភាគពាយ័ព្យ។
បន្ទាប់ពីបញ្ចប់ការបើកវគ្គ តាម៉ុក បានប្រាប់ទិសដៅឆ្ពោះមកភូមិភាគពាយ័ព្យ ដោយបញ្ជូនមនុស្សជាច្រើនពាន់នាក់តាមរថភ្លើងជាច្រើនខ្សែ ទាំងកងនារី និងកងទ័ព។ កងនារី និងកងទ័ពមួយចំនួន ចុះនៅខេត្តសៀមរាប និងនៅខេត្តកំពង់ធំ។ យ៉ន ចុះនៅភូមិក្ដុល ឃុំក្ដុល ស្រុកដូនទាវ តំបន់៤ ខេត្តបាត់ដំបង។ យ៉ន ត្រូវបានអង្គការចាត់តាំងឲ្យធ្វើជាប្រធានកងផលិតធំ (មានឋានៈស្មើមេឃុំ) ដែលត្រូវគ្រប់គ្រងសមាជិកប្រហែល ៦០០នាក់។ ចំណែក ប្រពន្ធរបស់ យ៉ន គឺធ្វើខាងចុងភៅ នៅតាមកង ដែលមានចំនួន ៣០គ្រួសារ។ ការងាររបស់កងផលិតធំ គឺចាត់ចែងធ្វើស្រែឲ្យបានមួយហិកតាបីតោន ទៅតាមបញ្ជាមកពីថ្នាក់លើ តាម៉ុក ដែលដាក់មកឲ្យខាងគណៈតំបន់ជាអ្នកអនុវត្ត។ ប្រសិនបើ យ៉ន ធ្វើមិនបានតាមផែនការ គឺជារឿងស្លាប់រស់របស់ យ៉ន ជាប្រធានកងផលិត ដែលត្រូវចាត់ចែងដីស្រែ និងកម្លាំងប្រជាជន។ យ៉ន និយាយថា ថ្នាក់លើនឹងវិនិច្ឆ័យកម្មាភិបាលទាំងអស់ ពីរបៀបចាត់ចែង និងប្រើប្រាស់កម្លាំងពលកម្មរបស់ប្រជាជន និងដីស្រែ។ អង្គការបានកំណត់ឲ្យ យ៉ន ដឹកនាំប្រជាជន និងសម្រេចធ្វើស្រែឲ្យបានតាមផែនការកំណត់ដាច់ខាត។ បន្ទាប់ពី អង្គការបានបង្រៀន យ៉ន ពីវិធីភ្ជួររាស់ វិធីធ្វើជី និងវិធីបាចជី។ យ៉ន ត្រូវដឹកនាំប្រជាជនធ្វើស្រូវប្រាំងនៅទិសខាងកើតនៃអាងស្តុកទឹកភាស ដែលមានទំហំប្រហែលជាង៥០០ហិកតា។ នៅពេលនោះ ប្រជាជនត្រូវធ្វើការឲ្យសម្រេចតាមផែនការ ទើបអនុញ្ញាតឲ្យសម្រាក។
របាយការណ៍ពីសភាពការណ៍នៅក្នុងភូមិភាគពាយ័ព្យ គឺត្រូវបញ្ជូនទៅ តាម៉ុក និងសមមិត្ត សៀន ជាអ្នកតាមដាន។ សមមិត្ត សៀន មានភារកិច្ចតាមដានកម្មាភិបាល ថាតើធ្វើការត្រង់ ឬមិនត្រង់ ដែលចាត់តាំងដោយ តាម៉ុក ផ្ទាល់ ដូច្នេះការរាយការណ៍ និងធ្វើរបាយការណ៍ អំពីសភាពការណ៍ និងការរស់នៅរបស់ប្រជាជន និងត្រូវបញ្ជូនឲ្យឈ្មោះ សៀន និង តាម៉ុក នៅជិតរង្វង់មូលវាលបែកចាន ក្រុងបាត់ដំបង។ អ្នកដែលលួចហូប ត្រូវអង្គការចាត់ទុកថាជាខ្មាំង ដូច្នេះ យ៉ន ត្រូវក្តាប់ឲ្យបានពីការបំផ្លិចបំផ្លាញដោយខ្មាំងទាំងនេះ។ យ៉ន ថា គាត់មិនរាយការណ៍នោះទេចំពោះការលួចហូបចេក ឬដំឡូងបន្តិចបន្តួចដែលដាំជុំវិញផ្ទះ ដូច្នេះធ្វើឲ្យកម្មាភិបាលខ្មែរក្រហមដទៃរាយការណ៍ពី យ៉ន ទៅថ្នាក់លើ។
នៅបាត់ដំបង កម្មាភិបាលដែលមកពីតាកែវជាមួយ យ៉ន ឈ្មោះ ឯក ត្រូវបានសម្លាប់ នៅពេល តាម៉ុក ដឹងថាបានប្រព្រឹត្តទង្វើខុសសីលធម៌ជាមួយកងនារីចល័ត។ ការស្លាប់របស់កម្មាភិបាលឈ្មោះ ឯក បានធ្វើឲ្យប៉ះពាល់ដល់ការងាររបស់កម្មាភិបាលដែលមកពីភូមិភាគនិរតី និងគណៈតំបន់មកពីខេត្តតាកែវ។ នៅពេលនោះ តាញឹម ប្រាប់តាម៉ុក ថាបើកម្មាភិបាលដែលបញ្ជូនមកពីនិរតី ខូច ឬមិនខិតខំធ្វើការ «សមមិត្តម៉ុកឲ្យតែអ្នកណាខូចទៅវិញជិះចានហើយ»។ អង្គការបានគំរាមកម្មាភិបាលទាំងនិរតី និងពាយ័ព្យថា អ្នកដែលធ្វើឲ្យខូចផែនការថ្នាក់លើនឹងត្រូវយកទៅវាយសម្លាប់។ នៅថ្ងៃមួយ មានឡានមួយគ្រឿងមកដល់មុខផ្ទះរបស់ យ៉ន អង្គរក្សរបស់ រស់ ញឹម បានប្រាប់ យ៉ន ថាត្រូវទៅរៀន នៅអន្លង់វិល ដូច្នេះ យ៉ន និងប្រពន្ធ ត្រូវរៀបចំអីវ៉ាន់។ យ៉ន ត្រូវបានអង្គការតាមដាន និងចោទ យ៉ន ថាក្បត់។ យ៉ន ថាមានកម្មាភិបាលដទៃរាយការណ៍ថា យ៉ន ដឹកនាំប្រជាជនធ្វើការមិនសម្រេចតាមផែនការ ដោយធ្វើស្រែមិនបានទិន្នផលបីតោនក្នុងមួយហិកតា និងធ្វើឲ្យប្រជាជនអត់ឃ្លាន ដូច្នេះត្រូវដកចេញ និងយកទៅអប់រំដោយយោធាភូមិភាគពាយ័ព្យ។
នៅឆ្នាំ១៩៧៨ បន្ទាប់ពីមានការចាប់ខ្លួន រស់ ញឹម ដែលជាលេខាភូមិពាយ័ព្យ ទើប យ៉ន ត្រលប់មកដឹកនាំប្រជាជនធ្វើស្រែបន្ត។ នៅចុងឆ្នាំ១៩៧៨ នៅពេលកំពុងធ្វើស្រែ៥០០ហិកតា ម៉ន មកតាម យ៉ន នៅឮសូរសំឡេងក្ដុងក្ដាំង បន្ទាប់មកមានអ្នករើអីវ៉ាន់ នៅពេល យ៉ន ទៅមើលស្ថានការណ៍និយាយថា៖ «ឥឡូវខ្ញុំទៅតែម៉ាភ្លែតទេមកវិញ» នៅពេលមកវិញ គឺស្ងាត់ឈឹង បាត់មនុស្សអស់។ នាំគ្នាជញ្ជូនអីវ៉ាន់ និងសម្រាកនៅលានស្រូវ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីមានការទម្លាក់គ្រាប់បែកនៅវាលបែកចាន (អាកាសយានដ្ឋានបាត់ដំបង) ដោយកងទ័ពវៀតណាម ទើប យ៉ន និងប្រជាជនរត់ភៀសខ្លួនពីបាត់ដំបង។ យ៉ន បានរត់ទៅតាម តាទិត្យ គណៈតំបន់៤ ដោយឆ្លងកាត់អន្លង់រុន ទៅដល់ឃុំលាច ខេត្តពោធិ៍សាត់។ នៅពេលទៅដល់លាច យ៉ន ក៏ធ្វើដំណើរតាម តាម៉ុក ត្រលប់មកស្រុកបវេល និងបន្ទាប់មក យ៉ន មករស់នៅអន្លង់វែងរហូតដល់ទសវត្សរ៍១៩៩០ ទើបត្រលប់មករស់នៅទីលំនៅសព្វថ្ងៃ៕
អត្ថបទដោយ ស្រ៊ាង លីហួរ