អ្នកដែលចោទថាមានទំនាក់ទំនងជាមួយកងទ័ពវៀតណាមនឹងត្រូវសម្លាប់
(រតនគិរី)៖ ឈូរ ម៉ស មានអាយុ ៦០ឆ្នាំ រស់នៅភូមិត្រាក់ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ ម៉ស មានដើមកំណើតជាជនជាតិដើមភាគតិចកាវែត។
ម៉ស បានរស់រានមានជីវិតពីរបបខ្មែរក្រហម គាត់បានបន្តថា នៅសម័យខ្មែរក្រហមប្រជាជនត្រូវរស់នៅតាមសហករណ៍នៅឯភូមិកោះពាក្យ ដោយធ្វើការពីព្រលឹមទល់ព្រលប់ គ្មានពេលសម្រាក និងបរិភោគមិនគ្រប់គ្រាន់។
ឈូរ ម៉ស ត្រូវខិតខំធ្វើការទាំងថ្ងៃទាំងយប់ដោយមិនហ៊ានត្អូញត្អែរ ឬតវ៉ាជាមួយមេបញ្ជាការខ្មែរក្រហមដែលតែងតែឃ្លាំមើល និងបង្ខំឲ្យប្រជាជនធ្វើការឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។ ខ្មែរក្រហមមិនដែលគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនោះទេ។ ប្រជាជនត្រូវស្ទូងស្រូវឲ្យបានត្រង់ស្អាត និងលឿនតាមការកំណត់។ អ្នកដែលធ្វើមិនបានតាមការកំណត់ នឹងត្រូវបង្អត់អាហារ ថែមទាំងមិនឲ្យសម្រាក។
ក្នុងមួយនាក់ត្រូវស្ទូងឲ្យបាន ទទឹង៥ម៉ែត្រ បណ្តាយ២ហត្ថ ទើបបានហូបបាយ។ អ្នកដែលធ្វើមិនហើយ ឬតវ៉ាត្រូវយកទៅកសាង ឬរៀនសូត្រដើម្បីកុំឲ្យអ្នកផ្សេងយកតម្រាប់តាម។
នៅពេលយប់ ខ្មែរក្រហមបានចែកវេនសម្រាប់ឲ្យយាមល្បាត ដោយមិនឲ្យមានការជួបមុខគ្នាតែពីរនាក់រវាងបុរសនិងស្ត្រី។ បើមានករណីបែបនេះកើតឡើង លុះព្រឹកឡើងនឹងមានការប្រជុំដើម្បីនាំមុខអ្នកទាំងប្រព្រឹត្តខុសទៅទទួលទោស ដោយយកទៅរៀនសូត្រ។ សូម្បីតែប្តីប្រពន្ធ ឪពុកម្តាយនិងកូន ក៏ខ្មែរក្រហមហាមឃាត់មិនឲ្យជួបគ្នានោះឡើយ។
កំលោះក្រមុំគ្មានសិទ្ធិក្នុងការជ្រើសរើសមនុស្សដែលខ្លួនស្រលាញ់ឬពេញចិត្តឡើយ គឺអង្គការជាអ្នកសម្រេច បើមានការតវ៉ានោះ អ្នកទាំងនោះនឹងត្រូវនាំយកទៅរៀនសូត្រ។
របបអាហារមានតែបាយមួយកូនចានតូចលាយជាមួយ បន្លែ នៅពេលដែលទិន្នផលស្រូវដែលប្រមូលបានមានច្រើន តែខ្មែរក្រហមមិនចែកឲ្យប្រជាជនហូបនោះទេ។ ដោយសារការខិតខំធ្វើការរបស់ ម៉ស និងមានជំងឺពិតប្រាកដខ្មែរក្រហមបានព្យាបាលគាត់ឲ្យបានជាសះស្បើយ ចំណែកអ្នក ដែលកុហកគឺគ្មានការព្យាបាលនោះទេ។
នៅក្នុងសហករណ៍ ម៉ស ត្រូវជីកប្រឡាយ លើកភ្លឺស្រែ គាស់គល់ឈើ និងច្រូតស្រូវនៅក្នុងភូមិកោះពាក្យអស់រយៈពេលជាងពីរឆ្នាំ។ ក្រោយមក គាត់ត្រូវបានបញ្ជូនឲ្យធ្វើការនៅផ្ទះមេបញ្ជាការខ្មែរក្រហម ដោយត្រូវធ្វើម្ហូបអាហារនិងបោសសម្អាតផ្ទះសម្បែងសម្រាប់ទទួលភ្ញៀវ។
នៅក្នុងភូមិមានចៅហ្វាយស្រុកម្នាក់ឈ្មោះ បូ ខាវ និងបន្ទាប់មកពូរបស់ ម៉ស ដែលជាមេឃុំ ឈ្មោះ ឆាយ ត្រូវបានខ្មែរក្រហមចាប់ខ្លួនយកទៅរៀនសូត្រ។ ហេតុការណ៍ផ្ទាល់ភ្នែកដែលគាត់បានឃើញ គឺមានប្រធាននារីស្រុកម្នាក់នៅឃុំកាចូន ត្រូវកងឈ្លបខ្មែរក្រហមប្រដាប់ដោយកាំភ្លើងបានភ្ជង់និងសួរចម្លើយ បន្ទាប់មកវាយទម្លាក់ប្រធាននារីនោះចូលទៅក្នុងរណ្តៅ។ អ្នកទាំងបីត្រូវបានខ្មែរក្រហមចោទថា មានទំនាក់ទំនងជាមួយកងទ័ពវៀតណាម ព្រមទាំងប្រជាជនជាច្រើននាក់ទៀតក៏ត្រូវបានខ្មែរក្រហមយកទៅសម្លាប់។
នៅពេលរបបខ្មែរក្រហមដួលរលំ គាត់បានរត់គេចខ្លួន ព្រាត់ប្រាសគ្រួសារ និងអ្នកខ្លះបានបាត់បង់ជីវិតដោយសារខ្វះចំណីអាហារនៅក្នុងព្រៃ។ សព្វថ្ងៃគាត់មានជំងឺសន្លាក់ ដោយសារការងារធ្ងន់តាំងពីសម័យនោះមក៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤