ប្រព័ន្ធធារាសាស្រ្តខ្មែរក្រហម៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រំឭកអំពីបទពិសោធន៍ការលើកទំនប់ជ្រោយចេក (ត្រួយចេក) នៅរដូវវស្សា ក្នុងរបបខ្មែរក្រហម

ទំនប់ជ្រោយចេក (ត្រួយចេក) មានជ្រុងម្ខាងស្ថិតក្នុងភូមិវាលក្រៀល ឃុំទ្រាន ស្រុកកំពង់សៀម និងចុងម្ខាងទៀតនៃទំបន់ ស្ថិតក្នុងភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម។ ទំនប់ទឹកជ្រោយចេក (ត្រួយចេក) មិនត្រឹមតែទទួលបានការអភិរក្ស និងការអភិវឌ្ឍទៅជាអាងស្ដុកទុកទឹកសម្រាប់ស្រោចស្រពស្រែចម្ការរបស់ប្រជាពលរដ្ឋមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ដោយហេតុផលថា ទំនប់នេះ មានវាលស្រែបៃតងស្រងាត់ អមទៅដោយបឹងដ៏ធំលាតសន្ធឹងពីចុងម្ខាងទៅចុងម្ខាងទៀត ដែលបង្កើតបានជាទេសភាពដ៏ស្រស់ស្អាត នាដើមរដូវវស្សា។
បើក្រឡេកទៅមើលទៅកាន់រឿងរ៉ាវអតីតកាលវិញ ទំនប់នេះ ត្រូវបានសាងសង់ឡើងដោយកម្លាំងប្រជាជន ដើម្បីរក្សាទឹកទុកធ្វើស្រែ និងចម្ការ នៅចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨។ ក្នុងរបបខ្មែរក្រហម ទំនប់ជ្រោយចេក ស្ថិតនៅតំបន់៤១ ក្នុងភូមិភាគកណ្ដាល ដែលត្រូវបានបែងចែកជាបីតំបន់ គឺតំបន់៤១ តំបន់៤២ និងតំបន់៤៣។[1] ប្រជាជនជាច្រើននាក់ បានស្លាប់នៅពេលលើកទំនប់នេះ ដោយសារតែសុខភាពទ្រុឌទ្រោមដែលបណ្ដាលមកពីការបង្ខំធ្វើការងារហួសកម្លាំង, កង្វះអាហារបរិភោគគ្រប់គ្រាន់ និងការធ្លាក់ខ្លួនឈឺដោយគ្មានថ្នាំព្យាបាល។[2]
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលធ្លាប់ធ្វើការងារលើកដីនៅទំនប់ជ្រោយចេកនេះ បានរំឭកអំពីបទពិសោធន៍របស់ខ្លួន ដូចខាងក្រោម៖
ចូវ សុខគង់[3] អាយុ៧៥ឆ្នាំ អតីតប្រធានក្រុមកងចល័តនារីទំនប់ជ្រោយចេក និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចែករំលែកបទពិសោធន៍ថា៖ “នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានចាត់តាំងជាប្រធានក្រុមកងចល័តនារីទៅធ្វើស្រែ និងលើកទំនប់ជ្រោយចេក។ ខ្ញុំត្រូវផ្លាស់ទៅរស់នៅទីនោះ ដោយបានចាកចេញពីគ្រួសារ។ ខ្ញុំ និងមិត្តៗនារីនៅក្នុងកងចល័តនារី ធ្វើការកាប់ និងលើកដីទំនប់ នៅរដូវប្រាំង ហើយនៅរដូវវស្សា យើងធ្វើស្រែ។ នៅឆ្នាំ១៩៧៧ សមមិត្ត យុទ្ធ និងសមមិត្ត ស៊ី ដែលជាកម្មាភិបាលមកពីភូមិភាគនិរតី បានមកធ្វើជាប្រធានក្ដាប់រួមនៅសហករណ៍នេះ។ នៅចុងឆ្នាំ១៩៧៧ ខ្ញុំត្រូវបានផ្លាស់មកកងដាំស្លនៅរោងបាយរួម ដែលមានសមមិត្តទាំងអស់ចំនួន១០នាក់។ នៅឆ្នាំ១៩៧៨ ខ្ញុំសុំការអនុញ្ញាតពីសមមត្តិ ស៊ី ដើម្បីមកមើលថែទាំងឪពុក និងប្អូនប្រុសដែលពិការភ្នែកទាំង២នាក់នៅភូមិចំការសាមសិបវិញ។ នៅពេលដែលមកដល់ភូមិវិញ ទើបខ្ញុំដឹងថាមានការកាប់សម្លាប់អ្នកភូមិចំការសាមសិប និងភូមិកំពង់ក្របី ជាច្រើននាក់។ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំ នៅដើមឆ្នាំ១៩៧៩ ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ខ្ញុំអាចរួចផុតពីសេចក្ដីស្លាប់ និងបន្តរស់នៅភូមិ ប្រកបរបរធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ននេះ ខ្ញុំមានជំងឺសួត ជំងឺភ្នែកឡើងបាយ និងបញ្ហាត្រចៀក។” ប៊ុន ចាន់ថុល[4] អាយុ៦៤ឆ្នាំ ជាអតីតសមាជិកកងចល័តនារីនៅទំនប់ជ្រោយចេក និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានពិពណ៌នាអំពីទិដ្ឋភាពការធ្វើការងារនៅទំនប់ ដែលគ្មានពេលសម្រាក និងគ្មានអាហារគ្រប់គ្រាន់៖ “នៅឆ្នាំ១៩៧៦ ខ្ញុំមានវ័យជំទង់ ហើយត្រូវបានអង្គការចាត់តាំងឲ្យធ្វើការនៅកងចល័តស្រុក ដែលមានមនុស្សប្រហែល៣០០នាក់។ សមមិត្ត នីន គឺជាប្រធានកងចល័តស្រុក ខណៈពេលដែលសមមិត្ត ផា គឺជាប្រធានកងតូច ដែលមានគ្នាប្រហែល៣០នាក់។ ចាប់ពីឆ្នាំ១៩៧៦ ដល់ចុងឆ្នាំ១៩៧៨ ខ្ញុំបានត្រូវបញ្ចូនទៅធ្វើការលើកទំនប់ និងធ្វើស្រែ នៅទំនប់ជ្រោយចេក។ ខ្ញុំនៅចងចាំមិនភ្លេចអំពីការងារពេញមួយថ្ងៃ ដែលខ្ញុំបានធ្វើនៅពេលនោះ។ ប្រហែលនៅម៉ោង៤ព្រឹក សមមិត្ត ផា ផ្លុំកញ្ចែដាស់ ឲ្យសមាជិកក្រោកឈរតម្រង់ជួរ និងណែនាំឲ្យគ្រប់គ្នាសម្រេចផែនការការងារ គឺជីកដី៣ម៉ែត្រការ៉េ និងទៅយកសម្ភារធ្វើការ។ យើងទាំងអស់គ្នាដើរទៅការរដ្ឋានធ្វើការ។ នៅយប់ខ្លះ ខ្ញុំមើលមុខគ្នាមិនស្គាល់នោះឡើយ។ ប្រហែលនៅម៉ោង៧ព្រឹក សមមិត្ត ផា ផ្លុំកញ្ចែ ដើម្បីឲ្យអ្នកគ្រប់គ្នាសម្រាកបន្តិច។ បន្ទាប់ពីសម្រាករួចហើយ សមមិត្ត ផា ផ្លុំកញ្ចែម្តងទៀត ដើម្បីឲ្យសញ្ញាដល់អ្នគ្រប់គ្នាឲ្យបន្តការងាររហូតដល់ពេលសម្រាកបាយថ្ងៃត្រង់។ នៅម៉ោង១២ថ្ងៃត្រង់ គ្រប់គ្នាត្រលប់មកទីតាំងធ្វើការ និងធ្វើការរហូតដល់គ្រប់ផែនការកំណត់ ត្រឹមម៉ោង៥ល្ងាច។ បើមិនទាន់គ្រប់ផែនការកំណត់នោះទេ យើងត្រូវបន្តធ្វើការរហូតដល់ម៉ោង៦ឬ៧ល្ងាច។ ខ្ញុំក៏ត្រូវយាមនៅកន្លែងសម្រាក ចាប់ពីម៉ោង៩ដល់ម៉ោង១០យប់ដែរ។ សកម្មភាពការងារពេញមួយថ្ងៃនៅទំនប់នេះ គឺនៅតែស្ថិតក្នុងការចងចាំរបស់ខ្ញុំ។ នៅថ្ងៃមួយ មិត្ត ស្រ៊ុន បានប្រាប់ខ្ញុំ ថា ឪពុករបស់ខ្ញុំត្រូវបានចាប់យកទៅសម្លាប់នៅទួលស្រែ។ នៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចូលមករំដោះប្រជាជន ខ្ញុំបានវិលត្រលប់មកភូមិវិញ និងមានតែការសោកស្ដាយចំពោះការបាត់បងឪពុករបស់ខ្ញុំ។ ខ្ញុំបានបន្តធ្វើស្រែចម្ការ រហូតមកដល់បច្ចុប្បន្ននេះ។ ខ្ញុំមានជំងឺប្រចាំកាយមួយចំនួនដែរ។”
ធុន ស្រ៊ាង[5] អាយុ៦៨ឆ្នាំ ជាអតីតអ្នកធ្វើការក្នុងកងចល័តនារីនៅទំនប់ជ្រោយចេក និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅចងចាំមិនអាចបំភ្លេចបានអំពីការងារលើកទំនប់ជ្រោយចេក បានចែករលែកថា៖ “នៅឆ្នាំ១៩៧៦ មានការចាប់ផ្ដើមបង្កើតជាសហករណ៍ និងការធ្វើការនៅកងចល័តនៅតាមការដ្ឋាន។ ខ្ញុំត្រូវបានបញ្ចូនទៅធ្វើការនៅកងចល័តនារី ដែលមានទិសដៅទៅលើកទំនប់ជ្រោយចេក ដែលស្ថិតនៅឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅការរដ្ឋានលើកទំនប់ ខ្ញុំត្រូវងើបពីម៉ោង៤ទៀបភ្លឺ ទៅប្រជុំជួរស្ដាប់ពីផែនការរបស់អង្គការត្រូវធ្វើអ្វីក្នុងថ្ងៃហ្នឹង។ ខ្ញុំចាប់ផ្ដើមធ្វើការពីម៉ោង៦ព្រឹកដល់ម៉ោង១១ព្រឹក ទើបឈប់សម្រាកហូបបបរនៅរោងបាយរួម។ ហូបបាយរួចហើយ ខ្ញុំត្រូវបន្តធ្វើការចាប់ពីម៉ោង១ដល់ម៉ោង៥ល្ងាច។ ចំណែកឯអាហារវិញ ខ្ញុំហូបមិនឆ្អែតនោះទេ។ ហើយមានអ្នកខ្លះបានស្លាប់ ដោយមូលហេតុ ការធ្វើការងារហួសកម្លាំង, ហូបមិនគ្រប់គ្រាន់ និងឈឺ។ ខ្ញុំត្រូវបានដាក់ផែនការឲ្យធ្វើការលើកទំនប់ ក្នុង១ថ្ងៃ២ម៉ែត្រគូប។ ខ្ញុំអាចរួចផុតពីទុក្ខលំបាក និងសេចក្ដីស្លាប់ដោយកងទ័ព រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានចូលមករំដោះប្រជាជនចេញពីខ្មែរក្រហម។ ខ្ញុំបានមករស់នៅភូមិជាមួយគ្រួសារវិញ។”
អត្ថបទដោយ សាំង ចាន់ធូ
[1] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ៣៣-៣៦
[2] ស្ទួនសៀវភៅខាងលើ ទំព័រ៦៩-៧៥
[3] បទសម្ភាសន៍ជាមួយ ចូវ សុខគង់ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅឆ្នាំ២០២៥។ បទសម្ភាសន៍នេះ ត្រូវបានថែរក្សាទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជាកម្ពុជា សាខាខេត្តកំពង់ចាម។
[4] បទសម្ភាសន៍ជាមួយ ប៊ុន ចាន់ថុល នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅឆ្នាំ២០២៥។ បទសម្ភាសន៍នេះ ត្រូវបានថែរក្សាទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជាកម្ពុជា សាខាខេត្តកំពង់ចាម។
[5] បទសម្ភាសន៍ជាមួយ ធុន ស្រ៊ាង នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅឆ្នាំ២០២៥។ បទសម្ភាសន៍នេះ ត្រូវបានថែរក្សាទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជាកម្ពុជា សាខាខេត្តកំពង់ចាម។