ច្រុន ឆុត ៖ ត្រូវបានកងទ័ពខ្មែរក្រហមបាញ់ត្រូវភ្លៅចំនួនបីគ្រាប់

ច្រុន ឆុត (២០២៤)

ចុងឆ្នាំ១៩៧៨ ឆុត និងប្រជាជនមួយចំនួនដែលនៅធ្វើការងារតាមសហករណ៍ បានសម្រេចចិត្តចូលរួមជាមួយទាហានសម្ដេច ហ៊ុន សែន ដើម្បីវាយបកទៅកាន់កងទ័ពខ្មែរក្រហមនៅឃុំឬស្សីក្រាំង ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្នុងអំឡុងពេលប្រយុទ្ធ ឆុត ត្រូវបានកងទ័ពខ្មែរក្រហមបាញ់ត្រូវភ្លៅខាងស្ដាំចំនួនបីគ្រាប់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។ ឆុត បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖

ច្រុន ឆុត[1] ភេទប្រុស អាយុ៧៨ឆ្នាំ។ សព្វថ្ងៃមិនប្រកបមុខរបរអ្វីនោះទេ ចាស់ជរា ។ ឆុត មានស្រុកកំណើតនៅភូមិដំណាក់ធ្នង់ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឆុត មានឪពុកឈ្មោះ បួយ ច្រុន(ស្លាប់ដោយសារជំងឺចាស់ជរា) និងម្ដាយឈ្មោះ ផាន់ សិប (ស្លាប់ដោយសារជំងឺបូសអន្ទង់)។ ឆុត មានបងប្អូនចំនួន១២នាក់(ប្រុស២នាក់ និងស្រី១០នាក់) បងប្អូនរបស់ ឆុត បានទទួលមរណៈភាពចំនួន១០នាក់ (ប្រុសម្នាក់ និងស្រី៩នាក់) បងប្អូនមួយចំនួនបានស្លាប់ដោយសារអត់អាហារក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៦។ ឯមួយចំនួនទៀតស្លាប់ដោយសារកើតជំងឺគ្រុនចាញ់។ ​ឆុត ជាកូនទី២នៅក្នុងគ្រួសារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ឆុត បានរៀបការនៅឆ្នាំ១៩៦៨ មានប្រពន្ធឈ្មោះ ភឹម ច្រៃ មានអាយុ ៧៦ឆ្នាំ។ ឆុត មានកូនចំនួន៦នាក់ ( ប្រុស៣នាក់ និងស្រី៣នាក់ ) កូនៗរបស់ ឆុត បានទទួលមរណៈភាពអស់៣នាក់ (ប្រុសម្នាក់ និងស្រី២នាក់) ដោយសារកើតជំងឺកញ្ជ្រឹល។

កាលពីកុមារ ឆុត ចូលរៀនបានត្រឹមថ្នាក់ទី១២ចាស់ នៅសាលាបឋមសិក្សាភូមិដំណាក់ធ្នង់។ គ្រូបង្រៀនមាន​ឈ្មោះ គ្រូលេន។ ឆុត ចូលរៀនដំបូងអាយុ១៥ឆ្នាំ ។ មូលហេតុដែល ឆុត ឈប់រៀនមកពីគ្រួសារមានជីវភាពក្រីក្រ និងបងប្អូនច្រើនសុទ្ធតែស្រីៗគ្មានអ្នកជួយឪពុកម្ដាយធ្វើស្រែចម្ការ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច ព្រះបាទនរោត្ដម សីហនុ។ បន្ទាប់មក ឪពុកម្ដាយរបស់ ឆុត បានលក់ដីនៅស្រុកកំណើត ហើយមកទិញដីនៅភូមិស្វាយយ៉រ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង រស់នៅដោយប្រកបមុខរបរធ្វើស្រែដើម្បីចិញ្ចឹមជីវិត។​ បន្ទាប់ពីរដ្ឋប្រហារបានរយៈពេលមួយខែ នៅក្នុងភូមិមានការអំពាវនាវឲ្យប្រជាជនដែលស្នេហាជាតិចូលព្រៃម៉ាក់គី ដើម្បីចូលរួមជាមួយចលនាតស៊ូខ្មែរក្រហម ដើម្បីវាយផ្ដួលរបបលោកសេនាប្រមុខលន់ នល់។

ក្នុងឆ្នាំ១៩៧៣ ទាហានអាមេរិកាំងបានបើកយន្តហោះជាច្រើនគ្រឿងមកទម្លាក់គ្រាប់បែកទៅលើភូមិស្វាយយ៉ ដែលក្រុមគ្រួសាររបស់ ឆុត រស់នៅ។ ប្រជាជនជាច្រើនត្រូវបានស្លាប់ ផ្ទះសម្បែងមួយចំនួនធំត្រូវបានបំផ្លិចបំផ្លាញ គោ ក្របីស្លាប់ច្រើនសន្ធឹកសន្ធាប់។ ប្រជាជនស្នាក់នៅមន្ទីរពេទ្យតាពួចភាគច្រើនត្រូវបានស្លាប់ ព្រោះការទម្លាក់គ្រាប់បែក។ បន្ទាប់ពីទម្លាក់គ្រាប់បែករួច ប្រជាជនបាននាំគ្នាជីករណ្ដៅត្រង់សេទុកសម្រាប់លាក់ខ្លួន។ ការទម្លាក់គ្រាប់បែកបានធ្វើឲ្យប្រជាជនពិបាកក្នុងការចេញទៅប្រកបមុខរបរផ្សេងៗ ហើយត្រូវរស់នៅដោយភាពភ័យខ្លាចគ្រប់ពេលវេលា។

ក្នុងឆ្នាំ១៩៧៤  កងទ័ពខ្មែរក្រហមបានចាប់ផ្ដើមចូលមកឃោសនាក្នុងភូមិ។ ឆុត បាននិយាយបន្តថា អ្នកដែលចូលមកឃោសនាក្នុងភូមិដំបូងឈ្មោះ តា វ៉ាញ ដែលជាអ្នកគ្រប់គ្រងនៅតំបន់២ ប្រចាំភូមិភាគពាយ័ព្យ។ តា វ៉ាញ ចូលមកដល់ក្នុងភូមិបានប្រាប់ឲ្យប្រជាជនត្រូវក្រោកឡើងតស៊ូប្រឆាំងជាមួយលោកសេនាប្រមុខលន់ នល់ និងបានបង្រៀនប្រជាជនពីរបៀបធ្វើការងារទាក់ទងនឹងចលនាបដិវត្តន៍។​ ​បន្ទាប់ពីមានការឃោសនារបស់ខ្មែរក្រហម ឆុត និងប្រជាជនជាច្រើនបានសម្រេចចិត្តចាកចេញពីគ្រួសារចូលរួមជាមួយកងទ័ពខ្មែរក្រហម ដើម្បីវាយផ្ដួលរំលំរបបលោកសេនាប្រមុខ លន់ នល់។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយរំដោះបានទីក្រុងភ្នំពេញ ព្រមទាំងបានទទួលបានជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ​។ កងទ័ពនៅតំបន់២ មិនបានចូលរួមក្នុងការវាយរំដោះទីក្រុងភ្នំពេញទេ ព្រោះត្រូវប្រចាំការក្នុងខេត្តបាត់ដំបង។ បន្ទាប់ពីទទួលបានជ័យជម្នះរយៈពេល១០ថ្ងៃ តា ​វ៉ាញ ប្រធានតំបន់២ បានបញ្ជូន ឆុត រួមជាមួយកងទ័ព១១នាក់ផ្សេងទៀត ចេញពីស្រុកមោងឫស្សី ខេត្តបាត់ដំបង ឲ្យទៅប្រចាំការនៅស្រុកបាកាន ក្នុងខេត្តពោធិ៍សាត់ ​ដែលគ្រប់គ្រងដោយ តា នៅ មានតួនាទីជាអនុប្រធានតំ​បន់២ និងមានកងទ័ពសរុបប្រហែលជា៣០០នាក់​។ នៅពាក់កណ្ដាលឆ្នាំ១៩៧៥ តា ​វ៉ាញ បានបញ្ជាឲ្យ តា​ នៅ​ រៀបចំកម្លាំងទ័ពដើម្បីទៅវាយជាមួយទាហានលន់ នល់ ដែលរត់គេចខ្លួនមកបោះទីតាំងនៅភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ក្នុងអំឡុងពេលកំពុងវាយតតាំងជាមួយទាហានលន់ នល់ ឆុត ត្រូវបានទាហានលន់ នល់បាញ់ត្រូវដៃខាងឆ្វេងចំនួន២គ្រាប់ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យតាលោ អស់រយៈពេលបីខែ ទើបបានជាសះស្បើយ។ ក្នុងពេលសម្រាកព្យាបាលនៅពេទ្យមន្ទីរពេទ្យតាលោ ឆុត ហូបចុកបានគ្រប់គ្រាន់មិនមានការខ្វះខាត​អ្វីទេ។

ឆ្នាំ១៩៧៦  តា នៅ បានផ្លាស់ ឆុត ចេញពីភូមិស្វាយដូនកែវឲ្យមកប្រចាំការនៅឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលគ្រប់គ្រងដោយ តា កាន ។ មកដល់បឹងខ្នា តា កាន បានប្រើ ឆុត ដាំបាយឲ្យកងទ័ពហូប និងដើរយាមល្បាតរៀងរាល់ពេលយប់ខ្លាចមានខ្មាំងលួចចូលក្នុងភូមិ ។​  ឆុត រស់នៅបឹងខ្នាអស់រយៈពេល៣ខែ ទើបត្រូវផ្លាស់មកសោមសាន្តវិញ ស្ថិតនៅភូមិតាគោក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ​  ដើម្បីឲ្យមកជួយធ្វើការងារនៅក្នុងកងចល័ត។​  ការងារដែល ឆុត ត្រូវធ្វើប្រចាំថ្ងៃមានដូចជា ធ្វើស្រែ រែកដី លើកប្រឡាយ១៧ និងយប់ឡើងធ្វើទ័ពស្រុកដើរល្បាតនៅក្នុងភូមិ ​។ ក្នុងខែកក្កដា ឆ្នាំ១៩៧៦ តា កាន បានជ្រើសរើស ឆុត​ និងប្រជាជនក្នុងកងចល័ត ចំនួន​៣៥នាក់ទៀត ឲ្យទៅជួយលើកប្រឡាយនៅភូមិដំណាក់អំពិល ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលគ្រប់គ្រងដោយយាយ រ៉េម ។​​ ពេលធ្វើដំណើរមកដល់ភូមិដំណាក់អំពិល ឆុត បានឃើញប្រជាជនជាច្រើនកំពុងលើកប្រឡាយនៅទីនោះ ។ លុះព្រឹកឡើងយាយ រ៉េម បានបញ្ជូន ឆុត ឲ្យទៅជួយលើកប្រឡាយដូចប្រជាជនដទៃទៀតដែរ។ ក្នុងមួយថ្ងៃ ឆុត ធ្វើការប្រាំពីម៉ោង ម៉ោង៧ចូលធ្វើការ ម៉ោង១១ថ្ងៃត្រង់សម្រាក ម៉ោង២រសៀលចូលធ្វើការ ម៉ោង៥ល្ងាចសម្រាក ។ ឆុត រស់នៅដំណាក់អំពិលបានរយៈពេលមួយខែ ទើបផ្លាស់មកសហករណ៍ដូនទ្រីវិញ ដែលស្ថិតនៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីរៀបចំកម្លាំងទ័ពដើរស្វែងរកខ្មាំងដែលលាក់ខ្លួននៅក្នុងព្រៃ។ ក្នុងពេលដើរល្បាតនៅក្នុងព្រៃ ក្រុមរបស់ ឆុត បានជួបប្រជាជនមួយចំនួនតូចមកពីស្រុកគាស់ក្រឡ ដែលបានរត់មកលាក់ខ្លួនក្នុងព្រៃ។ ពេលនោះក្រុមរបស់ ឆុត បានចាប់សួរចម្លើយប្រជាជនទាំងអស់នោះ បើមានប្រជាជនណាជាប់ពាក់ព័ន្ធជាមួយវៀតណាមឬជាប់ខ្សែស្រឡាយវៀតណាមនិងចាត់ទុកជាខ្មាំងត្រូវបានយកទៅសម្លាប់ចោលទាំងអស់។

ក្នុងឆ្នាំ១៩៧៧ ឆុត បានឈប់ពីកងទ័ពខ្មែរក្រហម ហើយ​បានផ្លាស់មករស់នៅសហករណ៍ពេជ្រចង្វារ ព្រោះប្រពន្ធធ្វើការងារនៅទីនោះ។ មកដល់សហករណ៍ពេជ្រចង្វារ តា ហៀល ប្រធានសហករណ៍បានឲ្យ ឆុត ជួយសាងសង់ផ្ទះទុកសម្រាប់ឲ្យប្រជាជនជម្លៀសមកពីខេត្តស្វាយរៀងស្នាក់នៅ។ នៅក្នុងក្រុម ឆុត មានគ្នា១០នាក់។​ បន្ទាប់ពីសាងសង់ផ្ទះរួច តា​ ហៀល បានប្រើឲ្យ ឆុត ទៅលើកភ្លឺស្រែនិងបិទទំនប់ដើម្បីទប់ទឹកដាក់ស្រែ ។

នៅចុងឆ្នាំ១៩៧៨ កងទ័ពរបស់សម្ដេច ហ៊ុន សែន ( រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា )និងកងទ័ពវៀតណាម បានវាយចូលមកដល់ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ក្នុងពេលជាមួយគ្នា មានប្រជាជនដែលធ្វើការងារនៅក្នុងសហករណ៍ពេជ្រចង្វារបាននាំគ្នារត់ចូលព្រៃសំដៅមកវត្តតាប៉ាង ហើយបានរត់បន្តមកឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ បន្ទាប់ពីឈប់សម្រាកនៅឃុំជ្រៃមិនបានប៉ុន្មានម៉ោងផង កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានចូលមកដល់។ សម្ដេច ហ៊ុន សែន បានអំពាវនាវឲ្យប្រជាជនទាំងអស់ចូលរួមជាមួយសម្ដេចដើម្បីវាយផ្ដួលរលំរបបខ្មែរក្រហម ,បន្ទាប់ពីឮការអំពាវនាវរបស់ សម្ដេច ហ៊ុន សែន ឆុតនិងប្រជាជនជាច្រើនបានសម្រេចចិត្តចូលរួមជាមួយកងទ័ពសម្ដេច។ បន្ទាប់មក សម្ដេច ហ៊ុន​ សែន បានលើក ឆុត ឲ្យធ្វើជាប្រធានស្វាយត្រានដែលមានគ្នា១០នាក់ទុកសម្រាប់ឲ្យគ្រប់គ្រងនិងចូលរួមជាមួយកងទ័ពវៀតណាម ដើម្បីទៅវាយជាមួយកងទ័ពខ្មែរក្រហមដែលមានទីតាំងនៅឃុំឫស្សីក្រាំង ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ឆុត បានមកវាយជាមួយកងទ័ពខ្មែរក្រហមនៅស្រុកគាស់ក្រឡ ហើយបានបន្តវាយរហូតធ្លាក់ដល់ព្រែកជីក រួចរំដោះប្រទេសបាននៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

បន្ទាប់ពីរំដោះប្រទេសបានរយៈពេល១ខែ ឆុតនិងប្រពន្ធបានផ្លាស់មករស់នៅភូមិចាហ៊ួយ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយប្រកបរបរធ្វើស្រែ។ នៅចុងឆ្នាំ១៩៧៩ ​កងទ័ពខ្មែរក្រហមបានងើបឡើងម្ដងទៀត។ ពេលនោះ ឆុត បានប្រមូលកម្លាំងបានប្រហែល១៥នាក់ ដើម្បីទៅទប់ទល់ជាមួយកងទ័ពខ្មែរក្រហមនៅម្ដុំដំណាក់លោក​អាងពៅអៀង។ ពេលដែលកំពុងវាយតតាំងគ្នា ឆុត ត្រូវបានកងទ័ពខ្មែរក្រហមបាញ់ត្រូវភ្លៅចំនួនបីគ្រាប់។  បន្ទាប់ពីត្រូវរបួសអ្នករួមក្រុមជាមួយបានបញ្ជូន ឆុត ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្វាយដូនកែវ។ ឆុត សម្រាកព្យាបាលបានកន្លះខែរាងបានធូរស្បើយរួចបានចេញពីពេទ្យមកសម្រាកព្យាបាលនៅផ្ទះវិញ។ ​បន្ទាប់ពីជាសះស្បើយ ឆុត និងប្រពន្ធបានសម្រចបើកតូបចាប់ហ៊ួយតូចមួយលក់អីវ៉ាន់ដើម្បីចិញ្ចឹមជីវិត ។

លុះដល់ឆ្នាំ ២០០២ ដោយសារតែជីវភាពខ្វះខាត ឆុត និងប្រពន្ធបានសម្រេចចិត្តលក់ដីនៅភូមិចាហ៊ួយមកទិញដីនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយបាននាំគ្នា ធ្វើចម្ការនិងដាំបន្លែ ដើម្បីចិញ្ចឹមជីវិតរហូតដល់សព្វថ្ងៃ។

ជាចុងក្រោយរឿងរ៉ាវដែល ឆុត ចង់ចាំមិនអាចបំភ្លេចបានគឺរងរបួសជាច្រើនដង ក្នុងអំឡុងពេលខ្លួនធ្វើជាកងទ័ព។ ជាពិសេស ការបែកបាក់ជាមួយឪពុកម្ដាយ បងប្អូន និងមិនមានពេលវេលានៅជួបជុំគ្នាជាមួយប្រពន្ធកូន៕

អត្ថបទដោយ៖ ចាន់ ណារិទ្ធ


[1] មជ្ឈមណ្ឌលផ្សះផ្សាវាលវែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា សម្ភាសន៍ជាមួយ ​ឈ្មោះ ច្រុន ឆុត  ថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០២៤។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin