កម្មកររែកដីនៅទំនប់ម្លេច

ខ្ញុំឈ្មោះ ជ្រី វណ្ណា[1] ភេទស្រី អាយុ៦៥ឆ្នាំ។ សព្វថ្ងៃខ្ញុំរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅ ភូមិឈើទាលជ្រុំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ មៃ (ស្លាប់) ម្តាយឈ្មោះ សៅ ណង (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៧នាក់។ ក្នុងអំឡុងឆ្នាំ ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ ក្នុងឆ្នាំនោះខ្ញុំមានអាយុប្រមាណ ៥ឆ្នាំ ខ្ញុំចាំបានថាមានសង្គ្រាមទម្លាក់គ្រាប់បែកពាស់ពេញដី។ សង្គ្រាមបានបន្តរហូតដល់ឆ្នាំ១៩៧៥ កើតមានរបបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយលោក ប៉ុល ពត ក្នុងរបបមួយនេះប្រជាជនតែងហៅថាជារបបខ្មែរក្រហម។ ស្ថិតក្នុងឆ្នាំដដែលនោះខ្ញុំមានអាយុប្រហែល១០ឆ្នាំជាង ខ្ញុំបានឃើញមានខ្មែរក្រហមមួយក្រុមចូលមកដល់ភូមិស្រុកដែលខ្ញុំរស់នៅ ហើយខ្មែរក្រហមទាំងនោះបានជម្លៀសប្រជាជនទៅធ្វើការកន្លែងផ្សេងៗពីគ្នា រួមទាំងខ្ញុំ និងគ្រួសារក៏ត្រូវបានខ្មែរក្រហមជម្លៀសបំបែកចេញពីគ្នា ខ្លះចូលជាកងចល័ត។ ខ្ញុំត្រូវបានខ្មែរក្រហមយកចូលជាកងនារី ដាំសណ្ដែក ជីកប្រឡាយ រែកដី កាប់ដី ជាដើម។ មានថ្ងៃមួយ ខ្មែរក្រហមប្រើខ្ញុំ និងអ្នកផ្សេងទៀតទៅយកអំបិល ហើយក៏មានអ្នកលបបាញ់តែខ្ញុំមិនដឹងថាជាខ្មែរក្រហម ឬអ្នកណាទេ។
បន្ទាប់ពីនោះមក ខ្ញុំត្រូវបានខ្មែរក្រហមបញ្ចូនទៅធ្វើការនៅទំនប់ម្លេច ដោយបានប្រើខ្ញុំឱ្យរែកដី ខ្ញុំត្រូវបានខ្មែរក្រហមប្រើឱ្យធ្វើការតាំងពីព្រឹកម៉ោង៦ រហូតដល់ម៉ោង១២ថ្ងៃត្រង់ និងចាប់ពីម៉ោង១រហូតដល់ម៉ោង៦ល្ងាច។ បើនិយាយពីកន្លែងស្នាក់នៅវិញគឺមានត្រឹមជញ្ជាំងស្លឹកដូងបាំងជុំវិញ ហើយស្នាក់នៅជាច្រើននាក់។ នៅក្នុងរបបខ្មែរក្រហមនេះប្រសិនជាមានប្រជាជនឈឺ គឺមិនបាច់ទៅដល់ពេទ្យតំបន់នោះទេ ព្រោះបើប្រជាជនឈឺខ្មែរក្រហមនឹងចាក់ថ្នាំសម្លាប់ ដោយបូមទឹកដាក់សារ៉ាងចាក់សម្លាប់តែម្ដង។ បន្ទាប់ពីនោះ មកខ្ញុំត្រូវបានខ្មែរក្រហមបញ្ចូនឱ្យទៅរែកលាមកមនុស្សយកទៅធ្វើជាជីដាក់ស្រែ ខ្ញុំត្រូវបង្ខំចិត្តធ្វើការនេះអស់ពេលជាច្រើនខែ។ បើនិយាយពីការហូបចុកក្នុងរបបខ្មែរក្រហមវិញគឺខ្ញុំមិនសូវមានអាហារហូបចុកគ្រប់គ្រាន់នោះទេ ដោយថ្ងៃខ្លះហូបបបរស ជួនកាលសម្លព្រលឹតមិនបកសំបក។ ចំពោះប្រជាជន ដែលកំពុងធ្វើការវិញម្ដងគឺខ្ញុំធ្លាប់ឃើញមានខ្មែរក្រហមមួយក្រុមមកចាប់ប្រជាជនដែលកំពុងធ្វើការជាមួយខ្ញុំយកទៅ ប៉ុន្តែខ្ញុំមិនដឹងថាខ្មែរក្រហមចាប់ប្រជាជនយកទៅណា ដឹងត្រឹមថាខ្មែរក្រហមយកពួកគាត់ទៅរៀនសូត្រ ប៉ុន្តែខ្ញុំមិនដែលឃើញមានអ្នកត្រឡប់មកវិញនោះទេ ជួនកាលខ្ញុំបានឃើញការធ្វើទារុណកម្មរបស់ខ្មែរក្រហមមកលើប្រជាជនយ៉ាងព្រៃផ្សៃ។
អំឡុងឆ្នាំ១៩៧៨ ខ្ញុំត្រូវបានខ្មែរក្រហមឱ្យរៀបការជាមួយនឹងប្ដីរបស់ខ្ញុំ ដោយគាត់ត្រូវជាប់ឈ្មោះចូលជាកងទ័ពទើបចាស់ទុំសម្រេចចិត្តឱ្យរៀបការ។ ការរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំគឺការឡើងប្តេជ្ញាចិត្តយកគ្នាជាប្ដីប្រពន្ធ គ្មានចាស់ទុំចូលរួមនោះទេ បន្ទាប់ពីខ្ញុំរៀបការរួចត្រូវបានខ្មែរក្រហមមកលបមើលរាល់យប់ ព្រោះខ្លាចប្ដីខ្ញុំរៀបការយកតែរួចខ្លួនមិនចង់ចូលធ្វើជាកងទ័ព។ ក្រោយរៀបការ រួចស្អែកឡើងខ្មែរក្រហមបានប្រើខ្ញុំឱ្យទៅឃ្វាលគោក្របីវិញម្ដង ចំណែកប្ដីរបស់ខ្ញុំគឺខ្មែរក្រហមបានចាត់គាត់ឱ្យទៅបង់សំណាញ់យកមកដាក់កន្លែងដាំបាយ។ ខ្ញុំនិងប្ដីបានបន្តការងារនេះរហូតដល់ឆ្នាំ ១៩៧៩ ក៏មានកងទ័ពវៀតណាមចូលមក ដោយមានការភ័យខ្លាចនឹងសង្គ្រាម ខ្ញុំនិងប្ដីព្រមទាំងឪពុកម្ដាយបងប្អូនគឺបាននាំគ្នាភៀសខ្លួនចូលក្នុងព្រៃធ្វើដំណើររហូតដល់ភ្នំលះបង់ ខ្ញុំត្រូវធ្វើដំណើរអស់រយៈពេលជាច្រើនខែ នៅក្នុងព្រៃយប់កន្លែងណាដេកកន្លែងនោះ។
បន្ទាប់ពីសង្គ្រាមបានបញ្ចប់ខ្ញុំបាននាំគ្នាធ្វើដំណើរមកដល់ភូមិស្រុកវិញ។ ក្រោយពីមកដល់ផ្ទះវិញប្ដីរបស់ខ្ញុំបានចូលជាទាហានទៅរៀននៅស្រុកឈូកបន្តទៀត។ ខ្ញុំក៏ត្រូវនៅផ្ទះប្រកបមុខរបបជាកសិកររហូតមកដល់ពេលបច្ចុប្បន្ន។ រហូតមកដល់ឆ្នាំ ១៩៩៨ ទើប ខ្ញុំនិងក្រុមគ្រួសារមានផ្លាស់ប្តូរទីកន្លែងមករស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។
ចំពោះស្ថានភាពជំងឺសព្វថ្ងៃ ខ្ញុំមានជំងឺ លើសឈាម។ មូលហេតុដែលបណ្តាលឱ្យខ្ញុំកើតមានជំងឺនេះ គឺមកពីក្មេងខ្ញុំធ្វើការងារធ្ងន់លើសកម្លាំង កង្វះអាហារហូបចុក។ មួយវិញទៀត បច្ចុប្បន្ន ខ្ញុំមានអាយុកាន់តែច្រើន។ ការព្យាបាលជំងឺរបស់ខ្ញុំគឺបានទៅមន្ទីរពេទ្យដែលនៅជិតផ្ទះ ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានពិនិត្យជំងឺនិងបានឱ្យថ្នាំខ្ញុំមកលេបនៅផ្ទះជាប្រចាំថ្ងៃ។ នៅក្នុងឆ្នាំ ២០២៣ ខ្ញុំត្រូវបានក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា អញ្ជើញខ្ញុំចូលរួមពិនិត្យសុខភាព ទើបខ្ញុំបានដឹងថាខ្ញុំលើសឈាម។ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានចែក «កូនសៀវភៅព័ត៌មានអំពីការថែទាំសុខភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ហើយខ្ញុំបានអានកូនសៀវភៅនេះជាប្រចាំ និងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកូនសៀវភៅនេះផងដែរ។ ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានចុះមកសួរសុខទុក្ខដល់រូបខ្ញុំ និងសូមជូនពរឱ្យក្រុមការងារទាំងអស់ជួបប្រទះតែពុទ្ធពរទាំងឡាយបួនប្រការគឺ៖អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទដោយ៖ ផាត ពន្លក
[1] ជ្រី វណ្ណា, សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក ឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយបាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត