សម័យមហាយ៉ាប់យ៉ឺន
![](http://thekrsurvivors.news/wp-content/uploads/2025/02/Dnews-Chuon-Thorn.jpg)
(រតនគិរី)៖ ជួន ថន មានអាយុ ៧០ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ ថន បានរំលឹកឡើងពីសម័យខ្មែរក្រហមថា ជា«សម័យមហាយ៉ាប់យ៉ឺន» សម្រាប់រូបគាត់។
ជួន ថន ត្រូវបានប្រធានសហករណ៍បញ្ជាឲ្យលើកទំនប់ និងជីកប្រឡាយ តាំងពីម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង១២យប់អធ្រាត្រទើបបានសម្រាន្ត តាមរោងនៅជិតការដ្ឋានដែលមានរោងបុរស និងរោងស្ត្រី។ នៅពេលកំពុងជីកស្រះ មិត្តរបស់គាត់ម្នាក់ត្រូវពស់ចឹកបណ្ដាលឲ្យពិការមកទល់សព្វថ្ងៃ។
ក្រោយមក ថន បានរៀនពេទ្យនិងធ្វើជាគ្រូពេទ្យ ដោយគាត់ត្រូវចូលព្រៃដើម្បីជីករុករកឫសឈើសម្រាប់កិនធ្វើជាថ្នាំអាចម៍ទន្សាយ និងយកបាយឲ្យអ្នកជំងឺ។ គាត់ត្រូវធ្វើការទាំងថ្ងៃទាំងយប់ ដោយគ្មានពេលសម្រាន្តនិងសម្រាកបានគ្រប់គ្រាន់។
ថន បាននិយាយថា «ឈឺក្បាលណាស់ជាមួយ(របប)ប៉ុល ពត។»។ ជួនកាល គាត់ត្រូវស្ទូងស្រូវ បុកស្រូវ ទាំងហាលថ្ងៃហាលភ្លៀង ដោយមិនហ៊ានតវ៉ាប្រឆាំងនោះទេ ពីព្រោះអ្នកដែលខ្ជិលនឹងត្រូវយកទៅកសាងឬជេរស្ដី។
ថន និយាយថា ប្រធានក្រុមបញ្ជាឲ្យធ្វើអ្វីត្រូវតែធ្វើហ្នឹង មិនថា អាកាសធាតុក្តៅ ឬត្រជាក់។ ថ្ងៃមួយ គាត់បានសូមប្រធានក្រុមសម្រាកមួយថ្ងៃ ពីព្រោះមានជំងឺគ្រុន ប៉ុន្តែប្រធានក្រុមបានឆ្លើយថា «គ្រុនអី! មុខឲ្យស្រស់ប្រិមប្រិយ»។
នៅពេលត្រឡប់មកពីធ្វើការ ថន ត្រូវទៅបេះស្លឹកខ្លុងទុកសម្រាប់ខ្ចប់បាយ ដែលគាត់ទទួលបានប្រហែលកូនចានចង្កឹះប៉ុណ្ណោះ។ ថន បានបញ្ជាក់ថា ទោះហូបឆ្អែតឬមិនឆ្អែតក៏ត្រូវតែរស់ ត្រូវតែធ្វើការ។ កុមារជាង២០នាក់ទទួលបានអង្ករបីកំប៉ុងកន្លះប៉ុណ្ណោះ សម្រាប់ធ្វើបបរហូបក្នុងមួយថ្ងៃ ដោយមានមេដោះម្នាក់ និងយាយចាស់ពីរនាក់ជាអ្នកមើលថែ។
នៅពេលដំបូងឡើយនៃសម័យនោះ ថន ទទួលបានបាយលាយជាមួយក្តួចសម្រាប់ហូប។ បន្ទាប់ពីអស់ក្តួច គាត់ហូបបាយលាយជាមួយស្លឹកដំឡូងមី។ បន្ទាប់មកគល់ចេកយកមកចិត និងស្ងោរលាយជាមួយបាយខ្ចប់ស្លឹកខ្លុងដាក់តាមតុ។
យាយចាស់ៗ ដែលមើលថែកុមារត្រូវទៅជួយហាន់ស្លឹកដំឡូងមី និងគល់ចេកដាក់ស្ងោរឲ្យឆ្អិននិងជ្រាវលាយជាមួយបាយ។ ដោយឡែកមើមដំឡូងមីសម្រាប់ធ្វើសម្ល ក្នុងមួយចានសម្រាប់មនុស្សបួននាក់ មានមើមដំឡូងបួនដុំប៉ុណ្ណោះ។ ដំឡូងដែលដាំជុំវិញផ្ទះ ទុកជារបស់រួមសម្រាប់ហូបទាំងអស់គ្នា។ អ្នកដែលលួចហូបត្រូវយកទៅរៀនសូត្រ(សម្លាប់)។
នៅថ្ងៃមួយ ក្រោយពីប្រជុំរួច ប្រធានក្រុមបញ្ជាឲ្យគាត់ទៅរកត្រី។ នៅពេលគាត់កំពុងធ្វើដំណើរ ថន បានឃើញយោធាបណ្ដើរមនុស្ស ដែលចងស្លាបសេកក្នុងសភាពគួរឲ្យអាណិតអាសូរ ពេលនោះគាត់បានគេចនិងពួនពីយោធាដោយភាពភ័យខ្លាច។ អ្នកទាំងនោះត្រូវបានយោធាយកទៅសម្លាប់ ដោយមិនដឹងមូលហេតុ។
ពេលយប់ ថន មិនហ៊ាននិយាយអ្វីនោះទេ ដោយខ្លាចយោធា ដែលជាជនជាតិភាគតិចលឺឬចោទគាត់ថា មិនពេញចិត្តនឹងអង្គការ។ គាត់បានដឹងថា តាឃិន និង យាយកន្ថន បានបញ្ជាឲ្យប្រជាជនជីកស្រះដើម្បីសម្លាប់នៅត្រពាំងក្រហម។
ក្រោយពេលរំដោះ យានកន្ថន បានរត់គេចខ្លួនបាត់ ដោយខ្លាចកងទ័ពវៀតណាមមកទាន់ ចំណែក ថន បានឆ្លងទូកចេញពីអូរគគីរ។ ត្រឡប់មកដល់ភូមិស្រែអង្គ្រងដែលជាភូមិកំណើត គោក្របីដែលចិញ្ចឹមរួមត្រូវបានកាប់ហូប។ នៅពេលឆ្លងកាត់ព្រៃ គាត់បានជីកយកដើមរាំងសាបដាក់តាមខ្លួនសម្រាប់ការពារព្រាយបិសាច។
ថន និយាយថា នៅសម័យខ្មែរក្រហមប្រជាជនអាចជ្រើសរើស ឬស្នើប្រធានក្រុម ដោយមានការព្រមព្រៀង និងប្ដេជ្ញាចិត្តកសាងគ្រួសារនៅចំពោះអង្គការ។ ពេលនោះគាត់បានជួបយោធាម្នាក់ ដែលស្នើគាត់ឲ្យកសាងគ្រួសារជាមួយ ប៉ុន្តែគាត់បានប្រាប់ថា ចាំគាត់រៀនពេទ្យចប់សិន។ បន្ទាប់ពីប្រទេសត្រូវបានរំដោះ អ្នកទាំងពីរមិនបានជួបគ្នាវិញនោះទេ។
ជាចុងក្រោយ ថន សង្ឃឹមថា កុំប្រើប្រាស់សម្ដីកោងកាចដូចសម័យខ្មែរក្រហម និងត្រូវអប់រំអ្នកជំនាន់ក្រោយឲ្យបានដឹងពីរបបខ្មែរក្រហម៕
សម្ភាសដោយ ឡាយ កូរ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤