រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យ

ជួរទី២ពីឆ្វេងទៅស្តាំ៖ ប៉ុល ពត (លេខាបក្សកុម្មុយនិស្តកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យ), និង វ៉ន វ៉េត (ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច)។ ជួរទី៣ពីឆ្វេងទៅស្ដាំ៖ នួន ជា (អនុលេខាបក្ស និងជា ប្រធានសភាតំណាងប្រជាជន), និង ឈិត ជឿន ហៅ តាម៉ុក (ប្រធានអគ្គសេនាធិការកងកំលាំងប្រដាប់អាវុធ បដិវត្តន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ)។ ជួរទី៤ពីឆ្វេងទៅស្ដាំ រូបទី៣៖ យុន យ៉ាត រដ្ឋមន្ត្រីក្រសួងវប្បធម៌ អប់រំ និងសិក្សាធិការ។ (ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ជួរទី២ពីឆ្វេងទៅស្តាំ៖ ប៉ុល ពត (លេខាបក្សកុម្មុយនិស្តកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យ), និង វ៉ន វ៉េត (ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច)។ ជួរទី៣ពីឆ្វេងទៅស្ដាំ៖ នួន ជា (អនុលេខាបក្ស និងជា ប្រធានសភាតំណាងប្រជាជន), និង ឈិត ជឿន ហៅ តាម៉ុក (ប្រធានអគ្គសេនាធិការកងកំលាំងប្រដាប់អាវុធ បដិវត្តន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ)។ ជួរទី៤ពីឆ្វេងទៅស្ដាំ រូបទី៣៖ យុន យ៉ាត រដ្ឋមន្ត្រីក្រសួងវប្បធម៌ អប់រំ និងសិក្សាធិការ។ (ប្រភព៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្រោយថ្ងៃជ័យជម្នះនៅថ្ងៃទី ១៧ មេសា​ ១៩៧៥ ប្រទេសកម្ពុជា​ មានរបបគ្រប់គ្រងមួយថ្មី គឺរបបកម្ពុជាប្រជាធិបតេយ្យ។ បន្ទាប់មករបបនេះបានធ្វើមហាសន្និបាតលើកទី៣របស់ខ្លួនចន្លោះពីថ្ងៃ១៥ ដល់១៩ ខែឆ្នូ ឆ្នាំ១៩៧៥ មហាសន្និបាតនោះបានរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញរបស់របបកម្ពុជាប្រជាធិបតេយ្យ។[1] រដ្ឋធម្មនុញ្ញរបបកម្ពុជាប្រជាធិបតេយ្យ ដែលមានចែកជា ១៦ជំពូក​ និងត្រូវបានប្រកាសប្រើជាផ្លូវការនៅថ្ងៃទី០៥​ ខែមករា ឆ្នាំ១៩៧៦។

អំពីរបបរដ្ឋ​ របបសេដ្ឋកិច្ច​ និងរបបដឹកនាំ[2] នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិបតេយ្យបានចែងថា កម្ពុជាប្រជាធិបតេយ្យ​ ជារដ្ឋមួយឯករាជ្យ ឯកភាព សន្តិភាព អព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធ អធិបតេយ្យក្នុងបូរណភាពដែនដីរបស់ខ្លួន។[3] ឈ្មោះផ្លូវការដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនេះគឺ កម្ពុជាប្រជាធិបតេយ្យ ហើយជារដ្ឋរបស់ប្រជាជន កម្មករ កសិករ និងពលករកម្ពុជាទាំងអស់។[4] ប្រទេសកម្ពុជា ក៏បានផ្លាស់ប្តូរឈ្មោះជាផ្លូវការម្តង​ទៀត ដែលមានឈ្មោះជាផ្លូវការថា ​“កម្ពុជាប្រជាធិបតេយ្យ”[5]

វិស័យសេដ្ឋកិច្ចសំខាន់របស់ប្រទេសជាមធ្យោបាយសំខាន់ៗជាទូទៅ ជាកម្មសិទ្ធិរបស់ប្រជាជន​ និងកម្មសិទ្ធិរួម របស់ប្រជាជនសមូហភាព ហើយរបស់ប្រើប្រាស់ប្រចាំថ្ងៃជាកម្មសិទ្ធិរបស់ឯកជន។[6] នេះជាអ្វីដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិតេយ្យ តែនៅក្នុងការពិតប្រជាជននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​ មិនមានអ្វីសូម្បីបាយហូបប្រចាំថ្ងៃក៏មិនចង់គ្រប់គ្រាន់ផង។

ការដឹកនាំរបស់កម្ពុជាប្រជាធិបតេយ្យជាការដឹកនាំបែបរបបសមូហភាពក្នុងការដឹកនាំ និងការធ្វើការងារប្រចាំថ្ងៃ។​[7]

ការបែងចែកអំណាច រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យបានបែងចែកអំណាចជាបី ដោយអំណាចនីមួយៗ ត្រូវបានចែងក្នុងជំពូកនីមួយៗ ដាច់ពីគ្នា។​ អំណាចទាំងបីនោះរួមមាន អំណាចអ្នកធ្វើច្បាប់​​ អង្គការអនុវត្តច្បាប់ និងអំណាចតុលាការ។

អំណាចអ្នកធ្វើច្បាប់[8] ជាសភាតំណាងប្រជាជន កម្មករ​ កសិករ និងពលករកម្ពុជាផ្សេងៗ ទៀត[9]។ នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ ចែងពីឈ្មោះសភានេះថា «សភាតំណាងប្រជាជនកម្ពុជា»[10]។​ នៅក្នុងសម័យនៃការដឹកនាំប្រទេសនៅពេលបច្ចុប្បន្ន សភាភាគច្រើនត្រូវបានបែងចែកជា២ថ្នាក់ ព្រឹទ្ធសភា និងរដ្ឋសភា ឬ ហៅមួយបែបទៀតថា សភាជាន់ខ្ពស់ និងសភាថ្នាក់ទាប តែសភានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានតែមួយថ្នាក់ ដែលមានសមាជិកសរុបទាំងអស់ ២៥០រូប នៅក្នុងនោះមាន ១៥០រូបជាតំណាងរបស់កសិករ ៥០រូបជាតំណាងរបស់កម្មករ-ពលករ និង ៥០រូបទៀតជាតំណាងរបស់កងទ័ពបដិវត្ត[11]។ នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យបានចែកថា សភាតំណាងប្រជាជនកើតចេញពីការបោះឆ្នោតទូទាំងប្រទេសដោយផ្ទាល់ និងដោយសម្ងាត់ ដោយប្រជាជន ក្នុងកំណត់រយៈពេល ៥ឆ្នាំម្តង[12] តែជាការជាក់ស្តែងនៅក្នុងសម័យនោះគេមិនឃើញមានការបោះឆ្នោតរបស់ប្រជាជនណាមួយកើតឡើងនោះទេ។ រដ្ឋធម្មនុញ្ញក៏បានចែងទៀតផងដែរថា សភាមានភារកិច្ចសម្រេចបង្កើតច្បាប់ និងកំណត់មាគ៌ាគោលនយោបាយផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស។[13]

អង្គការអនុវត្តច្បាប់[14] ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យបានចែងនៅក្នុងជំពូកទី៦ អំពីអង្គការអនុវត្តច្បាប់។ អង្គការអនុវត្តច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខសភាតំណាងប្រជាជនក្នុងកិច្ចដំណើរការទាំងក្នុង និងក្រៅប្រទេស ការអនុវត្តច្បាប់ និងការអនុវត្តមាគ៌ាគោលនយោបាយផ្សេងៗ ជាភារកិច្ចរបស់រដ្ឋាភិបាល។[15]

អំណាចតុលាការ[16] នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិបតេយ្យ តុលាការជាតំណាងយុត្តិធម៌របស់ប្រជាជនការពារយុត្តិធម៌សិទ្ធិសេរីភាពប្រជាធិបតេយ្យនិងផ្ដន្ទាទោសគ្រប់សកម្មភាពរបស់ប្រជាជន[17]។ អំពើល្មើសច្បាប់មានពីរ គឺប្រភេទសកម្មភាពប្រឆាំងនិងបំភ្លេចបំផ្លាញដែលមានលក្ខណៈជាខ្សែសង្វាក់ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ប្រជាជនត្រូវទទួលទោសកម្រិតខ្ពស់បំផុត។ រីឯប្រភេទបទល្មើសក្រៅពីប្រភេទខាងលើត្រូវអប់រំកសាងក្របខ័ណ្ឌអង្គការរដ្ឋឬអង្គការប្រជាជន ។[18] នៅក្នុងអត្ថបទរដ្ឋធម្មនុញ្ញបានតាក់តែងបានល្អច្បាស់មែន។ តែការពិតនៅក្នុងរបបនេះមិនមែនប្រជាជនណាម្នាក់ត្រូវបានយកទៅកាត់ទោសតាមផ្លូវតុលាការនោះទេ។ ប្រជាជនស្លូតត្រង់ ដែលអង្គការសង្ស័យត្រូវបានហៅទៅធ្វើស្វ័យតិចទៀត ក្រោយមកយកទៅកសាងដែលជាការយកទៅសម្លាប់។

ប្រព័ន្ធគ្រប់គ្រង[19] គណៈប្រធានរដ្ឋមួយរូបត្រូវបានបោះឆ្នោតជ្រើសតាំងដោយសភាតំណាងប្រជាជនក្នុងរយៈពេល ៥ឆ្នាំម្ដងដោយមានសមាសភាព ប្រធានមួយរូបអនុប្រធានទី១ មួយរូប និងអនុប្រធានទី២ មួយរូប។[20] គណៈប្រធានរដ្ឋមានភារកិច្ចតំណាងឲ្យរដ្ឋកម្ពុជាប្រជាធិបតេយ្យទាំងក្នុងនិងក្រៅប្រទេសតាមក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញ។

សិទ្ធិប្រជាជន[21] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យបានចែងថាប្រជាជនគ្រប់រូបមានសិទ្ធិនិងករណីកិច្ចដូចៗគ្នាគ្រប់គ្នា។ ប្រជាជនគ្រប់រូបមានសិទ្ធិពេញទីខាងសម្ភារខាងស្មារតីនិងខាងវប្បធម៌។ កម្មករគ្រប់រូបជាម្ចាស់រោងចក្រ កសិករគ្រប់រូបជាម្ចាស់លើស្រែចម្ការ និងពលករផ្សេងៗទៀតមានសិទ្ធិក្នុងការធ្វើការស្មើគ្នាទាំងអស់ ភាពដែលគ្មានការងារធ្វើគឺមិនមានជាដាច់ខាត។[22] ប្រជាជននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរស់នៅដោយមានសិទ្ធិសេរីភាពស្មើគ្នាទាំងអស់មានសុភមង្គលក្នុងមហាសាមគ្គីជាតិទាំងមូល ដើម្បីការពារនិងកសាងប្រទេស។

នៅក្នុងជំពូកទី១០ ទីក្រុងភ្នំពេញត្រូវបានជ្រើសរើសជារដ្ឋធានីរបស់កម្ពុជាប្រជាធិបតេយ្យ។ មានឈ្មោះជារដ្ឋធានីក៏ពិតមែន តែទីក្រុងភ្នំពេញបានក្លាយទីជាទីក្រុងមួយដែលមិនមានប្រជាជនរស់នៅ គឺមានតែក្រុមកម្មាភិបាលជាន់ខ្ពស់របស់ខ្មែរក្រហមរស់នៅទីក្រុងមួយនេះ ឯប្រជាជនផ្សេងទៀតត្រូវបានជម្លៀសដោយបង្ខំទៅរស់នៅតាមទីជនបទ។[23]

នៅក្នុងរដ្ឋធម្មនុញ្ញនេះក៏បានសរសេរពីទង់ជាតិ ថ្មីដែលខ្មែរក្រហមដាក់ប្រើប្រាស់ មានផ្ទៃពណ៌ក្រហម និងមានរូបភាពប្រាសាទកំពូលបីពណ៌លឿងនៅចំកណ្តាល។ ពណ៌ក្រហមជានិមិត្តរូបនៃចលនា ការប្រយុទ្ធ ការពារ និងការកសាងប្រទេសជាតិ ឯរូបប្រាសាទពណ៌លឿងនៅចំកណ្តាលតំណាងឲ្យប្រពៃណីជាតិ[24]

រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ក៏មានចែងពីសញ្ញាណជាតិ សញ្ញាណជាតិគឺមានប្រព័ន្ធភ្លឺស្រែ និ​ងប្រឡាយទឹកជានិមិត្តរូបនៃកសិកម្មជឿនលឿន មានរោងចក្រជានិមិត្តរូបនៃឧស្សាហកម្មមានកម្រងកួរស្រូវជាស្នែងក្របីព័ទ្ធក្រៅ ហើយមានអក្សរកម្ពុជាប្រជាធិបតេយ្យនៅពីក្រោម។[25] ចម្រៀងជាតិរបស់កម្ពុជាប្រជាធិបតេយ្យមានចំណងជើងថា «១៧ មេសា មហាជោគជ័យ»[26] ចម្រៀងមានអត្ថន័យពីការតស៊ូ ក្នុងការការពារ ប្រទេស និងប្រជាជន។

សម្រាប់នយោបាយក្រៅប្រទេសវិញក្នុងជំពូកទី ១៦ មាត្រា ២១ បានបញ្ជាក់ពីឆន្ទៈចង់មានទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយប្រទេសទាំងអស់នៅលើពិភពលោក។ តាមគោលការណ៍អធិបតេយ្យភាពនិងបូរណភាពទឹកដីរៀងៗខ្លួនហើយជាប្រទេសមិនចូលបក្សសម្ព័ន្ធណាមួយឡើយ។ កម្ពុជាប្រជាធិបតេយ្យមិនអនុញ្ញាតឲ្យមានមូលដ្ឋានសឹកបរទេសនៅក្នុងប្រទេសឡើយ និងតស៊ូការពារដាច់ខាតពីសត្រូវខាងក្រៅ។

សិទ្ធិខាងជំនឿសាសនាវិញប្រជាជនមានសិទ្ធិជឿឬមិនជឿលើជំនឿសាសនាណាក៏បានលើកលែងតែសាសនាប្រតិកិរិយាដែលបំផ្លាញជាតិនិងប្រជាជន។[27] តែអ្វីដែលយើងបានឃើញគឺ ព្រះសង្ឃត្រូវបានបង្ខំឲ្យសឹក និងវត្តអារាមប្រែក្លាយជាគុក និងឃ្លាំងសម្ភារជាដើម។

តាមរយៈការលើកឡើងខាងលើយើងមើលឃើញថា រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យពិតជាសាកសមជាច្បាប់កំពូលរបស់ប្រទេសមួយមែន តែនៅក្នុងប្រវត្តិសាស្រ្តបានបង្ហាញប្រាប់យើងគ្រប់គ្នាថាអ្វីដែលបានសរសេរនៅក្នុងរដ្ឋធម្មនុញ្ញនេះគឺខុសពីអ្វីដែលខ្មែរក្រហមខ្លួនឯង បានអនុវត្ត។ រដ្ឋធម្មនុញ្ញនេះបាននាំឲ្យរបបកម្ពុជាប្រជាធិបតេយ្យ ដែលរដ្ឋកុម្មុយនិស្តមួយដែលអាក្រក់ជាងគេនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។ ការអនុវត្តនៅក្នុងសម័យកាលនោះមិនបានស្របទៅតាមអ្វីដែលខ្មែរក្រហមខ្លួនឯងបានសរសេរនៅក្នុងរដ្ឋធម្មនុញ្ញនោះទេ។ រំលោភសិទ្ធិក្នុងការរស់នៅរបស់ប្រជាជន ខ្មែរក្រហមបង្ខំឲ្យប្រជាជនធ្វើការមិនមានការសម្រាកដោយមិនគិតពីកម្លាំងនិងភេទនោះទេ។ ខ្មែរក្រហមបានសម្លាប់ប្រជាជនយ៉ាងសាហាវ។ របបអាហាររបស់ប្រជាជនបរិភោគមិនគ្រប់គ្រាន់។ សិទ្ធិនៅក្នុងការកាន់កាប់សម្ភារផ្ទាល់ខ្លួនក៏មិនមានសូម្បីតែចានឆ្នាំងក៏មិនមានជារបស់ឯកជន ឯផ្ទះសម្បែងក៏មិនមានសម្រាប់ស្នាក់នៅបានសមរម្យ។ អំណាចនៃការធ្វើច្បាប់មិនបានបន្សល់ទុកនូវច្បាប់អ្វីមួយឡើយ។ ចំណែកអំណាចអនុវត្តច្បាប់វិញពួកគេបានអនុវត្តលើសទៅទៀតព្រោះខ្មែរក្រហមបានយកមនុស្សទៅសម្លាប់ដោយមិនមានការកាត់ទោសតាមប្រព័ន្ធតុលាការត្រឹមត្រូវនោះទេ។ ឯនយោបាយក្រៅប្រទេសដែលរដ្ឋធម្មនុញ្ញបានចែងថាទំនាក់ទំនងជាមួយគ្រប់ប្រទេសទាំងអស់ជាពិសេសប្រទេសជិតខាងក៏មិនមានដែរ។ កម្ពុជាប្រជាធិបតេយ្យបានធ្វើសង្គ្រាមជាមួយនឹងប្រទេសវៀតណាមនៅតាមព្រំដែន។ នៅក្នុងសម័យនោះស្ថានទូតនៅប្រទេសកម្ពុជាមានតែប្រទេសដែលកាន់កុម្មុយនីស្តដូចជាចិន កូរ៉េខាងជើង វៀតណាម និងឡាវជាដើម៕

ដោយ​ លី​ ដេវីត​ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម


[1] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេនដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ្ត ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ២៩

[2] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ ជំពូកទី១ ទី២ និងទី៤

[3] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី១ មាត្រា១ កឋាខណ្ឌទី១

[4] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី១ មាត្រា១ កឋាខណ្ឌទី២

[5] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី១ មាត្រា១ កឋាខណ្ឌទី៣

[6] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី២ មាត្រាទី២

[7] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី៤ មាត្រា៤

[8] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី៥

[9] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី៥ មាត្រា៥ កឋាខណ្ឌទី១

[10] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី៥ មាត្រា៥ កឋាខណ្ឌទី២

[11] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី៥ មាត្រា៥ កឋាខណ្ឌទី៣

[12] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី៥ មាត្រា៦

[13] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី៥​ មាត្រា៧

[14] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី៦

[15] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី៦ មាត្រា៨ កឋាខណ្ឌទី២

[16] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី៧

[17] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី៧ មាត្រា៩ កថាខណ្ឌទី១

[18] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី៧ មាត្រា១០

[19] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី៨

[20] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី៨ មាត្រា១១

[21] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី៩

[22] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី៩ មាត្រាទី១២

[23] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេនដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ្ត ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ១៤

[24] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី១១ មាត្រា១៦

[25] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី១២ មាត្រា១៧

[26] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី១៣ មាត្រា១៨

[27] រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ​ ជំពូកទី១៥ មាត្រា២០

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin