មតិណែនាំរបស់៨៧០ អំពីព្រឹត្តិការណ៍ទម្លាក់គ្រាប់បែក លើក្រុងសៀមរាប ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

នៅចន្លោះព្រឹកម៉ោង ៨កន្លះ និងពេលរសៀលម៉ោង២ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៧៦ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬ របបខ្មែរក្រហម មានហេតុការណ៍ការទម្លាក់គ្រាប់បែកដ៏ចម្លែកមួយចំកណ្ដាលទីក្រុងសៀមរាប ដែលបណ្ដាលឲ្យមានការបាត់បង់អាយុជីវិត ការខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែងមួយចំនួន។ ព្រឹត្តិការណ៍នេះកើតឡើងបន្ទាប់ពីកងទ័ពខ្មែរក្រហម បានទទួលជ័យជម្នះ និងរំដោះប្រទេសបានទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្រោយហេតុការណ៍ភ្លាមៗ ថ្នាក់ដឹកនាំ ឬគណៈនៃមន្ទីរ៨៧០ នៃរបបខ្មែរក្រហមបានលើកឡើងថា «រឿងនាវាម៉ាយ៉ាហ្គេស ក៏មិនធំដុំដល់ការហ៊ានទម្លាក់គ្រាប់បែកចូលមកជ្រៅក្នុងទឹកដីយើង»[1]

សំណួរដែលត្រូវសួរជាបន្តបន្ទាប់រួមមាន តើយន្តហោះដែលហ៊ានហោះមកទម្លាក់គ្រាប់បែកនាពេលនោះ គឺជារបស់នរណា? ហេតុអ្វីបានជាត្រូវមកវាយប្រហារលើក្រុងសៀមរាប? ប៉ុន្ដែចម្លើយដែលត្រូវឆ្លើយតប គឺហាក់នៅមិនមានភាពច្បាស់លាស់នៅឡើយ។ យោងតាមឯកសារមតិណែនាំពីខាងមន្ទីរ៨៧០ ថ្នាក់ដឹកនាំអចិន្រ្តៃយ៍បានដាក់ការសន្និដ្ឋាន និងទម្លាក់កំហុសចំពោះការផ្ទុះគ្រាប់បែកនេះ ទៅលើភ្នាក់ងារ សេ.អ៊ី.អា. របស់ចក្រពត្តិអាមេរិក។ គណៈអចិន្រ្តៃយ៍បានបន្ថែមទៀតថា យន្តហោះហ៊ានមកទម្លាក់បែបនេះ ទាល់តែមានការសម្រេចពីរដ្ឋាភិបាលអាមេរិក។ ដូច្នេះ ហេតុការណ៍នេះគឺទាក់ទងដល់រឿងនយោបាយ[2]។ ប៉ុន្ដែបើសង្កេតជាទូទៅ ក្នុងរបបខ្មែរក្រហម រាល់ពេលដែលមានបញ្ហាក្បត់ ឬសកម្មភាពដូចជាធ្វើឲ្យខូចខាតសម្ភារតូចតាចរបស់អង្គការ និងផ្សេងៗទៀត ថ្នាក់ដឹកនាំតែងតែទម្លាក់កំហុសទៅលើខ្សែរយៈក្បត់ សេ.អ៊ី.អា. និងភ្នាក់ងារសម្ងាត់របស់សូវៀត (កា.ហ្សេ.បេ.) ឬក៏ភ្នាក់ងារសម្ងាត់របស់វៀតណាមជាដើម។

បន្ទាប់ពីការទម្លាក់គ្រាប់បែក និងការសន្និដ្ឋានបែបមិនច្បាស់លាស់ពីផ្នែកអចិន្រ្តៃយ៍បក្សទៅលើ  ភា្នក់ងារ សេ.អ៊ី.អា. និងក្រោយមកទៀត ក្នុងដើមខែមេសា ឆ្នាំ១៩៧៦ មានការផ្ទុះអាវុធកណ្ដាលក្រុង

ភ្នំពេញដោយចៃដន្យ (ចុងឆ្នាំ១៩៧៨ អង្គការចោទថាការផ្ទុះគឺជាសកម្មភាពរបស់វៀតណាម)  អង្គការក៏ចាប់ផ្ដើមបង្កើនល្បឿនស្វែងរកចាប់ខ្មាំងដែលពាក់ព័ន្ធលើករណីទាំងពីរ។ ការស្វែងរកចាប់ខ្មាំង គឺធ្វើឡើងដោយអាថ៌កំបាំង និងមិនអាចពន្យល់អ្វីបានទាំងអស់ ព្រោះ ប៉ុល ពត និងអ្នកដែលធ្វើការនៅជុំវិញខ្លួន គិតថាជាសញ្ញាដែលនាំឲ្យមានការផ្ទុះរដ្ឋប្រហារប្រឆាំងនិងរបបដឹកនាំរបស់ខ្លួន[3]

ក្រោយមកទៀត ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តបានដាក់ការសង្ស័យលើ កុយ ធួន ហៅ ធុច ឬ ឃួន ដែលមានតួនាទីជាលេខាភូមិភាគឧត្តរ[4] ថាជាប់ការពាក់ព័ន្ធលើរឿងផ្ទុះគ្រាប់បែកនៅសៀមរាប។ កុយ ធួន ត្រូវអង្គការកោះហៅមកទីក្រុងភ្នំពេញ ក្នុងរូបភាពឲ្យមកមើលការខុសត្រូវលើផ្នែកពាណិជ្ជកម្មជាមួយជនបរទេស និងមួយផ្នែកទៀត ដើម្បីធ្វើការសាកសួរចម្លើយទាក់ទងនឹងកំហុសផ្នែកសីលធម៌។ ក្នុងខែមេសា ឆ្នាំ១៩៧៦ កុយ ធួន ត្រូវចាប់ខ្លួនយកទៅឃុំឃាំងនៅគុកពិសេស ដែលមានទីតាំងជិតព្រះបរមរាជវាំង។ ចាប់ពីពេលនោះមក ចំហាយនៃការធ្វើបន្សុទ្ធកម្មក៏ចាប់កើតឡើង ស្របទៅតាមការសន្និដ្ឋានពីអចិន្រ្តៃយ៍បក្ស ដោយការប្រើវិធីសាស្រ្តសួរចម្លើយឲ្យសារភាពពីសកកម្មភាពខ្សែទាក់ទងកន្លងមក។ ចម្លើយដែលទទួលបាន គឺថ្នាក់ដឹកនាំមិនបានគិតថា ពិតឬមិនពិតនោះទេ គឺដឹងត្រឹមតែអ្នកដែលត្រូវចាប់មក គឺសុទ្ធតែមានកំហុស និងមានបក្ខពួកធ្វើសកម្មភាពក្បត់និងបដិវត្តន៍ រួចត្រូវស្វែងរកប្រវត្តិរូបអ្នកដែលជាប់ពាក់ព័ន្ធយកមកឃុំខ្លួន រួចសួរចម្លើយជាបន្តបន្ទាប់ទៀត ហើយចុងក្រោយគឺសម្លាប់។

ខាងក្រោមនេះដកស្រង់ចេញពីសំណៅដើមឯកសារខ្មែរក្រហម លេខ ០២-៧៦៖

មតិណែនាំរបស់៨៧០

កម្មវត្ថុ៖ អំពីការទម្លាក់គ្រាប់បែក របស់ចក្រពត្តិអាមេរិក លើក្រុងសៀមរាប ថ្ងៃទី២៥-២-៧៦

កាលពីថ្ងៃទី២៥-២-៧៦ នៅម៉ោង៨កន្លះព្រឹក មានយន្តហោះ១គ្រឿងទម្លាក់គ្រាប់បែក៣គ្រាប់ លើក្រុងសៀមរាប ហើយនៅម៉ោង២រសៀលយន្តហោះ២គ្រឿងទៀត មកទម្លាក់គ្រាប់បែក១គ្រាប់នៅកន្លែងដដែល បណ្ដាលឲ្យបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិ និងផ្ទះសម្បែងមួយចំនួន។

ព្រឹត្តិការណ៍ទម្លាក់គ្រាប់បែក លើក្រុងសៀមរាបថ្ងៃទី២៥ ខែ២ នេះ ជាព្រឹត្តិការណ៍មួយធំ ក្រោយពីយើងរំដោះទូទាំងប្រទេសមក។ រឿងនាវាម៉ាយ៉ាហ្គេស ក៏មិនធំដុំដល់ព្រឹត្តិការណ៍នេះដែរ ពីព្រោះ​ការទម្លាក់គ្រាប់បែកនេះ ចូកមកជ្រៅក្នុងដីយើង។

តើកប៉ាល់ហោះនេះ ជារបស់នរណា?

អចិន្រ្តៃយ៍សន្និដ្ឋានថា ជារបស់ចក្រពត្តិអាមេរិក។ កប៉ាល់ហោះនេះ ហ៊ានមកទម្លាក់គ្រាប់បែកយ៉ាងនេះ ទាល់តែមានការសម្រេចពីរដ្ឋាភិបាលអាមេរិក។ ដូច្នេះ ការនេះទាក់ទងដល់នយោបាយ។

ចក្រពត្តិអាមេរិក វាធ្វើសកម្មភាពវាយយើងជាបន្តបន្ទាប់ខាងជើងគោក។ តែវាវាយមិនបាន។ ជាហេតុនាំឲ្យចក្រពត្តិអាមេរិកទាល់ច្រក បែរមកវាយយើងតាមជើងអាកាស។

តើមូលហេតុអី បានជាវាវាយយើង?

អាមេរិកវាចាញ់សង្រ្គាមយើង វាឈឺចាប់ណាស់រហូតដល់ទៅយំ។ វាខឹងងំជាប់ ជាមួយយើង ហើយវាខំរកវិធីដើម្បីវាយយើងវិញ តែត្រូវបរាជ័យ យ៉ាងជូនចត់ជាបន្តបន្ទាប់ទៀត។

ពេលមហាសន្និបាតជាតិលើកទី២របស់យើង ប្រកាសគោលជំហរមហាសាមគ្គីជាតិ ហើយផ្ដន្ទាទោស តែពួកអាក្បត់៧នាក់ ចក្រពត្តិអាមេរិកវាសង្ឃឹមថា ជាឱកាសឲ្យវាអនុវត្តន៍ផែនការវាយយើង ក្រោយពេលវាចាញ់បានដោយវារក្សាកម្លាំងរបស់វាបានតទៅទៀត នៅក្នុងក្រុងភ្នំពេញ និងទីរួមខេត្ត។ តែក្រោយពីយើងឈ្នះ យើងដកប្រជាជនចេញពីក្រុងភ្នំពេញ និងទីរួមខេត្ត ផែនការចក្រពត្តិអាមេរិកដែលត្រៀមវាយយើង ក្រោយពេលវាចាញ់ ត្រូវខ្ចាត់ខ្ចាយ។ នាំឲ្យចក្រពត្តិអាមេរិកក្ដៅប្រហា និងបដិវត្តន៍កម្ពុជាកាន់តែខ្លាំងទៀត។ វាចាញ់ខាងយោធារួចហើយ។

ខាងចាត់តាំងត្រូវមានវិធានការរក្សាការសម្ងាត់ឃ្លាំងគ្រាប់ឃ្លាំងអាវុធ ឃ្លាំងអង្ករ អំបិល ស្រូវ ក្រណាត់ ទីតាំងស្រុក តំបន់ ភូមិភាគ ក្រសួងផ្សេងៗ ត្រូវស្ងាត់ និងចល័ត។

ខាងយោធា ណែនាំឲ្យគ្រប់អង្គភាពជើងទឹក ជើងគោក តាមព្រំដែនប្រុងប្រយ័ត្ន ឲ្យជាប់ជានិច្ច បង្ការគ្រប់យថាហេតុ ដែលខ្មាំងវាឆក់ឱកាសនេះធ្វើសកម្មភាពវាយយើង នៅតាមព្រំដែន តាមសមុទ្រ និងតាមកន្លែងផ្សេងៗទៀត។

អចិន្រ្តៃយ៍ ស្នើយកព្រឹត្តិការណ៍នេះ អប់រំផ្ទៃក្នុងបក្ស អង្គការស្នូល កងទ័ព និងមហាជន សំដៅបំផុសកំហឹង ជាមួយខ្មាំង ឲ្យក្ដៅគគុក និងស្រួចជាប់ជានិច្ច សំដៅកសាងគោលជំហរ ប្រុងប្រយ័ត្នបដិវត្តន៍ជាប់ជានិច្ច កសាងគោលជំហរ សតិអារម្មណ៍ នយោបាយ និងចាត់តាំង ធ្វើបដិវត្តន៍សង្គមនិយម និងកសាងសង្គមនិយមឲ្យខ្លាំងក្លា ការពារទឹកដី ឲ្យបានជាដាច់ខាត ការពារលទ្ធផលបដិវត្តន៍ ឲ្យបានជាដាច់ខាត ហើយរួមជាមួយប្រជាជន សាច់មួយ​ឈាមមួយ ជាធ្លុងមួយ សំរុកធ្វើប្រព័ន្ធភ្លឺស្រែ ដើម្បីសម្រេចឲ្យបាន ៣តោន ក្នុង១ហិកតា និងកែប្រែជីវភាពប្រជាជន ​ឲ្យបានតាមសំណូមពររបស់បក្ស។

វិធីដំណើរការ ៖

  • អប់រំផ្ទៃក្នុងបក្ស អង្គការស្នូល កងទ័ព
  • ធ្វើមីទីញ បំផុសកំហឹងប្រជាជន

សំគាល់ ៖ ក្នុងការអប់រំផ្ទៃក្នុង និងក្នុងមីទីញមហាជន ត្រូវលើកឲ្យឃើញថា ខ្មាំងវាវាយយើងតាមយន្តហោះយ៉ាងនេះ មកពីបដិវត្តន៍យើងខ្លាំង ហើយណែនគ្រប់ផ្នែក ខ្មាំងវាទាល់ច្រក អស់លទ្ធភាពវាយយើង តាមវិធីផ្សេងទៀត។ នេះមិនមែនមកពីវាខ្លាំងទេ។

ថ្ងៃទី២៧-២-៧៦

គណៈ ៨៧០

អត្ថបទដោយ មីន សាណាស់


[1] ឯកសារD០០៦៨៨, មតិណែនាំរបស់៨៧០ អំពីការទម្លាក់គ្រាប់បែក របស់ចក្រពត្តិអាមេរិក លើក្រុងសៀមរាប ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៧៥, តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា,​ ធ្វើនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៧៦។

[2] ស្ទួនឯកសារខាងលើ ទំព័រទី១។

[3] មជ្ឈមណ្ឌលឯកសារកម្ពុជា, សម្លេងពីមន្ទីរស-២១ ភាពព្រឺខ្លាច និងប្រវត្តិក្នុងគុកសម្ងាត់របស់ ប៉ុល ពត, ដេវីដ ឆេនជល័រ, ប្រែសម្រួលជាភាសាខ្មែរដោយ សួ ប៊ុនស៊ូ, បោះពុម្ពនៅកម្ពុជាឆ្នាំ២០០៣, ទំព័រ ៥៣

[4] នៅឆ្នាំ១៩៧៦ បក្សកុម្មុយនីស្ត បានបែងចែកកម្ពុជាប្រជាធិបតេយ្យទៅជា៦ភូមិភាគ។ ភូមិភាគឧត្ដរ (ភូមិភាគ៣០៣) មានខេត្តកំពង់ធំទាំងមូល ផ្នែកខាងស្ដាំទន្លេមេគង្គទាំងអស់នៃខេត្តកំពង់ចាម និងស្រុកមួយក្នុងខេត្តក្រចេះ (ស្រុកព្រែកប្រសព្វ) ហើយចែកចេញជាបីតំបន់៖ ៤១,៤២ និង ៤៣។ ក្នុងឆ្នាំ១៩៧០-១៩៧៦ ដឹកនាំដោយ កុយ ធួន។

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin