បបរប្រូងលាយជាមួយពោត
(រតនគិរី)៖ ដាក ប្លួល អាយុ ៨៥ ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត សព្វថ្ងៃរស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។
នៅសម័យខ្មែរក្រហម ដាក ប្លួល ធ្វើការនៅរោងបាយតាមសហករណ៍នៃក្រុមណងដាន ដែលត្រូវរៀបចំម្ហូបអាហារ ដាំបាយ និងចែកបាយសម្រាប់ប្រជាជន។ ជួនកាល អ្នកធ្វើការជាមួយនៅរោងបាយរបស់គាត់ត្រូវបានខ្មែរក្រហមជេរស្ដី និងស្អប់ខ្ពើមជាដើម។
គាត់ក៏បានឃើញកុមារ ដែលធ្វើការនៅតាមកងចល័តនាសម័យនោះ ដើរប្រមូលនិងដឹកជញ្ជូនលាមកសត្វ និងមនុស្សសម្រាប់ធ្វើជីយកទៅដាក់តាមវាលស្រែ និងចម្ការ។ ប្រជាជនគ្រប់វ័យ ត្រូវធ្វើការទៅតាមតួនាទីដែលចែកឲ្យរៀងៗខ្លួន ដូចជាលើកដី លើកភ្លឺស្រែ លើកទំនប់ដែលមានកម្ពស់ប្រហែលជាង២ម៉ែត្រពីដី ទាំងយប់ទាំងថ្ងៃ។
ក្រៅពីការងារនៅរោងបាយ ខ្មែរក្រហមតម្រូវឲ្យបុកស្រូវបន្ថែម សម្រាប់ក្រុមការងាររបស់គាត់។ នៅពេលនោះ អ្នកដែលគាត់ស្គាល់ ត្រូវបានខ្មែរក្រហមចោទថាមានចរិតជ្រុលនិយម ឬហួសកម្រិត។
ក្រោយមក ដាក ប្លួល បានបន្តទៅរស់នៅខាងស្រែណាង៉ាម ដែលនៅទីនោះស្ថានភាពរស់នៅរបស់ប្រជាជនមានសភាពកាន់តែលំបាក។ ក្នុងមួយថ្ងែគាត់ត្រូវដាំបបរចំនួន ៣០កំប៉ុងសម្រាប់ប្រជាជនដែលរស់នៅទីនោះសម្រាប់បរិភោគ។
ក្នុងមួយថ្ងៃប្រជាជនទទួលបានរបបអាហារពីរដងប៉ុណ្ណោះ និងនៅពេលយប់ គាត់ត្រូវបន្តធ្វើបបរប្រូងលាយជាមួយពោត និងដំឡូង ដោយគ្មានពេលឈប់សម្រាកនោះទេ។
ក្រៅពីការចម្អិនម្ហូបអាហារ ប្លួល ត្រូវលាងសម្អាតសម្ភារនិងរៀបចំរោងបាយសម្រាប់ថ្ងៃបន្ត។ អ្នកដែលធ្វើការងារនៅរោងបាយ អាចទទួលបានអាហារបីដងក្នុងមួយថ្ងៃ ដោយសារ ប្លួល និងអ្នកធ្វើការជាមួយគោរពតាមបញ្ជារបស់ខ្មែរក្រហម ដោយគ្មានល្បិចកលអ្វីនោះទេ។
នៅពេលកងទ័ពវៀតណាមជិតមកដល់ ខ្មែរក្រហមបាននិយាយថា កងទ័ពទាំងនោះនឹងមកសម្លាប់ប្រជាជនក្នុងសហករណ៍ទាំងអស់។ ខ្មែរក្រហមបានបង្ខំឲ្យប្រជាជន រត់ចូលព្រៃ ដោយមិនដឹងថា ជាការរំដោះពីរបប ប៉ុល ពត។
របបនេះបានគាប់សង្កត់ បង្អត់អាហារ បង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំង និងគ្មានពេលឈប់សម្រាកនោះទេ។ អ្វីៗដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ត្រូវបានប្រមូលទុកជា
របស់សមូហភាព។ គាត់បន្តថារបបនេះបានចោទប្រកាន់ និង សម្លាប់ប្រជាជនដោយអយុត្តិធម៌។
បច្ចុប្បន្ន ដាក ប្លួល មានជំងឺប្រចាំកាយ ដោយសារអាយុកាន់តែច្រើន គាត់សង្ឃឹមថានឹងមានការយកចិត្តទុកចិត្តដាក់ពីអាជ្ញាធរ ក្នុងការពិនិត្យសុខភាពជូនប្រជាជនក្នុងភូមិដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដូចរូបគាត់៕
សម្ភាសន៍ដោយ កុច សាដៀក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤