អ្នកផ្សំថ្នាំ
(រតនគិរី)៖ ដាំ ជឿវ មានអាយុ ៧០ ឆ្នាំ រស់នៅភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចកាវែត។
នៅក្នុងរបបខ្មែរក្រហម ជឿវ បានត្រូវរស់នៅតាមសហករណ៍រួមគ្នា និងធ្វើការរួមដោយលំបាក។ ជឿវ ត្រូវលើកទំនប់ និងភ្លឺស្រែពីព្រលឹមទល់ព្រលប់ ដោយចាប់ផ្តើមពីម៉ោង៥ព្រឹក រហូតដល់៦ល្ងាច និងសម្រាកតែនៅម៉ោង ១២ ថ្ងៃត្រង់ប៉ុណ្ណោះ។
ជឿវ ត្រូវរស់នៅដោយរំពឹងក្នុងមួយថ្ងៃអាហារពីរពេល ដែលហូបមិនឆ្អែត។ នៅតាមកងចល័ត ក្រៅពីលើកដី អ្នកទាំងនោះត្រូវដើរប្រមូលលាមក កាត់ស្លឹកឈើ និងស្មៅសម្រាប់ធ្វើជី ឬជីកស្រះសម្រាប់ធ្វើជីជាដើម។
ជឿវ ជាអ្នកផ្សំថ្នាំ និងព្យាបាលអ្នកជំងឺ។ គាត់បានបញ្ជាក់ថា នៅសម័យនោះគ្មានទឹកសេរ៉ូម និងថ្នាំគ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺនោះទេ មានតែថ្នាំបុរាណនៅក្នុងព្រៃដែលមានប្រសិទ្ធភាពសម្រាប់ជំងឺស្រាលប៉ុណ្ណោះ។
គាត់ធ្លាប់បានដើរបាញ់ថ្នាំសម្លាប់សត្វល្អិត សម្រាប់ការពារជំងឺគ្រុនចាញ់ក្នុងសហករណ៍ និងជួនកាលនៅរដូវ ភ្លៀង។ ក្រៅពីការងារព្យាបាលអ្នកជំងឺ គាត់ត្រូវធ្វើការសម្អាត និងអនាម័យនៅតាមផ្ទះបាយ នៅក្នុងភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី អស់រយៈពេលពេលជាងបីឆ្នាំនៅក្រោមរបបខ្មែរក្រហម។
នៅពេលធ្លាក់ខ្លួនឈឺម្តងៗ ជឿវ ត្រូវបានប្រធានក្រុមជេរស្ដី និងបង្ខិតបង្ខំឲ្យធ្វើការទាំងឈឺ និងអស់កម្លាំង។ នៅពេលខ្លះគេតម្រូវឲ្យជឿវ ធ្វើការងារតាមកងចល័តប្រហែលជាងកន្លះឆ្នាំ ដោយគ្មានពេលទំនេរ និងគ្មានការហូបចុកគ្រប់គ្រាន់។
បន្ទាប់មក ជឿវ ក៏ត្រូវបានចាត់តាំងឲ្យទៅទស្សនកិច្ចឬធ្វើការនៅភូមិកងណក ដើម្បីព្យាបាលអ្នកជំងឺនៅទីនោះ។ ក្រោយមកទៀត ជឿវ ត្រូវបានខ្មែរក្រហមចាត់តាំងជាប្រធានកងចល័ត នៅអូរតាងដើម្បីរៀបចំកងសម្រាប់លើកភ្លឺស្រែ ប្រឡាយ និង ទំនប់ ដោយបែងចែកជាពីរក្រុមមនុស្សប្រុស និងស្រី ដែលធ្វើការកន្លែងពីរផ្សេងគ្នា។
នៅឆ្នាំ ១៩៧៩ គ្រួសារជឿវ និងប្រជាជនឯទៀតបានរត់ចូលព្រៃ ដើម្បីគេចខ្លួនពីការចូលមកដល់នៃកងទ័ពវៀតណាម។ គ្រួសាររបស់ជឿវ ត្រូវបានព្រាត់ប្រាស និងហូបតែដំឡូងព្រៃ និងក្តួចសម្រាប់បន្តដំណើរស្វែងរកកូនចៅដែលបានបាត់ខ្លួននៅពេលចលាចល៕
សម្ភាសន៍ដោយ កុច សាដៀក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤