ដំណើរជីវិតរបស់ ដឹ អៀយ ជនជាតិដើមភាគតិចកាវែតនៅក្នុងរបបខ្មែរក្រហម
(រតនគិរី)៖ ដឹ អៀយ សព្វថ្ងៃមានអាយុ ៥៥ឆ្នាំ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។ គាត់គឺជាជនជាតិដើមភាគតិចកាវែត និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។
ដឺ អៀយ បានរស់នៅរួម ធ្វើការរួម និងហូបរួម នៅតាមសហករណ៍នាសម័យខ្មែរក្រហម។ គាត់និងកុមារដែលមានវ័យប្រហែលគ្នា បានធ្វើដំណើរទៅកាប់ទន្រ្ទានខេត្ត និងប្រមូលលាមកគោក្របី និងមនុស្សសម្រាប់ទុកធ្វើជីធម្មជាតិ។ គាត់ត្រូវខិតខំប្រឹងប្រែងធ្វើការទាំងនឿយហត់ ដោយស៊ូទ្រាំនឹងការលំបាកទាំងនោះដើម្បីរស់រានមានជីវិត។ ប្រសិនបើនរណាម្នាក់ខ្ជិល ឬមិនស៊ូទ្រាំនឹងការលំបាកទាំងនេះ ខ្មែរក្រហមនឹងបង្អត់អាហារពេលមួយថ្ងៃ និងថែមទាំងវាយដំធ្វើបាបទៀតផង។
ដើម្បីទទួលបានអាហារសម្រាប់បរិភោគ គាត់ត្រូវចិញ្ច្រាំទន្រ្ទានខេត្តឲ្យបានរហ័ស រហូតមានកុមារខ្លះធ្វេសប្រហែសបណ្ដាលឲ្យកាប់ដៃ និងមានរបួសស្នាមដែលបន្សល់ទុកមកទល់សព្វថ្ងៃ។ សូម្បីតែអ្នកដែលទើបសម្រាលកូន ក៏ត្រូវធ្វើការពីព្រលឹមទល់ព្រលប់ ដោយទុកកូនតូចឲ្យមនុស្សចាស់ជាអ្នកមើលថែ។ អ្នកខ្លះសម្រាលកូនបានតែពីរទៅបីថ្ងៃ ក៏ត្រូវខ្មែរក្រហមបញ្ជាឲ្យបុកស្រូវទាំងបង្ខំជារៀងរាល់ថ្ងៃដោយគ្មានពេលសម្រាកនោះទេ។
អំពីការធ្វើជី ដឹ អៀយ បានបន្ថែមថា ដំបូងឡើយ ខ្មែរក្រហមឲ្យជីកដីប្រវែង៥ម៉ែត្រការ៉េ បន្ទាប់មកយកទន្រ្ទានខេត្តដែលកងកុមារចិញ្ច្រាំរួច ដាក់ចូលលាយជាមួយដីដំបូក និងចាក់លាមកសត្វនិងលាមកមនុស្សពីលើ។ បន្ទាប់ពីអស់រយៈពេលមួយសប្តាហ៍ទៅមួយខែក្រោយមក គេអាចយកជីទាំងនេះទៅប្រើប្រាស់សម្រាប់បាចដាក់តាមវាលស្រែនិងចម្ការ ដែលអាចជួយបង្កើនទិន្នផលស្រូវឲ្យបានខ្ពស់។
ចំណែកការហូបចុកប្រចាំថ្ងៃនាសម័យនោះ ដឹ អៀយ បាននិយាយថា ខ្មែរក្រហមចែកតែបបររាវ ក្នុងម្នាក់ទទួលបានមួយចានតូច ដែលក្នុងនោះមានបន្លែបន្តិចបន្តួចសម្រាប់បរិភោគក្នុងមួយពេល ដោយមិនគ្រប់គ្រាន់។
ដឹ អៀយ បានបន្តទៀតថា នៅក្នុងសហករណ៍ដែលគាត់រស់នៅគឺសម្បូរទៅដោយស្រូវ ប្រហែលជា៣ជង្រុកស្រូវ និងបន្លែដែលប្រមូលផលបានជាច្រើន ខ្មែរក្រហមបានទុកសម្រាប់តែកងទ័ព ដែលទៅច្បាំងជាមួយកងទ័ពវៀតណាម ឬថ្នាក់ដឹកនាំប៉ុណ្ណោះ។
ដឹ អៀយ និងប្រជាជនត្រូវរស់នៅដោយព្រាត់ប្រាសបងប្អូនឪពុកម្តាយ ប្តីប្រពន្ធនិងកូនៗ។ ខ្មែរក្រហមបានបែងចែកប្រជាជនទៅតាមភេទនិងអាយុ ទាំងតាមសហករណ៍រៀងៗខ្លួន អ្នកដែលប្រឆាំងនឹងត្រូវខ្មែរក្រហមចាប់ខ្លួនដោយថា យកទៅរៀនសូត្រជាដើម។ ឪពុកមានិងម្តាយមីងរបស់ អៀយ បានបាត់បង់ជីវិតនៅភូមិទំពាំងវែង។ ខ្មែរក្រហមបានបំបិទសិទ្ធិសេរីភាព ចំណែកអ្នកដែលល្មើសនឹងក្រមសីលធម៌នាសម័យនោះ នឹងត្រូវបានហៅទៅប្រជុំ ហើយយកអ្នកទាំងនោះទៅរៀនសូត្រឬសម្លាប់។ ការងាររបស់បុរសជំទង់នៅសម័យនោះ គឺជីកទំនប់ រីឯនារីត្រូវធ្វើការតាមកងចល័ត។
នៅពេលជិតដួលរលំ ខ្មែរក្រហមបានកុហកប្រជាជនថា កងទ័ពវៀតណាមនឹងសម្លាប់ដោយកាត់ក្បាលធ្វើជាចង្ក្រាន ក្មេងៗនឹងចាប់ច្រកដាក់ក្នុងការ៉ុង ឬចាប់នារីឲ្យរៀបការនិងជនពិការ។ ប្រជាជនមានការភ័យខ្លាចនិងនាំគ្នារត់ចូលព្រៃទៅតាមអ្វីដែលខ្មែរក្រហមបានប្រកាស។ បន្ទាប់ពីរស់នៅក្នុងព្រៃអស់រយៈពេលជាច្រើនខែ អៀយ បានសម្រេចចិត្តត្រឡប់មករស់នៅក្នុងភូមិវិញមកទល់សព្វថ្ងៃ៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤