ឌឹម គឹមសាន រៀបរាប់ពីជីវិតនៃការឆ្លងកាត់សង្គម និងការយល់ឃើញពីបញ្ហាព្រំដែនកម្ពុជា និងថៃ

ឌឹម គឹមសាន មេភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន។ នៅពីក្មេង ខ្ញុំទៅរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម ចូលរៀននៅសាលាបឋមសិក្សាដីដុះ។ បន្ទាប់មកខ្ញុំបានប្ដូរទៅរៀននៅសាលាបឋមសិក្សាទួលថ្ម រហូតដល់ថ្នាក់ទី៩ចាស់។ បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំឃើញបាតុកម្មបានផ្ទុះឡើង និងមានក្បួនបាតុករដង្ហែរចូលមកដល់ទីរួមខេត្តកំពង់ចាម។
នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ ខ្ញុំបន្តរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម ប៉ុន្តែបានឈប់រៀន ព្រោះនៅពេលនោះ មានការប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមបានផ្ទុះតែកាន់តែខ្លាំង។ កងទ័ពរំដោះខ្មែរក្រហម បានបើកការវាយប្រហារ និងរំកិលចូលមកទីរួមខេត្តបន្តិចម្ដងៗ។ នៅឆ្នាំ១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបានបើកការប្រយុទ្ធជាទ្រង់ទ្រាយធំ និងបានរំដោះតំបន់ជាយទីរួមខេត្តកំពង់ចាម ដែលជាកន្លែងដែលខ្ញុំស្នាក់នៅជាមួយបងស្រី។ ខ្ញុំ និងបងស្រីត្រូវបានជម្លៀសទៅភូមិរកាគយ ក្នុងស្រុកកងមាស។ ខ្ញុំ និងបងស្រីបានស្នាក់នៅភូមិនេះបានមួយរយៈ។
នៅពាក់កណ្ដាលឆ្នាំ១៩៧៣ ទីរួមខេត្តកំពង់ចាម ត្រូវបានឡោមព័ទ្ធទៅដោយកងទ័ពរំដោះខ្មែរក្រហមគឺមានតែផ្លូវទឹកប៉ុណ្ណោះដែលជាផ្លូវអាចចូលក្នុងទីរួមខេត្ត។ ទាហានម៉ារីន លន់ នល់ តែងតែបើកនាវាសឹក និងនាវាដឹកស្បៀង និងសម្ភារសឹកផ្សេងៗពីទីក្រុងភ្នំពេញ ទៅទីរួមខេត្ត និងជាញឹកញាប់ទទួលរងការវាយប្រហារដោយកងទ័ពរំដោះខ្មែរក្រហមពីត្រើយម្ខាងៗនៃទន្លេមេគង្គ។ រហូតឆ្នាំ១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបានវាយរំដោះបានពាក់កណ្ដាលនៃទីរួមខេត្តកំពង់ចាម និងនៅបន្តប្រយុទ្ធជាមួយទាហានលន់ នល់ សេសសល់នៅម្ដុំសាលាខេត្ត។ នៅឆ្នាំ១៩៧៤ ខ្ញុំរត់មករស់នៅភូមិកំណើត ជាមួយឪពុកម្ដាយ វិញ។
ចាប់ពីឆ្នាំ១៩៧៤ ដល់ដើមឆ្នាំ១៩៧៥ ខ្ញុំត្រូវបានដាក់ឲ្យធ្វើការក្នុងកងប្រវាស់ដៃ ដើម្បីជួយច្រូតស្រូវ និងប្រមូលដំណាំផ្សេងៗចែកគ្នាហូប។ នៅឆ្នាំ១៩៧៦ គឺជាការចាប់ផ្ដើមសហករណ៍ និងការធ្វើការនៅកងចល័តតាមការដ្ឋាន។ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅកងចល័តរយ ដែលមានទិសដៅទៅធ្វើស្រែនិ ងលើកទំនប់នៅការដ្ឋានឆ្ន័ត្រ ក្រោយមកទៀតទៅធ្វើការនៅចម្ការកៅស៊ូពាមជាំង តែក៏ត្រូវបានខ្មែរក្រហមឱ្យត្រឡប់មកធ្វើការនៅស្រុកកោះសូទិនវិញ រហូតដល់ពេលដែលខ្មែរក្រហមបានដួលរលំ។
ក្រោយឆ្នាំ១៩៧៩ ខ្ញុំបានត្រឡប់មករស់នៅផ្ទះខ្ញុំវិញ ហើយប្រកបរបរកសិកម្មវិញ។ ទាក់ទងនឹងបញ្ហាតាមព្រំដែនកម្ពុជា និងថៃ មានបានប៉ះពាល់យ៉ាងខ្លាំង សម្រាប់ខ្ញុំដោយសារតែដំណាំពោតដែលខ្ញុំបានដាំត្រូវលក់ចេញទៅប្រទេសថៃ តែទោះបីយ៉ាងណាក៏មិនប៉ះពាល់ខ្លាំងនោះតែ សម្រាប់ខ្ញុំ ខ្ញុំសុខចិត្តទុកពោតទាំងអស់លក់នៅក្នុងស្រុក និងធ្វើជាពូជសម្រាប់ឆ្នាំក្រោយ។ សម្រាប់ប្រជាពលរដ្ឋភូមិ៨ ខ្ញុំមានប្រមាណ ៦នាក់ ដែលបានទៅធ្វើការនៅប្រទេសថៃ ហើយក៏បានត្រឡប់មកវិញកាលពីសបា្តហ៍មុន និងបានរកការងារធ្វើបន្តនៅទីក្រុងភ្នំពេញ, ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។ ខ្ញុំយល់ឃើញថាការបង្ករសង្រ្គាមពីសំណាក់កងទ័ពថែនៅពេលនេះ គឺជាការសម្រេច និងទំនួលខុសទាំងស្រុងរបស់មេភូមិភាគ២ ថៃ និងការចិញ្ចឹមចិត្តចង់បានទឹកដីខ្មែរ និងប្រាសាទបុរាណខ្មែរទៀតផង។
អ្នកដឹកនាំប្រទេសថៃគ្មានអ្នកទទួលខុសត្រូវច្បាស់លាស់ ទើបធ្វើឱ្យគ្រប់ភាគីទាំងអស់ពិបាកសម្របសម្រួល ហើយខ្ញុំចង់ឲ្យសង្រ្គាមបញ្ចប់ទៅឆាប់ៗ ដោយសារខ្ញុំ ក៏ដូចជាអ្នករស់មានជីវិតផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ជាពិសេសបងប្អូន ដែលនៅតាមព្រំដែន បានឆ្លងសង្គ្រាមរួចមកហើយ។
អត្ថបទដោយ សាំង ចាន់ធូ