ធ្វើអ្វីគ្រប់យ៉ាងដើម្បីបានហូបបាយឆ្អែត
នៅមុនរបបខ្មែរក្រហម ផាត បានរៀនត្រឹមថ្នាក់ទី១០ ក្នុងសង្គមចាស់ និងត្រូវបានផ្អាកចាប់តំាងពីមានសង្រ្គាម។ក្នុងឆ្នំា១៩៧០ ផាត បានបួសជាព្រះសង្ឃ ប៉ុន្តែបានសឹកវិញ។
ក្នុងឆ្នំា១៩៧២ ខ្មែរក្រហមបានជម្លៀស ផាត ពីភូមិប្រាសាទ ទៅកាន់ស្រុកស្អាង ខេត្តកណ្តាល។
នាសម័យខ្មែរក្រហម ផាត មានអាយុ១៨ឆ្នំា ជាវ័យពេញកម្លំាងដែលកងទ័ពខ្មែរក្រហមបានចាត់ ផាត ឲ្យចូលក្នុងកងយុវជន។ ផាត ត្រូវធ្វើការងារពលកម្មដូចជាធ្វើស្រែ ដកសំណាបក្នុងខែវស្សា និងក្រងកក់ឲ្យបាន១០កណ្តប។ គ្រានោះ ផាត មិនបានគិតវែងឆ្ងាយអ្វីឡើយ គាត់ត្រឹមគិតក្នុងចិត្តថា៖«ទោះគេយកទៅដល់ណា ប្រើឲ្យធ្វើអ្វីក៏បានដែរ ឲ្យតែបានបាយឆ្អែតគឺអស់ចិត្តហើយ។»
រឿងរ៉ាវដែល ផាត ចងចំាមិនភ្លេចគឺការធ្វើបាបពីខ្មែរក្រហម ដែលបានឲ្យគាតើធ្វើការលើសកម្លំាង គ្មានពេលសម្រាកគ្រប់គ្រាន់។ ផាត បានបន្តថា នាសម័យនោះប្រជាជនត្រូវក្រោកធ្វើការចាប់តំាងពីម៉ោងបួនព្រឹកព្រលឹម រហូតដល់ម៉ោង១២យប់ ដោយក្នុងមួយថ្ងៃសម្រាកបានចន្លោះ មួយ ទៅពីរម៉ោងតែប៉ុណ្ណោះ។
ការហូបចុកនាសម័យនោះមិនបានគ្រប់គ្រាន់ទេ គឺបានត្រឹមបាយក្នុងម្នាក់មួយដុំ ឬ ពេលខ្លះទៀតមានត្រឹមបបររាវមួយវែក។
ផាត បានរៀបរាប់ពីពេលវេលាឈឺថ្កាត់នាសម័យខ្មែរក្រហមដែលមិនមានថ្នំា និងគ្រូពេទ្យសម្រាប់ព្យាបាលបានត្រឹមត្រូវ។ រាល់ពេលដែលមានជំងឺ គឺមានតែថ្នំាដែលដំាទឹកផឹកពីរុក្ខជាតិក្នុងព្រៃប៉ុណ្ណោះ។
ខ្មែរក្រហម បានរៀបចំការរៀបការដោយបង្ខំ ក្នុងនោះផាត ក៏ត្រូវបានខ្មែរក្រហមរៀបចំគូឲ្យការជាមួយភរិយានាសម័យនោះផងដែរ។ ផាត បានប្រាប់ថា៖«គេរៀបការម្តងច្រើនគូរណាស់ ប្រហែល៥០គូរ។ គេរៀបការតែមួយភ្លែតទេពេលដែលមានប្រជុំបន្តិចហ្នឹង គឺចាប់លេខតែម្តង។ហើយមិនមានការប្រកែកអ្វីបានទេ ព្រោះគេតាមដានយើងជាប្រចំា។»
នាសម័យនោះ ទំនាក់ទំនង និងមនោសញ្ចេតនារវាងគ្នាត្រូវបានកាត់ផ្តាច់ចោលទំាងស្រុង ព្រោះគេយកតែមនុស្សអវិជ្ជាឲ្យបម្រើការងារតាមរយៈការប្រើនយោបាយ។ ផាត បានបន្តថា៖ «សម័យនោះ គេលែងខ្វល់ម្តាយកូនទៀតហើយ ទើបធ្វើឲ្យកូនហ៊ានសម្លាប់ឪពុកម្តាយរបស់ខ្លួនឯង។» ផាត បានឃើញហេតុការណ៍ដែលខ្មែរក្រហមយកមនុស្សទៅបាញ់សម្លាប់ចោល ដោយចោទថា បានប្រព្រឹត្តិខុសសីលធម៌។
ក្នុងឆ្នំា១៩៧៩ ក្រោយមានការចូលមកដល់នូវកងទ័ពវៀតណាមក្នុងការរំដោះប្រទេសកម្ពុជា ផាត បានរត់ត្រឡប់មកស្រុកកំណើតវិញដើម្បីជួបជុំជាមួយគ្រួសារ។