ឌីន ប៉ែត រៀបរាប់ពការងារធ្វើឈ្លបឃុំស្វាយឃ្លាំងរបស់ខ្មែរក្រហម

ខ្ញុំឈ្មោះ ឌីន ប៉ែត[1] អាយុ ៦៥ឆ្នាំ រស់នៅភូមិទី១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ ខ្ញុំមានស្រុកកំណើតនៅភូមិទី១ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មានេះតែម្ដង។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារកើតឡើងទម្លាក់សម្ដេចសីហនុ។ នៅឆ្នាំ១៩៧១ មកខ្មែរក្រហមមានជាបណ្ដើរហើយ ចៅហ្វាយស្រុកក្រូចឆ្មារបានរត់នៅខាងស្ទឹងត្រង់ ព្រោះខ្មែរក្រហមមកពីក្រោមក៏គៀកនិងមកពីលើក៏គៀក។ នៅឆ្នាំ១៩៧២ បានមានសភាពការណ៍ចលនាតស៊ូ បើនិយាយឥឡូវនេះហៅថាខ្មែរក្រហម។ នៅកំឡុងឆ្នាំ១៩៧១ ដល់ឆ្នាំ ១៩៧២ ចាប់តាំងពីមានវត្តមានកងទ័ពរំដោះខ្មែរក្រហមបានវាយរំដោះតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។[2] កាលនេះខ្មែរក្រហមវាយជាមួយយួនវៀតកុងនិងមកវាយជាមួយកម្លាំង លន់ នល់។ នៅឆ្នាំ១៩៧៣ ខ្ញុំចូលធ្វើឈ្លបយាមកាមតាមភូមិ និងពិនិត្យមើលប្រយ័ត្នពីរឿងខ្មាំងសត្រូវនឹងតែម្ដង ។ នៅពេលវេលានោះ ចោរអត់ហ៊ានលួចទេ ហើយទទួលខុសត្រូវនៅលើប្រធានយោធា និងប្រធានឃុំទទួលនយោបាយ។
នៅឆ្នាំ១៩៧៥ មានការរៀបចំរដ្ឋអំណាចដែលមានជំហរមួយ គឺចង់ឯករាជ្យម្ចាស់ការអត់ចង់ឲ្យយួនមកត្រួតត្រាទេ។ ខ្ញុំធ្វើការជាមួយខ្មែរក្រហមដោយមានឈ្មោះ តាផា តាសឿ និងឈ្មោះជុន្នីជាសមាជិកកាន់ស្រុកជាមួយនៅដំណាក់កាលដំបូង។ ដំណាក់កាលទី២ នៅឆ្នាំ១៩៧៦ មានការផ្លាស់ប្ដូរចៅហ្វាយស្រុក ឈ្មោះ ប៊ាន ផ្លាស់មកពីពាមជីលាំងមកវិញ មកធ្វើជាអនុប្រធានរបស់តាផា។ ប៊ាន មានសញ្ញាប័ត្រខ្ពស់ខាងមហាវិទ្យាល័យនិងជាក្មួយរបស់ គាត ឈន់។ កាលណាហៅថា អនុធន គឺសម្រាប់ស៊ីលើកម្លាំងពលកម្ម ដូចជាគ្រូបង្រៀនដែលជាវណ្ណៈមួយនៅលើហ្នឹង។ បើសំដៅទ្រព្យសម្បត្តិហៅថា មូលធន។ តាផា បានធ្វើខុសសីលធម៌ជាមួយប្រពន្ធគេលាក់អាថ៌កំបាំងមិនជិតឮរហូតដល់តំបន់ កាលណាខូចអញ្ចឹងខ្មែរក្រហមយកចេញទៅសម្លាប់។ បន្ទាប់មកទៀត តាសឿ បងជុន្នីត្រូវបានចោទថាក្បត់ ក៏ត្រូវបានចាប់យកទៅក្រោយតាផា។ ពេលតាផាដកទៅមានចៅហ្វាយស្រុកមួយទៀតមកកាន់កាប់ឈ្មោះ តាសុខ ដែលមកពីខេត្តព្រៃវែង។
នៅឆ្នាំ១៩៧៨ ពេលមកយកកម្មាភិបាលនៅស្រុក ឡានឃ្លុំបេ ដាក់ទាំងឡានៗ ហើយចងស្លាបសេកឡើងទៅលើឡាន វាចោលទាំងអស់ចោទថាខាងបូព៌ាក្បត់។ ខ្ញុំធ្វើឈ្លប ជួយការងារទៅប្រមូលបាយ ទឹកនិងនៅមើលតាមសហករណ៍។ បើមានប្រជាជនលួចអ្វីស៊ីក៏ចោទថាជាខ្លាំងដែរ។ កាលនោះមានការជម្លៀសជនជាតិចាមនៅភូមិទី៥ ហើយបះបោរនៅកោះផលកាប់សម្លាប់អស់ជាច្រើននាក់។ បន្ទាប់មក ក៏មានការបះបោរនៅស្វាយឃ្លាំងដែលមានរយៈពេលប្រហែលកន្លះខែ ដោយមានការចោទប្រកាន់ថាជាគិញ ហើយចាមកាលនោះខ្លាំងដែរ មានដាវនិងលំពែង។ ជីវិតដែលរស់នៅក្នុងរបបខ្មែរក្រហម ត្រូវបានឆ្លងកាត់ការលំបាកជាច្រើន មិនមានការហូបចុកគ្រប់គ្រាន់ និងជីវិតមិនដឹងថាត្រូវស្លាប់នៅពេលណានោះទេ។
អត្ថបទដោយ៖ សាំង ចាន់ធូ
កំណែអក្ខរាវិរុទ្ធដោយ៖ ភា រស្មី
[1] ឯកសារ KCDC-Cam0536 D24727 បទសម្ភាសន៍ ឌីន ប៉ែត សម្ភាសន៍ដោយអ៊ីសា ឧស្មាន ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០០, បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្រ ភាណា, «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ» (បោះពុម្ពលើកទី២ នៅកម្ពុជា ឆ្នាំ២០២០) ទំព័រ ២៨