កងទ័ពខ្មែរក្រហមឈរជើងនៅសមរភូមិវត្តរការគយ
ដិន សារ៉ន[1] កើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៥៣ នៅភូមិតាង៉កទន្លេ ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រែវែង។ បច្ចុប្បន្ន សារ៉ន រស់នៅជាមួយប្រពន្ធឈ្មោះ នុត សាវឿន (មានកូនប្រុសស្រីចំនួន៥នាក់) នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សារ៉ន រៀនសូត្រដល់ថ្នាក់ទី៩(សង្គមចាស់) នៅសាលាវត្តតាណកទន្លេ និងបួសជាព្រះសង្ឃនៅវត្តតាណកទន្លេ អស់រយៈ៣វស្សា។ នៅឆ្នាំ១៩៧២ សារ៉ន បានលាចាកសិក្ខាបទ និងស្ម័គ្រចិត្តចូលបដិវត្តន៍។ សារ៉ន គឺជាអតីតកងទ័ពខ្មែរក្រហម កាន់ផ្នែកដឹកជញ្ជូន និងក្រោយមកកាន់ផ្នែកភស្តុភារ នៅទីតាំងវត្តរកាគយ។ វត្តរកាគយ គឺជាវត្តមួយស្ថិតនៅភូមិ/ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងមានភូមិសាស្រ្តស្ថិតនៅតាមបណ្ដោយទន្លេមេគង ដែលមានចម្ងាយផ្លូវគោក ១៦គីឡូម៉ែត្រ និងផ្លូវទឹក ២០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម។ បន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហមបានផ្ទុះឡើង។ សង្គ្រាមដែលកងទ័ពខ្មែរក្រហមបានប្រយុទ្ធជាមួយទាហាន លន់ នល់ មានដូចជា៖ សង្រ្គាមផ្លូវគោក, សង្រ្គាមផ្លូវទឹក និងផ្លូវអាកាស។ ខាងក្រោមនេះ គឺជាការចងចាំអំពីព្រឹត្តិការណ៍សង្រ្គាមផ្លូវទឹកដែលកងទ័ពខ្មែរក្រហមបានបើកការវាយឆ្មក់ទៅលើ នាវាម៉ារីនលន់ នល់ និងបទពិសោធន៍របស់ខ្លួនក្នុងរបបខ្មែរក្រហម៖
សង្គ្រាមផ្ទុះឡើង បន្ទាប់ពីមានវត្តមាន កងទ័ពខ្មែរក្រហមចូលមកដល់ភូមិសាស្រ្តនានានៅក្នុងខេត្តកំពង់ចាម នៅចុងឆ្នាំ១៩៧០។ ទាហាន លន់ នល់ បានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកនៅភូមិសាស្រ្តណាដែលមានវត្តមានកងទ័ពខ្មែរក្រហមឈរជើង។ កងទ័ពខ្មែរក្រហម អាចបានត្រឹមតែព្យាយាមបាញ់កាំភ្លើងពីដីទៅលើយន្តហោះទម្លាក់គ្រាប់បែករបស់ទាហាន លន់ នល់ និងបានដកកងកម្លាំងរបស់ខ្លួនចេញពីភូមិសាស្រ្តទម្លាក់គ្រាប់បែក។ បន្ទាប់ពីការទម្លាក់គ្រាប់បែក ទាហានថ្មើរជើង លន់ នល់ ត្រូវបានបញ្ជូនទៅឈរជើងនៅទីតាំងដែលកងទ័ពខ្មែរក្រហមដកចេញ។ ចាប់ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហមធ្វើសង្រ្គាមផ្លូវគោកជាមួយទាហាន លន់ នល់ ដោយបានបើកការវាយប្រហារទៅលើបន្ទាយលន់ នល់ និងតំបន់ផ្សេងៗជាបន្តបន្ទាប់។ ចាប់តាំងពីឆ្នាំ១៩៧៣ ទាហាន លន់ នល់ ត្រូវបានដាក់ឈរជើងនៅព្រំប្រទល់ទីរួមខេត្តកំពង់ចាម ដើម្បីត្រៀមប្រយុទ្ធតទល់ជាមួយកងទ័ពខ្មែរក្រហមដែលដាក់កម្លាំងត្រៀមវាយទីរួមខេត្ត។ ដោយមិនអាចឆ្លងកាត់តំបន់ខ្មែរក្រហមបាន ទាហានលន់ នល់ ប្រើប្រាស់ផ្លូវទឹកតាមដងទន្លេមេគង្គ ដើម្បីដឹកសម្ភារសឹក និងស្បៀងចូលទៅទីរួមខេត្តកំពង់ចាម។ កងទ័ពខ្មែរក្រហមតែងតែបើកការវាយប្រហារដោយបានបណ្ដែតគ្រាប់បែកបង្កៃកាត់ទន្លេ និងបាញ់ចេញពីច្រាំងទន្លេ។ កងទ័ពខ្មែរក្រហមធ្វើសង្រ្គាមផ្លូវទឹកជាមួយទាហានម៉ារ៉ីន លន់ នល់ រហូតដល់ឆ្នាំ១៩៧៥។ កងទ័ពខ្មែរក្រហមតែងតែបើកការវាយប្រហារដោយបានបណ្ដែតគ្រាប់បែកបង្កៃកាត់ទន្លេ និងបាញ់ចេញពីច្រាំងទន្លេ។ កងទ័ពខ្មែរក្រហមធ្វើសង្រ្គាមផ្លូវទឹកជាមួយទាហានម៉ារីន លន់ នល់ រហូតដល់ឆ្នាំ១៩៧៥។ វត្តរកាគយគឺជាទីតាំងដែលនាវាចម្បាំងទាហានលន់ នល់ និងក្បូននាវាដឹកសម្ភារផ្សេងៗ បើកឆ្លងកាត់ និងត្រូវបានកងទ័ពខ្មែរក្រហមវាយប្រហារទាំងការបាញ់ពីត្រើយទាំងសងខាងនៃទន្លេមេគង្គ និងការបណ្ដែតគ្រាប់បែកតាមដើមចេក។ បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការងារនៅរោងចក្រឧស្សាហកម្មផលិតឧបករណ៍កសិកម្ម នៅម្ដុំព្រៃទទឹង។ ចន្លោះពីឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៧៩ ខ្ញុំត្រូវបានបញ្ជូនបន្តទៅធ្វើការនៅឡផលិតធ្យូង ដែលមានសមាជិកចំនួន៣០នាក់។ នៅពេលនោះ កងរបស់ខ្ញុំត្រូវកាប់ឈើខ្លឹមដើម្បីយកទៅដុតធ្វើជាធ្យូង។ បន្ទាប់ពីឈើខ្លឹមដុត២សប្ដាហ៍ កងរបស់ខ្ញុំត្រូវទៅលើកដាក់តម្រៀបនៅលើឡាន ដើម្បីដឹកមករោងចក្រឧស្សាហកម្មស្ថិតនៅព្រៃទទឹង ។ ខ្ញុំត្រូវក្រោកធ្វើការពីព្រលឹមរហូតដល់ព្រលប់។ នៅពេលរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ ខ្ញុំបានរួចរត់មកភូមិកំណើតវិញ។ ខ្ញុំឃើញមានកងទ័ពខ្មែរក្រហមចាញ់សមរភូមិជាច្រើននៅទន្លេបិទ។ ខ្ញុំធ្វើដំណើរទៅភូមិកំណើត អស់រយៈពេល២ខែទើបបានទៅដល់។ ខ្ញុំរៀបការប្រពន្ធនៅឆ្នាំ១៩៧៩ និងប្រកបមុខរបរធ្វើស្រែចម្ការ រហូតដល់សព្វថ្ងៃ។ ខ្ញុំបានបាត់បង់បងប្អូនទាំងអស់របស់ខ្ញុំក្នុងរបបខ្មែរក្រហម និងបច្ចុប្បន្ននេះ ខ្ញុំមានបញ្ហាសុខភាពផ្នែកផ្លូវដង្ហើម និងបេះដូង ពីព្រោះខ្មែរក្រហមបានបង្ខំខ្ញុំធ្វើការនៅក្នុងឡផលិតធ្យូង។
សរសេរដោយ ស៊ាង ចិន្តា
ឯកសារយោង
[1] ឯកសារបទសម្ភាសន៍ជាមួយ ដិន សារ៉ន នៅភូមិ/ឃុំរការគយ ស្រុកកងមាស ខេត្តកំពង់ចាម, សម្ភាសន៍ដោយ ស៊ាង ចិន្ដា នៅឆ្នាំ២០២២, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា