ឌិន ទូច៖ រឿងរ៉ាវសង្ខេបអំពីជីវិតក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឌិន ទូច មានអាយុ៦០ឆ្នាំ។ ទីកន្លែងកំណើតរបស់ខ្ញុំស្ថិតនៅភូមិក្រាំងរលួស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារ ខ្ញុំមិនបានចូលរៀននៅតាមសាលានោះទេ ដោយសារតែប្រទេសកើតមានសង្គ្រាម ។
នៅអំឡុងរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៥ អង្គការបានបញ្ជូនខ្ញុំឱ្យទៅធ្វើការងារនៅតាមកងកុមារដូចជា ដើររើសអាចម៍គោ និងដើរកាប់ស្លឹកទន្រ្ទានខេត្ត ដើម្បីយកទៅធ្វើជាជី។ បន្ទាប់ពី ខ្ញុំមានវ័យពេញជំទង់ ខ្មែរក្រហមបានបញ្ជូនខ្ញុំឱ្យទៅធ្វើការនៅកងចល័តរែកដី និងជីកប្រឡាយ។ ខ្មែរក្រហមមិនអនុញ្ញាតឱ្យខ្ញុំជួបក្រុមគ្រួសារនោះទេ។ ចំពោះការហូបចុកវិញ មិនមានអាហារសម្រាប់ហូបគ្រាប់គ្រាន់នោះទេ។ ដោយក្នុងមួយថ្ងៃ ខ្ញុំទទួលបានអាហារតែពីរពេលប៉ុណ្ណោះ។ រហូតឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមក ខ្ញុំនិងក្រុមគ្រួសារបានរត់ចូលព្រៃ។ ខ្ញុំធ្វើដំណើរចាកចេញពីស្រុកកំណើតចំណាយអស់រយៈពេលជិត ២ខែ ទើបមកដល់ភូមិស្រុកវិញ។ ពេលធ្វើដំណើរតាមផ្លូវខ្ញុំ និងក្រុមគ្រួសារជួបប្រទះនូវការលំបាក ដោយសារគ្មានអាហារសម្រាប់បរិភោគតាមផ្លូវ និងប្រទះឃើញសាកសពស្លាប់ជាច្រើន។ នៅចុងឆ្នាំ១៩៧៩ ខ្ញុំបានរស់នៅជាមួយឪពុកម្តាយ ដោយប្រកបមុខរបរធ្វើស្រែចម្ការ និងចិញ្ចឹមសត្វ។ ឆ្នាំ១៩៨១ ឪពុកម្តាយរបស់ខ្ញុំ បានរៀបចំទុកដាក់ឱ្យខ្ញុំមានគូស្រករ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ខ្ញុំរស់នៅជាមួយក្រុមគ្រួសារ ដោយប្រកបមុខរបបជាកសិករ និងចិញ្ចឹមសត្វ។
សព្វថ្ងៃខ្ញុំមានជំងឺប្រចាំកាយដូចជា ជំងឺខ្លាញ់រុំបេះដូង ជំងឺក្រពះពោះវៀន និងជំងឺលើសឈាម។ មូលហេតុដែលធ្វើឱ្យខ្ញុំកើតមានជំងឺខាងលើនេះ គឺបណ្តាលមកពីកាលពីក្មេង ខ្ញុំធ្វើការលើសកម្លាំង និងកង្វះអាហារហូបចុក។ មួយវិញទៀត ដោយសារសព្វថ្ញៃនេះខ្ញុំមានអាយុកាន់តែច្រើន។ ចំពោះការព្យាបាលជំងឺ ខ្ញុំបានទៅសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងស្រុកភូមិ។ មានពេលខ្លះ ខ្ញុំពុំមានថវិកាព្យាបាលជំងឺក៏ទ្រាំឈឺនៅផ្ទះ។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារនៃមជ្ឈមណ្ឌឯកសារកម្ពុជាដែលបានមកសួរសុខទុក្ខអំពីសុខភាពរបស់ខ្ញុំ៕
ដោយ ផាត ពន្លក