ផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យដែលបរាជ័យ ៖ យុទ្ធសាស្ត្រ អំណាច ផែនការ និង ការសម្រេចចិត្ត

ស្ថិតក្រោមការគ្រប់គ្រងរបស់ ប៉ុល ពត ក្នុងសម័យកាលកម្ពុជាប្រជាធិបតេយ្យ កម្មាភិបាលខ្មែរក្រហមមកពីភូមិភាគបូព៌ាមួយចំនួន ត្រូវបានចាប់ខ្លួន សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់ចោល ដោយមូលហេតុចូលរួមក្នុងផែនការស្រមោលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។ សោយ៉ាន់ (សោភឹម), ចាន់ ចក្រី, ឈូក ហៅ ម៉ែន, ម៉ុន ហៅ កែវ សំណាង, សុផាន និង លី ផែន គឺជាតួអង្គសំខាន់ក្នុងការបង្កើតឲ្យមានចលនាក្បត់បដិវត្តន៍នៅក្នុងភូមិភាគបូព៌ា។[1]

បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅចុងឆ្នាំ១៩៥៣ សកម្មភាពរបស់ សោយ៉ាន់ ហៅ សោភឹម, សួស នៅ ហៅ ឈូក ហៅ ម៉ែន, ចាន់ ចក្រី ហៅ នៅ មាន, និង កែវ សំណាង ហៅ ម៉ុន ហៅ ស៊ីថុន បានលេចរូបរាងឡើងតាមរយៈការចូលជាសមាជិកខ្មែរសេរី ដឹកនាំដោយ សឺង ង៉ុកថាញ់។

ក្រោយថ្ងៃរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ទី១៨ ខែមីនា ឆ្នាំ១៩៧០ និងឆ្នាំបន្តបន្ទាប់មករហូតដល់ថ្ងៃដែលអ្នកទាំងនោះត្រូវអង្គការចាប់ខ្លួនយកមកដាក់នៅក្នុងមន្ទីរ ស-២១ អ្នកទាំងប៉ុន្មាននាក់ខាងលើ បានកាន់កាប់ដំណែងកំពូលៗក្នុងចលនាខ្មែររំដោះ និងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រចាំនៅភូមិភាគបូព៌ា។ សោភឹម ជាលេខាភូមិភាគ បូព៌ា (ធ្វើអត្តឃាតឆ្នាំ១៩៧៨)។ កែវ សំណាង[2] ហៅ ម៉ុន (អង្គការចាប់ខ្លួន និងសម្លាប់នៅឆ្នាំ១៩៧៧) ជាអនុប្រធានគណៈយោធាភូមិភាគបូព៌ា។ ចាន់ ចក្រី[3] (អង្គការចាប់ខ្លួន និងសម្លាប់នៅខែឧសភា ឆ្នាំ១៩៧៦) ជាលេខាកងពល ១៧០ និងលេខាកងពលមជ្ឈិមក្រោយជ័យជម្នះរបស់ខ្មែរក្រហម។ សុផាន[4] (អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៦) ជាលេខាកងវរសេនាតូច នៃកងពល ១៧០ និង លី ផែន[5] (អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៦) ជាជំនួយការសេនាធិការគណៈកម្មាធិការនយោបាយភូមិភាគបូព៌ា។

ចម្លើយរបស់ សុផាន និង លី ផែន បានបង្ហាញថា ថ្វីត្បិតតែ សោភឹម ជាមេដឹកនាំក្នុងសកម្មភាពក្បត់បដិវត្តន៍ក៏ពិតមែន ប៉ុន្តែគាត់ត្រូវបានកម្មាភិបាលជាន់ខ្ពស់ឯទៀតក្រោមបង្គាប់គាត់ ដូចជា សួស​ នៅ ហៅ ឈូក​, កែវ សំណាង ហៅ ម៉ុន និង ចាន់ ចក្រី ហៅ មាន ស្នើសុំឲ្យគាត់ស្ថិតនៅជាកម្មាភិបាលជាន់ខ្ពស់បំផុត តំណាងឲ្យភាពស្មោះត្រង់របស់គណៈភូមិភាគបូព៌ាទាំងអស់ជាមួយនឹងអង្គការបដិវត្តន៍ ដឹកនាំដោយ ប៉ុល ពត។[6] តាមចម្លើយសារភាព និងប្រវត្តិសកម្មភាពក្បត់របស់ ចាន់ ចក្រី, ឈូក, សុផាន, លី ផែន និង កែវ សំណាង បានបង្ហាញពីការរៀបចំផែនការក្បត់បក្សជាច្រើនលើកច្រើនសា និងពីជំនួបនានាជាមួយនឹងភាគីវៀតណាម ដែលមិនពាក់ព័ន្ធនឹង សោភឹម ឡើយ។[7] ទោះបីជាយ៉ាងដូច្នេះក៏ដោយ ក៏ សោភឹម នៅតែត្រូវបានសង្ស័យពីការរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ និងត្រូវអង្គការតាមរកចាប់ខ្លួន រហូតដល់ថ្ងៃដែលគាត់បានធ្វើអត្តឃាតនៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ១៩៧៨។

ចាប់តាំងពីក្រោយថ្ងៃជ័យជម្នះទី១៧ ខែមេសា ឆ្នាំ១៩៧៥ ផែនការក្បត់បដិវត្តន៍របស់ភូមិភាគបូព៌ា នៅតែបន្តពង្រឹងកាន់តែខ្លាំងឡើងៗក្នុងស្រទាប់កម្មាភិបាលខ្មែរក្រហម និងប្រជាជនមូលដ្ឋាន។ ការពង្រឹងនេះ ត្រូវបានមើលឃើញតាមរយៈការប្រជុំសម្ងាត់រៀបចំផែនការ ការបញ្ចូលកម្លាំងបង្កប់ស៊ីរូងផ្ទៃក្នុង ការបង្កវិទ្ធង្សនានានា និងការធ្វើទំនាក់ទំនងជាមួយភាគីខាងក្រៅ (វៀតណាម)។[8] ដោយមូលហេតុថា ចាន់ ចក្រី គឺជាលេខាកងពលមជ្ឈិមលេខ១៧០ ដែលមានមូលដ្ឋាននៅក្នុងក្រុងភ្នំពេញ នៅក្រោយខែមេសា ឆ្នាំ១៩៧៥ គាត់មានឱកាសច្រើនក្នុងការធ្វើទំនាក់ទំនងខាងក្រៅ និងរៀបចំផែនការក្បត់។ តាំងពីថ្ងៃជ័យជម្នះរហូតដល់ថ្ងៃដែលគាត់ត្រូវអង្គការចាប់ខ្លួននៅថ្ងៃទី១០​ ខែឧសភា ឆ្នាំ១៩៧៦ ចក្រី បានបញ្ជាកម្មាភិបាលនៅក្រោមបង្គាប់ខ្លួន ឲ្យអនុវត្តផែនការបង្កវិទ្ធង្សនាចំនួនបីលើកគឺ៖ លើកទីមួយ បញ្ជាឲ្យកម្មាភិបាលរបស់គាត់បាញ់កាំភ្លើងនៅក្នុងសាលាវិចិត្រសិល្បៈក្នុងក្រុងភ្នំពេញ នៅខែតុលា ឆ្នាំ១៩៧៥។ លើកទីពីរ បញ្ជាឲ្យ ចក់ យន់[9] ប្រាប់ទៅ យឹម សម្បត្តិ[10] ឲ្យគប់គ្រាប់បែកនៅខាងក្រោយរបងព្រះបរមរាជវាំង[11] និងលើកទីបី បញ្ជាឲ្យមានព្រឹត្តិការណ៍ចែកខិត្តប័ណ្ណនៅក្នុងតំបន់២៥ ភូមិភាគនិរតី។[12] ព្រឹត្តិការណ៍ទាំងបីលើកនេះ បានធ្វើឲ្យអង្គការបដិវត្តន៍បើកការស៊ើបអង្កេត តាមដាន និងចាប់ខ្លួនមនុស្សដែលពាក់ព័ន្ធចំនួនជាង១៦០នាក់ មកសួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់។ ក្រោយពីអង្គភាពសួរចម្លើយរបស់មន្ទីរ ស-២១ សួរចម្លើយអ្នកទាំងនោះ ឌុច និង សុន សេន មានភស្តុតាងច្បាស់លាស់បញ្ជាក់ថា ចាន់ ចក្រី គឺជាមេខ្លោងក្នុងការរៀបចំផែនការទាំងនោះ។ ទីបញ្ចប់ ចាន់ ចក្រី ត្រូវបានចាប់ខ្លួនមកកាន់មន្ទីរ ស-២១ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ១៩៧៦[13] គឺក្នុងរយៈពេលប្រហែលមួយខែក្រោយការបំផ្ទុះគ្រាប់បែកនៅក្រោយរបងព្រះបរមរាជរាំង។

សួស នៅ ហៅ ឈូក ហៅ ម៉ែន គឺជាលេខាតំបន់២៤នៃភូមិភាគបូព៌ា។ ឈូក ជាមនុស្សសំខាន់ម្នាក់ទៀត ដែលបានរៀបចំផែនការយុទ្ធសាស្ត្រផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ។ តាំងពីក្រោយថ្ងៃជ័យជម្នះរបស់ខ្មែរក្រហម ឈូក តែងតែបង្កើតឲ្យមានអង្គប្រជុំជាច្រើន ដើម្បីពិភាក្សាពីផែនការរៀបចំយុទ្ធសាស្ត្រក្បត់ ការប្រមូលកម្លាំងបន្ថែម និងការស្វែងរកការសហការពីភាគីខាងក្រៅ ដើម្បីសម្រេចគោលបំណងវាយផ្តួលរំលំរដ្ឋាភិបាលខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៦។[14] ក្នុងចំណោមកិច្ចការងារសំខាន់ៗចំនួនពីរដែល ឈូក បានអនុវត្ត (ការបង្កើតយុទ្ធសាស្ត្រ និងការស្វែងរកការសហការពីភាគីខាងក្រៅ) គឺមានតែកិច្ចការមួយទេដែលគាត់ទទួលបានភាពបរាជ័យ។ នោះគឺការស្វែងរកការសហការពីភាគីវៀតណាម។ គឹម ស៊ុត បានរាយការណ៍ថា បន្ទាប់ពីមានកិច្ចប្រជុំយ៉ាងហោចណាស់ពីរលើកជាមួយវៀតណាម អមជាមួយនឹងការផ្តល់មាសរាប់រយគីឡូក្រាម ថវិការាប់លានដុល្លា និងនាឡិកាដៃរាប់រយគ្រឿង ទៅឲ្យភាគីវៀតណាម ផង ដើម្បីជាថ្នូរនឹងការជួយចូលរួមប្រយុទ្ធដណ្តើមរដ្ឋអំណាចពីអង្គការបដិវត្តន៍រួចមក ភាគីវៀតណាមបានបដិសេធន៍មិនចូលរួមក្នុងគម្រោងផែនការនេះឡើយ។ ភាគីវៀតណាម បានលើកហេតុផលថា​ ប្រទេសរបស់ខ្លួនកំពុងជួបវិបត្តិរឿងព្រំដែនជាមួយប្រទេសចិន។[15] នៅទីបញ្ចប់ ឈូក បានប្រកាសថា ខ្លួន និងថ្នាក់លើរបស់ខ្លួនគឺ សោភឹម បានរៀបចំផែនការយុទ្ធសាស្ត្រដោយខ្លួនឯង។ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៧៦ កែវ សំណាង និង សុផាន បានពិភាក្សាជាមួយ ឈូក អំពីផែនការថ្មីដែល ឈូក ទើបបានពិភាក្សាឯកភាពគ្នាជាមួយ សោយ៉ាន់ ហៅ សោភឹម។ ឈូក បានហៅផែនការថ្មីនេះថា ជាផែនការដែលឈរលើគោលជំហរឯករាជ្យម្ចាស់ការ ខ្លួនទីពឹងខ្លួនទាំងស្រុង។ ឈូក បានលើកឡើងពីទស្សនៈរបស់គាត់ថា «បើសម្រេចផែនការនេះបាន ​ខ្សែរយៈបង្កប់នឹងបង្កើតឲ្យមានរបបមួយដូចជារបបអាមេរិក ដោយមិនចាំបាច់ឆ្លងកាត់តាមរបបសើរើដូចវៀតណាមទៀតទេ។»[16] ជាមួយគ្នានេះដែរ ឈូក បានត្អូញត្អែរពីការលំបាកក្នុងការធ្វើទំនាក់ទំនងជាមួយកម្លាំងពីខាងក្រៅ ហើយទីបំផុតគាត់រីករាយនឹងការរួមគ្នាបង្កើតយុទ្ធសាស្ត្រវាយដណ្តើម រដ្ឋអំណាចពីអង្គការបដិវត្តន៍។ យុទ្ធសាស្ត្រនេះ គឺជាការពឹងពាក់លើកម្លាំងខាងក្នុងដែលមានស្រាប់ដូចជា ចាន់ ចក្រី, ឈូក, កែវ សំណាង និង លី ផែន។ បើតាមផែនការយុទ្ធសាស្ត្រថ្មីរបស់ ឈូក និង សោភឹមសមាសភាពទាំងនេះ មានតួនាទី និងភារកិច្ចចម្បងៗដូចខាងក្រោម៖

១) ចក្រី ត្រូវប្រើកម្លាំងពិសេសរបស់ខ្លួន ដើម្បីតាមដានបងលេខ១ និងបងលេខ២ តាំងពីដើមខែមីនា ឆ្នាំ ១៩៧៦ នេះតទៅ ដើម្បីឆក់ឱកាសចាប់បងទាំងពីរនាក់នេះឲ្យបាន ហើយបើមានលទ្ធភាព ចាប់បងៗជាសមាជិកសំខាន់ៗរបស់គណៈមជ្ឈិមបក្សទៀត។ ឱកាសល្អដើម្បីចាប់បងទាំងពីររូបនេះ គឺចាប់នៅផ្ទះក្នុងពេលយប់។ បើចាប់ពេលយប់មិនបាន គឺចាប់ពេលព្រឹក ពេលគាត់ប្រុងប្រៀបទៅធ្វើការ ឬពេលត្រឡប់មកពីធ្វើការវិញ។ បើចាប់នៅផ្ទះមិនបាន ត្រូវចាប់ក្នុងពេលប្រជុំណាដែលមានបងទាំងពីរអញ្ជើញទៅចូលរួម ដូចជាពេលប្រជុំ ឬ ពេលធ្វើបុណ្យខួប។ ចាត់តាំងកម្លាំងកងទ័ព ឬពេលប្រជុំសេដ្ឋកិច្ចបើកទូលាយជាដើម។ សំណូមពរ គឺធ្វើយ៉ាងណាចាប់បងទាំងពីររូបនេះឲ្យបាន ទើបដំណើរការអនុវត្តផែនការនេះតទៅទៀតបាន។ ដូច្នេះឃើញថា កម្លាំងពិសេសរបស់មិត្ត ចក្រី គឺជាសញ្ញា ជាឆ្នួ ន សម្រាប់ឲ្យកម្លាំងដទៃទៀតផ្ទុះ។ នេះបានន័យថា ពេលកម្លាំងពិសេសរបស់ ចក្រី ចាប់បងលេខ១ និងបងលេខ២ បានហើយ មិត្ត ចក្រី ត្រូវបញ្ជាទៅកងពលលេខ១ និងកងពលលេខ២ ឲ្យវាយបុកឡើងដណ្តើមកាន់កាប់ទីក្រុងភ្នំពេញទាំង      មូល។​ ទន្ទឹមនឹងនេះ ត្រូវរាយការណ៍ជាបន្ទាន់តាមទូរសព្ទអាកាស ឬតាមទូរលេខមករូបខ្ញុំ (ឈូក) មិត្ត ម៉ុន និងមិត្ត ផែន។ រួចហើយ ត្រូវប្រញាប់ប្រញាល់នាំកម្លាំងទៅដណ្តើមយកវិទ្យុផ្សាយសម្លេង ហើយប្រកាសផ្សាយថា៖ «សភាពការណ៍ក្នុងប្រទេសមានការប្រែប្រួល។ ដូច្នេះ ត្រូវរំសាយជាបណ្តោះអាសន្ននូវអង្គការរដ្ឋធំ៣គឺ គណៈប្រធានរដ្ឋ គណៈប្រធានរដ្ឋសភា និងគណៈរដ្ឋមន្ត្រី។ ចំពោះអង្គភាពយោធា អង្គភាពណាគ្មានបទបញ្ជា ត្រូវនៅស្ងៀម ហើយដាក់អាវុធចុះ។ បើឃើញអង្គភាពផ្សេងទៅដល់ ត្រូវប្រគល់អាវុធឲ្យ។ បុគ្គល ឬអង្គភាពណាអនុវត្តផ្ទុយពីនេះ ត្រូវទទួលខុសត្រូវ។»

២) ចំពោះមិត្ត ម៉ុន ពេលទទួលបានសេចក្តីរាយការណ៍ពីមិត្ត ចក្រី រួចហើយ ត្រូវបញ្ជាកងពលទី៣ឲ្យឆ្លងទន្លេ ឆ្ពោះទៅកាន់កាប់តំបន់២៥ និងហួសទៅភូមិភាគនិរតីទៀត។ បើខាងភ្នំពេញសំណូមពរ ក៏ត្រូវត្រៀមកម្លាំងជួយភ្នំពេញដែរ។​ ទន្ទឹមនឹងនេះ ក៏ត្រូវបញ្ជាកងទ័ពជើងទឹក និងកងវរសេនាធំកាំភ្លើងធំ ឲ្យត្រៀមចាំជួយភ្នំពេញ។ ក្រៅពីនេះ មិត្ត ម៉ុន ក៏មានសិទ្ធិប្រើប្រាស់កងទ័ពតំបន់២៣ ២៤ និង ២២ ដើម្បីជាកម្លាំងជំនួយ ឬកម្លាំងដឹកជញ្ជូនដែរ។

ផែនការនេះ ពុំទាន់បានអនុវត្តឡើយ។ ចាន់ ចក្រី ដែលជាមនុស្សសំខាន់ក្នុងការវាយដណ្តើមយកទីក្រុងភ្នំពេញ ត្រូវអង្គការចាប់ខ្លួនមុនគម្រោងផែនការនេះត្រូវបានប្រកាសនៅក្នុងក្រុម។ សមាជិកក្នុងក្រុមក្បត់មួយចំនួនធំ ត្រូវអង្គការចាប់ខ្លួនជាបន្តបន្ទាប់ ហើយផែនការសម្ងាត់នានាពាក់ព័ន្ធនឹងផែនការផ្តួលរំលំ រដ្ឋាភិបាល ក៏ត្រូវបានសារភាព។ សួស នៅ ហៅ ឈូក ក្រោយមកនៅខែសីហា ឆ្នាំ១៩៧៦ ក៏ត្រូវអង្គការចាប់ខ្លួនយកមកដាក់នៅក្នុងមន្ទីរ ស-២១។ ឈូក ត្រូវអង្គភាពសួរចម្លើយរបស់មន្ទីរ សួរចម្លើយជាច្រើនលើកច្រើនសារ ទាក់ទងនឹងការរៀបគម្រោងផែនការក្បត់បដិវត្តន៍។ ឯកសារ D16644 ដែលមានចំនួន៥៧១ ទំព័រ បញ្ជាក់ថា ជាឯកសារចម្លើយសារភាពលើកទីប្រាំបីរបស់ ឈូក។ ចំណែកឯសមាសភាពសំខាន់ម្នាក់ទៀតគឺ កែវ សំណាង ហៅ ម៉ុន ក៏ត្រូវអង្គការចាប់ខ្លួន និងសម្លាប់នៅក្នុងព្រឹត្តិការណ៍បះបោរ សោភឹម ឆ្នាំ១៩៧៧ នៅស្រុកកងមាស ខេត្តកំពង់ចាម។[17] ក្រៅពី ឈូក, ម៉ុន, ចាន់ ចក្រី, សុផាន និង លី ផែន នៅមានកម្មាភិបាលក្នុងខ្សែក្បត់ជាច្រើននាក់ទៀត ក៏ត្រូវអង្គការបដិវត្តន៍បោសសម្អាតដូចគ្នា៕

ដោយសំអាងលើឯកសារមួយចំនួនដែលខ្ញុំបានអានទាក់ទងនឹងការរៀបចំផែនការក្បត់បដិវត្តន៍ការអធិប្បាយខាងលើនេះ គឺគ្រាន់តែជាផ្នែកមួយនៃផែនការផ្តួលរំលំរដ្ឋាភិបាលខ្មែរក្រហមប៉ុណ្ណោះ។ មានឯកសារជាច្រើនទៀត​ ជាពិសេសឯកសារចម្លើយសារភាព បានបង្ហាញពីគម្រោងផែនការក្បត់បដិវត្តន៍តាម រយៈការបង្កើតព្រឹត្តិការណ៍ផ្សេងៗគ្នា ដូចជាចេតនាបំផ្លិចបំផ្លាញសម្ភារពេទ្យ អាវុធយុទ្ធភណ្ឌ និងគ្រឿងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។ ក្រៅពីនេះ ឯកសារខ្លះទៀត បង្ហាញពីចេតនារារាំងការអភិវឌ្ឍ ប្រទេស របស់ខ្មែរក្រហម តាមរយៈការបង្ខំផ្លូវភេទ និងរំលោភសិទ្ធិរស់រានរបស់មនុស្ស ដើម្បីចង់បានរបបថ្មីមួយ ក្រៅពីរបបកុម្មុយនីស្ត ដឹកនាំដោយ ប៉ុល ពត។

សរសេរដោយ ផេង ពង្សរ៉ាស៊ី


ឯកសារយោង

[1] ឯកសារ D00144, D00044, D21211, D04202, D04227, D05248, D05487,D05509, D04247, D05087, D05575, D015422, និង D014216 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។ ឯកសារទាំងនេះ ជាប្រភេទឯកសារចម្លើយសារភាពរបស់អតីតកម្មាភិបាលខ្មែរក្រហមប្រចាំភូមិភាគបូព៌ា។

[2] ឯកសារ D00144 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ប្រវត្តិជាក់ស្តែងរបស់ កែវ សំណាង»។

[3] ឯកសារ D15862, D16648 និង Y00097 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ទាក់ទងនឹងប្រវត្តិរូប និងប្រវត្តិសកម្មភាពក្បត់របស់ ចាន់ ចក្រី។

[4] ឯកសារ D00144 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ប្រវត្តិជាក់ស្តែងរបស់ កែវ សំណាង»។

[5] ឯកសារ J000910 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សកម្មភាពក្បត់របស់ លី ផែន»។

[6] ឯកសារ D00144 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ប្រវត្តិជាក់ស្តែងរបស់ កែវ សំណាង»។

[7] ឯកសារ D00144, D00044, D21211, D04202, និង D15862 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ទាក់ទងនឹងសកម្មភាពក្បត់របស់កម្មាភិបាលដឹកនាំនៅភូមិភាគបូព៌ា។

[8] ឯកសារ D15862 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សកម្មភាព ចក្រី»។

[9] សាលក្រមសំណុំរឿង០០២ វគ្គ០២ ឯកសារ E465 កថាខណ្ឌ ១៨៩០។ ទំព័រ១៦៤៧។

[10] ឯកសារ D23981 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សេចក្តីសរុបដំណើររឿងរបស់ យឹម សម្បត្តិ»។

[11] សាលក្រមសំណុំរឿង០០២ វគ្គ០២ ឯកសារ E465 កថាខណ្ឌ ១៨៩០។ ទំព័រ១៦៤៧។

[12] សាលក្រមសំណុំរឿង០០២ វគ្គ០២ ឯកសារ E465 កថាខណ្ឌ ១៨៩២។ ទំព័រ១៦៤៩។

[13] សាលក្រមសំណុំរឿង០០២ វគ្គ០២ ឯកសារ E465 កថាខណ្ឌ ១៨៩២។ ទំព័រ១៦៤៨។

[14] ឯកសារ D00144 មានចំណងជើង «ប្រវត្តិជាក់ស្តែងរបស់ កែវ សំណាង» និងឯកសារ D16644 មានចំណងជើង «សួស នៅ ហៅ ឈូក ហៅ ម៉ែន ចម្លើយលើកទី៨» តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។

[15] ឯកសារ D15862 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «សកម្មភាព ចក្រី»។

[16] ឯកសារ J00044 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង «ប្រវត្តិសកម្មភាព កែវ សំណាង អនុប្រធានគណៈយោធាភូមិភាគបូព៌ា តាមចម្លើយ សុផាន កងពល ១៧០»។

[17] ឯកសារ Y00179 មានចំណងជើង «កែវ សំណាង» បង្ហាញថា កែវ សំណាង ត្រូវបានចាប់ខ្លួន និងសម្លាប់ដោយកងសន្តិសុខ នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin