សក្តានុពលនៃឯកសារប្រវត្តិសាស្ត្រ បណ្តុំឯកសារប្រវត្តិសាស្ត្រ បណ្ឌិត ហូលីយ៉ូ អេ. ហែលឌ្រេស
ឯកសារប្រវត្តិសាស្ត្រ គឺជាប្រភពព័ត៌មានដើមក្នុងអតីតកាល ដែលត្រូវបានសិក្សាស្រាវជ្រាវ ប្រមូលចងក្រង និងអភិរក្សទុក សម្រាប់មនុស្សជំនាន់ក្រោយដើម្បីធ្វើការសិក្សាស្វែងយល់និងស្រាវជ្រាវបន្ថែម។ ឯកសារប្រវត្តិសាស្ត្រ ជាអាទិ៍រួមមាន៖ ព្រឹត្តិការណ៍ ពេលវេលា ទីតាំងភូមិសាស្រ្ត របាយការណ៍ ឯកសារស្រាវជ្រាវនិងវិភាគ ឯកសារអន្តរទំនាក់ទំនង ឯកសាររូបថត ភាពយន្ត សិល្ប: វប្បធម៌ សាសនា ជំនឿ និងប្រពៃណីជាដើម។
ជាក់ស្តែងចន្លោះឆ្នាំ២០១៥ ដល់ ចុងឆ្នាំ២០១៩ មជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលជាបន្តបន្ទាប់នូវបណ្តុំឯកសារក្រដាស់[1] ឯកសាររូបថតនិងចម្រៀង[2] សៀវភៅចម្រុះ[3] និងសម្ភារបណ្ណសារ[4] ដ៏សន្ធឹកសន្ធាប់ តាមរយឯកអគ្គរាជទូត បណ្ឌិត ហូលីយ៉ូ អេ. ហែលឌ្រេស ដែលជាប្រវត្តិវិទូអាស៊ីអាគ្នេយ៍នៅសកលវិទ្យាល័យម៉ូណាស់ក្នុងប្រទេសអូស្រ្តាលី អ្នកនិពន្ធសៀវភៅ និងជាជំនួយការផ្ទាល់របស់ សម្តេចព្រះនរោត្តមសីហនុ។ គួរកត់សំគាល់ដែរថា៖ ឯកសារ និងសម្ភារបណ្ណសារដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានបរិច្ចាគដោយ ឯកអគ្គរាជទូត ហូលីយ៉ូ អេ. ហែលឌ្រេស ជូនដល់មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាសមិទ្ធិផលដ៏ប្រត្យក្សដែលបានពីការខិតខំប្រឹងប្រែងនៃការប្រមែប្រមូលនិងរក្សាទុក ក្នុងអំឡុងពេលអស់ជាច្រើនឆ្នាំរបស់លោកឯកអគ្គរាជទូត ក្នុងគោលបំណងសម្រាប់ការងារសិក្សាស្រាវជ្រាវនិងចងក្រងអភិរក្សនូវ ឯកសារកំណត់ត្រាស្តីពីរាជកិច្ច នៃសម្តេចព្រះនរោត្តមសីហនុ ព្រះរាជសាវតានៃព្រះមហាក្សត្រ រាជវង្សានុវង្ស និងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា[5]។
បណ្តុំឯកសារចម្រុះនិងសម្ភារបណ្ណសារទាំងអស់នេះ គឺជាប្រភពព័ត៌មាននៃឯកសារដើម ដែលទាក់ទិននឹងរាជកិច្ចនៃសម្តេចព្រះនរោត្តមសីហនុ និងប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាដ៏មានសក្កានុពលនិងមានតម្លៃមិនអាចប្រៀបធៀបបាន ហើយស្ថិតក្នុងវិសាលភាពចន្លោះទសវត្សរ៍ឆ្នាំ១៩៥០និងឆ្នាំ១៩៧០ និងរហូតមកទល់ពេលបច្ចុប្បន្ន។ ប្រភពធនធានឯកសារដើមនៃប្រវត្តិសាស្រ្តដ៏មានសក្កានុពលនេះ ត្រូវបានកំពុងអភិរក្សនៅក្នុងព្រះរាជបណ្ណាល័យហ្លួងម៉ែ និងបណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា នឹងកំពុងរៀបចំដាក់បញ្ចូលប្រភពព័ត៌មាននៃឯកសារបណ្ណសារទាំងអស់នេះ ជាទម្រង់ឯកសារឌីជីថល និងក្នុងប្រព័ន្ធទិន្ន័យឌីជីថល dccam.org។ រំលឹកផងដែរថា៖ ប្រភពព័ត៌មាននៃឯកសារប្រវត្តិសាស្រ្តដ៏កម្រនិងមានសារសំខាន់នេះ កំពុងបានដាក់បម្រើជាសាធារណជូនដល់ សិស្ស និសិ្សត និងអ្នកសិក្សាស្រាវជ្រាវជាតិនិងអន្តរជាតិនានា ក្នុងនោះអ្វីដែលជាគោលបំណងរួមនិងជាចំបងគឺ ការបម្រើដល់ការសិក្សាស្រាវជ្រាវ និងការអប់រំស្តីពីប្រវត្តិសាស្រ្តកម្ពុជា សម្រាប់យុវជននាពេលបច្ចុប្បន្ន និងច្រើនជំនាន់តទៅមុខទៀតនាពេលអនាគត។
បណ្តុំឯកសារក្រដាស់ដើម ហូលីយ៉ូ អេ ហែលឌ្រែស[6]
ពេលបច្ចុប្បន្ននេះ បណ្តុំឯកសារដើមទាំងអស់(ដែលហៅកាត់ថា បណ្តុំឯកសារអំបាសាឌ័រ ហូលីយ៉ូហែលឌ្រែស Ambassador Julio A. Jeldres Collection Archives) ត្រូវបានបំលែងពីឯកសារក្រដាស់ទៅជាឯកសារទម្រង់ឌីជីថល និងបានដាក់លេខសំគាល់នៃឯកសារ រួចរាល់មួយរយភាគរយ[7] ដែលក្នុងនោះខ្លឹមសារសំខាន់ៗនៃឯកសារ មានជាអាទិ៍៖ ឯកសារព្រះរាជនិពន្ធរបស់សម្តេចព្រះបវរាជមាតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ, ឯកសារព្រះរាជកិច្ច, ព្រះរាជសកម្មភាពស្តីពីរបបរាជានិយម (ក្នុងរបបសង្គមរាស្រ្តនិយម ទសវត្សរ៍ឆ្នាំ១៩៥០ ដល់ ឆ្នាំ១៩៧០), ឯកសារទំនាក់ទំនងអន្តជាតិរវាងបណ្តាប្រទេសជាមិត្តនៃសម្តេចព្រះ វររាជមាតាជាតិខ្មែរ, ឯកសាររាជកិច្ចនៃទំនាក់ទំនងការទូតនៃរបបសង្គមរាស្រ្តនិយម (ទសវត្សរ៍ឆ្នាំ១៩៥០ ដល់ ១៩៧០), ឯកសាររាជរដ្ឋាភិបាលនៃរណសិរ្សរួបរួមជាតិកម្ពុជា(ឆ្នាំ១៩៧០-១៩៧៥), របាយការណ៏ឫុឯកសារក្នុងរបបសាធារណរដ្ឋខ្មែរ(១៩៧០-១៩៧៥), របាយការណ៍រាជកិច្ចការទូត(ទសវត្សរ៍ឆ្នាំ១៩៦០-១៩៧០), និងឯកសារគោលនយោបាយការបរទេសកម្ពុជា(១៩៦០-១៩៧០) ព្រមទាំងឯកសារប្រវត្តិសាស្រ្តកម្ពុជាសំខាន់ៗដ៏ទៃទៀត ដែលក្នុងនោះគឺមិនបានរាប់បញ្ចូលនូវសៀវភៅចម្រុះប្រធានបទមានចំនួនជាង ២,០០០ក្បាល[8]។ ជាពិសេស ខ្លឹមសារដ៏សំខាន់នៃឯកសាររូបភាពកម្រដ៏សន្ធឹកសន្ធាប់ គឺបានពិពណ៌នាស្តីពីរូបភាពប្រវត្តិសាស្រ្តនៃអតីតព្រះមហាក្សត្រខ្មែរ និងព្រះរាជវង្សានុវង្ស, ព្រះរាជកិច្ច, កម្រងរូបភាពអនុស្សាវរីយ៍ព្រះឆាយល័ក្ខនៃអតីតព្រះមហាក្សត្រ និងព្រះរាជសកម្មភាពនានា ឧទាហរណ៍៖ កម្រងរូបភាពនៃព្រះរាជពិធីបុណ្យព្រះបរមសព ព្រះបរមរតនកោដ្ឋ ព្រះសុរាម្រឹតនៃប្រទេសកម្ពុជាក្នុងទសវត្យរ៍ឆ្នាំ១៩៦០, កម្រងរូបថតព្រះឆយាលក្ខ័នៃសម្តេចឪនិងសម្តេចម៉ែ, កម្រងរូបភាពនៃព្រះរាជដំណើរទស្សនកិច្ចនៅបណ្តាប្រទេសជាមិត្តនៃព្រះមហាក្សត្រក្នុងទសវត្សរ៍ឆ្នាំ១៩៥០-១៩៧០, កម្រងរូបភាពប្រវត្តិសាស្រ្តនៃគម្រូស្ថាបត្យកម្ម វប្បធម៌និងសិល្ប, កម្រងរូបភាពព្រះរាជដំណើរនៃតស៊ូទាមទារឯករាជ្យ១៩៥០, និងកម្រងរូបភាពព្រះរាជដំណើរតស៊ូនៃសម្តេចឳ ព្រះបវរាជមាតាជាតិខ្មែរ ក្នុងចន្លោះឆ្នាំ១៩៧០-១៩៧៥និងក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ ព្រមទាំងកម្រងរូបភាពប្រវត្តិសាស្រ្តដ៏កម្រមួយចំនួនទៀត។
បណ្តុំឯកសាររូបថតដើមនិងសៀវភៅ ហូលីយ៉ូ អេ ហែលឌ្រែស[9]
រហូតមកទល់ពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលឯកសារកម្ពុជា និងព្រះរាជបណ្ណាល័យហ្លួងម៉ែ បាននឹងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបន្តពង្រីកបន្ថែមនូវចំនួនបណ្ដុំឯកសារដើមរបស់ខ្លួន ជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។ ពិសេសជាងនេះទៀត បណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជានិងព្រះរាជបណ្ណាល័យហ្លួងម៉ែ គឺជាទីតាំងអភិរក្សនូវធនធានឯកសារប្រវត្តិសាស្រ្តកម្ពុជាមួយដ៏សំខាន់ ប្រកបដោយប្រសិទ្ធភាព និងភាពឯករាជ្យ បានកំពុងបំរើដល់សាធារណជន សិស្សានុសិស្ស និងអ្នកសិក្សាស្រាវជ្រាវជាតិនិងអន្តជាតិ ដោយមិនគិតប្រាក់កម្រៃ តាមរយ:នៃការបើកទូលាយជាសាធារណ:នូវស្ថាប័នរបស់ខ្លួន ក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកបន្ថែមនូវការយល់ដឹងនិងការអប់រំ ស្តីពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះឆ្នាំ១៩៧៥-១៩៧៩ និងវិធានការណ៍នៃការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ព្រមទាំងចូលរួមពង្រឹងនិងលើកកម្ពស់ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនិតិរដ្ឋនៅកម្ពុជា។ យុត្តិធម៌ ការចងចាំ ការផ្សះផ្សាផ្លូវចិត្ត និងការជំរុញលើកកំពស់បញ្ហាសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺជាការងារតម្រង់ទិសជាអត្ថិភាព តាមរយៈការប្រមូលចងក្រងនិងអភិរក្សឯកសារភ័ស្តុតាងប្រវត្តិសាស្រ្តទាក់ទងនឹងអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរ ដែលមជ្ឃមណ្ឌលឯកសារកម្ពុជា បាននឹងកំពុងអនុវត្តជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ។
អត្ថបទដោយ រស់ សមពៅ
[1] ហូលីយ៉ូ អេ. ហែលឌ្រេស, “បញ្ជីសារពើភណ៌នៃឯកសារហូលីយ៉ូ ហែលឌ្រេស”, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ២០២១, ឯកសារក្រដាស់ដើមចំនួន ២៦,៨៥៥ឯកសារ
[2] ហូលីយ៉ូ អេ. ហែលឌ្រេស, “បញ្ជីសារពើភណ៌នៃឯកសារហូលីយ៉ូ ហែលឌ្រេស”, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ២០២១, ឯកសាររូបថតចំនួន ប្រហែលជា ១,៥៩៨សន្លឹក
[3] ហូលីយ៉ូ អេ. ហែលឌ្រេស, “បញ្ជីសារពើភណ៌នៃឯកសារហូលីយ៉ូ ហែលឌ្រេស”, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ២០២១, សៀវភៅចម្រុះចំនួន ២,៤៣២សៀវភៅ
[4] ហូលីយ៉ូ អេ. ហែលឌ្រេស, “បញ្ជីសារពើភណ៌នៃឯកសារហូលីយ៉ូ ហែលឌ្រេស”, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា ២០២១, ឌីសនិងថាស់ចម្រៀងចម្រុះចំនួន ១,៦៤៥សន្លឹក
[5] ហូលីយ៉ូ អេ. ហែលឌ្រេស, “បញ្ជីទទួលប្រគល់នៃបណ្តុំឯកសារ ហូលីយ៉ូ ហែលឌ្រេស, ២០១៥-២០១៩”, មជ្ឈមណ្ឌលឯកសារកម្ពុជា, ខែសីហា ២០២១
[6] បណ្តុំឯកសារដើម(D-Collection)
[7] ២៦,៨៥៥ ឯកសារក្រដាស់ជាទម្រង់ PDF/TIF និង ១,៤៩៨ ឯកសាររូបថតជាទម្រង់ JPG/TIF
[8] ហូលីយ៉ូ អេ. ហែលឌ្រេស, “បញ្ជីទទួលប្រគល់នៃបណ្តុំឯកសារ ហូលីយ៉ូ ហែលឌ្រេស, ២០១៥-២០១៩”, មជ្ឈមណ្ឌលឯកសារកម្ពុជា, ខែសីហា ២០២១
[9] បណ្តុំឯកសាររូបថតដើម (Julio A. Jeldres Photo Archives)